អតីត​អ្នក​យក​ព័ត៌មាន​​អាស៊ីសេរី​ខកចិត្ត​ចំពោះ​ការ​ពន្យារ​ពេល​ប្រកាស​សាលក្រម

ដោយ ហេង រស្មី
2019-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ អតីត​អ្នក​យក​ព័ត៌មាន​​​អាស៊ីសេរី ផ្ដល់បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ខាង​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០១៩។ RFA
លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ អតីត​អ្នក​យក​ព័ត៌មាន​​​អាស៊ីសេរី ផ្ដល់បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ខាង​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០១៩។ RFA
RFA

អតីត​អ្នក​យក​ព័ត៌មាន​​​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ខកចិត្ត​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃក្រោយ​វិញ​។ អង្គការ​សង្គម​ស៊ីវិល​ថា តុលាការ​គួរតែ​សម្រេច​រឿង​នេះ​ឱ្យ​បាន​ឆាប់ មិន​គួរ​អូស​បន្លាយ​បែប​នេះ​ឡើយ។

ការ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​របស់​អតីត​អ្នក​យក​ព័ត៌មាន​​​អាស៊ីសេរី មិនបាន​កើតឡើង​ដូច​ការ​គ្រោងទុក​ឡើយ ដោយសារ​តុលាការ​បានសម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​កំណត់​ពេលវេលា ក្រោម​ហេតុផល​ថា ចៅក្រម​ជាប់​រវល់​ប្រជុំ​នៅ​ក្រសួង​យុត្តិធម៌។

អតីត​អ្នក​យក​ព័ត៌មាន​​​អាស៊ីសេរី លោក យាង សុធារិន្ទ ថ្លែង​ថា ការ​អូសបន្លាយ​ពេលវេលា​កាន់តែ​វែង ធ្វើ​ឱ្យ​សិទ្ធិ​សេរីភាព​របស់​លោក​បន្ត​ស្ថិត​ក្រោម​ការ​រឹតត្បិត​។ លោក​បញ្ជាក់​ថា លោក​ចង់​ឱ្យ​តុលាការ​ប្រកាស​សាលក្រម​ឱ្យ​បាន​ឆាប់ ដើម្បី​ផ្ដល់​ភាព​ស្អាតស្អំ​ឱ្យ​លោក​វិញ និង​ដើម្បី​ឱ្យ​លោក​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ​ដូច​ពលរដ្ឋ​ទូទៅ​ដែរ៖ «ការ​ពន្យារ​ពេល​ហ្នឹង វា​ធ្វើ​ឱ្យ​សេរីភាព​របស់​ពួក​ខ្ញុំ​ដែល​ត្រូវ​ទទួល​បាន​ហ្នឹង វា​បែរជា​ត្រូវ​ពន្យារ​ទៅតាម​ការប្រកាស​ហ្នឹង​ទៀត​។ អ៊ីចឹង​ពួក​ខ្ញុំ​នៅតែ​រស់នៅ​របៀប​ដូច​ថា មិន​ជ្រះស្រឡះ មិន​ច្បាស់លាស់ អ៊ីចឹង​វា​ពិបាក​។ ខ្ញុំ​ដូចជា​មានការ​ខកចិត្ត​ដែរ ពេល​ដែល​ខំ​មក​រង់ចាំ​ទទួល​លទ្ធផល ហើយ​បែរជា​លើក​ទៅ​ថ្ងៃក្រោយ​អ៊ីចឹង»

ស្រដៀង​គ្នា​នេះ លោក អ៊ួន ឈិន ថ្លែង​ថា លោក​ស្រង៉ាក​ចិត្តជា​ខ្លាំង​ចំពោះ​ការ​លើក​ពេលនេះ ពីព្រោះ​លោក​ចង់​ឱ្យ​ក្ដីក្ដាំ​នេះ​ឆាប់​ចប់ នឹង​អាល​លោក​អាច​រៀបចំ​ជីវិត​ជាថ្មី​វិញ​បាន​។ លោក​ថា ចៅក្រម​ដឹង​ច្បាស់​ថា​ខ្លួន មាន​ធុរៈ ដូច្នេះ​គួរតែ​ជូនដំណឹង​មក​ពួក​លោក​ជាមុន​អំពី​ការ​ពន្យារ​ពេលនេះ មិន​គួរ​ឱ្យ​ពួក​លោក និង​អ្នក​ផ្សេងទៀត​ខាតបង់​ពេលវេលា​ឥតប្រយោជន៍​ដូច្នេះ​ឡើយ​។ លោក​ស្នើ​ឱ្យ​តុលាការ​កំណត់​ពេលវេលា​ប្រកាស​សាលក្រម​ជា​ថ្មី​ទៀត​ឱ្យ​បាន​ឆាប់ ពីព្រោះ​លោក​មិន​ចង់​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​ផ្លូវច្បាប់​ដោយ​អយុត្តិធម៌​បែបនេះ​ឡើយ៖ «ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ចង់​ណាស់ វិល​ចូល​វិញ​នៅ​ក្នុង​អាជីព​ជា​អ្នកសារព័ត៌មាន គឺ​ខ្ញុំ​ចង់បាន​ណាស់​។ ចង់​ឱ្យ​រឿងរ៉ាវ​ហ្នឹង​វា​ចប់​សព្វគ្រប់​អ៊ីចឹង​ទៅ ដើម្បី​យើង​គិតគូរ​ឱ្យ​បាន​មានការ​ងារ​ធ្វើ ឬក៏​អាច​មាន​សិទ្ធិ​ដើរហើរ ទៅ​ក្នុង​ទៅ​ក្រៅ ទៅ​ចូលរួម​សិក្ខាសាលា​នេះ វគ្គ​ហ្វឹកហ្វឺន​អំពី​ជំនាញ​នេះ ជំនាញ​នោះ​នឹង​គេ​នឹង​ឯង​អ៊ីចឹង»

មិន​ត្រឹមតែ​សាមីខ្លួន​ទាំងពីរ​ទេ​ដែល​ត្រូវ​ខកចិត្ត​នោះ សូម្បី​អង្គការ​សង្គម​ស៊ីវិល​ក៏​មិន​ពេញចិត្ត​ចំពោះ​ការ​ពន្យារ​ពេល​នេះ​ដែរ ព្រោះ​ការ​ធ្វើ​របៀប​នេះ​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ជនជាប់ចោទ​។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែង​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក អ៊ឹម វណ្ណៈ គួរតែ​ចាត់តាំង​ចៅក្រម​ផ្សេងទៀត​ឱ្យ​ប្រកាស​សាលក្រម​ជំនួស ប្រសិនបើ​មាន​ភារកិច្ច​ផ្សេង​។ លោក​រិះគន់​ថា មិន​គួរ​ណា​ដោយសារតែ​ហេតុផល​ផ្ទាល់ខ្លួន​របស់​ចៅក្រម ធ្វើ​ឱ្យ​ខកខាន​ការប្រកាស​សាលក្រម​លើ​សំណុំរឿង​ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​យ៉ាង​នេះ​ឡើយ​។ លោក​អំពាវនាវ​ដល់​តុលាការ​កំណត់​ថ្ងៃ​ប្រកាស​សាលក្រម​ឱ្យ​បាន​ឆាប់ បន្ទាប់ពី​ការ​ពន្យារ​ពេល​នេះ៖ «ខ្ញុំ​ថា​មិន​គួរ​ណា​ពន្យារពេល​យូរ​ទេ ព្រោះ​ការ​ទុក​ឱ្យ​រង់ចាំ​ប្រកាស​លទ្ធផល​នេះ វា​មាន​រយៈពេល​យូរ​ណាស់​មក​ហើយ​។ គួរតែ​មាន​ការប្រកាស​ដោយ​ឆាប់រហ័ស ដោយ​ភ្ជាប់​មក​ជាមួយ​នឹង​លទ្ធផល​ល្អ​សម្រាប់​អ្នក​ទាំង​ពីរ​រូប ដែល​ទទួលរង​ការចោទប្រកាន់​ទាំង​អយុត្តិធម៌​ហ្នឹង»

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ចៅក្រម​តុលាការ​ក្រុងភ្នំពេញ លោក អ៊ឹម វណ្ណៈ ដែល​កាន់​សំណុំ​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី​៣០ សីហា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

តុលាការ​របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ចំនួន​ពីរ​បទ​ចោទ គឺ​ទី​មួយ​បទ “​ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​” និង​ទី​ពីរ​បទ “​ផលិត​វីដេអូ​អាសអាភាស​”​។ តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំងពីរ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជាង ៩​ខែ មុននឹង​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក៏ប៉ុន្តែ​តុលាការ​នៅតែ​រក្សាទុក​វត្ថុ​ចាប់​យក និង​លិខិតឆ្លងដែន​របស់​អ្នក​ទាំងពីរ​ដដែល។ ចំណាត់​បែបនេះ ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​មិន​មាន​សិទ្ធិ​ដើរហើរ​ពេញលេញ​ឡើយ ហើយ​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​ក៏​ជួប​ការ​លំបាក​ដែរ ព្រោះ​គ្មាន​ឧបករណ៍​ប្រើប្រាស់ ក្រោយ​ពី​តុលាការ​ដកហូត​ទុក។

សហគមន៍​ជាតិ និង​អន្តរជាតិ​ពិនិត្យ​ឃើញ​ថា បទ​ចោទ​ប្រឆាំង​អតីត​អ្នក​យក​ព័ត៌មាន​​​អាស៊ីសេរី​ទាំងពីរ​រូប​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន និង​តាម​ទំនើងចិត្ត​។ សហគមន៍​ជាតិ និង​អន្តរជាតិ អំពាវនាវ​ដល់​តុលាការ​របប​ក្រុងភ្នំពេញ​ឱ្យ​លើកលែង​បទ​ចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​អតីត​អ្នក​យក​ព័ត៌មាន​​​អាស៊ីសេរី និង​ផ្ដល់​សេរីភាព​ពេញលេញ​ដល់​អ្នក​ទាំងពីរ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល