គណៈ​រដ្ឋមន្ត្រី ចាប់​ផ្ដើម​ប្រជុំ​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​​​ក្នុង​​​ភាព​អាសន្ន

ដោយ សុជីវី
2020-04-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គណៈ​រដ្ឋមន្ត្រី​ប្រជុំ​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ពេល​ដាក់​ក្នុង​ភាព​អាសន្ន ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ២០២០។
គណៈ​រដ្ឋមន្ត្រី​ប្រជុំ​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ពេល​ដាក់​ក្នុង​ភាព​អាសន្ន ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

គណៈ​រដ្ឋមន្ត្រី​ បាន​ចាប់​ផ្ដើម​​​ប្រជុំ​គ្នា ពិនិត្យ​មើល​សេចក្ដីព្រាង​ច្បាប់​ ដើម្បី​គ្រប់គ្រង​ប្រទេស ក្នុង​ពេល​ស្ថិត​ក្នុង​ភាព​អាសន្ន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី៣១ មីនា។ ពង្រាង​ច្បាប់​នេះ ជា​ការ​​ដាក់​ឡើង​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។ តាម​គម្រោង​ លោក​ ហ៊ុន សែន គ្រោង​នឹង​បញ្ចប់​​ពង្រាង​ច្បាប់​នេះ ហើយ​បញ្ជូន​រដ្ឋសភា​នៅ​ពេល​ឆាប់ៗ នេះ។ សង្គម​ស៊ីវិល ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​​ពង្រាង​ច្បាប់​នេះ ជា​សាធារណៈ ដើម្បី​ទទួល​យក​មតិ​អ្នក​ពាក់ព័ន្ធ​ខ្លះ បង្ការ​ច្បាប់​នេះ រឹត​បន្តឹង​សិទ្ធិ​ពលរដ្ឋ​ខ្លាំង​ពេក។​​​​

ការ​ប្រជុំ​របស់​គណៈ​រដ្ឋមន្ត្រី ​ក្នុង​ការ​ពិនិត្យ​មើល​សេចក្ដីព្រាង​ច្បាប់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​រយៈ​ពេល ៣ម៉ោង នៅ​ក្នុង​វិមាន​សន្តិភាព។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លើក​ឡើង​ថា ​សេចក្ដីព្រាង​ច្បាប់​​នេះ គឺ​ជា​ឧបករណ៍​ផ្នែក​ច្បាប់​ ក្នុង​ការ​ធ្វើ​សកម្មភាព​គ្រប់គ្រង​ប្រទេសជាតិ ក្នុង​គ្រា​​មាន​អាសន្ន។ លោក​អំពាវនាវ​​ឲ្យ​​ពលរដ្ឋ និង​អង្គការ​ សង្គម​ស៊ីវិល​ កុំ​​មាន​ការ​ព្រួយ​បារម្ភ​ ចំពោះ​ពង្រាង​​ច្បាប់​នេះ ព្រោះ​មិនមែន​បង្កើត​ឡើង​ ដើម្បី​រឹតត្បិត​សេរីភាព​​ពលរដ្ឋ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​​ឡើយ។

តែ​ទោះ​ជា​ លោក​អះអាង​បែប​នេះ​មែន​ ចំពោះ​អត្ថ​ន័យ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ មិន​ទាន់​ត្រូវ​បាន​​លោក​សន្យា​​ថា នឹង​ដាក់​បង្ហាញ​ និង​ទទួល​យក​មតិ​កែ​លម្អ​ពី​សាធារណ​ជន ឬ​អត់​ទេ​។ កាល​ពី​ថ្ងៃ​ទី​៣០ មីនា លោក ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋ​សភា យ៉ាង​យូរ​ត្រឹម​ចុង​សប្ដាហ៍​ក្រោយ គឺ​នៅ​សប្ដាហ៍​ទី១ នៃ​ខែ​មេសា។ លោក​ប្រាប់​អ្នក​កាសែត​ថា បំណង​នៃ​ការ​​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន គឺ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ១៩ នៅ​​កម្ពុជា។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា សង្កេត​ឃើញ​ថា ​ប្រទេស​មួយ​ចំនួន បាន​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​រួច​ហើយ ក្នុង​ការ​ទប់​ស្កាត់​ការ​រាល់​ដាល​ជំងឺ​នេះ។ លោក​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ខ្លះ ទទួល​បាន​​ការ​ស្វាគមន៍​ពី​ពលរដ្ឋ ដោយសារ​​បាន​គិតគូរ​ពី​​ការ​​ឧបត្ថម្ភ​​ថវិកា ចំណី​អាហារ​ជាដើម​ ក្នុង​ពេល​​​ដាក់​ក្នុង​ភាព​អាសន្ន​។ ឯ​​ប្រទេស​ខ្លះ​ទៀត ពលរដ្ឋ​មិន​ពេញ​ចិត្ត​ទេ ដោយ​សារ​មិន​បាន​គិតគូរ​ពី​រឿង​នេះ។

លោក ស៊ឹង សែន​ករុណា ​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ទទួល​យក​បាន​​រដ្ឋាភិបាល ​ត្រូវ​​បង្ហាញ​ពី​ការ​គិតគូរ​ដល់​សុខទុក្ខ​ពលរដ្ឋ និង​មិន​ដក​ហូត​សិទ្ធិ​ ដែល​មិន​ចាំបាច់ ដូចជា​ សិទ្ធិ​បញ្ចេញ​មតិ​ជា​ដើម។ លោក​​​ថា ជាង​នេះ រដ្ឋាភិបាល​​ក៏​​គួរ​តែ​បង្ហាញ​សេចក្ដី​ព្រៀង​ច្បាប់​​គ្រប់​គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ ហើយ​ទទួល​យក​មតិ​កែ​លម្អ​​ពី​​​មហាជន​ អ្នក​វិភាគ​ សង្គម​ស៊ីវិល បញ្ញ​វន្ត និង​ពលរដ្ឋ៖ «គួរ​តែ​មាន​ការ​បើក​ឲ្យ​ទូលំ​ទូលាយ មុន​នឹង​​យើង​ចាប់​ផ្ដើម​ដាក់​ទៅ​សភា ដើម្បី​មាន​ការ​អនុម័ត​ហ្នឹង​ ព្រោះ​យើង​ជៀសវាង​ច្បាប់​មួយ​ដែល​មិន​ល្អ ហើយ​យក​ទៅ​អនុវត្ត​ទៅ ច្បាស់​ជា​មាន​ការ​ប៉ះ​ទង្គិច​ទៅ វា​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​​របស់​ប្រជាពលរដ្ឋ ហើយ​វា​ធ្វើ​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​សង្គម​អ្វី​ជា​ដើម។ អ៊ីចឹង យើង​ចង់​បាន​ចំណុច​ហ្នឹង​ដែរ»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី​៣១ មីនា ដោយសារ​​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។​​​​​​​​

ចំណែក​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​វិញ​ថា ទំហំ​នៃ​ការ​រីក​រាល​ដាល​នៅ​កម្ពុជា ក្នុង​ពេល​​បច្ចុប្បន្ន​នេះ មិន​ទាន់​ស្ថិត​ក្នុង​ភាព​អាសន្ន​ទេ។ លោក ឯម សុវណ្ណារ៉ា យល់​ថា ការ​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន លុះ​ត្រា​តែ​រដ្ឋាភិបាល​ខ្វះ​លទ្ធភាព​ទប់​ស្កាត់​ហានិភ័យ ទើប​គួរ​ធ្វើ។ លោក​ពន្យល់​ថា ថ្វីត្បិត​មាត្រា២២ នៃ​រដ្ឋធម្មនុញ្ញ បើក​ផ្លូវ​ឲ្យ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន តែ​ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន ជា​ការ​ខាត​បង់​ច្រើន​សម្រាប់​ប្រទេស ទាំង​សេដ្ឋកិច្ច និង​សិទ្ធិ​ពលរដ្ឋ៖ «តើ​រដ្ឋាភិបាល​ខ្វះ វិធានការ​ទប់​ស្កាត់​ហើយ នៅ​ពេល​ដែល​ជំងឺ​រីក​សាយភាយ​ វា​ខ្លាំង​​ពេក ទាល់​តែ​ប្រើ​ច្បាប់​អាជ្ញា​សឹក ទើប​ទប់​ស្កាត់​បាន។ អា​ហ្នឹង បាន​រដ្ឋាភិបាល​គួរ​ស្នើ ព្រោះ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ វា​បាត់​នូវ​សក្ដានុពល​រដ្ឋ អធិបតេយ្យ​ស្មើ​​មុខ​ ស្មើ​មាត់​លើ​ឆាក​អន្តរ​ជាតិ​ដែរ»

លោក ហ៊ុន សែន មិន​ទាន់​កំណត់​ថ្ងៃ​ប្រជុំ​ពេញអង្គ​គណៈ​រដ្ឋមន្ត្រី​ ដើម្បី​អនុម័ត​សេចក្ដីព្រាង​ច្បាប់​នេះ​ទេ​។ ប៉ុន្តែ​ លោក​​សរសេរ​ក្នុង​ហ្វេសប៊ុក​​ថា នឹង​ដាក់​ចូល​គណៈ​រដ្ឋ​មន្ត្រី​ពេញ​អង្គ នៅ​ពេល​ខាង​មុខ ហើយ​រំពឹង​ថា ​រដ្ឋសភា​នឹង​ពន្លឿន​ការ​អនុម័ត​ នៅ​ពេល​ដែល​គណៈ​រដ្ឋមន្ត្រី​បញ្ជូន​​ច្បាប់​នេះ​ទៅ​​ដល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល