សាលា​ឧទ្ធរណ៍​​នឹង​សម្រេច​រឿង​សុំ​ទម្លាក់​ចោល​​ការ​ស៊ើបអង្កេត​បន្ថែម​លើ​​​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ នៅ​​ថ្ងៃទី២៨ មករា

ដោយ សេក បណ្ឌិត
2020-01-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក យាង សុធារិន្ទ (ឆ្វេង) និង​លោក អ៊ួន ឈិន អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី នៅ​មុខ​សាលា ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០។
លោក យាង សុធារិន្ទ (ឆ្វេង) និង​លោក អ៊ួន ឈិន អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី នៅ​មុខ​សាលា ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០។
រូប៖ RFA

សាលាឧទ្ធរណ៍​សម្រេច​លើក​ពេល​ប្រកាស​សាល​ដីកា​បណ្តឹង​សាទុក្ខ​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី ដែល​​ស្នើសុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ទម្លាក់​ចោល​ការ​ស៊ើបអង្កេត​បន្ថែម​​លើ​បទ​ចារកម្ម​របស់​ពួក​គេ​ ទៅថ្ងៃទី២៨ មករា សប្ដាហ៍​ក្រោយ​វិញ បន្ទាប់​​ពី​បញ្ចប់​​សវនាការ​នៅ​ថ្ងៃទី២០ មករា។ មន្ត្រី​សិទ្ធិ​មនុស្ស ស្នើ​ដល់​តុលាការ​ទាំង​ពីរ​ថ្នាក់​ពន្លឿន​​រាល់​​​នីតិវិធី​នៃ​សំណុំ​រឿង​នេះ​ដោយ​លើក​លែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក​ យាង​ សុធារិន្ទ។

អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​​ទាំង​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ថ្លែង​ក្រោយ​បញ្ចប់​សវនាការ​ថា ពួក​លោក​រំពឹង​ថា ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​នឹង​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​ចំពោះ​ការ​លើកឡើង​របស់​មេធាវី ដើម្បី​បដិសេធ​ចោល​សាលក្រម​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​តម្រូវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​សំណុំ​រឿង​ចារកម្ម​របស់​ពួក​លោក​បន្ថែម​ទៀត។

លោក អ៊ួន ឈិន ថ្លែង​ថា លោក​​ចង់​ឱ្យ​តុលាការ​បញ្ចប់​សំណុំ​រឿង​ឱ្យ​បាន​ឆាប់ និង​ផ្ដល់​យុត្តិធម៌​ដល់​ពួក​​លោក​វិញ ពីព្រោះ​ជាង​ពីរ​ឆ្នាំ​មក​នេះ ពួក​លោក​ត្រូវ​រស់​នៅ​ក្នុង​ភាព​អយុត្តិធម៌ និង​គ្រាំគ្រា​ក្នុង​ចិត្ត​ដោយសារ​តែ​គ្មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ដូច​ពលរដ្ឋ​ទូទៅ។ លោក​​​ថា ប្រសិន​បើ​តុលាការ​នៅ​តែ​បន្ត​​នីតិវិធី​ទៀត​នោះ ពួក​​លោក​​គ្មាន​ថ្ងៃ​ចេញ​ផុត​ពី​​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នេះ​ឡើយ ហើយ​លោក​បាន​ហៅ​ការ​បន្ត​អូស​បន្លាយ​សំណុំ​រឿង​របស់​តុលាការ​ក្រុង​ភ្នំពេញ​ថា ជា​ការ​តាម​ចង​កម្ម​ចងពៀរ ចង់​ធ្វើ​បាប​ពួក​លោក៖ «»

ចំណែក លោក យាង សុធារិន្ទ វិញ ​ថ្លែង​ថា ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ​គ្មាន​សមត្ថភាព​រក​ឃើញ​ទោស​កំហុស​របស់​ពួក​លោក ទើប​បាន​ជា​ប្រឹង​រក​រឿង​ផ្សេងទៀត​មក​ចោទ​ប្រកាន់​ពួក​លោក។ លោក​យល់​ថា តុលាការ​ក្រុង​ភ្នំពេញ​ហាក់​មាន​​បំណង​យក​ពួក​លោក​ជា​ចំណាប់​ខ្មាំង​នយោបាយ​ ដូច្នេះ​បាន​ជា​ខំ​បន្ត​រឿង​ក្តី​នេះ​ដោយ​ខ្វះ​ភស្តុតាង​មក​​ដល់​ពេល​នេះ។ លោក​សង្ឃឹមថា ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​នឹង​អាច​ផ្ដល់​យុត្តិធម៌​ដល់​​ពួក​លោក​ទាំងពីរ៖ «»

កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​បណ្ដឹង​សារទុក្ខ​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ម្ដង​រួច​មក​ហើយ ដោយ​កាល​នោះ​ពាក់​ព័ន្ធ​នឹង​បទ​ចោទ ផលិត និង​កាប់​កាប់​រូបភាព​អាសអាភាស។ ក្រុមប្រឹក្សា​ជំនុំ​​ជម្រះ​សាលាឧទ្ធរណ៍​ លោក ប្លង់ សំណាង បាន​សម្រេច​ច្រាន​​ចោល​បណ្ដឹង​នោះ ក្រោម​ហេតុ​ផល​​ថា ការ​ស៊ើបអង្កេត​បន្ថែម​លើ​បទ​ចោទ​នេះ មិន​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​អ្នក​ទាំង​ពីរ​ឡើយ ប៉ុន្តែ​លោក​ថា នីតិវិធី​នេះ​ជា​ការ​ជួយ​ស្វែងរក​យុត្តិធម៌​សម្រាប់​អ្នក​ទាំង​ពីរ​ទៅ​វិញ​ទេ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ជឿថា សាលដីកា​​នៅថ្ងៃទី២៨ មករា ខាងមុខនេះ ក៏​ទំនង​ជា​ដូច​គ្នា​ទៅ​នឹង​សាល​ដីកា​សំណុំ​​រឿង​មុន​​ដែរ គឺ​សាលាឧទ្ធរណ៍​នឹង​បដិសេធ​បណ្ដឹង​សារទុក្ខ​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប ព្រោះ​សំណុំ​រឿង​នេះ​មាន​ចរិត​ជា​សំណុំ​រឿង​នយោបាយ។ ទោះ​ជា​យ៉ាង​ណា លោក​ជំរុញ​ឱ្យ​តុលាការ​ទាំង​ពីរ​ថ្នាក់​ពន្លឿន​​រាល់​​​នីតិវិធី​នៃ​សំណុំ​រឿង​របស់​​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ដោយ​លើក​លែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ៖ «»

សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​​​​រិះគន់​ថា ការ​បន្ត​សំណុំ​​រឿង​នេះ​មានន័យ​ស្មើនឹង​ការ​ធ្វើ​​ទុក្ខបុកម្នេញ​លើ​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ និង​ជា​ការ​ជាន់​ឈ្លី​ប្រព័ន្ធ​​យុត្តិធម៌​របស់​កម្ពុជា។ ភាគី​ជាតិ​ និង​អន្តរជាតិ​​នៅ​តែ​ទាម​​ទារ​យ៉ាង​ទទូច​ឱ្យ​​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​បែប​ប្រឌិត​នេះ និង​បញ្ឈប់​ទង្វើ​យាយី​លើ​អ្នក​កាសែត ព្រម​ទាំង​​បើក​លំហ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​អាច​ដំណើរការ​ឡើង​វិញ​បាន​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល