ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កោះកុង សម្រេច​ដាក់​តំណាង​សហគមន៍​​មាន​ជម្លោះ​ដីធ្លី ២នាក់ ឱ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​​របស់​តុលាការ ក្រោយ​ចូល​បំភ្លឺ

ដោយ ទីន ហ្សាការីយ៉ា
2020-11-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ផាវ ញ៉ើង តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី ក្រុម១៧៥ នៃ​ឃុំ​ជីខ​លើ ស្រុក​ស្រែ​អំបិល ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្ត​កោះកុង សម្រេច​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ នៅ​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២០។
លោកស្រី ផាវ ញ៉ើង តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី ក្រុម១៧៥ នៃ​ឃុំ​ជីខ​លើ ស្រុក​ស្រែ​អំបិល ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្ត​កោះកុង សម្រេច​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ នៅ​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី ចំនួន ៣នាក់​ទៀត បាន​បន្ត​ចូល​បំភ្លឺ នៅ​សាលា​ដំបូង​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី១៨ វិច្ឆិកា ពាក់ព័ន្ធ​នឹង​រឿង​ញុះញង់ និង​បរិហារកេរ្តិ៍។ ចៅក្រម​ស៊ើបសួរ បាន​សម្រេច​បង្គាប់​ឲ្យ​តំណាង​សហគមន៍ ២នាក់ ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ អ្នក​ឃ្លាំមើល​សិទ្ធិ​ដីធ្លី​ ហៅ​ការ​សម្រេច​នេះ​ថា ជា​ការ​គាប​សង្កត់​សិទ្ធិ និង​បំភ័យ​ពលរដ្ឋ កុំ​ឲ្យ​ហ៊ាន​​តវ៉ា​ទាមទារ​ដីធ្លី។

តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី ក្រុម១៧៥ នៃ​ឃុំ​ជីខ​លើ ស្រុក​ស្រែ​អំបិល​​​ លោកស្រី ផាវ ញ៉ើង ឲ្យ​ដឹង​ថា លោកស្រី សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​​នេះ ដោយ​ចាត់​ទុក​ថា​​ជា​ ការ​បំបាក់​ស្មារតី​លោកស្រី និង​ពលរដ្ឋ​ក្នុង​សហគមន៍ មិន​ឲ្យ​ហ៊ាន​ចេញ​តវ៉ា​ទាមទារ​ដីធ្លី​របស់​ខ្លួន​ត​ទៅ​ទៀត។

ទោះ​ជា​យ៉ាង​ណា លោកស្រី​បញ្ជាក់​ថា លោក​ស្រី​នឹង​អនុវត្ត​តាម​ការ​បង្គាប់​របស់​ចៅក្រម​ស៊ើបសួរ ដោយ​បង្ហាញ​ខ្លួន នៅ​ប៉ុស្តិ៍​ប៉ូលិស​រាល់​ខែ​តាម​ការ​កំណត់ ព្រោះ​គ្មាន​ជម្រើស។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោកស្រី​ប្រកាន់​ជំហរ​នៅ​តែ​ចេញ​តវ៉ា​ជាមួយ​ពលរដ្ឋ នៅ​ក្នុង​សហគមន៍​ដដែល ដោយ​មិន​ខ្លាច​ការ​ចាប់​ខ្លួន​ឡើយ ព្រោះ​លោកស្រី​អះអាង​ថា ការ​ទាមទារ គឺ​ស្រប​ច្បាប់ និង​មិន​មែន​ជា​ការ​ធ្វើ​សង្គ្រាម ឬ​​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «នេះ​គឺ​ជា​ការ​គំរាម​កំហែង​ បំបាក់​ស្មារតី​ខ្ញុំ។ តែ​ទោះ​ជា​យ៉ាង​ណា ក៏​ខ្ញុំ​នៅ​តែ​តស៊ូ ទាមទារ​រក​ដំណោះស្រាយ​ដី​ខ្ញុំ ដែល​ខ្ញុំ​អត់​អាច​ផ្អាក​បាន​ទេ។ អត់​អាច​ឈប់​បាន​ទេ ព្រោះ​ដី​ ផ្ទះ​ខ្ញុំ អត់​ទាន់​បាន​លទ្ធផល​ផង​ហ្នឹង»

ចៅក្រម​ស៊ើបសួរ នៃ​សាលា​ដំបូង​ខេត្ត​កោះកុង លោក ឡោ ក្រឹម នៅ​ថ្ងៃ​ទី១៨ វិច្ឆិកា បាន​​សម្រេច​​ឲ្យ ​​លោកស្រី ផាវ ញ៉ើង និង លោកស្រី សេង លីន ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ក្រោម​បទ​ចោទ​បរិហារកេរ្តិ៍​ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ដោយ​សារ​ពួក​លោក​ស្រី បាន​ដឹក​នាំ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី តវ៉ា នៅ​មុខ​ក្រសួង​ដែន​ដី ​កាល​ពី​​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ ស្នើសុំ​ឱ្យ​ក្រសួង​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី។ លោក ឡោ ក្រឹម បាន​លើក​លែង​ការ​ចោទ​ប្រកាន់ ​លើ​តំណាង​សហគមន៍​ម្នាក់ គឺ​លោកស្រី ផុន ខន។

ចៅក្រម ដែល​ទើប​បញ្ចប់​កម្ម​សិក្សា និង​បាន​ចូល​កាន់​តំណែង​ថ្មីថ្មោង​រូប​នេះ ក៏​បាន​សម្រេច​ឲ្យ​តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី ចំនួន ១០នាក់ នៅ​ក្នុង​សហគមន៍​១៩៧ នៅ​ឃុំ​ជីខ​លើ មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ឯកជន ហេង ហ៊ុយ អេហ្គ្រីខាលឆ័រ គ្រុប (Heng Huy Agriculture Group) ដែល​ចូល​បំភ្លឺ កាល​ពី​ថ្ងៃ​ទី១២ និង​ថ្ងៃ​ទី១៧ វិច្ឆិកា ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ តាម​ផ្លូវ​តុលាការ​ផង​ដែរ។

ក្នុង​ដំណើរ​ការ​ស៊ើបសួរ​លើ​តំណាង​សហគមន៍​ទាំង ១៣នាក់ រយៈ​ពេល ៣ថ្ងៃ គឺ​ថ្ងៃ​ទី១២ ទី១៧ ទី១៨ នោះ ពលរដ្ឋ​ជា​ច្រើន​រយ​នាក់ បាន​ប្រមូល​ផ្គុំ​គ្នា​តវ៉ា​ នៅ​ខាង​មុខ​​តុលាការ​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ មក​បំភិត​បំភ័យ​ពលរដ្ឋ។

ជុំវិញ​ករណី​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ និង​ជា​អនុ​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង​ខេត្ត​កោះកុង លោក ឈិន ឡុង បាន​ទេ នៅ​ថ្ងៃ​ទី១៨ វិច្ឆិកា ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត យល់​ថា ចៅក្រម​មិន​គួរ​កោះហៅ និង​បំភ័យ​ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី តាម​ប្រព័ន្ធ​តុលាការ​​ឡើយ។ លោក​ថា ការ​សម្រេច​ចោទ​ប្រកាន់​ទាំង​ឡាយ​លើ​ពលរដ្ឋ​តវ៉ា​ទាមទារ​ដីធ្លី គឺ​ជា​គំរាម​កំហែង និង​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ។

អ្នក​ឃ្លាំមើល​សិទ្ធិ​ដីធ្លី​រូប​នេះ អះអាង​ថា ការ​បំភ័យ ឬ​ការ​ប្រើប្រាស់​ផ្លូវ​តុលាការ មិន​អាច​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នេះ​បាន​ទេ ដូច្នេះ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ ចុះ​ដោះ​ស្រាយ​ឲ្យ​ពលរដ្ឋ ជា​ជាង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ឬ​ការ​បំភ័យ​ពលរដ្ឋ៖ «ខ្ញុំ​ទៅ​ដល់​ផ្ទាល់ គឺ​ថា អំពៅ​អ្វី​ហ្នឹង មាន​​ខ្វិត កន្ទួត (ដី​មាន​ជម្លោះ) អត់​មាន​ធ្វើ​អ្វី​ទេ នៅ​វាល​ វាល​ល្ហល្ហេវ ក្នុង​ព្រៃ​ភ្នំ​តែ​ម្ដង។ ពី​ដើម​ មាន​ព្រៃ​ហ្នឹង ជា​ព្រៃ​ចម្ការ​របស់​ប្រជាពលរដ្ឋ។ ប៉ុន្តែ​ឥឡូវ​ហ្នឹង ទៅ​ជា​​វាល​ល្ហល្ហេវ អត់​មាន​ព្រៃ​​ទេ។ ដល់​អ៊ីចឹង ហេតុអ្វី​ត្រូវ​ទុក​ដី​ហ្នឹង​ធ្វើ​អ្វី បាន​ជា​មិន​​ដោះស្រាយ​ឲ្យ​ពលរដ្ឋ។ អ៊ីចឹង បើ​ដោះស្រាយ​ឲ្យ​ពួកគាត់​ឲ្យ​ចប់​ទៅ ពួក​គាត់​មាន​ចង់​ចំណាយ​ពេល ដើរ​ទាមទារ​តវ៉ា​អ្វី​ដល់​សព្វ​ថ្ងៃ ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​បទ​ព្រហ្ម​ទណ្ឌ​ ជាប់​ពន្ធនាគារ​អ្វី គាត់​អត់​ចង់​អ៊ីចឹង​ទេ»

ក្រុម​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ទទូច​ដល់​អាជ្ញាធរ​ឱ្យ​ចុះ​ទៅ​សិក្សា​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នេះ​ឲ្យ​បាន​លឿន បើ​ពុំ​ដូច្នោះ​ទេ ​ពួកគេ​​នឹង​នាំ​គ្នា​ចេញ​តវ៉ា​ទៀត ​លុះ​ត្រា​មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល