តុលាការ​សម្រេច​ឃុំ​ខ្លួន​មេធាវី ពេជ រតនា ពាក់ព័ន្ធ​បទ​ប៉ុនប៉ង​សូកប៉ាន់​ចៅក្រម

ដោយ យ៉ង ចាន់តារា
2016-06-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេធាវី​នៃ​ការិយាល័យ​ក្រុម​មេធាវី​យុត្តិធម៌ និង​សហការី លោក ពេជ រតនា។ Screenshot
មេធាវី​នៃ​ការិយាល័យ​ក្រុម​មេធាវី​យុត្តិធម៌ និង​សហការី លោក ពេជ រតនា។ Screenshot
Screenshot

លោក សាំង វណ្ណៈ មេធាវី​មួយ​រូប​ក្នុង​ចំណោម ៦​រូប ដែល​ជួយ​ការពារ​ក្តី​ឲ្យ​លោក ពេជ រតនា បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២ មិថុនា ថា តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​មេធាវី ពេជ រតនា ពាក់ព័ន្ធ​នឹង​បទ​ចោទ “ប៉ុនប៉ង​សូកប៉ាន់​ចំពោះ​ចៅក្រម តាម​មាត្រា​៥១៨ នៃ​ក្រម​ព្រហ្មទណ្ឌ”។

លោក សាំង វណ្ណៈ បញ្ជាក់​ដោយ​ខ្លី​ថា លោក​មិន​អាច​សន្និដ្ឋាន​ថា​យ៉ាង​ណា​នោះ​ទេ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ពីព្រោះ​លោក​កំពុង​សិក្សា​សំណុំ​រឿង។

មាត្រា​៥១៨ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ បុគ្គល​ណា​ដោយ​គ្មាន​សិទ្ធិ ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ប្រគល់​ជូន​ចៅក្រម​នូវ​អំណោយ ជំនូន ការ​សន្យា ឬ​អត្ថប្រយោជន៍​អ្វី​មួយ ដើម្បី​ឲ្យ​ចៅក្រម​បំពេញ​កិច្ច ឬ​មិន​បំពេញ​កិច្ច​នៅ​ក្នុង​មុខងារ​របស់​ខ្លួន។

មេធាវី ពេជ រតនា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​៣១ ឧសភា និង​ត្រូវ​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ មិថុនា។

ជុំវិញ​ការ​បញ្ជូន​លោក ពេជ រតនា មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២ មិថុនា កាសែត​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ថា មាន​សមាជិក​គណៈ​មេធាវី​ជិត ១០០​នាក់ បាន​ផ្ដិត​មេដៃ​ស្នើសុំ​កុំ​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​លោក ពេជ រតនា។

ប្រធាន​គណៈ​មេធាវី​កម្ពុជា លោក ប៊ុន ហុន អះអាង​ថា លោក​មិន​ទាន់​ទទួល​បាន​ដំណឹង ឬ​លិខិត​នោះ​ជា​ផ្លូវ​ការ​នោះ​ទេ៖ «ចំណុច​នេះ ខ្ញុំ​អត់​ទាន់​បាន​ទទួល​ទេ។ ប៉ុន្តែ​ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង គណៈ​មេធាវី គឺ​អត់​មាន​ជំហរ​ឯណា​ទៅ​ដោះស្រាយ​រឿង​ដោយ​គ្មាន​ការ​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​នោះ​ទេការ​ផ្ដិត​មេដៃ ការ​ស៊ីញការ​ទាមទារ ឬ​ញត្តិ​ទាំងអស់​នេះ មិន​មែន​ជា​នីតិវិធី​ដែល​ច្បាប់​កំណត់​ឲ្យ​ធ្វើ​បែប​ហ្នឹង​ទេ»

លោក ពេជ រតនា គឺ​ជា​មេធាវី​នៃ​ការិយាល័យ​ក្រុម​មេធាវី​យុត្តិធម៌ និង​សហការី ដែល​មាន​ទីតាំង​នៅ​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ លោក​បាន​ចូល​បម្រើ​ការ​ជា​មេធាវី​ពេញ​សិទ្ធិ​នៅ​ឆ្នាំ​២០០៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Wow,only "intend to bribe" is arrested,but to bribe is over the law because people bribe and never arrested by ACU.

Jun 02, 2016 10:46 AM

គេហទំព័រ​ទាំងមូល