តុលាការ​សម្រេច​ខ្លួន​អ្នក​កាសែត​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ម្នាក់​ទៀត​ពី​បទ​ញុះញង់

ដោយ ហេង រស្មី
2020-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង
សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង
Photo: RFA

សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​ដីកា​ឃុំខ្លួន ម្ចាស់​ស្ថានីយ​វិទ្យុ​អេហ្វ អឹម ៩៩.៧៥ (FM 99.75 Mhz) និង​ម្ចាស់​គេហទំព័រ​ហ្វេសប៊ុក «រិទ្ធិសែន» លោក សុខ ឧត្តម ពី​បទចោទ​ប្រកាន់​ថា «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។

ភរិយា​លោក សុខ ឧត្តម លោកស្រី នុត ចន្ធូរ ប្រាប់​អាស៊ីសេរី​ថា ការ​ឃុំខ្លួន​នេះ ជា​អំពើ​អយុត្តិធម៌ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ករណី​នេះ​ឡើងវិញ ដោយសារតែ​ស្វាមី​លោកស្រី​បាន​ចុះ​ទៅយក​ព័ត៌មាន​តាម​ការស្នើសុំ​ពី​ប្រជាពលរដ្ឋ​ចំនួន​ជាង ១០០​គ្រួសារ ឱ្យ​ចុះ​ទៅយក​ព័ត៌មាន​រឿង​ទំនាស់​ដីធ្លី​ជាង​៩០​ហិកតារ ជាមួយនឹង​មន្ត្រី​យោធា​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់ ជាប់​ព្រំដែន​ខេត្តកំពង់ស្ពឺ​និង​ខេត្ត​កំពង់ឆ្នាំង

លោក សុខ ឧត្តម ត្រូវ​បានអាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ចាប់ខ្លួន​ចេញ​ពី​ផ្ទះរបស់​លោក កាល​ពី​ថ្ងៃទី​១៣ ឧសភា​ក្រោយពី​លោក​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​គេហទំព័រ​ហ្វេសប៊ុក «រិទ្ធិសែន» កាល​ពី​ថ្ងៃ​ទី១២ ឧសភា អំពី​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​និង​មន្ត្រី​យោធា។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមឃឿន មាន​ប្រសាសន៍​ថា លោក សុខ ឧត្តម បាន​ធ្វើ​ខុស​តួនាទី​ជា​អ្នកកាសែត ទៅ​បំផុស​ប្រជាពលរដ្ឋ​ឱ្យ​ប្រឆាំង​ជាមួយ​នឹង​អាជ្ញាធរ។ លោក​និយាយថា ការ​ចាប់ខ្លួន​នេះ​មិនមែន​ជា​ការរំលោភ​ទៅ​លើ​សេរីភាព​សារព័ត៌មាន​ទេ តែ​វា​គឺជា​ការអនុវត្ត​ច្បាប់​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាងណាក៏ដោយ ប្រធាន​ក្រុមប្រឹក្សាភិបាល សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ណុប វី បាន​ហៅ​ការចាប់ខ្លួន​នេះ​ថា បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន។ លោក​បញ្ជាក់​ថា តុលាការ​គួរតែ​ពិចារណា​ដោះលែង​លោក សុខ ឧត្តម ឱ្យ​មាន​សេរីភាព​វិញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល