អ្នកច្បាប់​ថា ការ​មោឃភាព​លិខិតឆ្លងដែន​មន្ត្រី​បក្ស​ប្រឆាំង ១២​រូប ជា​ទង្វើ​ខុស​ច្បាប់

ដោយ ជី វិតា
2019-11-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៨​រូប​ដែល​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ចាប់​ខ្លួន ក្នុង​នោះ​មាន (ពី​ឆ្វេង) លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក អេង ឆៃអ៊ាង លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និង​លោក ហូរ វ៉ាន់។
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៨​រូប​ដែល​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ចាប់​ខ្លួន ក្នុង​នោះ​មាន (ពី​ឆ្វេង) លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក អេង ឆៃអ៊ាង លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និង​លោក ហូរ វ៉ាន់។
Photo courtesy of Sam Rainsy's facebook Page

មន្ត្រី​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​អ្នកវិភាគ​ថា សេចក្ដី​សម្រេច​លុបចោល​លិខិតឆ្លងដែន​របស់​មន្ត្រី​បក្ស​ប្រឆាំង ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា គឺជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់។

ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការបរទេស​កម្ពុជា ថ្មីៗ​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​លុបចោល​លិខិតឆ្លងដែន​មន្ត្រី​បក្ស​ប្រឆាំង​ជាង ១០​រូប ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន ដើម្បី​រារាំង​ពួកគេ​មិនឱ្យ​អាច​វិល​ចូល​មក​កម្ពុជា​វិញ​បាន។

នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​នាទី​ចុងក្រោយ ដើម្បី​ទប់ស្កាត់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឱ្យ​ធ្វើ​មាតុភូមិនិវត្តន៍​បាន​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា របប​ក្រុងភ្នំពេញ​បាន​សម្រេច​លុបចោល ឬ​ធ្វើ​មោឃភាព​លិខិតឆ្លងដែន​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១២​រូប។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក ប្រ៊េដ អាដាម (Brad Adams) ហៅ​ការ​ដកហូត​សិទ្ធិ​កាន់កាប់​លិខិតឆ្លងដែន​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១២​រូប ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​នោះ​ថា ជា​អំពើ​ខុសច្បាប់៖ «គេ​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​ក្រោម​ច្បាប់​អន្តរជាតិ ព្រោះ​វា​ជា​រឿង​ខុសច្បាប់​ទាំងស្រុង​។ អ្នក​មិន​អាច​មោឃភាព ឬ​លុបចោល​លិខិតឆ្លងដែន​បានទេ ជាពិសេស​នៅ​ពេល​ម្ចាស់​លិខិតឆ្លងដែន​នោះ មិន​មាន​សញ្ជាតិ​ផ្សេង​ទៀត»

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ក្រសួងការបរទេស​កម្ពុជា​លុបចោល​សិទ្ធិ​កាន់កាប់​លិខិតឆ្លងដែន​របស់​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​១២​នាក់​នោះ គឺ​ដោយសារ​ពួកគេ​ជា​ជន​ក្បត់ជាតិ៖ «បើ​អ្នកឯង​ជា​ក្រុម​ឧទ្ទាម​ហើយ​អ្នកឯង​មាន​សិទ្ធិ​អី​មក​ប្រើ​លិខិតឆ្លងដែន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត ពីព្រោះ​លិខិតឆ្លងដែន​ចេញ​ដោយ​រដ្ឋាភិបាល​កម្ពុជា ដែល​អ្នកឯង​អត់​ទទួល​ស្គាល់ អ៊ីចឹង​មាន​ខុស​អី?»

ប៉ុន្តែ​សម្រាប់​លោក ប្រ៊េដ អាដាម វា​ពិត​ជា​ខុស ។ មន្ត្រី​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​បញ្ជា្កក់​ថា ទាំង​ការចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ ទាំង​ការលុបចោល​សិទ្ធិ​កាន់កាប់​លិខិតឆ្លងដែន​របស់​ពួកគេ គឺ​ផ្ទុយ​ពី​ច្បាប់​ទាំងអស់៖ «ក្នុង​ករណីនេះ​គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ដូច​ការចោទប្រកាន់​នោះ​ទេ​។ ប៉ុន្តែ​ឧបមា​ថា ពួកគេ​ទាំង​១២​នាក់​នោះ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ទៅ​ចុះ​។ ឧទាហរណ៍​ថា ពួកគេ​បាន​លួច​ព័ត៌មាន​សំងាត់​ទាក់ទង​នឹង​សន្តិសុខ​ជាតិ ហើយ​ផ្ដល់​ទៅ​ឱ្យ​ខ្មាំង​សត្រូវ​របស់​ប្រទេស​កម្ពុជា​។ បើ​ដូច្នេះ​មែន យោង​តាម​ច្បាប់ ពួកគេ​ត្រូវ​ចោទប្រកាន់​ពី​ទោសឧក្រិដ្ឋ និង​ត្រូវ​ជំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌ ហើយ​ត្រូវ​ផ្ដន្ទាទោស​ប្រសិនបើ​មាន​ភស្តុតាង​បញ្ជាក់​បង្ហាញ​ពី​ពិរុទ្ធភាព​របស់​ពួកគេ​មែន​។ ប៉ុន្តែ​មិន​ត្រូវ​ដក​លិខិតឆ្លងដែន​របស់​ពួកគេ​របៀប​នេះ​ទេ ពីព្រោះ​គ្មាន​ច្បាប់​ណា​អនុញ្ញាត​ដូច្នេះ​ឡើយ​។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​១២​រូប ដែល​ក្រសួងការបរទេស​កម្ពុជា​លុបចោល​សិទ្ធិ​កាន់កាប់​លិខិតឆ្លងដែន​នោះ មាន​៖ អ្នកស្រី មូរ សុខហូរ លោក ហូរ វ៉ាន់ លោក អេង ឆៃអ៊ាង លោក ឡុង រី លោក ម៉ម ផល្លា លោក ស ចាន់ដេត លោក គង់ សាភា លោក ហេង ដាណារ៉ូ លោក វណ្ណ ណាឬទ្ធ លោក ញឹម គិមញ៉ុល លោក អ៊ីសា អូស្មាន និង​លោក ដាង ចំរើន​។

ក្រសួងការបរទេស​កម្ពុជា បាន​ផ្ញើ​លិខិត​ស្ដីពី​ការលុបចោល​លិខិតឆ្លងដែន​របស់​មន្ត្រី​បក្សប្រឆាំង​ទាំង​១២​រូបនេះ ទៅកាន់​ស្ថានទូត​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា និង​ស្ថានទូត​ខ្មែរ​ទាំងអស់​នៅ​ក្រៅ​ប្រទេស។

លិខិត​ជូនដំណឹង​នេះ​ចុះ​កាលបរិច្ឆេទ ថ្ងៃ​ទី៦ វិច្ឆិកា និង​បញ្ជាក់​ថា ជា​ការ​ប្រញាប់ ប៉ុន្តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី៨ វិច្ឆិកា។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ប្រតិកម្ម​ខ្លាំងៗ​ថា ការ​ដកហូត​សិទ្ធិ​កាន់កាប់​លិខិតឆ្លងដែន​របស់​លោក​នេះ ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ។ លោក​ថា ទង្វើ​នេះ​ប្រៀប​ដូច​ការ​ដកហូត​សញ្ជាតិ​ខ្មែរ​របស់​លោក​អ៊ីចឹង​ដែរ៖ «វា​រំលោភច្បាប់​កំពូល​របស់​ជាតិ ដក​សញ្ជាតិ​ពី​ជាតិ​សាសន៍​ខ្លួនឯង យើងខ្ញុំ​អត់​បាន​ធ្វើ​អី​ខុស​ចំពោះ​ប្រទេស​ជាតិ​ទេ​។ ទោះបី​គេ​មាន​ចេតនា​មិន​ចង់​ឱ្យ​ពួក​យើង​ខ្ញុំ​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស​ក៏ដោយ ប៉ុន្តែ​មិន​អាច​រារាំង​បានទេ ព្រោះ​យើងខ្ញុំ​មាន​ឯកសារ​ផ្សេងៗ​ទៀត​។ ទោះ​នរណា​ក៏ដោយ គេ​មិន​ដែល​ដក​សញ្ជាតិ ដក​លិខិត​ឆ្លងដែន ដក​សិទ្ធិ​នូវ​ការប្រើប្រាស់​លិខិតឆ្លងដែន​ដូច​របប​លោក ហ៊ុន សែន ទេ​បាទ»

ទោះជា​យ៉ាងណា សម្រាប់​អ្នកវិភាគ​នយោបាយ​ចាស់​វស្សា​បណ្ឌិត ឡៅ ម៉ុងហៃ ការ​ដែល​រដ្ឋាភិបាល​មួយ​ដកហូត​សិទ្ធិ​ប្រើប្រាស់​លិខិតឆ្លងដែន​របស់​ពលរដ្ឋ​ខ្លួន មិនមែន​ជា​រឿង​ចម្លែក​ទេ​។ លោក​ថា មាន​ករណី​ខ្លះ ដូចជា ពលរដ្ឋ​ដែល​កាន់​លិខិតឆ្លងដែន​នោះ​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម ឬ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្លួន​ពី​ក្រៅ​ប្រទេស ហើយ​រដ្ឋាភិបាល​មិន​អាច​កោះហៅ ឬ​នាំ​ខ្លួន​មក​ដាក់​ទណ្ឌកម្ម​បាន៖ «តាម​ដឹង​មាន​រដ្ឋាភិបាល​គេ​ដកហូត ឬ​លុបចោល​លិខិត​ឆ្លងដែន​ពី​ប្រជា​ពលរដ្ឋ​គេ​ដែល​នៅ​ក្រៅ​ប្រទេស ធ្វើដំណើរ​នៅ​ក្រៅ​ប្រទេស ហើយ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល ដែល​រដ្ឋាភិបាល​ទាំងនោះ មិន​អាច​កោះហៅ​មក​ដាក់ទណ្ឌកម្ម ឬ​ក៏​មិន​ចង់​ដាក់​ទណ្ឌកម្ម គឺ​ឱ្យ​នៅ​ក្រៅ​ប្រទេស​តែម្ដង»

ក៏ប៉ុន្តែ បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ការ​ដកហូត​សិទ្ធិ​ប្រើប្រាស់​លិខិតឆ្លងដែន​របស់​ពលរដ្ឋ​ណា​ម្នាក់​ចាំបាច់​ត្រូវ​មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ ពោល​គឺ​ត្រូវ​មាន​ច្បាប់ ធ្វើតាម​ច្បាប់ និង​សម្រេច​ដោយ​តុលាការ៖ «ការ​ដកហូត​នេះ នៅ​ក្នុង​ប្រទេស​អនុវត្ត​នីតិរដ្ឋ​ត្រឹមត្រូវ គេ​ត្រូវ​មាន​ច្បាប់​ចែង​អំពី​អ្នក​កាន់​លិខិតឆ្លងដែន ដូចជា​ត្រូវ​បាត់​សិទ្ធិ​ទទួល​បាន​លិខិតឆ្លងដែន​ហ្នឹង​ក្នុង​ករណី​ណាខ្លះ​ជាក់លាក់​អីចឹង​ទៅ។ (ជីវិតា៖ តែ​បើ​នៅ​ក្នុង​ស្រុក​មួយ​ដែល​អត់​មាន​ច្បាប់ ហើយ​ប្រសិន​មាន​ភាព​ចាំបាច់​ត្រូវ​ដកហូត​លិខិតឆ្លងដែន​ហ្នឹង ត្រូវ​ឆ្លងកាត់​តុលាការ​ទេ?)​។ បាទ ប្រទេស​ដែល​មាន​នីតិរដ្ឋ​ហ្នឹង​ត្រូវ​ឆ្លងកាត់​តាម​តុលាការ មិនមែន​រដ្ឋាភិបាល​ហ្នឹង​អត្តនោម័តិ​ម្នាក់ឯង​បាន​ទេ ថា អ្នក​ណុង​មានទោស​កំហុស​អី​ខ្លះ ដែល​គួរ​ឱ្យ​ដកហូត​លិខិត​ឆ្លងដែន​ហ្នឹង។

ករណី​សម្រេច​ដកហូត​សិទ្ធិ​កាន់កាប់ និង​ប្រើប្រាស់​លិខិតឆ្លងដែន​របស់​មន្ត្រី​បក្ស​សង្គ្រោះជាតិ​ទាំង​១២​រូប​កន្លង​ទៅ​នេះ ធ្វើឡើង​ត្រឹម​ក្រសួង​ការបរទេស​កម្ពុជា ដោយ​មិន​ឃើញ​មាន​យោង​ទៅ​លើ​ច្បាប់​ណា​ឡើយ​មួយ​ឡើយ ហើយក៏​មិនបាន​ឆ្លងកាត់​តុលាការ​ដែរ។

ច្បាប់​ស្ដីពី​សញ្ជាតិ​ចែងថា មានតែ​ពលរដ្ឋ​ខ្មែរ​ទេ​ទើប​មាន​សិទ្ធិ​កាន់កាប់​លិខិតឆ្លងដែន​។ ចំណែក​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៣៣ ចែងថា​៖ ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ និរទេស ឬ ចាប់​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​ប្រទេសក្រៅ​ណាមួយ​ឡើយ លើកលែង​តែ​មាន​កិច្ចព្រមព្រៀង​ជាមួយគ្នា​ទៅវិញទៅមក​។ ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ឯ​បរទេស ត្រូវ​បាន​រដ្ឋ​គាំពារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល