មន្ត្រី​ជាន់ខ្ពស់​អាដហុក​ប្ដេជ្ញា​ដាក់​បណ្ដឹង​បរិហារ​បន្ថែម​ទៀត ទោះ​រង​ការ​ប្តឹង​បក​ពី​ក្រុម​អ្នក​ពាក់ព័ន្ធ​បទ​ល្មើស

ដោយ ទីន ហ្សាការីយ៉ា
2019-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។
មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

តុលាការ​ខេត្ត​រតនគិរី​​កោះហៅ​មន្ត្រី​ជាន់ខ្ពស់​សមាគម​ អាដហុក ​ជា​លើក​ទីបី បន្ទាប់​ពី​ការ​សាកសួរ​លើក​ទី​មួយ និង​លើក​ទីពីរ មិន​អាច​ដំណើរ​ការ​បាន​ដូច​ការ​គ្រោង​ទុក។ អ្នក​ការពារ​សិទ្ធិមនុស្ស​ចាត់​ទុក​ចំណាត់​ការ​របស់​តុលាការ​នេះ ថា​ជា​ការ​គំរាម​កំហែង​លើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​​ស្នើ​ឱ្យ​​តុលាការ​ទម្លាក់​ចោល​បទ​ប្រកាន់​មិន​សម​ហេតុ​ផល​នេះ។

តុលាការ​ខេត្ត​រតនគិរី​កោះ​ហៅ​អ្នក​ការពារ​សិទ្ធិមនុស្ស​សមាគម​ អាដហុក​ លោក ប៉ែន ប៊ុណ្ណារ៍ ឱ្យ​​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃទី១០ ខែ​តុលា ខា​ង​មុខ​ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ អះអាង​ថា លោក​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​រតនគិរី​តាម​កាល​កំណត់។ លោក​បញ្ជាក់​ថា លោក​មិន​បារម្ភ​ចំពោះ​រឿង​នេះ​ទេ ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​ឡើយ។ ទោះជា​យ៉ាង​ណា លោក​ចាត់​ទុក​ករណី​នេះ ថា​ជា​ការ​គំរាម​កំហែង​ចំពោះ​សកម្មភាព​ការពារ​ព្រៃ​ឈើ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន៖ «យើង​មិន​បាន​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ទាំង​អស់​ហ្នឹង​ទេ អ៊ីចឹង​អ្វី​ដែល​គេ​ប្ដឹង​បក​មក​យើង​ វា​ជា​រូបភាព​គំរាម​កំហែង​បំបាក់​ស្មារតី​អ្នក​ការពារ​ព្រៃ​ឈើ សហគមន៍ សកម្មជន​ការពារ​ព្រៃ​ឈើ​ជា​ដើម»

តុលាការ​ខេត្ត​រតនគិរី​បាន​​ចោទ​ប្រកាន់​លោក ប៉ែន ប៊ុណ្ណារ៍ និង​ពលរដ្ឋ ៧នាក់​ផ្សេង​ទៀត ពី​បទ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍” ។ ការ​ប្ដឹង​ផ្ដល់​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ កើត​មាន​ឡើង​ក្រោយ​ពេល​រូបលោក​​បាន​ចូល​រួម​ជាមួយ​ប្រជា​សហគមន៍​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា ដាក់​បណ្ដឹង​បរិហារ​ករណី​កាប់​រាន​ដី​ព្រៃ​ជាង ៨០០ហិកតារ នៅ​ស្រុក​លំផាត់ ទៅ​តុលាការ​ខេត្ត​រតនគិរី កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០១៧ កន្លង​ទៅ។

ក្នុង​បណ្ដឹង​បរិហារ​នោះ ពលរដ្ឋ​បាន​ប្ដឹង​អាជ្ញាធរ​តាំងពី​ថ្នាក់​ភូមិ​រហូត​ដល់​មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​ខេត្ត​ទាក់ទង​នឹង​ការ​បាន​​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​បទ​ល្មើស​កើត​ឡើង​ ហើយ​មិន​ចាត់​ការ​លើ​ក្រុម​ឧក្រិដ្ឋជន។ ក៏​ប៉ុន្តែ បណ្ដឹង​បរិហារ​នោះ​ត្រូវ​បាន​ស្ថាប័ន​អយ្យការ​តម្កល់​ទុក​ឥត​ចាត់​ការ ហើយ​​ក្រុម​មន្ត្រី​ទាំងនោះ​បែរ​ជា​ប្ដឹង​​បក​មន្ត្រី​សមាគម អាដហុក និង​ប្រជាពលរដ្ឋ​ទៅ​តុលាការ​វិញ ដោយ​ចោទ​ពី​បទ​ញុះញង់។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា តុលាការ​បាន​ដំណើរការ​រឿង​ក្តី​នេះ​ហើយ ដូច្នេះ​មន្ត្រី​​សិទ្ធិ​មនុស្ស​សមាគម អាដហុក និង​ប្រជា​សហគមន៍​ត្រូវ​បង្ហាញ​ភស្តុតាង​រឹងមាំ ដើម្បី​ដោះ​បន្ទុក ពេល​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ ចំពោះ​មុខ​តុលាការ។ ​លោក​ជឿ​ថា ប្រសិន​បើ​រក​មិន​ឃើញ​បទ​ល្មើស​ទេ នោះ​តុលាការ​នឹង​លើក​លែង​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​​រឿង​នេះ៖ «ចំពោះ​ករណី​នេះ ជា​គោល​ការណ៍​​ច្បាប់​ មាន​តែ​ចូល​រួម​ក្នុង​​ដំណើរ​ការ​នីតិវិធី​ហ្នឹង​ទៅ ពីព្រោះ​សមត្ថកិច្ច​តុលាការ​បាន​ចោទ​ប្រកាន់។ អ៊ីចឹង​យើង​មាន​តែ​ធ្វើការ​ការពារ​ខ្លួន​ក្នុង​ការ​ដោះ​បន្ទុក ហើយ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា មិន​មាន​មូលដ្ឋាន​ ឬ​ធាតុ​ផ្សំ​បង្កើត​ទៅ​ជា​បទ​ល្មើស​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​ទេ គេ​នឹង​ទម្លាក់​ចោល​បទ​ចោទ»

ទោះ​ជា​យ៉ាង​ណា នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត រិះគន់​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​រតនគិរី​នេះ​ថា ជា​ការ​បំភិតបំភ័យ និង​បំបាក់​ស្មារតី​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​ការពារ​ព្រៃឈើ។ លោក​ថា ចំណាត់​ការ​នេះ​ហាក់​​ដើរ​ផ្ទុយ​ទៅ​​នឹង​ជំហរ​របស់​រដ្ឋាភិបាល​ ដែល​កំពុង​អនុវត្ត​វិធានការ​ក្ដៅ​ទាក់ទង​នឹង​បទ​ល្មើស​ព្រៃ​ឈើ។ លោក​​បន្ត​ថា តុលាការ​គួរ​តែ​ចាត់​ការ​បណ្ដឹង​បរិហារ​របស់​ពលរដ្ឋ ទាក់ទង​នឹង​បទ​ល្មើស​ព្រៃ​ឈើ តែ​មិន​គួរ​មាន​វិធានការ​មក​លើ​សកម្មជន​ព្រៃឈើ និង​មន្ត្រី​សិទ្ធិ​មនុស្ស ដែល​ប្រឹងប្រែង​ការពារ​ធនធាន​ធម្មជាតិ​ទៅ​វិញ​នោះ​ទេ៖ «យើង​សំណូម​​ពរ​តែ​ម្តង​ថា ឱ្យ​តុលាការ​ខេត្ត​រតនគិរី​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅលើ​លោក ប៉ែន បុណ្ណារ៍ និង​សហគមន៍​ទាំងអស់​ចោល​ទៅ ហើយ​នាំគ្នា​ធ្វើ​យ៉ាងណា​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ ហើយ​ស្វែង​រក​អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃ​ឈើ​ពិត​ប្រាកដ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ នេះ​បាន​វា​មាន​ផល​រីក​ចម្រើន​ ហើយ​វា​អាច​ការពារ​ធនធាន​ធម្មជាតិ​បាន»

មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម អាដហុក លោក ប៉ែន បុណ្ណារ៍ ​បាន​ជ្រើសរើស​យក​ការ​ដាក់​បណ្ដឹង​បរិហារ ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ ជា​មធ្យោបាយ​តស៊ូ​មតិ​បែប​ថ្មី​ ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ជុំ​វិញ​រឿង​បទល្មើស​ធនធាន​ធម្មជាតិ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​បទល្មើស​ឧក្រិដ្ឋ​មួយ​ចំនួន​ទៀត​។ លោក​បាន​ដាក់​បណ្ដឹង​បរិហារ​ចំនួន១១ ទៅកាន់​តុលាការ​ខេត្ត​ណា ដែល​មាន​បទល្មើស​ប្រភេទ​នេះ​កើត​ឡើង ក៏​ប៉ុន្តែ​មាន​តែ​ករណី​នៅ​ខេត្ត​រតនគិរី​មួយ​ទេ ដែល​លោក និង​សហគមន៍​រង​ការ​ប្ដឹង​បក​ពី​ក្រុម​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ។

ទោះ​ជា​យ៉ាង​ណា លោក​អះអាង​ថា ការ​ប្ដឹង​បក​នេះ នឹង​គ្មាន​ឥទ្ធិពល​លើ​ឆន្ទៈ​របស់​លោក​ក្នុង​ការ​បន្ត​​ដាក់​បណ្ដឹង​បរិហារ​បទ​ល្មើស​ព្រៃឈើ និង​បទឧក្រិដ្ឋ​ដទៃ​ទៀត​នោះ​ឡើយ។ លោក​បញ្ជាក់​ថា លោក​​កំពុង​ត្រៀម​​ដាក់​បណ្ដឹង​បរិហារ​ជាច្រើន​ករណី​ផ្សេង​ទៀត ទាក់ទង​នឹង​បទ​ល្មើស​ធនធាន​ធម្មជាតិ ដូច​ជា​ការ​ចាក់​លុប​ដី​បឹង និង​ការ​រំលោភ​យក​ដី​ឆ្នេរ​សមុទ្រ​ជា​ដើម៖ «ពេល​ដែល​ខ្ញុំ​បាន​ចុះ​ទៅ​សហគមន៍​នៅ​ខាង​ស្រុក​ខ្សាច់​កណ្ដាល​ យើង​ឃើញ​ថា មាន​បទ​ល្មើស​ចាក់​លុប​ដី​បឹង។ ប្រជាពលរដ្ឋ​ប្រាប់​យើង​ច្រើន​ណាស់ ចាក់​លុប​ដី​បឹង យក​ដី​ព្រៃ​លិច​ទឹក​ច្រើន រាប់​រយ​រាប់ពាន់​ហិកតារ។ អ៊ីចឹង​នេះ​ជា​កម្មវត្ថុ​មួយ​ដែល​យើង​ត្រូវ​គិត​ទៀត​ថា យើង​នឹង​ត្រៀម​ដាក់​បណ្ដឹង​បរិហារ​លើ​ដី​បឹង ដី​ឆ្នេរ ឬ​ក៏​ដី​ព្រៃ​លិច​ទឹក​ថែម​ទៀត»

លោក​ ប៉ែន បុណ្ណារ៍ គឺ​ជា​អ្នក​ការពារ​​សិទ្ធិ​មនុស្ស​ដ៏​សកម្ម​មួយ​រូប​នៃ​សមាគម អាដហុក ចាប់​តាំងពី​ឆ្នាំ ១៩៩៩ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​។ លោ​ក​ធ្លាប់​ជា​អតីត​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី​ចន្លោះ​ពី​ឆ្នាំ ១៩៩៩ ដល់​ឆ្នាំ២០១០។ ក្នុង​ពេល​បំពេញ​ការងារ​នៅ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ លោក​ធ្លាប់​ទទួល​រង​បណ្ដឹង​ចំនួន​ ៤ ដែល​សុទ្ធ​សឹង​ជា​ការ​ចោទប្រកាន់​ពី​បទ​ញុះ​ញង់ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ក៏​ប៉ុន្តែ​បណ្ដឹង​ទាំង​នោះ​ក្រោយ​មក​ត្រូវ​បាន​ទម្លាក់​ចោល​វិញ។

មន្ត្រី​ជាន់ខ្ពស់​សមាគម​ អាដហុក ​រូប​នេះ ចង់​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ សកម្មជន​ និង​ពលរដ្ឋ​ខ្មែរ​ទូទៅ​ រួម​គ្នា​ដាក់​បណ្ដឹង​បរិហារ​ឱ្យ​បាន​ច្រើន​ ដើម្បី​ជំរុញ​​ដំណើរ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​ជំរុញ​ស្ថាប័ន​តុលាការ​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល