សវនាការ​លោក កឹម សុខា សប្ដាហ៍​នេះ ផ្ដោត​លើ​ខ្លឹមសារ​វីដេអូ​ពេញ​ថ្លែង​នៅ​អូស្ត្រាលី

ដោយ ទីន ហ្សាការីយ៉ា
2020-01-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ពេល​មក​ចូលរួម​សវនាការ​ជម្រះ​ក្តី​លោក​សម្រាប់​សប្ដាហ៍​ទី២ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ២០២០។
លោក កឹម សុខា ពេល​មក​ចូលរួម​សវនាការ​ជម្រះ​ក្តី​លោក​សម្រាប់​សប្ដាហ៍​ទី២ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ២០២០។
Provided

ក្នុង​សវនាការ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​នេះ អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​នេះ​បន្ត​ជជែក និង​ពិនិត្យ​លើ​ភស្តុតាង ជា​ឃ្លីប​វីដេអូ​ពេញ​មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង​ដែល​ផ្ដល់​ដោយ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា។ ក្នុង​សវនាការ​នោះ មេធាវី​ការពារ​ក្តី លោក កឹម សុខា ក៏​បាន​បញ្ជាក់​ថា សកម្មជន​លោក កឹម សុខា ពេល​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៧ គឺ ការ​រៀន​ពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ហើយ​សកម្មភាព​បែបនេះ ក៏​មាន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ចូលរួម​រៀន​សូត្រ​ដែរ៖ «អ្នក​ដែល​ទៅ​រៀន​ហ្នឹង​កូន​ក្តី​ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា មិន​មែន​តែ​រូប​គាត់​ទេ សូម្បី​តែ​តំណាង​គណបក្ស​នយោបាយ​ដែល​មាន​ក្របខ័ណ្ឌ​នៅ​ក្នុង​សមាជិក​សភា​ក៏​បាន​ទៅ​រៀន​ដូច​គ្នា​ដែរ បើ​តាម​ខ្ញុំ​ចាំ​មិន​ច្រឡំ​ទេ សូម្បី​សម្ដេច ស ខេង ក៏​ត្រូវ​បាន​អញ្ជើញ​ទៅ​ចូល​រួម​កម្មវិធី ទស្សនកិច្ច​សិក្សា​គឺ គោល​បំណង​ធំ​គេ​ឲ្យ​ស្វែង​យល់​អំពី​សិទ្ធិ​មនុស្ស​ប្រជាធិបតេយ្យ ឲ្យ​ស្វែង​យល់​រដ្ឋសភា​ធ្វើ​អី ព្រឹទ្ធសភា តុលាការ​ធ្វើ​អី នៅ​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ»

មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា គឺ លោក ចាន់ ចេន ឱ្យ​អ្នកសារព័ត៌មាន​ដឹង​ថា ភាគី​ពាក់ព័ន្ធ​បាន​ចោទសួរ​សំនួរ​ជាច្រើន​លើ​លោក កឹម សុខា ប៉ុន្តែ លោក កឹម សុខា បាន​បញ្ជាក់​ថា ប្រាប់​តុលាការ​ថា លោក​រៀន​តែ​ពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ហើយ​លោក​ថា សូម្បីតែ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ស ខេង ក៏​ធ្លាប់​ទៅ​រៀន​សូត្រ​បែបនេះ​នៅ​ក្រៅ​ប្រទេស​ដែរ៖ «អ្នក​ដែល​ទៅ​រៀន​ហ្នឹង​កូន​ក្តី​ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា មិនមែន​តែ​រូប​គាត់​ទេ សូម្បីតែ​តំណាង​គណបក្ស​នយោបាយ​ដែល​មាន​ក្របខ័ណ្ឌ​នៅ​ក្នុង​សមាជិកសភា​ក៏បាន​ទៅ​រៀន​ដូចគ្នា​ដែរ បើ​តាម​ខ្ញុំ​ចាំ​មិន​ច្រឡំ​ទេ សូម្បី​សម្ដេច ស ខេង ក៏​ត្រូវ​បាន​អញ្ជើញ​ទៅ​ចូលរួម​កម្មវិធី ទស្សនកិច្ច​សិក្សា​គឺ​គោលបំណង​ធំ​គេ​ឱ្យ​ស្វែងយល់​អំពី​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ ឱ្យ​ស្វែងយល់​រដ្ឋសភា​ធ្វើ​អី ព្រឹទ្ធសភា តុលាការ​ធ្វើ​អី នៅ​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ»

លោក ចាន់ ចេន ថា លោក កឹម សុខា បាន​រៀន​ទ្រឹស្ដី និង​ការអនុវត្ត ពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​មិនមែន​ជា​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​ការ​បដិវត្តន៍​ពណ៌ ឬ​ដោយ​អំពើ​ហិង្សា​នោះ​ទេ។ លោក​មេធាវី​ឱ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​ដំណើរ​របស់​លោក កឹម សុខា ទៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​២០១៣ គឺ​មាន​គោលបំណង​សំខាន់​ពីរ​គឺ លោក​ថ្លែងអំណរគុណ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ដែល​បាន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​បញ្ជាក់​ថា លោក​មិន​បាន​លក់​ក្បាល​ឱ្យ​គណបក្ស​កាន់អំណាច​ទេ៖ «គោលបំណង​អ្វី​ដែល​នៅ​ក្នុង​វីដេអូ​ពេញ​ដោយសារ​នៅ​ក្នុង​ដំណាក់កាល​នោះ​ជា​ដំណាក់​កាល​​មួយ​​កំពុង​មាន​ការ​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មាន​ទស្សនៈ​ទូទៅ​មួយ​ចំនួន​ដែល​និយាយ​នៅ​ក្នុង​វិទ្យុ​សំបុក​ឃ្មុំ​ថា សុំ​ឱ្យ​លោក កឹម សុខា ធ្វើ​អញ្ចេះ យក​តាម​អញ្ចុះ ម៉េច​ក៏បាន​ប៉ុណ្ណឹង​ហើយ​មិន​ធ្វើតាម​នេះ​មិន​ធ្វើ​នោះ​ក្នុង​គោលបំណង​ប្រើ​ហិង្សា ប៉ុន្តែ ឯកឧត្ដម កឹម សុខា បាន​បដិសេធ​ដាច់ខាត​បងប្អូន»

កាល​ពី​ថ្ងៃ​ទី​២២ មករា មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​ដាក់​ភស្តុតាង ៣៥​ចំណុច​បន្ថែម ដើម្បី​ដោះ​បន្ទុក​លោក កឹម សុខា ក្នុង​នោះ​រួមមាន​៖ មាន​វីដេអូ​ពេញ​រយៈពេល​ជាង​មួយ​ម៉ោង នៃ​ការ​ថ្លែង​របស់​លោក កឹម សុខា និង​រូបថត​មួយ​ចំនួន ព្រមទាំង​វីដេអូ​ខ្លីៗ ខ្លះ​ទៀត​ផង។ ប៉ុន្តែ​មេធាវី​រដ្ឋាភិបាល​ថា ភស្តុតាង​ដាក់​បន្ថែម​មួយ​ចំនួន​នៅ​ពេល​នេះ គឺជា​ការ​ដាក់​បន្ទុក​បន្ថែម​លើ​លោក កឹម សុខា ទៅវិញ​ទេ​។ មេធាវី​ការពារ​ក្តី​លោក កឹម សុខា ថា ​ការ​លើក​ឡើង​​បែប​នេះ គ្រាន់​តែ​ជា​លើកឡើង​ដើម្បី​ចង់​មាន​ភាន់​ច្រឡំ​លើ​សមត្ថភាព​មេធាវី​របស់​លោក កឹម សុខា ប៉ុណ្ណោះ។

មេធាវី​របស់​លោក កឹម សុខា អ្នកស្រី ម៉េង សុធាវី បញ្ជាក់​ថា វីដេអូ​ដែល​សមត្ថកិច្ច​កាត់​ខ្លី​យក​ចោទ​ប្រកាន់​លោក កឹម សុខា ប៉ុន្តែ​សំដី​ពេញ​របស់​លោក កឹម សុខា មិនមែន​ន័យ​បែបនេះ​ទេ៖ «នៅ​ក្នុង​វីដេអូ​ដោយសារតែ​កាត់​តទៅ​ឃើញ​ថា ពាក្យ​ថា យុទ្ធសាស្ត្រ សំដៅ​លើ​អី​ដោយសារ​វា​បាត់​ពាក្យ​ខាង​លើ​គឺ​យុទ្ធសាស្ត្រ​នេះ​គាត់​ចង់​សំដៅ​គាត់​បាន​សិក្សា​ស្វែងយល់​អំពី​បញ្ហា​ពលរដ្ឋ​ខ្មែរ​ថា តើ​បញ្ហា​ពលរដ្ឋ​មកពី​បញ្ហា​ស្អី​គេ​បានជា​យើង​អត់​មាន​រីក​ចំរើន មិនមែន​ជា​យុទ្ធសាស្ត្រ​អី​ទេ ចំពោះ​ពាក្យ​ដែល​លឺ​សូ​ពាក្យ​មួយទៀត គេ​ឱ្យ​យក​តាម​ម៉ូដែល យូហ្គោស្លាវី ស៊ែបប៊ី គេ​ឱ្យ​គាត់​យក​ស្ដាប់​ឱ្យ​បាន គេ​ឱ្យ​គាត់​យក​សួរ​គាត់​ទេ គាត់​យក​ទេ ជាក់ស្ដែង​សកម្មភាព​របស់​គាត់​គាត់​ទៅ​បោះឆ្នោត»

 

ចំណែក ឯ​មេធាវី​តំណាង​រដ្ឋាភិបាល​ដែល​ជា​ដើម​បណ្តឹង គឺ​លោក គី តិច ក្នុង​ពេល​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​លោក​ព្យាយាម​និយាយ​រឿង​នយោបាយ​ជាជាង​ដំណើរការ​នៃ​សវនាការ​ដោយ​លោក​និយាយ​ថា លោក សម រង្ស៊ី មិន​អាច​ចូល​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ៩ វិច្ឆិកា កន្លង​ទៅ ព្រោះ​គ្មាន​លុយ​ទិញ​សំបុត្រ​យន្តហោះ​ជាដើម​។ មេធាវី​រូប​នេះ លើកឡើង​ទៀត​ថា ការ​ទាមទា​របស់​លោក សម រង្ស៊ី ថា អ្នកជា​អ្នកទទួលខុសត្រូវ​លើ​ករណី​ចោទប្រកាន់​លោក កឹម សុខា គឺជា​ការ​បង្ហាញ​ភស្តុតាង​បន្ថែម​ទៀត ដែល​ជា​ការ​ដាក់​បន្ទុក​លើក​លោក កឹម សុខា៖ «សម រង្ស៊ី បាន​បញ្ចេញ​ការ​បញ្ជាក់​របស់​ខ្លួន ភស្តុតាង​របស់​ខ្លួន​ដែល​មាន​ទាំង​រូបថត ទាំង​ឯកសារ​នេះ​ក្នុងពេលដែល កឹម សុខា កំពុងតែ​វ័ណ្ឌក ស្លន់ស្លោ​នៅ​ក្នុង​សវនាការ​ព្យាយាម​ដោះ​បន្ទុក​ខ្លួនឯង ឥឡូវ​នេះ កឹម សុខា កំពុង​ដោះ​បន្ទុក​ខ្លួនឯង​ផង កំពុង​ទប់​ប្រឹង​ទប់​ការ​ថែម​បន្ទុក​ពី​ទណ្ឌិត សម រង្ស៊ី មក​ទៀត»

សវនាការ​ថ្ងៃ​ទី​២២ ខែ​មករា តុលាការ​អនុញ្ញាត​ឱ្យ​សារព័ត៌មាន និង​តំណាង​មន្ត្រី​សង្គម​សង្គម​ស៊ីវិល​មួយ​ចំនួន​ចូលរួម​ស្តាប់​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ម្នាក់​គឺ​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ដែល​បាន​ចូល​ស្ដាប់​សវនាការ​នេះ ឱ្យ​អាស៊ីសេរី​ដឹង​ថា សំនួរ​ភាគច្រើន​របស់​ព្រះរាជអាជ្ញា និង​មេធាវី​របស់​រដ្ឋាភិបាល បាន​ចោទសួរ​ជា​ពាក្យ​មួយ​ម៉ាត់ និង​ពន្យល់​ពាក្យ​មួយៗ​ដែល​លោក​យល់​ថា ការ​ចោទសួរ​នេះ មិនសូវ​ទាក់ទង​អង្គហេតុ​។ លោក​យល់ថា ការ​សួរ​បែប​នាំ​ឱ្យ​មានការ​បកស្រាយ​ខុស​ៗ​គ្នា និង​ធ្វើ​ឱ្យ​សវនាការ​នេះ​កាន់តែ​អូស​បន្លាយ​រយៈពេល​វែង​បន្ថែម​ទៀត​។ លោក​ថា លោក​នឹង​តាមដាន​ដំណើរការ​ក្តី​បន្ត​ទៀត៖ «យើង​ឧទាហរណ៍​ថា ពាក្យ​គេ​មួយ​ម៉ាត់ ពាក្យ​គេ​អ៊ីចឹង វែកញែក​តែ​ពាក្យ​គេ​មាន​ន័យ​ថា ម៉េច​រហូត​ទៅ​រក​អ្នក​ជំនាញ​មក​ចង់​និយាយ​បកស្រាយ​ទៀត អ៊ីចឹង​គ្រាន់តែ​ពាក្យ​គេ​មួយ វា​អាច​នឹង​ពាក់ព័ន្ធ​យ៉ាង​ម៉េច ប៉ុន្តែ​ខ្ញុំ​គិត​ថា មិន​សំខាន់​លើ​ពាក្យ​មួយៗ​ទេ សំខាន់​បំផុត​គឺ​ការស្វែងរក​ភស្តុតាង និង​អង្គហេតុ​ដើម្បី​ធ្វើ​ការ​ដេញដោល»

លោក អំ សំអាត សង្កេតឃើញ​ទៀត​ថា សវនាការ​សួរដេញដោល​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា ការ​សួរដេញដោល​មាន​ភាព​តានតឹង​ដាក់គ្នា នៃ​គូ​ភាគី​នៅ​ក្នុង​បន្ទប់​សវនាការ ប៉ុន្តែ មិន​ទាន់​ឈាន​ដល់​នៃ​ការ​បង្ហាញ​ភស្តុតាង និង​អង្គហេតុ​នៃ​ការចោទប្រកាន់​លោក កឹម សុខា នៅឡើយ ខណៈ​​ពេលវេលា​ជំនុំជម្រះ​គ្រោង​ប្រើ​រយៈ​បី​ខែ​ឯណោះ។

សវនាការ​កាត់​ក្តី​លោក កឹម សុខា នឹង​បន្ត​ទៀត​នៅ​សប្ដាហ៍ ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែ​មករា តុលាការ​កំណត់​យក​រៀងរាល់​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ធ្វើការ​ជំនុំជម្រះ។

មេធាវី​លោក កឹម សុខា អ្នកស្រី ម៉េង សុធារី ឱ្យ​ដឹង​ថា ក្រុម​មេធាវី​លោក កឹម សុខា មាន​ភស្តុតាង​ជាច្រើន​ផ្សេងទៀត​គ្រោង​ដាក់​ជូន​តុលាការ​នៅ​ក្នុង​ដំណើរការ​ក្តី​នា​ពេល​ខាង​មុខ​ទៀត៕