ប៉ូលិស​មិនទាន់​ចាប់ខ្លួន​មន្ត្រី​យោធា​ដែល​បើកឡាន​បុក​ពលរដ្ឋ​ម្នាក់​ស្លាប់​កាល​ពី ជិត​៤​ខែ​មុន

ដោយ វ៉ែន សុមេធ
2020-08-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាព​ពី​វីឌូអូ ដែល​ត្រូវ​បាន​គេ​អះអាង​ថា ជា​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​របស់​មន្ត្រី​យោធា និង​ម៉ូតូ​របស់​កម្មករ ហើយ​រូប​ជន​រងគ្រោះ​ដេក​ស្លាប់​ក្បែរ​រថយន្ត មុន​នឹង​អ្នក​បើកបរ​គេច​ខ្លួន។
រូបភាព​ពី​វីឌូអូ ដែល​ត្រូវ​បាន​គេ​អះអាង​ថា ជា​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​របស់​មន្ត្រី​យោធា និង​ម៉ូតូ​របស់​កម្មករ ហើយ​រូប​ជន​រងគ្រោះ​ដេក​ស្លាប់​ក្បែរ​រថយន្ត មុន​នឹង​អ្នក​បើកបរ​គេច​ខ្លួន។
រូប៖ ហ្វេសប៊ុក​ឈ្មោះ​ឧត្ដមសេនីយ៍ ទី ចំរើន​កុសល

ស្នងការ​នគរបាល​ជាតិ អះអាង​ថា សមត្ថកិច្ច នៅ​មិនទាន់​រក​ឃើញ​និង​ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់ មក​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ បន្ទាប់​ពី​មន្ត្រី​យោធា​រូប​នេះ បាន​បើក​រថយន្ត​ទំនើប​របស់​ខ្លួន​បុក​ពលរដ្ឋ​ម្នាក់​ស្លាប់ ហើយ​រត់គេច កាលពី​ជិត ៤​ខែ​មុន។ មន្ត្រី​សង្គម​ស៊ីវិល​ជឿ​ថា ប្រសិនបើ​សមត្ថកិច្ច និង​តុលាការ មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​លុបបំបាត់​វប្បធម៌​បុក​ហើយ​រត់ គឺ​ជន​បង្ក នឹង​មិន​អាច​គេច​ខ្លួន​បាន​ទេ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ដូច​លើក​មុន ថា សមត្ថកិច្ច​កំពុង​បន្ត​តាម​ចាប់ខ្លួន​មន្ត្រី​យោធា ឈ្មោះ ឈុន សារ៉េត ដដែល ទោះ​បីជា​គ្រួសារ​ជន​បង្ក​បាន​បង់​សំណង​ជូន​គ្រួសារ​ជនរងគ្រោះ​រួចហើយ​ក្តី​។ ទោះ​យ៉ាងណា លោក ឆាយ គឹមខឿន អះអាង​ថា មកទល់​ពល​នេះ សមត្ថកិច្ច នៅតែ​មិនទាន់​រក​ឃើញ​តម្រុយ ឬ​កន្លែង​លាក់ខ្លួន​របស់ លោក ឈុន សារ៉េត នៅ​ឡើយ។ «»

លោក ឆាយ គឹមខឿន តែង​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​នៅ​ពេល​អាស៊ីសេរី សួរនាំ​អំពី​ករណី គ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​រត់​នេះ ដោយ​លោក​ចាត់ទុក​ថា គឺជា​រឿង​តូចតាច។

កាល​ពី​យប់​ថ្ងៃ​ទី២៥ ខែ​មេសា មន្ត្រី​យោធា​ពាក់​ស័ក្តិ​៥ លោក ឈុន សារ៉េត បាន​បើក​ថយន្ត​ម៉ាក​ហ្វត (Ford) បុក​ម៉ូតូ​របស់​បុរស​កម្មករ​រោងចក្រ​ម្នាក់​អាយុ ៣០​ឆ្នាំ បណ្ដាល​ឱ្យ​ស្លាប់​។ គ្រោះថ្នាក់​នោះ​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ។ វីដេអូ​ឃ្លីប​ដែល​គេ​ថត​បាន​ពី​ហេតុការណ៍​នោះ បង្ហាញ​ថា ពេល​បុក​ម៉ូតូ​ជនរងគ្រោះ​រួច​ហើយ​នោះ ម្ចាស់​រថយន្ត​ជាម​ន្ត្រី​យោធា បាន​ចុះទៅ​ទាញ​ម៉ូតូ​ចេញ​ពី​មុខ​ឡាន រួច​បើក​គេច​ចេញ​ទៅ​ដោយ​សុវត្ថិភាព ដោយ​មិន​ខ្វល់​ពី​ជនរងគ្រោះ ឬ​ហៅ​ឡានពេទ្យ​ឱ្យ​ទៅ​ជួយ​សង្គ្រោះ​ឡើយ គឺ​ទុក​ឱ្យ​ជនរងគ្រោះ​ដេក​ស្ដូកស្ដឹង​ក្រោម​ដំណក់​ទឹកភ្លៀង។

ក្រោយ​កើតហេតុ គ្រួសារ​ជន​បង្ក បាន​ព្យាយាម​ចរចា​ផ្ដល់​សំណង ៣​ពាន់​ដុល្លារ ដល់​គ្រួសារ​ជនរងគ្រោះ​ដើម្បី​បញ្ចប់​រឿង​ក្រៅ​ប្រព័ន្ធ​តុលាការ ប៉ុន្តែ​គ្រួសារ​ជនរងគ្រោះ​មិន​ព្រម និង​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ទីបំផុត​គ្រួសារ​ជន​បង្ក សម្រេច​ផ្ដល់​សំណង​១​ម៉ឺន ៥​ពាន់​ដុល្លារ និង​ឱ្យ​គ្រួសារ​ជនរងគ្រោះ ដក​បណ្ដឹង​ចេញពី​តុលាការ​នោះ​វិញ កាល​ពី​ដើម​ខែ​មិថុនា។ ប្រពន្ធ​របស់​ជនរងគ្រោះ គឺ​លោកស្រី សិន ថា ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ការ​ទទួល​យក​សំណង​នេះ គឺជា​ការបង្ខំចិត្ត ព្រោះ​លោកស្រី គ្មាន​ជំនឿ​ថា នឹង​ទទួល​បាន​យុត្តិធម៌​ឡើយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល នៃ​សាលាដំបូង​រាជ ធានី​ភ្នំពេញ លោក អ៊ី រិន្ទ បានទេ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

រីឯ​ប្រធាន​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក គង់ រតនៈ លើកឡើង​ថា ប្រសិនបើ សមត្ថកិច្ច និង​តុលាការ ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើភាព​គ្នា ដោយ​មិន​យោគយល់ គ្មាន​បក្ខពួក និង​គ្មាន​រឿង​លាក់បាំង​នៅ​ពីក្រោយ​នោះ លោក ជឿជាក់​ថា ជនល្មើស មិន​អាច​រត់គេច​ទៅ​ណា​រួច​នោះ​ទេ។ «»

ច្បាប់​ចរាចរណ៍​ថ្មី មាត្រា​៨៥ ចែងថា ជន​ណា​បើកបរ​ដោយ​ធ្វេស​ប្រហែល​ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​បណ្ដាល​ឱ្យ​អ្នកដទៃ​ស្លាប់ ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល​ទៅ ១០ លាន​រៀល។ ករណី​ជន​បង្ក​បើក​រត់គេច​ពី​កន្លែង​កើត​ហេតុ​ដើម្បី​គេច​ពី​ការទទួលខុសត្រូវ គឺ​ត្រូវ​ផ្ដន្ទាទោស​ពី ២​ឆ្នាំទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ២៥​លាន​រៀល ព្រមទាំង​ហាម​បើកបរ​រយៈពេល ៥​ឆ្នាំ។

ប្រជាពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល កត់សម្គាល់​ថា បើ​ទោះ​បី​ជា​ច្បាប់​ចែង​ពី​ការ​ដាក់ទោស​ធ្ងន់ធ្ងរ​បែប នេះ​ក្តី ក៏​ការ​ផ្ដន្ទាទោស​កម្រ​កើត​មាន​ណាស់ ប្រសិនបើ​ជន​បង្ក គឺជា​អ្នកមាន​លុយ​និង​មានអំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល