ក្រុម​ការងារ ១០០​រាត្រី​ ចង់​ឃើញ​វិធានការ​ច្បាប់​ម៉ឺងម៉ាត់​ ចំពោះ​​អ្នក​​​រស់​នៅ​​លើ​​បឹង​​ទន្លេ​សាប​​ខុស​ច្បាប់

ដោយ សន ចាន់រដ្ឋា
2018-11-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្ទះ​បណ្ដែត​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម នៅ​តំបន់​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ថត​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។
ផ្ទះ​បណ្ដែត​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម នៅ​តំបន់​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ថត​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។
រូបថត៖ RFA

សង្គម​ស៊ីវិល និង​ក្រុម​យុវជន​ដែល​សកម្ម​នឹង​កិច្ចការ​សង្គម​រក​ឃើញ​ថា យុទ្ធនាការ​បំឡាស់​ទី​ជនជាតិ​វៀតណាម​ពី​ផ្ទៃ​បឹង​ទន្លេសាប​នៅ​ខេត្ត​កំពង់ឆ្នាំង ឲ្យ​មក​រស់​លើគោក​វិញ​របស់​អាជ្ញាធរ​ខេត្ត​នេះ គឺជា​រឿង​មិន​ស្របតាម​ច្បាប់​នោះ​ទេ ប្រសិនបើ​ជន​អន្តោប្រវេសន៍​ទាំងនោះ​មិនបាន​បំពេញ​លក្ខខណ្ឌ​ត្រឹម​ត្រូវជា​ជនអន្តោប្រវេសន៍​ស្របច្បាប់ ហើយ​អាជ្ញាធរ​កម្ពុជា​ចាំបាច់​ត្រូវ​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​របស់​គេ​វិញ។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​មិនទាន់​ស្ងប់​អារម្មណ៍​នៅឡើយ​ពី​គម្រោង​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ដើម្បី​ជម្លៀស​ជន​ជាតិ​វៀតណាម​ពី​ផ្ទៃ​បឹង​ទន្លេសាប ឲ្យ​មក​រស់នៅ​លើគោក​វិញ ដោយសារតែ​ពួកគេ​សង្ស័យ​ថា ជនជាតិ​វៀតណាម​ទាំងនោះ ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់។ ពួកគេ​អះអាង​ថា ផ្ទះ​បណ្ដែត​ទឹក​រាប់ពាន់​ខ្នង​លើ​ផ្ទៃ​បឹង​ទន្លេសាប បែប​អនាធិបតេយ្យ​របស់​ជន​អន្តោប្រវេសន៍​ទាំងនោះ បង្ក​ផល​ប៉ះពាល់​ធំធេង​ដល់​បរិស្ថាន​ទន្លេសាប ជីវចម្រុះ ដែល​ជា​ជម្រក​ត្រី និង​ជាទី​កន្លែង​ចិញ្ចឹមជីវិត​របស់​ពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​បឹង​ទន្លេសាប​ទាំងមូល។

សមាជិក​ក្រុម​ស្រាវជ្រាវ " ១០០​រាត្រី ដែល​សកម្ម​ចុះ​ឃ្លាំមើល​បញ្ហា​នេះ លោក មួង សូនី ព្រួយបារម្ភ​ខ្លាំង​ពី​ហានិភ័យ​ជាតិ​កម្ពុជា​ដោយសារតែ​ជនជាតិ​វៀតណាម​ខុសច្បាប់​នៅតែ​កើន​ឡើងជា​រៀងរាល់​ឆ្នាំ ដែល​បាន​មក​តាំងទី​លំនៅ លើ​ផ្ទៃ​បឹង​ទន្លេ​សាប។ លោក​ថា ការ​ព្រងើយ​កន្តើយ​ឲ្យ​ជនជាតិ​វៀតណាម​អាច​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប​ខុសច្បាប់​បាន មិន​ត្រឹមតែ​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​ទេ វា​បង្ក​គ្រោះថ្នាក់​ធំ​សម្បើម​ដល់​ជាតិ​ទាំងមូល បើ​កម្ពុជា​មិន​ប្រញាប់​អនុវត្ត​ច្បាប់​ឲ្យ​ម៉ឺងម៉ាត់​នោះ​ទេ៖ «ជនជាតិ​វៀតណាម​ដែល​គាត់​រស់នៅ​ហ្នឹង គឺ​គាត់​បន្ទោបង់​លើ​ហ្នឹង គាត់​ចោល​សំរាម​លើ​ហ្នឹង​ធ្វើ​ឲ្យ​ទឹកខ្មៅ​កង្វក់ ហើយ​ខ្ញុំ​គិត​ថា ពុំ​មែន​ជា​ដំណោះស្រាយ​មួយ​ល្អ សម្រាប់​បរិស្ថាន​ជុំវិញ​បឹង​ទន្លេសាប​ទេ រដ្ឋាភិបាល​គួរតែ​ចាត់វិធានការ​មួយ​គឺ​ចាត់​វិធានការ​​បញ្ជូន​គាត់​ទៅវិញ ដើម្បី​ការពារ​ទន្លេ​បាន និង​ការពារ​ច្បាប់ បរិស្ថាន និង​ធន​ធម្មជាតិ។ បើ​យើង​មិន​ចាប់​បញ្ជូន​គាត់​ទៅវិញ អ៊ីចឹង​ថ្ងៃក្រោយ​គាត់​មក​ទៀត»

លោក មួង សូ​នី រក​ឃើញ​ថា ជនអន្តោប្រវេសន៍​វៀតណាម​ដែល​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប​គឺ ស្ទើរ​ទាំងអស់​ពុំ​មាន​ឯកសារ​ផ្លូវច្បាប់​ត្រឹមត្រូវ​ទេ ហើយ​ពួកគេ​តែង​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចិញ្ចឹមជីវិត​ជា​លក្ខណៈ​សហគមន៍ ធ្វើ​ឲ្យ​ធនធាន​ត្រី​នៅ​បឹង​ទន្លេសាប​កាន់តែ​ថយ ចុះ និង​ប៉ះពាល់​មុខរបរ​ចិញ្ចឹម​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ទម្លាប់​នេសាទ​លក្ខណៈ​គ្រួសារ៖ «ប្រជាជន​វៀតណាម ១​រយ​ភាគរយ មាន​៩០​ភាគរយ ដែល​គាត់​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​លក្ខណៈ​សហគមន៍ ហើយ​ឥឡូវ​គេ​ប្រើ​ឧបករណ៍​ដែល​នេសាទ​សមុទ្រ​ដែល​គេ​ប្រើ​ភ្លើង​ឲ្យ​ត្រី​មក​ផ្ដុំ​គ្នា។ ខ្ញុំ​មើល​ឃើញ​ថា បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់»

អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ប្រាប់​កាសែត​ក្នុងស្រុក​កាលពីដើម​ខែ​តុលា​ថា អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ នឹង​ផ្ដើម​ផ្លាស់​ទី​ជនជាតិ​វៀតណាម ចំនួន ២.៣៩៧​គ្រួសារ ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក នៅ​តាម​ដង​ទន្លេសាប​ទូទាំង​ខេត្ត​កំពង់ឆ្នាំង ឲ្យ​មក​នៅ លើគោក​វិញ។ លោក​ថា អាជ្ញាធរ​បាន​ដោះស្រាយ ចំពោះ​ការ តវ៉ា​ពី​ក្រុម​ជនជាតិ​វៀតណាម និង​ចាត់វិធានការ​រដ្ឋបាល​យ៉ាង​តឹងរ៉ឹង​ដើម្បី​អនុវត្ត​ការងារ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព។ លើស​ពី​នេះ សម្រាប់​ទីតាំង​លើ​ដី​គោក ដែល​នឹង​ផ្លាស់​ឲ្យ​ជនជាតិ​វៀតណាម​ទៅ​រស់នៅ​ឆ្ងាយ​ពី​កន្លែង​ចាស់​ប្រមាណ ១​គីឡូម៉ែត្រ ហើយ​ខ្លះ​ទៀត ត្រូវ​កំណត់​ឲ្យ​ទៅ​រស់នៅ​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ដោយមាន​ទំហំ​ដី ៤០ ហិកតារ ដែល​ផ្ដល់​ដោយ​សមាគម​វៀតណាម សហការ​ពី​ដៃគូ​ឯកជន ជួល​ឲ្យ​ពួកគេ​រស់នៅ។

កាលពី​ថ្ងៃទី១៨ កុម្ភៈ កាសែត​ក្នុងស្រុក​ចុះផ្សាយ​ថា សមាគម​វៀតណាម នៅ​កម្ពុជា បាន​ទិញ​ដី​ព្រៃ​លិច​ទឹក ឬ​ដែន​នេសាទ​ជលផល​ក្នុង​បឹង​ទន្លេសាប​ជាង ៧០ហិកតារ ( ៧២ ) ក្នុង​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខែត្រ​កំពង់ឆ្នាំង បំណង​រៀបចំ​ឲ្យ​ជន​ជាតិ​​វៀតណាម ដែល​កំពុង​រស់នៅ​លើទឹក​មានលទ្ធភាព​តាំង​ទីលំនៅ​កន្លែង​នោះ​បាន ដោយមាន​ការ ឯកភាព​ពី​អាជ្ញាធរ​ខែត្រ​កំពង់ឆ្នាំង​ផង។ បញ្ហា​នេះ រង​ការរិះគន់​ពី​សង្គម​ស៊ីវិល និង​ក្រុមយុវជន ដែល​ពួកគេ​ចាត់ទុកថា នឹង​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន​​ទន្លេសាប និង​ប្រយោជន៍​ពលរដ្ឋ ខណៈ​ដី​ដែល​សមាគម​វៀតណាម​ទិញ​ចំនួន ៧២ ហិកតារ​នោះ គឺជា​តំបន់​ព្រៃ​លិច​ទឹក និង​ជា​កន្លែង​ត្រី​ពង​កូន​ដែល​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ខ្មែរ។

របាយការណ៍​អាជ្ញាធរ​ខែត្រ​កំពង់ឆ្នាំង​បង្ហាញ​ថា មាន​ជនអន្តោប្រវេសន៍​វៀតណាម រស់នៅ​លើទឹក​ប្រមាណ ២.៣៩៧​គ្រួសារ ក្នុង​នោះ​មាន​ផ្ទះ​បណ្ដែត​ទឹក​ជាង ១​ពាន់​ខ្នង។ លើស​ពី​នេះ កន្លែង​ដែល​ជនជាតិ​វៀតណាម​រស់នៅ​ច្រើន​ជាងគេ គឺ​នៅ​ផ្សារ​ក្រោម សង្កាត់​កំពង់ឆ្នាំង តំបន់​ឆ្នុកទ្រូ ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ហើយ​ក្រៅពីនោះ​នៅ​ស្រុក​កំពង់ត្រឡាច និង​តំបន់​ផ្សេងៗ ទៀត។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា តុល្យភាព​ការអនុវត្ត​ច្បាប់​គ្រប់គ្រង​ជនអន្តោប្រវេសន៍ របស់​អាជ្ញាធរ​កម្ពុជា កំពុង​ឋិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​នៅឡើយ​ទេ ខណៈ​ដែល​មេដឹកនាំ​វៀតណាម នៅតែ​ចិញ្ចឹម​ចិត្ត​ស្នើសុំ ឲ្យ​កម្ពុជា​មើល​ថែរក្សា​ជនជាតិ​របស់​គេ​ដែល​កំពុង​រស់នៅ​កម្ពុជា។ លោក​អះអាង​ថា អាជ្ញាធរ​កម្ពុជា ត្រូវ​ញែក​ឲ្យ​ដាក់​រវាង​ជនជាតិ​វៀតណាម​រស់នៅ​ខុសច្បាប់ និង​ស្របច្បាប់ តែ​បើ​ពលរដ្ឋ​វៀតណាម​រស់នៅ​ខុសច្បាប់​កម្ពុជា​ត្រូវ​មាន​វិធានការ​ច្បាប់​ដែរ៖ «បើ​គាត់​រស់នៅ​ខុសច្បាប់​ត្រូវ​ចាប់​បញ្ជូន​ទៅវិញ។ ត្រូវ​ញែក​ឲ្យ​ដាក់​រវាង​ជនជាតិ​វៀតណាម​រស់នៅ​ខុសច្បាប់ និង​ស្របច្បាប់ តែ​បើ​ពលរដ្ឋ​វៀតណាម​រស់នៅ​ស្របច្បាប់​ការ​ផ្ដាំផ្ញើ​គឺ​ចៀស​មិន​រួច​ទេ តើ​បើ​រស់នៅ​ខុសច្បាប់​ត្រូវ​មាន​បញ្ហា​ផ្លូវ​ច្បាប់​​ដែរ»

លោក មួង សូនី លើកឡើង​ថា ដំណោះស្រាយ​ល្អ​បំផុត​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង និង​ស្ថាប័ន​ពាក់ព័ន្ធ​គឺ​ការអនុវត្ត​ច្បាប់​រឹងមាំ ដោយ​ត្រូវ​ចាប់​បញ្ជូន​វៀតណាម​ខុសច្បាប់​ទាំងអស់​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ និង​ត្រូវ​និរាករណ៍​រាល់​ឯកសារ​ទាំង​ឡាយ ណា​ដែល​រក​ឃើញ​ថា ពួកគេ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ខ្មែរ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ខុសច្បាប់​ជាដើម៖ «ការ​ដែល​រីក​ប្រជាជន​វៀតណាម​ច្រើន គឺជា​កត្តា​គ្រោះថ្នាក់​មួយ បើ​កម្ពុជា​នៅតែ​មិន​អាច​ទប់ស្កាត់​ជនអន្តោប្រវេសន៍​បានទេ​យើង​នឹង​ក្លាយ​ជា​ជនជាតិភាគតិច​នៅ​ថ្ងៃ​អនាគត ស្រប​ពេល​ប្រទេស​គេ​មានការ​រីកចម្រើន​សេដ្ឋកិច្ច។ គាត់​មក​វាយ​លិខិតឆ្លងដែន​មួយ​អាទិត្យ តែ​២​ឆ្នាំ​គាត់​ទៅវិញ ហើយ​ហ្នឹង​ព្រំដែន​យើង​ធូររលុង ទំនិញ​ដឹក​ចូល​និង​ដឹក​ចេញ​ខ្វះ​ការ​ត្រូត​ពិនិត្យ និង​សូកប៉ាន់»

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ លោក អ៊ុក ហៃសិលា បាន​បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៣ វិច្ឆិកា។

អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការសម្រេចចិត្ត​របស់​របប​លោក ហ៊ុន សែន បាន​អនុញ្ញាត​តែ​ជនអន្តោប្រវេសន៍​ណា​ស្របច្បាប់​នោះ​ទេ ដែល​អាច​មក​រស់នៅ​លើគោក​បាន​នៅ​ខេត្ត​កំពង់ឆ្នាំង រីឯ​ជន​អន្តោប្រវេសន៍​​ណា​ខុសច្បាប់ អាជ្ញាធរ​នឹង​មាន​វិធានការ​ច្បាប់​ដោយ​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​គេ​វិញ។ លោក​បន្ថែម​ថា ការ​បំឡាស់​ទី​ជនជាតិ​វៀតណាម ពី​ផ្ទៃ​បឹង​ទន្លេសាប​មិន​ត្រឹមតែ​ធ្វើឡើង​តែ ខេត្ត​កំពង់ឆ្នាំង​នោះ​ទេ នឹង​បន្ត​អនុវត្ត​កិច្ចការ​នេះ​នៅ​ជុំវិញ​​បឹង​​ទន្លេសាប ដើម្បី​រក្សា​បរិស្ថាន និង គោរព​គោលការណ៍​សិទ្ធិមនុស្ស។ លោក​ថា អាជ្ញាធរ​នឹង​មាន​វិធានការ​សើរើ​សាជាថ្មី ពី​ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ដល់​ជនបរទេស​ណា​មិន​ត្រឹមត្រូវ ហើយ​បច្ចុប្បន្ន​ក្រសួងមហាផ្ទៃ​កំពុង​ចាត់វិធានការ​រឿង​​នេះ៖ «ជនអន្តោប្រវេសន៍​ឋិត​ក្នុង​ការ​គ្រប់គ្រង​តាមច្បាប់ អ្វី​ការសម្រេចចិត្ត​រដ្ឋាភិបាល ការ​ផ្ដល់​ទឹកដី​តែ​ជនអន្តោប្រវេសន៍​ស្របច្បាប់។ ហ្នឹង​សំខាន់​ណាស់ ថា​កម្ពុជា​មិន​បង្ហាញ​ពិភពលោក​ថា យើង​ជា​ប្រជាជន​មួយ​រើសអើង​ជាតិ​សាសន៍ អ្វីៗ​ឋិត​នៅ​​ក្រោម​ច្បាប់​នេះ​ទី​១ ហើយ​ទី ២ យើង​ចង់​រក្សា​បរិស្ថាន​ត្រឹមត្រូវ និង​ទី ៣ ក្នុង​កិច្ចការ​គោរព​សិទ្ធិមនុស្ស​។ រឿង​ជន​អន្តោ​ប្រវេ​ស​ខុសច្បាប់ យើង​នឹង​ចាត់វិធានការ​បណ្ដេញ​ចេញ»

ច្បាប់​ស្ដីពី​សញ្ជាតិ​ដែល​អនុម័ត​កាលពី​ខែ​តុលា ឆ្នាំ​១៩៩៦ មាត្រា ៨ ចែងថា ជនបរទេស​ដែល​អាច​ស្នើសុំ​សញ្ជាតូបនីយកម្ម​បាន​ត្រូវ​បំពេញ​លក្ខខណ្ឌ ៦ យ៉ាង ក្នុង​នោះ​រួម​ត្រូវ​មាន​លិខិត​ថ្កោលទោស​ដែល​បញ្ជាក់​ថា ពុំ​មាន​បទល្មើស​ព្រហ្មទណ្ឌ​ជា​ដើម។ ក្រៅ​ពី​នេះ ជនបរទេស​ណា​ដែល​ធ្វើ​អំណោយ​ជា​ប្រាក់​ដល់​ថវិកាជាតិ​ចាប់ពី ១ ពាន់​លាន​រៀល​ទៅ អាច​ស្នើសុំ​សញ្ជាតូបនីយកម្ម​បាន។

កាលពី​ខែ​សីហា ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​ចេញ​ផ្សាយ​របាយការណ៍​ជំរឿន​របស់​ខ្លួន​បង្ហាញ​ថា ជនអន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ចំនួន ២៥​សញ្ជាតិ ក្នុង​នោះ​ជាង ៩៩​ភាគរយ ដែល​ស្មើ​ប្រមាណ ១៦​ម៉ឺន​នាក់ គឺជា​ជនជាតិ​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល