ក្រុម​មេធាវី​លោក កឹម សុខា ដើរ​ចេញ​ពី​បន្ទប់​សវនាការ បន្ទាប់ពី​ចៅក្រម​មិន​ផ្ដល់​ឱកាស​ឱ្យ​ឡើង​និយាយ

ដោយ ខែ សុណង
2020-02-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ក្នុង​រថយន្ត) នៃ​ថ្ងៃ​សវនាការ ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​ ឆ្នាំ​២០២០។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ក្នុង​រថយន្ត) នៃ​ថ្ងៃ​សវនាការ ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​ ឆ្នាំ​២០២០។
RFA

សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​ថ្ងៃ​ទី​២ នៃ​សប្ដាហ៍​ទី​៥ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​។ ការ​ដេញ​ដោល​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ មាន​ភាព​តានតឹង​ខ្លាំង​រហូតដល់​សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ចំនួន ៤​រូប ដើរ​ចេញពី​បន្ទប់​សវនាការ​។ ការ​ដើរ​ចេញ​នេះ ដោយសារតែ​ប្រធាន​ក្រុមប្រឹក្សា ជំនុំជម្រះ មិន​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​ឡើង​និយាយ​ពាក់ព័ន្ធ​នឹង​ឯកសារ​មួយ​ដុំ ដែល​តុលាការ​ប្រើប្រាស់​សម្រាប់​ចោទសួរ​លោក កឹម សុខា ដែល​ក្រុម​មេធាវី យល់​ថា ឯកសារ​នោះ ជា​ឯកសារ​មិន​ស្រប​ច្បាប់។

ក្នុង​ពេល​បើក​សវនាកា​រ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ អនុញ្ញាត​ឱ្យ​សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា លើកឡើង​បន្ត ពី​អ្វី​ដែល​បាន​ដេញដោល​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ។

ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​បន្ត​ឡើង​ជំទាស់​នឹង​ការប្រើប្រាស់​ឯកសារ​មួយ​ដុំ ដែល​តុលាការ​ប្រើប្រាស់​សម្រាប់​ចោទសួរ​លោក កឹម សុខា ខណៈ​ពួកគេ ពិនិត្យ​ឃើញ​ថា ឯកសារ មួយ​ដុំ​នោះ ខ្វះ​សុក្រិត្យ​ភាព និង​តម្លាភាព ដោយ​មិន​ដឹង​ថា តុលាការ​បាន​ពី​ណា ហើយ​ដាក់​បញ្ចូល ក្នុង​សំណុំរឿង​ដោយ​របៀប​ណា និង​ក្នុង​ដំណាក់​កាល​ណា​នោះ​ទេ ព្រោះ​ពួកគេ​មិនដែល​បាន​ឃើញ ឯកសារ​នេះ​ពី​មុន​មក។ ឯកសារ​នេះ​គឺជា​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី ក្នុង​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។​

លោក កូយ សៅ ឆ្លើយតប​ថា រឿង​ឯកសារ​នេះ គួរតែ​ខាង​មេធាវី​លោក កឹម សុខា ពិនិត្យមើល​ឱ្យ បាន​ច្បាស់លាស់​តាំងពី​មុន​ពេល​ជំនុំជម្រះ ប៉ុន្តែ​ក្រុម​មេធាវី​លោក កឹម សុខា នៅតែ​អះអាង​ថា ឯកសារ​នេះ មិន​ដែល​មាន​ក្នុង​ដៃ​ពួកគេ​នោះ​ទេ ហើយ​តុលាការ ទើបតែ​ប្រគល់​ឯកសារ​នេះ​ឱ្យ​ពួកគេ ក្នុង​ពេល​សវនាការ​កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ​។​

ក្នុងពេលនោះ តំណាង​អយ្យការ​មួយ​រូប គឺ​លោក ប្លង់ សុផល លើក​ឡើងថា ឯកសារ​នេះ គឺ​មាន​តាំង ពី​ក្នុង​ដំណាក់កាល​ស៊ើបសួរ ហើយ​លោក​មិន​យល់ថា ហេតុអ្វី​ខាង​មេធាវី​លោក កឹម សុខា មិន​មាន​នោះ​ទេ។ បន្ទាប់មក​មេធាវី​របស់​រដ្ឋាភិបាល ដែល​ជា​ដើម​បណ្តឹង គឺ លោក លី ច័ន្ទ​តុលា បន្ទោស​ថា ការ​ព្យាយាម​លើកឡើង​ដដែល​ពី​រឿង​ដាក់​ឯកសារ​ភស្តុតាង​ពី​សំណាក់​ក្រុម​មេធាវី លោក កឹម សុខា នេះ គឺជា​ចេតនា​ធ្វើ​ឱ្យ​ខាត​ពេល និង​ប៉ះពាល់​ដំណើរការ​នៃ​សវនាការ។

ជាមួយគ្នា​នោះ សមាជិក​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​ចៅក្រម សេង លាង បញ្ជាក់​ដែរ​ថា ឯកសារ កិច្ចព្រមព្រៀង​រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម រង្ស៊ី ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​អ្វី​សម្ងាត់​នោះ​ទេ ពោល​គឺ​សាធារណជន និង​ពិភពលោក សុទ្ធ​បាន​ដឹង​ទាំងអស់ ដូច្នេះ​មេធាវី លោក កឹម សុខា មិន​គួរ​លើក​ដដែលៗ​នោះ​ទេ។

ទោះជា​យ៉ាងណា មេធាវី​ការពារ​ក្តី​លោក កឹម សុខា នៅតែ​បង្ហាញ​ការ​មិន​ពេញចិត្ត និង​នៅតែ​ចង់​ដឹង អំពី​នីតិវិធី​នៃ​ការ​ដាក់​ឯកសារ​ភស្តុតាង​ថា តើ​របៀប​នៃ​ការ​ដាក់​ភស្តុតាង​នោះ​ស្របតាម​នីតិវិធី​ច្បាប់ ដែរ​ឬទេ​។ ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​គឺ​លោក កូយ សៅ បាន​ព្យាយាម​ហាមឃាត់​ជាច្រើនលើក​មិន​ឱ្យ​មេធាវី​លោក កឹម សុខា មាន​ឱកាស​ឡើង​ឆ្លើយតប​និង​ជជែក​ដេញ​ដោយ​ទៀត​នោះ​​ទេ។

ដោយ​មូល​ហេតុនេះ ក្រុម​មេធាវី​លោក កឹម សុខា ទាំង​៤​រូប បានសម្រេច​នាំគ្នា​ដើរចេញ​ពី​បន្ទប់​សវនាការ​តែម្ដង​នៅ​ម៉ោង​ប្រមា ណ​១០ ព្រឹក​។ លោក កូយ សៅ បាន​ហៅ​ទង្វើ​របស់​ក្រុម​មេធាវី​លោក កឹម សុខា ជា​មេធាវី​ទំនើង និង​ខុស​វិជ្ជាជីវៈ​មេធាវី ជាដើម ហើយ លោក បាន​ចោទសួរ​លោក កឹម សុខា ថា​តើ​ទុក​មេធាវី​ដដែល ឬ​ចង់​ស្នើសុំ​ផ្លាស់ប្ដូរ​មេធាវី​ផ្សេងទៀត​។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​រូប​នេះ ព្រមាន​ថា បើ​ទុក​មេធាវី​ដដែល គឺ​លោក នឹង​ចាត់វិធានការ​តឹងរ៉ឹង​នៅ​ក្នុង​សវនាការ​នៅ​ពេល​ក្រោយ។

មេធាវី​ការពារ​ក្តី​លោក កឹម សុខា មួយ​រូប គឺ​លោក អាង ឧត្តម ថ្លែងប្រាប់​អាស៊ីសេរី​ថា ការ​ដើរ​ចេញ នេះ ដោយសារតែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​មិន​ផ្តល់​ឱកាស​ស្មើភាព​គ្នា​ក្នុង​ការ​ជជែក​ដេញដោល​។ លោក បញ្ជាក់​ថា លោក កឹម សុខា នៅតែ​ពឹង​ពាក់​ពួក​លោក​ជា​មេធាវី​ការពារ​ក្តី​ដដែល៖ «យើង​ជជែក​ដេញដោល​លើ​ឯកសារ​មួយ​កញ្ចប់​ធំ​ដែល​រឿង​ដើម​របស់​វា​គឺ​ឯកសារ​ដែល​មិន​ត្រឹមត្រូវ​តាមច្បាប់។ យើង​ដេញដោល​ទៅ​ឃើញ​ថា តុលាការ​មិន​ផ្ដល់​លទ្ធភាព​ឱ្យ​យើង​ក្នុង​ការ​ជជែក គឺ​គាត់​បិទ​ឱ្យ​យើង​និយាយ​តិច​បំផុត ហើយ​រដ្ឋ​អាជ្ញា និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី និយាយ​តាម​ចិត្ត ពេលណា​ដែល​គេ​ចង់​និយាយ គឺ​និយាយ​បាន តែ​ពួក យើង​ចង់​និយាយ​ចង់​ឆ្លើយតប​គឺ​អត់​បាន​។ យើង​ទៅ​ដើម្បី​និយាយ​ដើម្បី​ជជែក ហើយ​បើ​គេ​អត់​ឱ្យ​និយាយ​និង​ជជែក នៅ​ធ្វើ​អី​ទៀត យើង​ត្រូវការ​ដើរចេញ»

លោក​មេធាវី អាង ឧត្តម បន្ត​ថា តុលាការ មិន​អាច​ចេះតែ​ប្រើប្រាស់​ឯកសារ​ផ្សេងៗ​ដែល​មិន​មាន​ក្នុង សំណុំរឿង​យក​មក​ដេញដោល ឬ​ចោទសួរ​កូន​ក្តី​របស់​លោក​បានទេ​។ មេធាវី​ការពារ​ក្តី​មេ​បក្ស​ប្រឆាំង រូប​នេះ ឆ្លើយតប​ថា ពួក​លោក មិនមែន​ជា​អ្នកធ្វើ​ឱ្យ​ខាត​ពេល​ឬ​ប៉ះពាល់​ដល់​ដំណើរការ​សវនាការ​ឡើយ ប៉ុន្តែ​តុលាការ​ទៅវិញ​ទេ ដែល​ធ្វើការ​ចាត់ចែង​ឯកសារ​មិនបាន​ត្រឹមត្រូវ​ស្អាតស្អំ​ទៅតាម​នីតិវិធី​ច្បាប់៖ «ជំហរ​របស់​យើង​គឺ​យើង​ពិនិត្យមើល​តាម​នីតិវិធី​ក្នុង​ករណី​ដែល​ឯកសារ​ដែល​មិន​ត្រូវ​តាម​បែបបទ​ច្បាប់​បែប​នេះ វា​មាន​កំហុស​នីតិវិធី ហើយ​កំហុស​នីតិវិធី​វា​នាំ ទៅ​រក​ការលើកលែង​ការចោទប្រកាន់។ ដំណើរ​វា​គឺ​អ៊ីចឹង តែ​យើង​មិនទាន់​បាន​ធ្វើ​វា​នៅឡើយ​ទេ។ យើង​កំពុង​និយាយ​ឯកសារ​ដែល​មាន​ភាព​មិន​ប្រក្រតី​សិន បាន​យើង​ឈាន​ទៅ​រក​ធ្វើ​អី​ទៀត​។ យើង​យក​តែ​ឯកសារ​ក្នុង​សំណុំរឿង​មក​ដេញដោល​ពិភាក្សា​បាន​ហើយ កុំ​យក​ឯកសារ​ណា​ដែល​អត់​មាន​ក្នុង​សំណុំរឿង ហើយ​ឥឡូវ​គាត់​យក​ឯកសារ​ដែល​អត់​មាន​ក្នុង​សំណុំរឿង​យក​មក​ដេញដោល គឺ​យើង​ទទួលយក​អត់​បានទេ​។​បើ​គាត់​ថា មាន​គឺ​មាន​ក្នុង​ដៃ​គាត់ តែ​យើង​អត់​មាន។ វា​អត់​មាននៅ​ក្នុង​សំណុំរឿង​បញ្ជូន​មក​ជំនុំជម្រះ​ទៀត ហើយ​ឥឡូវ​គាត់​ទើប​យក​មករក​ក្រោយ​បណ្តើៗ​មក គឺ​យើង​ទទួលយក​អត់​បានទេ»

រីឯ​អ្នកនាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា ដែល​ចូល​តាម​សវនាការ​នេះ ទទួល​ស្គាល់​ថា រឿង​ខ្លះ គឺជា​កំហុស​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ដោយសារតែ​មិនបាន​ផ្តល់ ឱកាស​ស្មើភាព​គ្នា​ដល់​ភាគី​ទាំងសងខាង​។ លោក​សង្កេត​ឃើញ​ថា ប្រធាន​ក្រុមប្រឹក្សា តែងតែ​យល់ស្រប និង​ផ្តល់​ឱកាស​ច្រើន​ដល់​តំណាង​អយ្យការ និង​មេធាវី​រដ្ឋាភិបាល ដូច្នេះ​ហាក់ដូចជា ដាក់​សម្ពាធ​ទៅលើ​ក្រុម​មេធាវី​លោក កឹម សុខា​។ ម្យ៉ាង​វិញ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ យល់ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ គួរតែ​ព្យាយាម​សម្របសម្រួល​កុំ​ឱ្យ​មាន​ការ​ប្រើប្រាស់​ពាក្យ​សម្តី​ដែល នាំ​ឱ្យ​មាន​ភាព​តានតឹង​ក្នុង​បន្ទប់​សវនាការ៖ «មួយវិញទៀត​នោះ មិន​គួរ​ណា​ចៅក្រម​ចេះតែ​កាត់ ហើយ​យល់ថា អ្វី​ដែល​ជា​បំណង​មេធាវី​លោក កឹម សុខា ចង់​លើកឡើង គឺជា​រឿង​ដដែល ទាំង​ដែល​ពួកគាត់ មិន​ទាន់​បាន​លើកឡើង​ក្នុង​រយៈពេល​មុន​នឹង​ការ​ដែល​ពួកគាត់​ដើរចេញ​នោះ​ទេ គួរតែ​ផ្តល់​ឱកាស​ឱ្យ​គាត់​លើកឡើង​មើល​ថា តើ​គាត់​មាន​ចំណុច​អី​លើកឡើង ដើម្បី​បញ្ជាក់​មុន​ធ្វើការ​ផ្ទៀងផ្ទាត់ ឯកសារ​ដើម​ដែល​យក​ពី​ចៅក្រម​ស៊ើបសួរ​នឹង។ មិន​គួរ​ណា លោក​ធ្វើការ​បុរេ​វិនិច្ឆ័យ​ដែល​ជា​អ្វី​មុន​ការ​លើកឡើង​របស់​មេធាវី​លោក កឹម សុខា នោះ​ទេ។ នេះ​ហើយ​ដែល​ជា​ហេតុផល​ធ្វើ​ឱ្យ​ស្ថានភាព ក្នុង​សវនាការ​តានតឹង​រហូត​ដល់​មេធាវី​ការពារ​ក្តី​ដើរចេញ»

សវនាការ​របស់​លោក កឹម សុខា នេះ មានការ​ចូលរួម​តាមដាន​ដោយ​មន្ត្រី​ទូត​របស់​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប បារាំង ជប៉ុន និង​មន្ត្រី​របស់​អង្គការសហប្រជាជាតិ ព្រមទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក្នុង​ប្រទេស​កម្ពុ​ជាមួយ​ចំនួន​ទៀត។

បរិយាកាស​នៅ​ខាងក្រៅ​តុលាការ​វិញ ពុំ​សូវ​មាន​អ្នកគាំទ្រ​លោក កឹម សុខា នោះ​ទេ ប៉ុន្តែ​កងកម្លាំង​សមត្ថកិច្ច​ជាច្រើន​ប្រដាប់​ដោយ​កាំភ្លើង ត្រូវ​បាន​ដាក់​ពង្រាយ​ខាងមុខ​តុលាការ។

សវនាការ​ក្នុង​ថ្ងៃ​ទី​២ នៃ​សប្ដាហ៍​ទី​៥​នេះ ត្រូវ​បាន​បញ្ចប់​ត្រឹម​ម៉ោងជាង ១០​ព្រឹក ។ ប្រធាន​ក្រុមប្រឹក្សា ជំនុំជម្រះ លោក កូយ សៅ ប្រកាស​ឱ្យ​ដឹង​ដែរ​ថា នៅ​សប្ដាហ៍​ក្រោយនេះ ពុំ​មាន​សវនាការ​ទេ ដោយ​ត្រូវ​លើក​ទៅ​សប្ដាហ៍​បន្ទាប់​មួយទៀត គឺ​នៅ​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​។ ការ​ខកខាន​សវនាការ មួយ​សប្ដាហ៍​នេះ ដើម្បី​ទុក​ពេល​ឱ្យ​ក្រុម​មេធាវី​លោក កឹម សុខា ថតចម្លង​ឯកសារ និង​ផ្ទៀងផ្ទាត់​ឱ្យ​គ្រប់​ទាំងអស់ ដើម្បី​កុំ​ឱ្យ​សវនាការ​លើក​ក្រោយ បន្ត​ប្រកែក​គ្នា​ពី​រឿង​ឯកសារ​ដដែលៗ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល