សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​ទូទាំង​ប្រទេស​ប្រឆាំង​គម្រោង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​​សមាគម

ដោយ ជិន ជេដ្ឋា សូត សុខប្រាថ្នា និង ដែន អយុធ្យា
2015-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​បង្ហោះ​ប៉ោងៗ និង​ការ​សម្ដែង​មតិ​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥ ដែល​កំពុង​ប្រតិបត្តិ​ការងារ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៥។
សកម្មភាព​បង្ហោះ​ប៉ោងៗ និង​ការ​សម្ដែង​មតិ​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥ ដែល​កំពុង​ប្រតិបត្តិ​ការងារ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Chin Chetha

អ្នក​វិភាគ​បញ្ហា​សង្គម និង​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា វិភាគ​ឃើញ​ថា រដ្ឋសភា​នឹង​អនុម័ត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ឲ្យ​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​តាម​សេចក្ដី​ព្រាង​របស់​រដ្ឋាភិបាល។

ការ​អនុម័ត​នេះ នឹង​គ្មាន​ការ​ពិគ្រោះ​យោបល់​ពេញ​លេញ​ពី​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ដូច​ការ​អនុម័ត​ច្បាប់​បោះ​ឆ្នោត​ថ្មី​កាល​ពី​ពេល​កន្លង​ទៅ​ដែរ ទោះ​បី​ជា​មាន​ការ​ទាមទារ​ពី​អង្គការ​សង្គម​ស៊ីវិល សុំ​ឲ្យ​យក​សេចក្ដី​ព្រាង​ច្បាប់​នោះ​មក​ជជែក​ពិភាក្សា​ជា​មុន​ក្ដី។

នៅ​គ្រា​ដែល​សេចក្ដី​ព្រាង​ច្បាប់​កម្រាស់ ១១​ទំព័រ មាន ៩​ជំពូក និង ៣៩​មាត្រា ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ឋិត​នៅ​ក្នុង​ដៃ​គណៈកម្មការ​ជំនាញ​ទី​៦ នៃ​រដ្ឋសភា មាន​សង្គម​ស៊ីវិល​ជាច្រើន​ស្ថាប័ន សម្ដែង​ការ​មិន​គាំទ្រ​ចំពោះ​ច្បាប់​នេះ។ រីឯ​អ្នក​វិភាគ​យល់​ថា ការ​បង្កើត​ច្បាប់​នេះ គឺ​ជា​ចេតនា​របស់​គណបក្ស​កាន់​អំណាច​ចង់​គ្រប់គ្រង​អង្គការ ឬ​សមាគម ដែល​ជា​ទម្រង់​នៃ​ការ​ដឹក​នាំ​បែប​កុម្មុយនិស្ត​ទៅ​វិញ។

អ្នក​វិភាគ​បញ្ហា​សង្គម លោក កែម ឡី ថ្លែង​ថា រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ទាញ​ប្រទេស​កម្ពុជា ទៅ​រក​របប​កុម្មុយនិស្ត​តាម​រយៈ​ការ​បង្កើត​ច្បាប់​ដែល​អាក្រក់ ដូចជា​ច្បាប់​គ្រប់គ្រង​សមាគម ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល ច្បាប់​បោះ​ឆ្នោត និង​ច្បាប់​សហជីព ជាដើម។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ទាញ​យក​ប្រជាប្រិយភាព​ពី​ម្ចាស់​ឆ្នោត​តាម​រយៈ​ការ​កសាង​សង្គម​ប្រជាធិបតេយ្យ រដ្ឋាភិបាល​រូតរះ​ធ្វើ​តែ​ច្បាប់​ណា​ដែល​ដើរ​បញ្ច្រាស​ពី​ចលនា​សង្គម​ប្រជាធិបតេយ្យ៖ «អ៊ីចឹង​បំណង​របស់​គាត់ (រដ្ឋាភិបាល) ចង់​ប្រើប្រាស់​ច្បាប់​ដែល​អាក្រក់ ច្បាប់​ដែល​កេង​ចំណេញ​ខាង​នយោបាយ ច្បាប់​ដែល​ផ្ដល់​អំណាច​ដល់​រដ្ឋ​ច្រើន សម្រាប់​ត្រួតត្រា​គ្រប់គ្រង​ហ្នឹង ហើយ​នឹង​ទទួល​បាន​ជ័យជម្នះ​តាម​រយៈ​អ្វី​ក៏ដោយ​ឲ្យ​តែ​ឈ្នះ​ឆ្នោត។ អ៊ីចឹង​ខ្ញុំ​គិត​ថា រដ្ឋសភា​នឹង​អនុម័ត​ហើយ»

ចំណែក​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ច្បាប់​ទាំងឡាយ​ណា​ដែល​ការពារ​ផល​ប្រយោជន៍​ពលរដ្ឋ និង​មិន​គាំទ្រ​ចំពោះ​ច្បាប់​ដែល​បម្រើ​ឲ្យ​បក្ខពួក ឬ​ជន​ណា​ម្នាក់​នោះ​ទេ។ ចំពោះ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ លោក​មើល​ឃើញ​ចំណុច​អវិជ្ជមាន​មួយ​ចំនួន ដែល​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ជជែក​កែលំអ មុន​នឹង​អនុម័ត។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ពី​កិច្ច​ប្រជុំ​សភា នៅ​ថ្ងៃ​ទី​២៩ មិថុនា ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​លោក​ថា សុំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​កុំ​ព្រួយ​បារម្ភ​ពី​សេចក្ដី​ព្រាង​ច្បាប់​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ ព្រោះ​ថា ច្បាប់​នេះ​មិន​មែន​មាន​ន័យ​ថា តម្រូវ​ឲ្យ​អង្គការ​សមាគម​ដែល​កំពុង​មាន​ជា​ធរមាន ត្រូវ​ចុះ​បញ្ជី​សុំ​ច្បាប់​ជា​ថ្មី​នោះ​ទេ។

ទោះ​បី​ជា​បែប​នេះ​ក្ដី មក​ទល់​ពេល​នេះ រដ្ឋសភា​មិន​ទាន់​បង្ហាញ​ព័ត៌មាន​ថា តើ​រដ្ឋសភា​នឹង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ?

ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥ មាន​អង្គការ និង​សមាគម​ក្នុង​ស្រុក​ជាច្រើន នាំ​គ្នា​បើក​យុទ្ធនាការ​បង្ហោះ​ប៉ោងៗ និង​សម្ដែង​មតិ​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សង្គម​ស៊ីវិល។ នៅ​ខេត្ត​កំពង់ឆ្នាំង តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ៥​ស្ថាប័ន បាន​ជួប​ពិភាក្សា​គ្នា និង​បង្ហាញ​អំពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ នៅ​ទីស្នាក់ការ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មិថុនា។ អ្នក​ចូលរួម​ធ្វើ​យុទ្ធនាការ​ជិត ១០​នាក់ ភាគ​ច្រើន​ស្រែក​ថា ច្បាប់​នេះ​ជា​ចំណង​រឹតត្បិត​សេរីភាព ជ្រៀតជ្រែក​ផ្ទៃ​ក្នុង​សង្គម​ស៊ីវិល និង​ធ្វើ​ឲ្យ​បាត់​ប្រយោជន៍​ពលរដ្ឋ ជាដើម។

លេខាធិការ​នៃ​គណៈកម្មាធិការ​ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក លាភ ប៊ុនលាង ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន​ថា បើ​ច្បាប់​នេះ​ត្រូវ​បាន​សភា​អនុម័ត​នោះ អង្គការ​សមាគម​តូចៗ​នៅ​ក្នុង​ស្រុក​ជិត ២​ម៉ឺន​ស្ថាប័ន នឹង​ប៉ះពាល់​ដល់​បេសកកម្ម​ជួយ​ជន​រងគ្រោះ​ក្រីក្រ ឬ​ត្រូវ​បិទ​ទ្វារ​តែ​ម្ដង៖ «យើង​មិន​ចង់​សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ទេ ដោយសារ​ថា​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ទាំងឡាយ​ហ្នឹង គឺ​ថា បើ​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​ធ្វើ​ខុស គឺ​មាន​ច្បាប់​ផ្ដន្ទាទោស​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​រួច​ជា​ស្រេច»

យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ប្រឆាំង​ដាច់​ខាត​រាល់​ទង្វើ​ជ្រៀតជ្រែក​ពី​មជ្ឈដ្ឋាន​បរទេស​ណា ដែល​ហ៊ាន​លូក​ដៃ​ចូល​ក្នុង​ដំណើរ​ការ​អនុម័ត​ច្បាប់​អង្គការ សមាគម និង​ច្បាប់​សហជីព។ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ព្រមាន​ថា ពួក​គេ​នឹង​មិន​បោះ​ឆ្នោត​ជូន​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ណា ដែល​លើក​ដៃ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នៅ​ក្នុង​រដ្ឋសភា​នោះ​ឡើយ។ ទាក់ទង​នឹង​បញ្ហា​នេះ គេ​នៅ​រង់ចាំ​មើល​ទៀត​ថា តើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​ជំហរ​ដើរ​ចេញ​ពី​សភា​ដូច​ដែល​ខ្លួន​ធ្លាប់​ធ្វើ​កន្លង​មក​ដែរ​ឬ​ទេ នៅ​គ្រា​ដែល​គណបក្ស​នេះ​បាន​បង្ហាញ​ជំហរ​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ។

ខេត្ត​កំពង់ចាម៖ លីកាដូ​ធ្វើ​យុទ្ធនាការ​បង្ហោះ​ប៉េងប៉ោង​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ច្បាប់​គ្រប់គ្រង​អង្គការ

ដោយ សូត សុខប្រាថ្នា

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) បើក​យុទ្ធនាការ​បង្ហោះ​ប៉េងប៉ោង​នៅ​តាម​ស្នាក់ការ​នីមួយៗ​ទាំង​១៣ រាជធានី​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា។ យុទ្ធនាការ​នេះ គឺ​ជា​សារ​មួយ​ជូន​ទៅ​រាជ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​អនុម័ត​ច្បាប់​គ្រប់គ្រង​អង្គការ សមាគម សហជីព​មិន​មែន​រដ្ឋាភិបាល​បន្ត​ទៀត។

សូម​ស្ដាប់ លោក សូត សុខប្រាថ្នា រាយការណ៍​ព័ត៌មាន​នេះ​ពី​ខេត្ត​កំពង់ចាម៖

ខេត្ត​ព្រះសីហនុ៖ សង្គម​ស៊ីវិល និង​សហគមន៍​មាន​ទំនាស់​ដីធ្លី​មិន​គាំទ្រ​ច្បាប់​គ្រប់គ្រង​អង្គការ

ដោយ ដែន អយុធ្យា

មន្ត្រី​សង្គម​ស៊ីវិល ប្រជា​សហគមន៍​មាន​ទំនាស់​ដីធ្លី និង​តំណាង​សមាគមន៍​ផ្សេង​ទៀត​នា​ខេត្ត​ព្រះសីហនុ បាន​ប្រមូល​ផ្តុំ​បង្ហោះ​ប៉េងប៉ោង ដើម្បី​ប្រឆាំង​តវ៉ា​ទៅ​នឹង​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​អង្គការ សមាគម និង​សហជីព។ ការ​នាំ​គ្នា​ប្រមូល​ផ្ដុំ​គ្នា​បង្ហោះ​ប៉េងប៉ោង​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី លោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​ពេញ​ទំហឹង និង​បាន​ព្រមាន​កុំ​ឲ្យ​បរទេស​លូក​ដៃ​ចូល​ក្នុង​ការ​បង្កើត​ច្បាប់​នេះ។

សូម​ស្ដាប់ លោក ដែន អយុធ្យា រាយការណ៍​ព័ត៌មាន​នេះ​ពី​ខេត្ត​ព្រះសីហនុ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ខ្មែរអើយខ្មែរ ខ្មែរទាំងអស់ដែលមានឈាមជ័រជាខ្មែរ មិនថាជារាស្រ្តឫ​ក៏មន្រ្តីរាជការ (លើកលែងតែពួកពុកនិង​កំអួតឆ្គួតនិង​អំណាច)នោះ​ទេ ល្មមភ្ញាក់ខ្លួនឡើង ពុំនោះទេនាក់និងស្តាយក្រោយ ព្រោះយឺត​ពេល​ដែលគិតថាចង់ក្រោកនោះ ព្រោះយួននិងមិនបណ្តោយអោយ​ខ្មែរបានសុខឡើយ​មិនថាខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្តាលនោះទេ​ រាល់ថ្ងៃនេះពួកវាដេកមិនលក់ព្រោះស្តាយដោយសម្លាប់ខ្មែរមិនទាន់អស់ វាសម្លាប់ខ្មែរសម័យលន់នុល ខ្មែរសម័យប៉ុលពត ខ្មែរប៉ារ៉ា និងខ្មែរក្រហមតាមជាយដែនមិនអស់ ពុំនោះវានិងយករាស្រ្តវាមកដេក​អេះពោះលើទឹកដីមាសរបស់យើងបាត់ទៅហើយ ហេតុនេះចូរអ្នកភ្ញាក់​ខ្លួនឡើង តែមិនមេនមានន័យថាលើកដំបង លើកកាំបិតទៅតតាំង​និងពួកវា ឫឆ្កែបម្រើវានោះទេ គឺឈប់ហែរហម ឈប់គាំទ្រ ឈប់ទះ​ដែអបអរនិងពួកឆ្កែរនៃសត្រូវសួរពូជន៌របស់យើងទៅ នោះពួកវានិង​រលាយ​ទៅដោយឯង ហើយថ្ងៃនោះអែងដែលខ្មែរយើងរីករាយវិញ។

Jul 01, 2015 06:48 AM

អ្នក​អាន​អនាមិក

Don't you know this is a Communist regime not a democracy regime.Hun Sen is set up by Vietnam,Vietnam is Communist.How come Hun Sen is capitalist? Wrong you are thinking.

Jun 30, 2015 02:11 AM

គេហទំព័រ​ទាំងមូល