គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​លាង​លុយ​កខ្វក់​ក្រោយ​អឺរ៉ុប​ដាក់​បញ្ចូល​ក្នុង​បញ្ជីខ្មៅ

ដោយ មាន ឫទ្ធិ
2020-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ចប្រជុំ​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី អាណត្តិ​ទី៦ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ២០១៨។
កិច្ចប្រជុំ​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី អាណត្តិ​ទី៦ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ២០១៨។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

គណៈរដ្ឋមន្ត្រី​លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី​១៥ ឧសភា បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ ដើម្បី​ប្រឆាំង​នឹង​អំពើ​សម្អាត​ប្រាក់ ឬ​លាង​លុយ​កខ្វក់ និង​អំពើ​ហិរញ្ញប្បទាន​ភេរវកម្ម។ ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំងពីរ​នេះ កើត​មាន​ឡើង ក្នុង​រយៈពេល​តែ ១​សប្តាហ៍ ក្រោយ​គណៈកម្មាការ​អឺរ៉ុប ដាក់បញ្ចូល​ប្រទេស​កម្ពុជា​ក្នុង​បញ្ជីខ្មៅ នៃ​ក្រុម​ប្រទេស​លាងលុយកខ្វក់ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​តុលា ខាង​មុខ

សេចក្តីព្រាងច្បាប់​ទាំងពីរ​ដែល​ត្រូវ​គណៈរដ្ឋមន្ត្រី​លោក ហ៊ុន សែន អនុម័ត​ទាំងស្រុង​ដោយ​គ្មាន​ការកែប្រែ​នោះ គឺ​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការ ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម។

ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ទៅលើ​គណៈកម្មាការ​អឺរ៉ុប និង​ស្ថាប័ន​ឃ្លាំមើល​អំពើ​លាងលុយកខ្វក់​ប្រចាំ​តំបន់ និង​ពិភពលោក អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ក្រោយ​គណៈរដ្ឋមន្ត្រី​អនុម័ត​ច្បាប់​ទាំងនោះ ថា ការប្រឹងប្រែង​ធ្វើ​ច្បាប់​ទាំងពីរ​នេះ មិនមែន​ដើម្បី​បំពេញចិត្ត​អង្គភាព​ណា​នោះទេ​។ ក៏ប៉ុន្តែ លោក​ថា នេះ​ជាការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល និង​ធនាគារជាតិ ដើម្បី​អនុលោម​តាម​លក្ខខណ្ឌ​ជា​សមាជិក​របស់​ក្រុម​ប្រទេស អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការ​សម្អាត​ប្រាក់ ឬ​ហៅថា APG

ខ្លឹមសារ​លម្អិត និង​ទោសទណ្ឌ​ចែង​ក្នុង​សេចក្តីព្រាងច្បាប់​ទាំងពីរ​នេះ នៅ​មិនទាន់​ចែកចាយ ជា​សាធារណៈ​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ សម័យប្រជុំ​ពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់​នេះ នឹង​ធានា​ការប្រឆាំង ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ក្នុងនោះ​មានការ​កំណត់​ពី​វិធានការ បង្ការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​បញ្ហា​នេះ។

ដោយឡែក ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន ភេរវកម្ម​វិញ ធ្វើឡើង​ដោយ​បញ្ចូល​ខ្លឹមសារ​ច្បាប់​ចាស់​ដែលមាន​ស្រាប់​កាលពី​ឆ្នាំ​២០០៧ រួមទាំង​វិសោធនកម្ម​ឆ្នាំ​២០១៣ និង​ដាក់បញ្ចូល​យុទ្ធសាស្ត្រ​ជាតិ​ឆ្នាំ​២០១៩-២០២៣។ ខ្លឹមសារ​សំខាន់​ដែលមាន​បន្ថែម​ក្នុង​ច្បាប់​ថ្មី​នេះ រួម​មាន ការ​កំណត់​ឱ្យ​បានច្បាស់លាស់ នូវ​និយមន័យ​នៃ​ពាក្យ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ការបង្កើន​កម្រិត​ពិន័យ​ជា​សាច់ប្រាក់​ក្នុង​ទោស​ព្រហ្មទណ្ឌ និង​ការបន្ថែម​និតីវិធី នៃ​វិធានការ​យកចិត្តទុកដាក់​ស្គាល់​អតិថិជន​ជាដើម​។ ក្នុង​នោះ​មាន​ការ​បន្ថែម​ការ​ដាក់ ទោសទណ្ឌ និង​ការចែង​លម្អិត​ពី​ការ​បង្កក ការឃាត់ទុក និង​ការ​រឹបអូស។ សេចក្តីប្រកាស​ព័ត៌មាន​របស់ ទីស្តីការ​គណៈរដ្ឋមន្ត្រី ថា ការ​ធ្វើ​ច្បាប់​នេះ​ឡើង​វិញ គឺ​ដើម្បី​ឆ្លើយតប​នឹង​កង្វះខាត​មូលដ្ឋាន គតិ​យុទ្ធ​បន្ថែម និង​លក្ខខណ្ឌ​នៃ​ផែនការ​សកម្មភាព​១៤​ចំណុច ដាក់ចេញ​ដោយ​ក្រុមការងារ ហិរញ្ញវត្ថុ FATF ដែលជា​ស្ថាប័ន​ឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​សាកល។

ក្រាហ្វិកព័ត៌មាន៖ អំពើ​លាងលុយកខ្វក់​នៅ​កម្ពុជា
ក្រាហ្វិកព័ត៌មាន៖ អំពើ​លាងលុយកខ្វក់​នៅ​កម្ពុជា RFA

លោក ផៃ ស៊ីផាន ថា កម្ពុជា​ត្រូវ​អនុវត្តតាម​ផែនការ​សកម្មភាព​ដាក់ចេញ​ដោយ​ស្ថាប័ន FATF ដោយ​ត្រូវ​មានច្បាប់​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ឱ្យ​បាន​មុន​ដំណាច់​ខែ​ឧសភា ឆ្នាំ​២០២០​នេះ និង​ធ្វើ​ច្បាប់​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឡើងវិញ ឱ្យ​បាន​មុន​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២០​នេះ។

មន្ត្រី​សង្គម​ស៊ីវិល ផ្នែក​តម្លាភាព ប្រឆាំង​អំពើពុករលួយ និង​អ្នកជំនាញ​កិច្ចការ​អន្តរជាតិ ធ្លាប់​លើកឡើងថា ការ​មានតែ​ក្របខណ្ឌ​ច្បាប់​ប្រឆាំង​អំពើ​លាងលុយកខ្វក់​នៅ​មិនទាន់ គ្រប់គ្រាន់​នៅឡើយ​ទេ​។ ពោល​គឺ​កម្ពុជា​ចាំបាច់​ត្រូវតែ​ធ្វើកំណែទម្រង់​ទ្រង់ទ្រាយ​ធំ លើ​ប្រព័ន្ធ​តុលាការ ដែល​រង​ការ​រិះគន់​ថា មាន​ស្តង់ដារ​ពីរ និង​ប្រព្រឹត្តិ​អំពើពុករលួយ និង​បើកចំហរ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ដែលជា​ភ្នែក​ជា​ចម្រុះ​ឃ្លាំមើល អំពើ​លាងលុយកខ្វក់ និង​ភាព​អសកម្ម​របស់​មន្ត្រី​អនុវត្ត​ច្បាប់។ រីឯ​ប្រធាន​ស្ដីទីគណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក សម រង្ស៊ី ថា ទាល់តែ​ប្តូរ​ប្រព័ន្ធគ្រប់គ្រង ប្រទេស​បែប​លួចជាតិ​បច្ចុប្បន្ន ដែល​លោក​ហៅថា «ចោរាធិបតេយ្យ​» ចោល​តែម្តង ហើយ​ដាក់ជំនួស​ដោយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​វិញ ទើប​អាច​ដោះស្រាយ​បញ្ហា លាងលុយកខ្វក់​នេះ​បាន ព្រោះ​កម្ពុជា សំបូរ​ដោយ​មន្ត្រី​លួច​លុយ​ជាតិ យកទៅ​លាក់ទុក​នៅ​បរទេស​ក្រោមរូបភាព​ជាការ​វិនិយោគ ផ្សេងៗ​ជាពិសេស​តាមរយៈ​ការទិញ​អចលនទ្រព្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល