សាច់​ញាតិ​អតីត​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ចិន​ថា ការ​ឃុំ​ខ្លួន ដោយ​សារ​ជម្លោះផ្ទៃក្នុង​របស់​បក្ស​ប្រជាជន​កម្ពុជា

ដោយ ហេង រស្មី
2020-01-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​គុនមីង ខេត្ត​យូណាន ប្រទេស​ចិន លោក គ្រុយ លឹមហេង។
អតីត​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​គុនមីង ខេត្ត​យូណាន ប្រទេស​ចិន លោក គ្រុយ លឹមហេង។
screenshot

សាច់​ញាត្តិ​អតីត​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​គុនមីង ខេត្ត​យូណាន ប្រទេស​ចិន បាន​ទម្លាយ​ឱ្យ​ដឹង​ថា ការ​ចាប់ខ្លួន​លោក គ្រុយ លឹមហេង កើត​ចេញ​ពី​ជម្លោះផ្ទៃក្នុង របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដណ្ដើម​តួនាទី​ជា​អគ្គកុងស៊ុល មិនមែន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​ដូច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​លើកឡើង​នោះ​ទេ​។ មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​បាន​ច្រានចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣០ ខែធ្នូ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​អតីត​អគ្គ​កុងស៊ុល​កម្ពុជា លោក គ្រុយ លឹមហេង ប្រចាំ​នៅ​ទីក្រុង​គុនមិញ (Kun Ming) ខែត្រ​យូណាន (Yunan) ប្រទេស​ចិន ពី​បទ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​​ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ៥​ម៉ឺន​ដុលា្លរ​សហរដ្ឋអាមេរិក​។ បន្ទាប់ពី​តំណាង​អយ្យការ​លោក អ៊ុំ សុភក្តិ ចោទប្រកាន់​ភ្លាម​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បាន​នាំ​ខ្លួន​លោក គ្រុយ លឹមហេង ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ជំនុំជម្រះ​ទោស​តាម​មាត្រា​ទី​៣៥ និង មាត្រា​ទី​៣៨ នៃ​ច្បាប់​ស្ដីពី​ការ ប្រឆាំង​អំពើពុករលួយ។

លោក គ្រុយ លឹមហេង អតីត​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​គុនមីង ជាប់ចោទ​ចំនួន​បួន​បទល្មើស​ធំៗ គឺ​បទ​បំផ្លាញ​ដោយ​ចេតនា និង​គៃ​បំបាត់​ដោយ​ទុច្ចរិត បទ​រំលោភ​អំណាច និង​វិតិក្រម ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​ករណី​ធ្វើ​ឱ្យ​បាត់​សន្លឹក​ទិដ្ឋាការ​ស្អិត​ចំនួន ១៦០០​សន្លឹក ការ​ក្លែងបន្លំ​សន្លឹក​ទិដ្ឋាការ​ស្អិត​ចំនួន ៥០០​សន្លឹក និង​ភាព​មិន​ប្រក្រតី​នៃ​ការប្រើប្រាស់​ថវិកា​ចំណាយ​ចំណូល​របស់​ស្ថាន​អគ្គ​កុងស៊ុល និង​ករណី មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ប្រព្រឹត្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០១៥ ដល់​២០១៩​។​

ទោះ​ជា​យ៉ាងណា សមាជិក​ក្រុម​គ្រួសារ​លោក គ្រុយ លឹមហេង និង​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣១ ធ្នូ ថា ពួកគេ​មិន​យល់ឃើញ​ដូច​មានការ​ចោទប្រកាន់​របស់​តុលាការ​ទេ។

មន្ត្រី​តុលាការ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា ដើម​ហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​នេះ​កើតឡើង​ចេញពី​ជម្លោះ​ដណ្ដើម​តួនាទី ជា​អគ្គ​កុងស៊ុល​នៅ​ក្នុង​ទីក្រុង​គុនមីង រវាង​លោក គ្រុយ លឹមហេង អគ្គ​កុងស៊ុល និង លោក ឡុង ប្រុស ដែល​មាន​តួនាទី​ជា​កុងស៊ុល។

ជម្លោះ​គឺ​ផ្តើម​ចេញពី​នៅមុន​ពេល​ដែល​លោក គ្រុយ លឹមហេង ធ្វើដំណើរ​មក​ទីក្រុង​ភ្នំពេញ​កាលពី​អំឡុង​ឆ្នាំ​២០១៨ បាន​ប្រគល់​ស្ទីកឃើ ( Sticker) សម្រាប់​បិទ​លើ​ទិដ្ឋាការ​ចំនួន ១៦០០​សន្លឹក ដល់​លោក ឡុង ប្រុស ឱ្យ​ទទួល​កិច្ចការ​នេះ​ជំនួស ដោយ​មាន​ការ​ចុះ​ហត្ថលេខា និង​ថត​វីដេអូ​ទុកជា​ភស្តុតាង។

មន្ត្រី​ដដែល​បន្ត​ទៀត​ថា នៅ​ពេល​ដែល​លោក គ្រុយ លឹមហេង មកដល់​ទីក្រុង​ភ្នំពេញ ស្រាប់តែ​លោក ឡុង ប្រុស បាន​រាយការណ៍​មក​ក្រសួងការបរទេស​ថា មាន​ស្ទីកឃើ​ចំនួន ៥០០​សន្លឹក​បាន​បាត់ ក្រោយ​មក​មាន​ការ​អះអាង​ទៀត​ថា ចំនួន​បាត់​នេះ​បាន​កើន​ឡើង​រហូតដល់​ជាង​១០០០​សន្លឹក​ដែល​តម្រូវ​ឱ្យ​លោក គ្រុយ លឹម​ហេង ពន្យល់​អំពី​រឿង​នេះ។ ហើយ​ដោយ​មិន​អាច​សម្រុះសម្រួល​គ្នា​បាន កាល​ពី​ដើម​ឆ្នាំ​២០១៩ លោក គ្រុយ លឹមហេង បាន​ប្ដឹង​ទៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺ​ប្ដឹង​លោក ឡុង ប្រុស ចំនួន ៣​បទ​ចោទ​គឺ រំលោភ​អំណាច វិតិក្រម និង កេង បំបាត់។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​កោះហៅ លោក ឡុង ប្រុស មក​សាកសួរ​មិន​បាន​១​ម៉ោង​ផង តែ​ដោយមាន​អន្តរាគមន៍​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួងយុត្តិធម៌ ទើប​កងរាជអាវុធហត្ថ​ឈប់​សាកសួរ​លោក ឡុង ប្រុស ហើយ​អនុញ្ញាត​ឱ្យ​គាត់ ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ​។​

ទោះជា​យ៉ាងណា លោក ឡុង ប្រុស អតីត​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​គុនមីង បដិសេធ​​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អាស៊ីសេរី​ចំពោះ​បញ្ហា​នេះ៖ «រឿង​ហ្នឹង​បង​សួរ​ទៅ​ស្ថាប័ន អេ.ស៊ី.យូ ដឹង​ច្បាស់​ជាង​ខ្ញុំ​។ ខ្ញុំ​អត់​ដឹង​អី​ទេ»

រីឯ​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​។ លោក​ប្រាប់​អាស៊ីសេរី​តាមរយៈ​បណ្ដាញ​សង្គម​ថា ជា​ផ្លូវការ​មិនមែន​អ៊ីចឹង​ទេ​។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព មិន​ធ្វើ​អត្ថាធិប្បាយ។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦។
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦ Photo: RFA

ទោះជា​យ៉ាងណា អ្នកស្រី ប៉ែន ស៊ីល្វី ប្រពន្ធ​លោក គ្រុយ លឹម​ហេង បញ្ជាក់​ថា ប្តី​លោកស្រី​បាន​ប្ដឹង​លោក ឡុង ប្រុស ទៅ​តុលាការ​ក្រុង​ភ្នំពេញ​តាំងពី​២០១៨ តែ​តុលាការ​មិនបាន​ចាត់ការ​សំណុំ​រឿង​នេះ​ទេ​។ អ្នកស្រី​បញ្ជាក់​ថា ហេតុអ្វី​បានជា​តុលាការ​បាន​ចាប់ខ្លួន​ប្តី​លោកស្រី​ជាដើម​បណ្ដឹង ឬ​ជា​ជាប់ចោទ​ទៅវិញ៖ «សូម​ឱ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ដល់​ប្តី​ខ្ញុំ​ផង ហើយ​អ្វី​ដែល​ចុង​បញ្ចប់​គួរ​ឱ្យ​អស់សំណើច ដើមចោទ​បែរជា​ក្លាយទៅជា​ចុងចោទ​ជាប់គុក ហើយ​ម្នាក់​ចុងចោទ ឡុង ប្រុស បែរជា​នៅ​ដេក​ផ្ទះ​យ៉ាង​ស្រួល។ ចំណែក​អ្នកដើមចោទ​បែរជា​ទៅ​បែក​ប្រពន្ធ​បែក​កូន​ទៅវិញ។ មកដល់​ម៉ោង​នេះ​ដូច​ថា ឱ្យ​ខ្ញុំ​យំ ឬ មួយ​យ៉ាងម៉េច ឱ្យ​ខ្ញុំ​យំ ក៏​យំ​អត់​ចេញ​ដូច​ថា មិន​ដឹង​ត្រូវ​និយាយ​យ៉ាងម៉េច​ទេ»

មន្ត្រី​តុលាការដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល អះអាង​ថា ក្នុង​ជម្លោះ​ដ៏​ស្មុគស្មាញ​នេះ ភាគី​លោក ឡុង ប្រុស អាង​មន្ត្រី​ក្រសួង​ការបរទេស និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ពីក្រោយ​ខ្នងបង្អែក ហើយ​ភាគី​ខាង​លោក គ្រុយ លឹមហេង មាន​ភាគី​កងរាជអាវុធហត្ថ។ នៅ​ទីបំផុត​លោក ឡុង ប្រុស បាន​ប្តឹង​បក​លោក គ្រុយ លឹមហេង វិញ​ចំនួន បី​បទល្មើស គឺ រំលោភ​អំណាច​វិតិក្រម និង​កេង​បំបាត់​។ ប៉ុន្តែ​ក្រោយមក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចោទប្រកាន់​បទល្មើស​ថែម​មួយទៀត គឺ​ការ​មិន​ប្រកាស​ទ្រព្យសម្បត្តិ ឬ​ប្រកាស​ដោយ​ភូត​កុហក ដែល​បទ​ចោទ​ចុងក្រោយ​នេះ គឺ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រើប្រាស់​សម្រាប់​ចាត់ការ​ទៅលើ​រាជការ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ណា ដែល​មាន​បំណង​ដើរ​ចេញពី​គណបក្ស​កាន់​អំណាច​មួយ​នេះ។

នៅ​ក្នុង​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​អាស៊ីសេរី​ទទួល​បាន​ឱ្យ​ដឹង​ថា តាមរយៈ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​លោក គ្រុយ លឹមហេង ដែល​បាន​ប្រកាស​ពី​ឆ្នាំ​២០១២ ដល់ ២០១៩ មិនបាន​ប្រកាស​ទ្រព្យសម្បត្តិ​ផ្ទះ​លេខ ៣១ ផ្លូវ​លេខ ០៧ ក្នុង​បុរី ឌឹ មេគង្គ រ៉ូយ៉ាល់ (The Mekong Royal) ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ កាលពី​ឆ្នាំ​២០១៤​នោះ​ឡើយ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​កន្លងមក​មានការ​រិះគន់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា អនុវត្ត​ស្តង់ដារ​ពីរ​បាន​អះអាង​ថា រូបភាព​ទិដ្ឋាការ​ប្រភេទ ធី អេហ្វ (TF) ចំនួន​១៨​សន្លឹក ដែល​ស្ថិតនៅ​ក្នុងចំណោម​ប្រភេទ​ទិដ្ឋាការ ធី អេហ្វ (TF)​ដែល​បាត់​ចំនួន​១៦០០​សន្លឹក ដែល​មាន​ហត្ថលេខា និង​ត្រា​លោក គ្រុយ លឹមហេង ភ្ជាប់​ជាមួយ​លិខិតឆ្លងដែន​ភ្ញៀវ​ទេសចរណ៍​ដែល​ទទួល​បាន​លិខិតឆ្លងដែន​ទាំងនោះ។

អគ្គនាយកដ្ឋាន​កិច្ចការ​ច្បាប់​កុងស៊ុល និង​ព្រំដែន​នៃ​ក្រសួងការបរទេស បាន​រក​ឃើញ​ទិដ្ឋាការ ធី អេហ្វ (TF) ចំនួន ៣៥​សន្លឹក​ផ្សេងទៀត​ស្ថិតនៅ​ក្នុងចំណោម​សន្លឹក​ទិដ្ឋាការ​ប្រភេទ ធី អេហ្វ (TF) ដែល​បាន​បាត់​ចំនួន​១៦០០​សន្លឹក។

ក្នុង​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដដែល​អះអាង​ទៀត​ថា បើ​តាម​លិខិត​របស់​លោក​គ្រុយ លឹម​ហេង ជូន​ក្រសួងការបរទេស​កាល​ពី​ថ្ងៃ​ទី ១១ មករា ឆ្នាំ​២០១៩ ក៏បាន​ទទួលស្គាល់​កំហុស និង​បង់​ប្រាក់​ចំនួន​ជាង​៤​ម៉ឺន​ដុល្លារ (៤៣.២៩០​ដុល្លា) លើ​សន្លឹក​ទិដ្ឋាការ​ចំនួន ១.៤៤៣ សន្លឹក​ដែល​បាន​បាត់។

លោក គ្រុយ លឹមហេង អាយុ ៤៥​ឆ្នាំ អតីត​អគ្គាធិការ​រង​នៃ​ក្រសួងការបរទេស និង​ជា​អតីត​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​គុនមីង ខេត្ត​យូណាន ប្រទេស​ចិន ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ឃាត់ខ្លួន​លោក​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ពី​បទ​” សង្ស័យ​ប្រព្រឹត្តិ​អំពើពុករលួយ​ក្នុងអំឡុងពេល​លោក​បំពេញ​តួនាទី​ជា​អគ្គ​កុងស៊ុល​នៅ​ប្រទេស​ចិន “ ហើយ​បញ្ជូន​ទៅ​តុលាការ បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាការ​ព្រៃ​ស ក្រោម​បទចោទប្រកាន់​ពាក់ព័ន្ធ​ពុករលួយ​។​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក គ្រុយ លឹមហេង លោក ហេង សុផារិទ្ធ មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​នីតិវិធី​របស់​តុលាការ​ទេ​នៅ​ពេល​ដែល​អាស៊ីសេរី​សួរ​ទាក់ទង​ចំពោះ​រឿង​ចោទប្រកាន់​កូន​ក្តី​របស់​លោក៖ «អត់​ទោស​បង​ដោយសារតែ​នីតិវិធី​នេះ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបសួរ​នៅឡើយ ហើយ​ខ្ញុំ​ក្នុងនាម​ជា​មេធាវី ក៏​ត្រូវ​រក្សា​ការសម្ងាត់​វិជ្ជាជីវៈ​បើ​ខ្ញុំ​អត្ថាធិប្បាយ​ខុស​វា​ប៉ះពាល់​ដល់​វិជ្ជាជីវៈ»

អាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុនឡាយ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បន្ថែម​បានទេ ដោយសារ​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ នៅ​ពេល​ឮ​សំណួរ​ពី​អាស៊ីសេរី។

ការ​ឃុំខ្លួន​លោក គ្រុយ លឹមហេង អតីត​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ ខេត្ត​យូណាន ប្រទេស​ចិន​នេះ គឺជា​មន្ត្រី​រាជរដ្ឋាភិបាល ទី​ពីរ​ហើយ ដែល​បម្រើការ ក្នុង​ស្ថានទូត នៅ​ក្រៅ​ប្រទេស បន្ទាប់​ពី លោក ស៊ុត ឌីណា អតីត​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ឃាត់ខ្លួន កាលពី​ខែ​មេសា​ឆ្នាំ​២០១៦ និង​ត្រូវ​បាន​តុលាការ​កាត់​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ពុករលួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
អតីត​ឯកអគ្គរដ្ឋទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា (រូប​មុខ​គេ) ក្នុង​ពេល​សមត្ថកិច្ច​នាំ​មក​ចូល​រួម​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Rann Samnang
អតីត​ឯកអគ្គរដ្ឋទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា (រូប​មុខ​គេ) ក្នុង​ពេល​សមត្ថកិច្ច​នាំ​មក​ចូល​រួម​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Rann Samnang

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល