អ្នកវិភាគ​ជំរុញ​ឱ្យ​ចៅក្រម​ខ្មែរ​ហ៊ាន​ប្រឈម​នឹង​សម្ពាធ​ពី​អ្នក​មាន​អំណាច

ដោយ ជី វិតា
2019-10-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បណ្ឌិត មាស នី (ឆ្វេង) អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគនយោបាយ
បណ្ឌិត មាស នី (ឆ្វេង) អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគនយោបាយ
រូប៖ RFA

អ្នក​ជំនាញ​កិច្ចការ​ច្បាប់ និង​នយោបាយ​លើក​ឡើង​ថា ចៅក្រម​ខ្មែរ​គួរតែ​ហ៊ាន​ប្រឈមមុខ​នឹង​សម្ពាធ​ពី​អ្នក​មាន​អំណាច ឬ​អ្នកនយោបាយ ដើម្បី​រក្សា​តម្លៃ និង​កិត្តិយស​របស់​ខ្លួន។ ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​ម្នាក់​នៅ​ប្រទេស​ថៃ ដែល​ជា​ប្រទេសជិតខាង​កម្ពុជា បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ដើម្បី​រក្សា​កិត្តិយស​របស់​ខ្លួន ក្រោយ​រង​សម្ពាធ​ឱ្យ​ផ្ដន្ទាទោស​ជនសង្ស័យ ទាំង​ដែល​តុលាការ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​បង្ហាញ​ពី​ទោស​កំហុស​របស់​ពួកគេ។

អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ កោតសរសើរ​ចៅក្រម​ថៃ​ម្នាក់​ដែល​ប្រកាន់ខ្ជាប់​នូវ​សតិសម្បជញ្ញៈ​របស់​ខ្លួន ហ៊ាន​ប្រឈមមុខ​នឹង​សម្ពាធ​ពី​អ្នក​មាន​អំណាច​។ លោក​បន្ត​ថា ចៅក្រម​គ្រប់រូប​ត្រូវ​តែ​មាន​សីលធម៌​ល្អ ចរិត​រឹងមាំ និង​គោលការណ៍​ច្បាស់លាស់ ទើប​សក្ដិសម​ជា​អ្នក​កាត់​ក្តី និង​រក​យុត្តិធម៌​ពិត​ប្រាកដ​​ដល់​មនុស្ស​គ្រប់គ្នា៖ «ជនជាតិ​ដែល​មាន​សម្បជញ្ញៈ​ខ្ពស់ មាន​ចរិត​រឹងមាំ មាន​សីលធម៌​ខ្ពស់ ជួនកាល​គេ​ត្រូវតែ​លះបង់​អ៊ីចឹង ដើម្បី​កែប្រែ​ប្រព័ន្ធ ឬមួយ​ក៏​ផ្ទាល់​ខ្លួន​គេ ធ្វើ​អ្វី​មិនកើត គេ​លាឈប់​តែម្ដង»

កាល​ពី​ថ្ងៃ​ទី៤ តុលា កន្លង​ទៅ ចៅក្រម​ថៃ​ម្នាក់​ឈ្មោះ កាណាកន ភានឆាណា (Kanakorn Pianchana) ដែល​បម្រើការ​នៅ​តុលាការ​ខេត្ត​យ៉ាឡា (Yala) ស្ថិតនៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ បាន​យក​កាំភ្លើង​បាញ់​ដើមទ្រូង​ខ្លួនឯង​ក្នុង​បំណង​ធ្វើ​អត្តឃាត ក៏ប៉ុន្តែ​ជា​សំណាងល្អ ត្រូវ​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ​ទាន់​ពេល​វេលា។ សារព័ត៌មាន​ថៃ និង​បរទេស​ផ្សាយ​ថា ចៅក្រម​រូប​នោះ​ត្រូវ​បាន​គេ​ដាក់​សម្ពាធ​ឱ្យ​ប្ដូរ​សាលក្រម​ពី​គ្មាន​ទោស ទៅជា​សាលក្រម​មានទោស​ក្នុង​រឿង​ក្ដី​មួយ​ដែល​មនុស្ស​ចំនួន​៣ នាក់ ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត និង ២​នាក់​ទៀត​ត្រូវ​ជាប់​ពន្ធនាគារ។

នៅ​មុន​ការ​បាញ់ប្រហារ​ខ្លួនឯង​នេះ ចៅក្រម កាណាកន ភានឆាណា បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា ចៅក្រម​ដទៃ​ទៀត​នៅ​តុលាការ​ជាន់​ទាប ក៏​ដូច​ជា​​រូបលោក​ដែរ គឺ​ត្រូវ​រង​សម្ពាធ​ពី​ចៅក្រម​តុលាការ​ជាន់ខ្ពស់​នៅ​ពេល​សម្រេច​សេចក្ដី។ លោក​ថ្លែង​ទៀត​ថា បើ​លោក​មិន​អាច​គោរព​តាម​ពាក្យ​សម្បថ​បាន​ទេ​នោះ លោក​សុខចិត្ត​ស្លាប់ ប្រសើរ​ជាង​រស់នៅ​ដោយ​គ្មាន​កិត្តិយស។ លោក​បាន​ជំរុញ​ឱ្យ​សមាជិកសភា​ថៃ​កែប្រែ​ច្បាប់ ដោយ​ហាមឃាត់​ចៅក្រម​តុលាការ​ជាន់​ខ្ពស់​​មិន​​ឱ្យ​​ពិនិត្យមើល​សាលក្រម​របស់​ចៅក្រម​តុលាការ​ជាន់​ទាប មុន​ពេល​សាលក្រម​នោះ​ត្រូវ​ប្រកាស​នៅ​ក្នុង​តុលាការ។

បណ្ឌិត ឡៅ ម៉ុងហៃ មើល​ឃើញ​ថា ចៅក្រម​ខ្មែរ​ស្ថិត​ក្នុង​ប្រព័ន្ធ​មួយ​បែប​កុម្មុយនិស្ត ដូច្នេះ​ពួកគេ​មិន​អាច​សម្រេច​សេចក្ដី​ដោយ​ឯករាជ្យ និង​សម្បជញ្ញៈ​បាន​ឡើយ ជាពិសេស​ក្ដីក្ដាំ​ដែល​មាន​ចរិត​នយោបាយ​។ លោក​ថ្លែង​ទៀត​ថា ចៅក្រម​ខ្មែរ​ភាគច្រើន​ជា​សមាជិក​គណបក្ស​កាន់អំណាច ដូច្នេះ​ការ​កាត់​ក្តី​ចំពោះ​សំណុំ​រឿង​​ធំៗ ចៅក្រម​ទាំងនោះ​នឹង​ធ្វើតាម​ការ​ចង់​បាន​របស់​គណបក្ស ដូចជា​ករណី​តុលាការ​កំពូល​កាត់​ក្តី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម។

ទោះជា​យ៉ាងណា លោក​ថា ប្រសិនបើ​ចៅក្រម​មិន​អាច​ធ្វើតាម​សតិសម្បជញ្ញៈ និង​វិជ្ជាជីវៈ​របស់​ខ្លួន​បានទេ​នោះ ពួកគេ​គួរតែ​ក្លាហាន​ក្នុង​ការ​លាលែង​ពី​តំណែង ដើម្បី​រក្សា​តម្លៃ និង​កិត្តិយស​របស់​ខ្លួន៖ «ចៅក្រម​ខ្មែរ​បាន​ទទួល​ការអប់រំ​ខាង​ច្បាប់ ហើយ​ទៅ​ធ្វើ​ជា​ចៅក្រម​ហ្នឹង​។ នៅ​ក្នុង​ប្រព័ន្ធ​កុម្មុយនិស្ត គេ​បង្ហាត់បង្ហាញ​ជាស្រេច គឺ​ត្រៀមខ្លួន​ស្រេច​គឺថា អត់​ឯករាជ្យ​ទេ។ ចៅក្រម​ត្រូវ​តែ​អនុវត្ត​គោល​នយោបាយ​របស់​បក្ស ខ្ញុំ​ដឹង​ច្បាស់​ត្រង់​ហ្នឹង។ ម្ល៉ោះហើយ អាហ្នឹង​វា​បាត់បង់​ជំហរ​​រឹងប៉ឹង​របស់​ខ្លួន ប្រកាន់​គោលការណ៍​អ្វី​ក៏​លែង​ប្រកាន់​គោលការណ៍​កើត​ហើយ សម្របសម្រួល​ទៅវិញ​ទៅ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម លោក សំ ប្រជាមានិត បានទេ​នៅ​ថ្ងៃ​ទី៦ តុលា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

កម្ពុជា​បាន​ជាប់​ឈ្មោះ​ថា ជា​ប្រទេស​មិន​គោរព​នីតិរដ្ឋ​ដោយសារតែ​ស្ថាប័ន​កំពូល​ទាំង ៣ របស់​ជាតិ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​ពី​បុគ្គល​តែ​ម្នាក់ គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្រប​ពេល​តុលាការ​ត្រូវ​បាន​រក​ឃើញ​ថា ជា​ស្ថាប័ន​ដែល​ពុករលួយ​ជាងគេ និង​ខ្វះ​ភាព​ឯករាជ្យ​ពិតប្រាកដ។

ជាង​នេះ​ទៅ​ទៀត តុលាការ​បាន​ក្លាយ​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​របប​លោក ហ៊ុន សែន ក្នុង​ការ​កម្ចាត់​សំឡេង​ប្រឆាំង និង​សំឡេង​ឯករាជ្យ​នៅ​កម្ពុជា។ ជា​ឧទាហរណ៍ ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តុលាការ​បាន​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ដាក់​ពន្ធនាគារ រំលាយ​ចោល​​គណបក្ស​សង្គ្រោះ​ជាតិ និង​បិទ​សិទ្ធិ​សេរីភាព​របស់​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន​ ១១៨នាក់ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​ទៀត​ផង​។ ក្រៅ​ពី​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សហជីព អ្នកសារព័ត៌មាន និង​ពលរដ្ឋ​ជាច្រើន ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ ចាប់ខ្លួន និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ ក្រោម​បទ​ចោទ​មិន​សម​ហេតុផល និង​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ផង​ដែរ។

ក្រុម​អ្នកសង្កេតការណ៍​ពិនិត្យ​ឃើញ​ថា មូលហេតុ​សំខាន់​ដែល​តុលាការ​កម្ពុជា​មិន​អាច​ចេញរួច​ពី​ឥទ្ធិពល​នយោបាយ​នេះ គឺ​ដោយសារតែ​មន្ត្រី​តុលាការ​តាំងពី​ថ្នាក់​​ទាប ដល់​ថ្នាក់ខ្ពស់ សុទ្ធសឹងតែ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្រុម​​អ្នក​សង្កេត​ការណ៍​​យល់​ថា ទាល់តែ​មន្ត្រី​តុលាការ​លែង​ជា​សមាជិក​គណបក្ស​​​ណា​​មួយ ទើប​តុលាការ​កម្ពុជា​អាច​ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ និង​​​ទទួល​​​បាន​​​ទំនុក​​​ចិត្ត​​​ពី​​​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល