សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ពោធិ៍សាត់​លោក ទួន សំអាត​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់

ដោយ សេក បណ្ឌិត
2020-02-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ចាន់ សុផាល (រូប​ធំ) សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ស្រុក​វាលវែង និង​លោក ទួន សំអាត (កណ្ដាល) ពាក់​អាវ​ដៃ​វែង​ខោ​ជើង​វែង​ពណ៌​ដី អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​ត្រូវ​អាជ្ញាធរ​ភ្នំពេញ​ចាប់​ដាក់​គុក កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ២០១៩។
លោក ចាន់ សុផាល (រូប​ធំ) សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ស្រុក​វាលវែង និង​លោក ទួន សំអាត (កណ្ដាល) ពាក់​អាវ​ដៃ​វែង​ខោ​ជើង​វែង​ពណ៌​ដី អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​ត្រូវ​អាជ្ញាធរ​ភ្នំពេញ​ចាប់​ដាក់​គុក កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក

សកម្មជន​គណបក្សប្រឆាំង​នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​លោក ទួន សំអាត នៅតែ​អះអាង​ថា តុលាការ​ចាប់ខ្លួន​លោក​ដាក់គុក​ដោយ​អយុត្តិធម៌។ សកម្មជន​រូប​នេះ​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ប្រកាន់​ទាំងឡាយ​មក​លើ​ខ្លួន និង​សហការី​ដទៃ​ទៀត ដើម្បី​ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​វាលវែង លោក ទួន សំអាត ថ្លែង​នៅ​រសៀល​ថ្ងៃទី​២០​កុម្ភៈ​ថា ថ្វីត្បិតតែ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ បាន​ដោះលែង​លោក​និង​សហការី​គណបក្ស​នេះ​រួម ៣​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាល​ចុងខែ​មករា ជា​បន្តបន្ទាប់​ក្ដី ក៏​តុលាការ​មិនទាន់​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ​នៅឡើយ​ទេ។ លោក​បញ្ជាក់​ថា ពួក​លោក​មិនបាន​ប្រព្រឹត្ត​សុខ​ច្បាប់​ដូច​ការចោទប្រកាន់​របស់​តុលាការ​ឡើយ៖ «ក្នុង​គោលការណ៍​របស់​គេ គឺ​គេ​មិន​ឱ្យ​ដើរហើរ​ទៅ​ណា​ឆ្ងាយ មិន​ឱ្យ​មានការ​ជួបជុំ មិន​ឱ្យ​មានការ​ប្រមូល​ផ្ដុំ ឬ​អនុវត្ត​តាម​គោលការណ៍​ចាស់ គឺ​ឱ្យ​ខ្ញុំ​សម្រាក​នៅ​ក្នុង​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ផ្ទាល់ខ្លួន​។​ត្រង់​ហ្នឹងហើយ​ដែល​ខ្ញុំ​ចាំបាច់​ត្រូវ​ការ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​មក​លើ​ខ្ញុំ ព្រោះ​ម្យ៉ាង​កំហុស​របស់ខ្ញុំ​អត់​មាន​ទេ»

សកម្មជន​គណបក្សប្រឆាំង​ដែល​ទើប​ដោះលែង​នៅ​ក្រៅ​ឃុំ​ទាំងនោះ រួមមាន សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ឃុំប្រម៉ោយ លោក ចាន់ សុផល លោក ឡុង ខន ត្រូវ​បាន​ដោះលែង​នៅ​ដើមខែ​កុម្ភៈ និង លោក ទួន សំអាត ដោះលែង​កាលពី​ថ្ងៃ​ទី​២៨ មករា។ ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ បន្ទាប់ពី​មានការ​ស្នើសុំ​ពី​មេធាវី​ការពារ​ក្ដី​ចំនួន​៣​លើក​រួច​មក​ហើយ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ទួន សំអាត គឺ​លោក ប៊ុន រិទ្ធី មាន​ប្រសាសន៍​ថា ទោះ​យ៉ាងណា អ្នក​ទាំង​បី​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ និង​ត្រូវ​បង្ហាញខ្លួន​សមត្ថកិច្ច​គ្រប់​ពេល​មាន​ការ​ចាំបាច់៖ «តាម​ការ​ស៊ើប​អង្កេត​របស់​ខ្ញុំ មេធាវី គឺ​កូនក្ដី​អត់​មាន​ពាក់ព័ន្ធ​អី​ទេ តែ​រឿង​របស់​តុលាការ ខ្ញុំ​មើល​សំណុំរឿង​របស់​តំណាង​អយ្យកា​ឃើញ​មានការ​អះអាង​ពី​ខាង​អាជ្ញាធរ​អី​លេច​កើត​អីចឹង​ទៅ គេ​មាន​ឯកសារ​ខ្លះ​ក្នុង​ការ​ចោទប្រកាន់​កូនក្ដី​ខ្ញុំ។ បើ​និយាយ​ពី​ភស្តុតាង​វិញ​វា​ទាក់ទង​បទល្មើស​ដែល​កើតឡើង អីចឹង​បើ​កើតឡើង​ហើយ​វា​ត្រូវតែ​មាន​សាក្សី​ចង្អុលបង្ហាញ ហើយ​ពេលវេលា​ហ្នឹង​ត្រូវតែ​ហៅ​គាត់​មក​សាកសួរ​អីចឹង​ទៅ មិនមែន​ទុក​ដល់​ប៉ុន្មាន​ឆ្នាំ​ហើយ​បាន​មក​ហៅ​ទៅ​សាកសួរ​ទេ ហើយ​ការ​ឃាត់ខ្លួន​វា​អត់​ត្រូវ​តាម​នីតិវិធី​ទៀត»

លោក ប៊ុន រិទ្ធី បន្ថែម​ថា សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​របស់​ចៅក្រម​ស៊ើបសួរ​មិនទាន់​ចប់​នៅឡើយ។ ម្យ៉ាងទៀត​តុលាការ​បាន​ប្រាប់​លោក​ថា តុលាការ​ពុំ​ទាន់​អាច​ជម្រះក្ដី​សំណុំ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ ពីព្រោះ​នៅ​ខ្វះ​ចំណុច​ជាច្រើន​ទៀត​ដែល​ត្រូវ​សាកសួរ​បន្ថែម។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក ហេង ដូនីន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ជាច្រើនលើក​ពុំ​មាន​អ្នកទទួល​។​

ប៉ុន្តែ លោក ហេង ដូនីន ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា តុលាការ​បាន​ចោទប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ ដោយសារ​ពួកគាត់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់។ លោក​បន្ថែម​ទៀត​ថា តុលាការ​កំពុង​ធ្វើ​ការ​ងារ​នេះ មិន​ទាន់​ចប់​នៅ​ឡើយ។

លោក ទួន សំអាត ថ្លែង​ថា លោក​ពុំ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ធ្វើជា​កម្មសិទ្ធិ​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​ឡើយ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ពោធិ៍សាត់​ចំនួន ៧​នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​ចាប់ខ្លួន កាលពី​អំឡុង​ខែ​ឧសភា​ឆ្នាំ​២០១៩ ជា​បន្តបន្ទាប់ ក្រោម​បទចោទប្រកាន់​តែមួយ គឺ​ពី​បទ​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​។​។​ការ​ចាប់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ​តាម​ឃ្លាំមើល​ឱ្យ​បាន​ដិតដល់​ចំពោះ​សកម្មជន​បក្ស​ប្រឆាំង​ទាំងឡាយ ដែល​ធ្វើ​សកម្មភាព​នយោបាយ​នៅ​តំបន់​ព្រំដែន​ស្រុក​វាលវែង។

គិត​ត្រឹម​ថ្ងៃ​ទី​២០ កុម្ភៈ នៅសល់​សកម្មជន​គណបក្ស​ប្រឆាំង​ស្រុក​វាលវែង​ចំនួន​៤​នាក់​ទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល