មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​បង្កើត​ស្ថាប័ន​ត្រួត​ពិនិត្យ​វត្ថុ​តាង​​ឱ្យ​បាន​ត្រឹមត្រូវ

ដោយ ទីន ហ្សាការីយ៉ា
2019-09-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ ពី​ដំណើរការ​គ្រប់គ្រង​វត្ថុ​តាង​ទាំងឡាយ ដែល​មន្ត្រី​នគរបាល​យុត្តិធម៌ ឃាត់​ចាប់ពី​ជនសង្ស័យ រួច​បញ្ជូន​មក​តុលាការ ដើម្បី​អនុវត្ត​ច្បាប់​។ ពួកគេ​សង្កេត​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ និង​តុលាការ ធ្វេស​ប្រហែល​គ្រប់គ្រង​វត្ថុ​តាង និង​មាន​ចំណុច​សង្ស័យ​ជាច្រើន​ដែល​សមត្ថកិច្ច​លាក់បាំង​ព័ត៌មាន នៅ​គ្រា​ដែល​ឃាត់​ចាប់​បទល្មើស និង​រឹបអូស​វត្ថុ​តាង​បញ្ជូន​មក​តុលាការ។

ប្រតិកម្ម​របស់​សង្គម​ស៊ីវិល​នេះ ដោយសារតែ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​បញ្ជា​ឱ្យ​មេបញ្ជាការ​អាវុធហត្ថ​គ្រប់​ខេត្ត​ក្រុង ត្រូវ​ប្រគល់​ចលនទ្រព្យ អចលនទ្រព្យ និង​រតនវត្ថុ​ផ្សេងៗ ដែល​ខ្ចី​ពី​តុលាការ​ប្រើ​បណ្ដោះអាសន្ន ត្រូវតែ​ប្រញាប់​សង​ត្រឡប់​ទៅវិញ​។ មេ​ប៉េអិម​រូប​នេះ​ថ្លែង​បញ្ជាក់​ថា មន្ត្រី​យោធា និង​មន្ត្រី​កងរាជអាវុធហត្ថ​ណា ដែល​បាន​ខ្ចី​វត្ថុ​តាង​ទាំងនោះ រួមមាន រថយន្ត ម៉ូតូ កង់ កាំភ្លើង​វែង ខ្លី ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ​ជាដើម ពី​តុលាការ ដើម្បី​បំពេញភារកិច្ច ត្រូវ​ប្រគល់​ជូន​សាលាដំបូង​រាជធានី ខេត្ត​វិញ​ជា​កំហិត។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​បញ្ហា​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃទី១៨ កញ្ញា។ ចំណែក​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ក៏​មិន​លើក​ទូរស័ព្ទ​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

តែ​យ៉ាងណា លោក ជិន ម៉ាលីន បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា (​ភ្នំពេញ​ប៉ុស្ដិ៍) គោលការណ៍​ច្បាប់ ទ្រព្យសម្បត្តិ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​មិន​ត្រូវ​ឱ្យ​ខ្ចី និង​ប្រើប្រាស់​មុន​ពេល​មាន​សាលក្រម​ប្រកាស​ជា​ស្ថាពរ​នោះ​ទេ។ លោក​ថា វត្ថុ​តាង​មួយ​ចំនួន​ទាមទារ​ឱ្យ​មាន​ការប្រើប្រាស់​ជាប្រចាំ និង​ការថែទាំ ព្រោះ​បើ​ទុក​ចោល​​យូរ​នឹង​ធ្វើ​ឱ្យ​ខូច ។ លោក​ថា បញ្ហា​នេះ​ទើប​អនុញ្ញាត​ឱ្យ​សមត្ថកិច្ច​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​។ ប៉ុន្តែ​ពេល​ដែល​សាលក្រម​ចូល​ជា​ស្ថាពរ គេ​ត្រូវ​លក់​ឡាយឡុង​ចូល​ជា​សម្បត្តិ​រដ្ឋ។

មន្ត្រី​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង ករុណា មិន​សង្ឃឹមថា ការ​អំពាវនាវ​របស់​របស់​លោក សៅ សុខា នឹង​អាច​ដោះ​ស្រាយ​បញ្ហា​ប្រឈម បាន​គ្រប់​ជ្រុងជ្រោយ​ទេ ព្រោះ​យន្តការ​គ្រប់គ្រង​វត្ថុ​តាង របស់​តុលាការ​មាន​ភាព​ច្របូកច្របល់​ច្រើន​។ លោក​សង្កេត​ឃើញ​ថា វត្ថុតាង​ជាច្រើន​ដែល​រឹបអូស​ពី​បទ​ល្មើស​ព្រៃឈើ និង​គ្រឿងញៀន​ជាដើម រួមមាន រថយន្ត ឡាន គោយន្ត និង​វត្ថុ​តាង​ជាច្រើន​ទៀត គឺ​ឃើញ​តុលាការ និង​សមត្ថកិច្ច​ទុកចោល​ក្នុង​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ និង​ស្នាក់​ការ​របស់​អាជ្ញាធរ ធ្វើ​ឱ្យ​ទ្រព្យ​ទាំងនោះ ខូចខាត មិន​អាច​ប្រើប្រាស់​បាន។

លោក​មាន​មន្ទិល​ថា នៅ​គ្រា​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន និង​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​ជាដើម មិន​ដឹង​ថា តើ​វត្ថុ​តាង និង​លុយកាក់​ជាច្រើន មានការ​ចាត់ចែង ឬ​គ្រប់គ្រង​បែប​ណា​ទេ​? បញ្ហា​ទាំងនោះ មាន​ភាព​ច្របូកច្របល់ និង​មាន​ចំណុច​សង្ស័យ​ជាច្រើន ដែល​អាជ្ញាធរ និង​តុលាការ​មិនបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​៖ «ចង់​ឱ្យ​មាន​ស្ថាប័ន​ត្រួត​ពិនិត្យ​ទៅលើ ការគ្រប់គ្រង​ទៅលើ​វត្ថុ​តាង​ទាំងឡាយ​ដែល ចាប់​យក​មក​ហ្នឹង​ឱ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ផ្តល់​ឱ្យ​សមត្ថកិច្ច​ណាមួយ បក្ខពួក​ក្ដី ឬ​ជន​ណាមួយ​ផ្សេងទៀត ដែល​មាន​នៅ​ក្នុង​ផលប្រយោជន៍​ប្រើប្រាស់​វត្ថុ​តាង​ទាំងអស់​ហ្នឹង គួរ​មានការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា​កន្លងទៅ​ ការចាត់ចែង ប្រើប្រាស់​វត្ថុ​តាង​ទាំងនេះ ពី​សំណាក់​តុលាការ និង​មន្ត្រី​នគរបាល​យុត្តិធម៌​ជាដើម មាន​ភាព​ធូររលុង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​វត្ថុ​តាង​មួយ​ចំនួន ខូចខាត និង​បាត់បង់​តម្លៃ។ លោក​ថា ថ្វី​ត្បិត​ព្រះរាជអាជ្ញា និង​ចៅក្រម​មាន​សិទ្ធិ​គ្រប់គ្រង​វត្ថុ​តាំង​ទាំងអស់​ក្ដី ក៏ប៉ុន្តែ​វិធានការ​ថែ​ទាំ និង​គ្រប់គ្រង​នៅ​ខ្វះ​ចន្លោះ​ច្រើន។ ទន្ទឹម​នឹង​នេះ ក្រុម​ការងារ​លោក​ធ្លាប់​ប្រទះ​ឃើញ​រថយន្ត ម៉ូតូ និង​គោយន្ត​មានតម្លៃ​ជាច្រើន រង​ការខូចខាត និង​ពុក​ផុយ ស្រប​ពេល​ដែល​សំណុំរឿង មិន​ទាន់​ប្រកាស​ជា​ស្ថាពរ​៖ «គ្រប់គ្រង ចាត់ចែង ឬ​ថែរក្សា​វត្ថុ​តាង​ហ្នឹង វា​ហាក់​ដូចជា មាន​ភាព​ច្របូកច្របល់​ច្រើន​ណាស់ ហើយ​យើង​មិន​ដឹង​ថា មាន​ស្ថាប័ន​ណាមួយ មានការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ វា​មិន​ទាន់​មាន​សោះ។ អ៊ីចឹង​វា​មាន​បញ្ហា​ច្រើន​នៅ​ក្នុង​រឿង​ហ្នឹង​។ ក៏​មិន​សង្ឃឹមថា ការ​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ប្រើប្រាស់ វត្ថុ​តាង​ទាំងអស់​ហ្នឹង គាត់​មានការ​ភ្ញាក់រឭក ឬក៏​យក​ទៅ​ប្រគល់​ឱ្យ​ខាង​តុលាការ​វិញ​ដែរ»

អតីតមន្ត្រី​តុលាការ ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា មើល​ឃើញ​ថា នីតិវិធី​របស់​តុលាការ មាន​ភាព​យឺតយ៉ាវ ក្នុង​ការ​វិនិច្ឆ័យ​សំណុំរឿង​នីមួយៗ ដែល​ជា​ហេតុ​នាំ​ឱ្យ​វត្ថុ​តាង​រួមមាន រថយន្ត ត្រាក់ទ័រ និង​គោយន្ត​ជាដើម ដែល​តុលាការ​ផ្ញើទុក​នៅ​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ ស្នងការដ្ឋាន និង​ទី​បញ្ជាការដ្ឋាន​អាវុធហត្ថ ប្រើប្រាស់​លែង​បាន និង​ខូចគុណភាព​។ លោក​ចំណាំ​ថា កាល​ពី​ឆ្នាំ២០១៦ មាន​ជន​ជាតិដើម​ភាគតិច​ព្នង​មួយ​គ្រួសារ បាន​រិះគន់​តុលាការ ករណី​ធ្វើ​ឱ្យ​បាត់ គោយន្ត​របស់​ពួកគេ នៅ​គ្រា​ដែល​សមត្ថកិច្ច​ឃាត់​ចាប់​បាន ទាក់ទិន​សំណុំរឿង​បទល្មើស​ព្រៃឈើ​។ លោក​ផ្តល់​មតិ​ថា តុលាការ​គួរ​មាន​យន្តការ ថែទាំ​វត្ថុ​តាង​ឱ្យ​បាន​ត្រឹមត្រូវ និង​គួរ​យក​វត្ថុ​តាង​ទាំងនោះ ប្រើប្រាស់​ជា​ប្រយោជន៍​ជាតិ​ឱ្យ​បាន​ច្បាស់លាស់​៖ «សោកស្ដាយ​ទៅលើ​វត្ថុ​តាង​ទាំង​ហ្នឹង ដែល​គាត់​ចាប់ ឃាត់​ហើយ ទម្រាំ​តែ​ជម្រះ​រឿង​មួយៗ វា​ពុក​អស់ហើយ​។ នេះ​ហើយ​ជា​ចំណុច​មួយ ដែល​ខ្ញុំ​ឃើញ​យ៉ាង​លឿន​បំផុត ៣ឆ្នាំ​ដែរ​។ រឿង​ខ្លះ ១០ឆ្នាំ​ក៏​មាន​ដែរ នេះ​ហើយ​នីតិវិធី​របស់​តុលាការ​គួរតែ កែ​ខ្លះ​ទៅ​។ ធ្វើ​ម៉េច​ពន្លឿន​រឿង​មួយៗ​លឿន​បំផុត ដើម្បី​យក​របស់​ទាំង​ហ្នឹង ប្រើប្រាស់​ជា​សម្បត្តិ​រួម»

ច្បាប់ព្រហ្មទណ្ឌ មាត្រា ១១៣ ចែងថា នៅ​ពេល​សមត្ថកិច្ច​ចាប់​ដកហូត​វត្ថុ​តាង​ពី​បទ​ល្មើស​រួមមាន ម៉ូតូ ឬ​រថយន្ត ជាដើម​នោះ សមត្ថកិច្ច​ត្រូវ​នាំមក​រក្សាទុក​នៅ​ក្នុង​ទីតាំង ឬ កន្លែង​របស់​គាត់ ហើយ​ត្រូវ​រាយការណ៍​មកកាន់​តំណាង​អយ្យការ​សិន ដើម្បី​ឱ្យ​តំណាង​អយ្យការ​ប្រមូល​ភស្តុតាង និង​ធ្វើ​របាយការណ៍​បញ្ជូន​មក​កាន់​សាលាដំបូង។ ចំណែក​អ្នក​ដែល​ត្រូវ​គ្រប់គ្រង​វត្ថុ​តាង​ទាំងនោះ​គឺ​តុលាការ ឬ​ចៅក្រម។

ទោះ​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ក្រុម​គ្រួសារ​ជនសង្ស័យ តែងតែ​រអ៊ូរទាំ នៅ​គ្រា​ដែល​សមត្ថកិច្ច​ឃាត់​ចាប់​បទល្មើស​បាន មន្ត្រី​ខិលខូច​មួយ​ចំនួន តែង​កេង​ចំណេញ​ពី​ជនសង្ស័យ តាមរយៈ លួច​វត្ថុ​តាង និង​លុយ​ពី​ជនសង្ស័យ ហើយ​ធ្វើ​របាយការណ៍​មិន​ត្រឹមត្រូវ​ទៅ​តំណាង​អយ្យការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល