សមត្ថកិច្ចមិន​ទាន់​ចាប់​ខ្លួន​មន្ត្រី​យោធា ដែល​បុក​ពលរដ្ឋ​ស្លាប់​ហើយ​រត់​គេចបាន​នៅ​ឡើយ​ទេ

ដោយ សេក បណ្ឌិត
2020-05-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាព​ពី​វីឌូអូ ដែល​ត្រូវ​បាន​គេ​អះអាង​ថា ជា​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​របស់​មន្ត្រី​យោធា និង​ម៉ូតូ​របស់​កម្មករ ហើយ​រូប​ជន​រងគ្រោះ​ដេក​ស្លាប់​ក្បែរ​រថយន្ត មុន​នឹង​អ្នក​បើកបរ​គេច​ខ្លួន។
រូបភាព​ពី​វីឌូអូ ដែល​ត្រូវ​បាន​គេ​អះអាង​ថា ជា​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​របស់​មន្ត្រី​យោធា និង​ម៉ូតូ​របស់​កម្មករ ហើយ​រូប​ជន​រងគ្រោះ​ដេក​ស្លាប់​ក្បែរ​រថយន្ត មុន​នឹង​អ្នក​បើកបរ​គេច​ខ្លួន។
រូប៖ ហ្វេសប៊ុក​ឈ្មោះ​ឧត្ដមសេនីយ៍ ទី ចំរើន​កុសល

សមត្ថកិច្ច មិន​ទាន់​នាំ​ខ្លួន​មន្ត្រី​យោធា​ម្នាក់ ដែល​ជាប់​សង្ស័យ​បើក​រថយន្ត​បុក​មនុស្ស​ម្នាក់​ស្លាប់​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល និង​គ្រួសារ​ជន​រង​គ្រោះ ទទូច​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​អនុវត្ត​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ និង​ជា​គំរូ​ល្អ​ក្នុង​សង្គម។

មន្ត្រី​នគរបាល​យុត្តិធម៌​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ អះអាង​ថា មន្ត្រី​យោធា​ដែល​បើក រថយន្ត​បុក​ពលរដ្ឋ​ម្នាក់​ស្លាប់​នោះ​នៅ​តែ​បន្ត​រត់​គេច​ខ្លួន ហើយ​គ្រួសារ ជន​បង្ក​នៅ​តែ​រក្សា​ជំហរ​ផ្ដល់​សំណង ៣ពាន់​ដុល្លារ​ដល់​គ្រួសារ​ជន​រង​គ្រោះ ដើម្បី​បញ្ចប់​រឿង​ដដែល។

សមាជិក​ក្រុម​ប្រឹក្សា​នីតិកម្ម​នៅ​ក្រសួង​មហាផ្ទៃ លោក ទី ចំរើនកុសល ប្រាប់​អាស៊ី​សេរី​ថា សំណុំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ទៅ​ដល់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់។ ឧត្ដមសេនីយ៍​ផ្កាយ​មួយ​រូប​នេះ ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​ភាព​យុត្តិធម៌ ជួយ​ផ្តល់​ព័ត៌មាន​អំពី​កន្លែង​លាក់​ខ្លួន​របស់​ជន​សង្ស័យ​រូប​នោះ ដើម្បី​នាំ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និង​លុប​បំបាត់​វប្បធម៌​បុក​ស្លាប់​ហើយ​បោះ​លុយ​សំណង​តិចតួច ហើយ​រួច​ខ្លួន​នោះ៖ «គាត់​នៅ​បន្ត​រត់​គេច​ខ្លួន ប៉ុន្តែ​នៅ​ពេល ដែល​សំណុំ​រឿង​នេះ​ដល់ដៃ​ព្រះរាជអាជ្ញា​រង​រូប​ណា គាត់​នឹង​ចេញ​ដីកា​បញ្ជា​ឲ្យ​នាំ​ខ្លួន ឬ​ក៏​ដីកា​កោះ​បណ្ដោះអាសន្ន ខ្ញុំ​មិន​ច្បាស់​ទេ​ណា តែ​ករណី​នេះ​ប្រហែល​ជា​ចេញ​ដីកា​បញ្ជា​ឲ្យ​នាំ​ខ្លួន​តែ​ម្តង ហើយ​បាន​យើង​ឃើញ​ដីកា ទើប​យក​ស្វះស្វែង​រក​ឃើញ​នៅ​កន្លែង​ឃាត់​ខ្លួន​នៅ​កន្លែង​នោះ។ សំណង​នៅ​តែ​សង​ត្រឹម ៣ពាន់​ដុល្លារ ហើយ​ខាង​ភាគី​ជន​រង​គ្រោះ បាន​ពឹង​ពាក់​មេធាវី​រួច​ហើយ គឺ​ទាមទារ​សំណង​ចំនួន ៥ម៉ឺន​ដុល្លារ»

សមត្ថកិច្ច​អះអាង​ថា ជន​បង្ក​ដែល​បើក​រថយន្ត​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​នេះ គឺ​ជា​មន្ត្រី​យោធា ពាក់​ស័ក្ដិ៥ ឈ្មោះ ឈុន សារ៉េត និង​មាន​មុខ​របរ​រកស៊ី​ក្រៅ​ខាង​ខួង​បុកគ្រឹះ។ ប្រភព​ផ្លូវ​ការ​មួយ​ចំនួន បញ្ជាក់​ទៀត​ថា មន្ត្រី​យោធា​រូប​នេះ ធ្វើការ​ក្នុង​អង្គភាព​កងទ័ព​ជើង​គោក ហើយ​នៅ​ការិយាល័យ ''ក១''

កាល​ពី​យប់​ថ្ងៃ​ទី២៥ ខែមេសា មន្ត្រី​យោធា​រូប​នេះ បាន​បើក​រថយន្ត​ម៉ាក់ហ្វត (Ford) មួយ​គ្រឿង​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ​បុក​​នឹង​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ នៅ​តាម​បណ្ដោយ​ផ្លូវ ២០០៤ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់។ នៅ​ពេល​កើត​ហេតុ​ ម្ចាស់​រថយន្ត បាន​ចុះ​មក​ទាញ​ម៉ូតូ​ចេញ​ពី​មុខ​ឡាន រួច​បើក​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ដោយ​សុវត្ថិភាព ដោយ​មិន​ខ្វល់​ពី​ជន​រង​គ្រោះ ឬ​ហៅ​ឡានពេទ្យ​ទៅ​ជួយ​សង្គ្រោះ​នោះ​ទេ ទុក​ឲ្យ​ជន​រង​គ្រោះ​ដេក​ស្ដូកស្ដឹង​ក្រោម​ដំណក់​ទឹក​ភ្លៀង​រហូត​ដល់​ស្លាប់។

ជន​រង​គ្រោះ ដែល​ស្លាប់​នោះ​មាន​ឈ្មោះ វង រដ្ឋា អាយុ ៣០ឆ្នាំ ជា​កម្មករ​រោងចក្រ នៅ​សង្កាត់​ចោមចៅ ក្រុង​ភ្នំពេញ ប៉ុន្តែ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​ពោធិ៍ម្រាល ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

ភរិយា​ជន​រង​គ្រោះ គឺ​លោកស្រី សិន ថា ទទូច​ដល់​សមត្ថកិច្ច​ជំនាញ ឱ្យ​ជួយ​ពន្លឿន​ការ​អនុវត្ត​ច្បាប់ ដើម្បី​ឲ្យ​លោកស្រី ទទួល​បាន​សំណង​សមរម្យ​សម្រាប់​ចិញ្ចឹម​កូន​តូច​ចំនួន ២នាក់ និង​ស្នើសុំ​ឲ្យ​ផ្ដន្ទាទោស​ជន​បង្ក​ទៅ​តាម​ច្បាប់៖ «បង​ចង់​បាន​សំណង​សមរម្យ ព្រោះ​ជីវិត​មនុស្ស​មូយ​ទាំង​មូល គាត់​ឲ្យ​ប៉ុណ្ណឹង​ម៉េច​កើត។ សម្រាប់​បង​យក​សំណង​មក​សង់​ផ្ទះ​ឲ្យ​កូន​នៅ និង​ទុក​ចិញ្ចឹម​កូន ព្រោះ​អត់​មាន​អ្នក​ចិញ្ចឹម​ទៀត​ទេ»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​បន្ទុក​ចរាចរណ៍ លោក ហ៊ឹម យ៉ាន និង​ស្នងការ​រង​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​ចរាចរណ៍​ លោក ចេវ ហាក់ បាន​ទេ នៅ​ថ្ងៃ ទី១០ ខែ​ឧសភា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

រីឯ​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន លើក​ឡើង​ដដែល​ថា លោក​មិន ទាន់​បាន​ដឹង​អំពី​ដំណើរ​ស្រាវជ្រាវ​រក​មន្ត្រី​យោធា ដែល​បើក​បុក ហើយ​រត់​គេច​ខ្លួន​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​អះអាង​ថា កំពុង​ជាប់​រវល់​តាម​ដាន​យុទ្ធនាការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី។

មន្ត្រី​សង្គម​ស៊ីវិល យល់ថា គ្រោះថ្នាក់​ចរាចរណ៍ មិន​អាច​កាត់​បន្ថយ​បាន​ទេ ប្រសិន​បើ​រដ្ឋាភិបាល ឬ​ស្ថាប័ន​អនុវត្ត​ច្បាប់ រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្ដោត​សំខាន់​តែ​លើ​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​មួយ​មុខ ចំណែក​ករណី​បុក​មនុស្ស​ស្លាប់ ហើយ​រត់​គេច​ពី​កន្លែង​កើត​ហេតុ នៅ​តែ​មាន​ការ​អនុវត្ត​ច្បាប់​ធូរ​លុង និង​យឺតយ៉ាវ​ដដែល។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដោយ​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ ចំពោះ​អ្នក​បើកបរ​ណា ដែល​បាន​បុក​គេ​​ហើយ​រត់​គេច​ខ្លួន ព្រោះ​លោក​ពិនិត្យ​ឃើញ​ថា ករណី​បុក​ហើយ​រត់ កំពុង​តែ​ក្លាយ​ជា​វប្បធម៌​អាក្រក់​មួយ នៅ​ក្នុង​សង្គម​កម្ពុជា៖ «រឿង​នេះ​ជា​រឿង​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ ទោះ​បី​ជា​ថា អ្នកនោះ មាន​ឋានៈ​ប៉ុណ្ណា​ក៏​ដោយ ត្រូវ​តែ​អនុវត្ត​ច្បាប់​ឲ្យ​មហាជន​គេ​មើល​ឃើញ​ថា រឿង​នេះ សមត្ថកិច្ច​ដែល​មាន​តួនាទី បាន​ចាត់​វិធានការ​ឲ្យ​គេ​បាន​ដឹង និង​មាន​ភាព​កក់​ក្ដៅ​ថា សមត្ថកិច្ច​ទាំង​អស់​នេះ​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​ការពារ សណ្ដាប់ធ្នាប់​សង្គម ប៉ុន្តែ​បើ​សិន​ដឹង​បទ​ល្មើស​កើត​ឡើង​ហើយ យើង​នៅ​តែ​មិន​អើពើ យើង​មិន​ចាត់​វិធានការ​សួរ​ថា តើ​ចៀស​ផុត​អំពី​ការ​រិះគន់​ទៅ​លើ​ការ​អនុវត្ត​ច្បាប់»

មាត្រា៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​ចែងថា ​ជន​ណា​បើកបរ​ដោយ​ធ្វេស​ប្រហែល​ខ្ចីខ្ជា មិន​ប្រុងប្រយ័ត្ន​បណ្ដាល​ឱ្យ​អ្នកដទៃ​ស្លាប់ ​ត្រូវ​ផ្ដន្ទាទោស​ពី១ឆ្នាំ​ទៅ ៣ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់ ៤លាន​រៀល​ទៅ ១០លាន​រៀល។ ករណី​ជន​បង្ក​បើកបរ​ដោយ​គ្មាន​ប័ណ្ណ​បើកបរ​និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​បណ្ដាល​ឱ្យ​ស្លាប់​ច្រើន​នាក់ ឬ​បើក​រត់គេច​ពី​កន្លែង​កើតហេតុ​ដើម្បី​គេច​ពី​ការទទួលខុសត្រូវ ​គឺ​ត្រូវ​ផ្ដន្ទាទោស​ពី ២ឆ្នាំ​ទៅ ៥ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ១០លាន​រៀល​ទៅ ២៥លាន​រៀល​ ព្រមទាំង​ហាម​បើកបរ​រយៈ​ពេល ៥ឆ្នាំ។

ទោះ​បី​ជា​ច្បាប់​ចែង​ពី​ការ​ដាក់​ទោស​ធ្ងន់ធ្ងរ​បែប​នេះ​ក្តី ក៏​ការ​ផ្ដន្ទា​ទោស​មក​លើ​អ្នក​​បើក​បរ​ ដែល​បាន​រត់​គេច​ពី​កន្លែង​កើត​ហេតុ​ កម្រ​កើត​មាន​ណាស់​។ ជាឧទាហរណ៍ ករណី​កូន​ស្រី​របស់​មន្ត្រី​គណ បក្ស​កាន់​អំណាច​ប្រចាំ​ខេត្ត​សៀមរាប​ម្នាក់​ឈ្មោះ យិន ម៉ាណា ដែល​បាន​បើក​រថយន្ត​ទំនើប​ក្នុង​ល្បឿន​លឿន ​ហើយ​បាន​បុក​និស្សិត​ស្រី​ម្នាក់​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាមៗ​ កាលពី​ខែមីនា ឆ្នាំ ២០១៩នោះ ​ត្រូវ​បាន​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ចំនួន​ពីរ​ខែ​ប៉ុណ្ណោះ ហើយ​ការ​ចូល​ខ្លួន​ដោះ​ស្រាយ តាម​ផ្លូវ​ច្បាប់​នេះ ទាល់​តែ​មាន​ការ​ស្រែក​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែមទៀតផង។ ចំណែក​ករណី​លោក ជាម យៀប ជា​សមាជិក​សភា​មក​ពី​គណបក្សប្រជាជន​កម្ពុជា​ ដែលបុក​អ្នកធ្វើ​ដំណើរ​លើ​ដង​ផ្លូវ ហើយ​រត់​ដែល​បណ្ដាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​មានផ្ទៃពោះ​ស្លាប់ និង​ប្ដី​រង​របួសធ្ងន់​ក្នុង​ស្រុក​កៀនស្វាយ​កាល​ពី​ឆ្នាំ២០១៣ គឺ​ពុំ​មាន​សមត្ថកិច្ច​ណា​ម្នាក់​នាំ​ខ្លួន​លោក​មក​ផ្ដន្ទាទោស​នោះ ដែរ​រហូត​មក​ដល់​ពេល​នេះ។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​តែ​បរាជ័យ​ក្នុង​កាតព្វកិច្ច​ស្វែងរក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ ដូច្នេះ​ថ្ងៃណាមួយ​គ្រួសារ​ជន​រង​គ្រោះ ឬ​ពលរដ្ឋ​អាច​នឹង​ដើរតួ​ជា​តុលាការ​កាត់​ក្ដី​ជន​ល្មើស​ដោយ​ខ្លួន​ឯង ដែល​ធ្វើ​ឱ្យ​សង្គម​នេះ​កាន់​តែ​ធ្លាក់​ក្នុង​ស្ថានភាព​ឃោរឃៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល