តុលាការ​ខេត្ត​កោះកុង​ឃុំ​ខ្លួន​ពលរដ្ឋ​ម្នាក់​ដែល​សមត្ថកិច្ច​ចោទ​ពី​រឿង​កាប់​រាន​ដី​ព្រៃ​អភិរក្ស

ដោយ ថន ថារ៉ូ
2019-08-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ ១រយនាក់ ទាមទារ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ដោះ​លែង​លោក ចេត ប៊ុន ដោយ​ឥត​លក្ខខណ្ឌ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ថា​បាន​កាប់​រាន​ដី​ព្រៃ ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។
ពលរដ្ឋ ១រយនាក់ ទាមទារ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ដោះ​លែង​លោក ចេត ប៊ុន ដោយ​ឥត​លក្ខខណ្ឌ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ថា​បាន​កាប់​រាន​ដី​ព្រៃ ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។
Photo credit: សហគមន៍​ដីធ្លី

តុលាការ​ខេត្ត​កោះកុង សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​វ័យ​៦៤​ឆ្នាំ ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ចាប់ខ្លួន​គាត់​ដល់​ផ្ទះ​ដោយ​ចោទប្រកាន់​ពី​បទ កាប់​រាន​ដី​ព្រៃ​ខុសច្បាប់​។ សាច់​ញាតិ និង​អង្គការ​សង្គម​ស៊ីវិល ស្នើ​ដល់​តុលាការ​ពិនិត្យ​រឿង​នេះ​ឡើងវិញ និង​អនុញ្ញាត​ឱ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ ជួបជុំ​គ្រួសារ និង​ព្យាបាល​ជំងឺ​ប្រចាំ​កាយ។

សាលាដំបូង​ខេត្ត​កោះកុង បង្គាប់​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោក ចេត ប៊ុន ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​គាត់ ដោយ​គ្មាន​មេធាវី​ការពារ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​តុលាការ​ខេត្ត​កោះកុង លោក អ៊ុន សុវណ្ណធានី អំពី​បទ​ចោទ​លោក ចេត ប៊ុន តាម​ទូរស័ព្ទ​ជាច្រើន​ដង តែ​គ្មាន​អ្នកទទួល។

ប៉ុន្តែ នៅ​ក្នុង​លិខិត​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង ចុះ​ថ្ងៃ​ទី​១១ សីហា សរសេរ​ថា សកម្មភាព​របស់​លោក ចេត ប៊ុន គឺ​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ មាត្រា​៦១ ទាក់ទង​នឹង​សកម្មភាព កាប់​គាស់ រុករាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ យក​ទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

ក្រោយ​ពី​ដឹង​ថា ឪពុក​ត្រូវ​បាន​គេ​ឃុំខ្លួន លោកស្រី ប៊ុន ហៀង ដែល​ត្រូវជា​កូនស្រី​បង្កើត​របស់​លោក ចេត ប៊ុន ឱ្យ​ដឹង​ថា លោកស្រី​ដាក់ពាក្យ​ទៅ​តុលាការ​ខេត្ត​កោះកុង ស្នើសុំ​ឱ្យ​ដោះលែង​ឪពុក នៅ​ក្រៅ​បណ្ដោះអាសន្ន ដើម្បី​ព្យាបាល​ជំងឺ​។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណាមួយ ពី​ខាង​រដ្ឋបាល​តុលាការ​ខេត្ត​កោះកុង​នៅឡើយ។

លោកស្រី ប៊ុន ហៀង ដែល​ទៅ​ជួប​លោក ចេត ប៊ុន នៅ​ក្នុង​ពន្ធនាគារ នៅ​រសៀល​ថ្ងៃ​ទី​១៣ សីហា រៀបរាប់​ថា ឪពុក​មានការ​ថមថយ​កម្លាំង​ជាច្រើន និង​ជំងឺ​ឫសដូងបាត​បាន​រើ​ឡើងវិញ ដោយ​សារ​មិន​បាន​ហូប​ថ្នាំ​ទៀងទាត់។ លោកស្រី ប៊ុន ហៀង ស្នើ​ដល់​តុលាការ និង​អាជ្ញាធរ​ទាំងអស់​ដោះលែង ឪពុក​គាត់​ឱ្យ​មាន​សេរីភាព ដើម្បី​បាន​ទៅ​ជួបជុំ​គ្រួសារ និង​ព្យាបាល​ជំងឺ៖ «ខ្ញុំ​សូម​សំណូមពរ​ឱ្យ​តុលាការ​ជួយ​ដោះលែង​ឪពុក​ខ្ញុំ ចេញពី​ឃុំឃាំង​ផង ព្រោះ​អី​គាត់​មាន​ជំងឺ ត្រូវការ​លេប​ថ្នាំ ឫសដូងបាត​ប្រចាំថ្ងៃ។ ហើយ​ឥឡូវ​គាត់​មាន​ជំងឺ​មួយទៀត គឺ​គាត់​ឈឺ​ពេញ​ខ្លួន​ទាំងអស់​។ សូម្បីតែ​និយាយ​ជាមួយ​កូន​ក៏​និយាយ​អត់​រួច​ដែរ។ សូម​តុលាការ​ជួយ​ដោះលែង​ឪពុក​ខ្ញុំ ឱ្យ​បាន​មក​ហូប​ថ្នាំ​ហូប​អី​វិញ​ផង»

អ្នក​សម្របសម្រួល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កោះកុង លោក មាន ព្រហ្មមុនី យល់​ថា ការ​សម្រេច​ឃុំខ្លួន​លោក ចេត ប៊ុន ដោយ​មិន​បាន​ចុះទៅ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​ជាមុន គឺជា​រឿង​អយុត្តិធម៌។ លោក មាន ព្រហ្មមុនី ស្នើសុំ​តុលាការ​ពិនិត្យមើល​រឿង​នេះ​ឡើង​វិញ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​លោក ចេត ប៊ុន ដែល​ជា​ពលរដ្ឋ​ក្រីក្រ៖ «យើង​សង្កេតមើល​គាត់ គាត់​មាន​កម្លាំង​ឯណា​ទៅ​កាប់​ដី រាន​ដី​ព្រៃ​បាន​ទៅដល់ ០,៣៥ ហិកតារ​នោះ​។ យើង​គិត​ថា គាត់​មិន​អាច​ទេ គាត់​កម្លាំង​អ៊ីចឹង។ ទី​២ គាត់​អ្នកក្រ​ណាស់ គាត់​រកតែ​ផ្ទះ​នៅ​មិន​បាន​ផង។ គាត់​ក្រីក្រ គាត់​មាន​លុយ​ពី​ណា​ទៅ​ជួល ទៅ​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​នោះ​។ ហើយ​មិន​ដឹង​ពី​ណា​កាប់​ផង ហើយ​គាត់​បដិសេធ​។ យើង​មើល​ទៅ​សភាព​គាត់ គាត់​ឈឺ​ទៀត​។ សុខភាព​របស់​គាត់​មិន​រឹងមាំ មិនល្អ​មាន​ជំងឺ​ប្រចាំ​កាយ»

កាល​ពី​ថ្ងៃ​ទី​១១ សីហា អាជ្ញាធរ​ដែល​មាន​កម្លាំង​ចម្រុះ​ប្រដាប់​ដោយ​កាំភ្លើង បាន​ទៅ​ចាប់ខ្លួន​លោក ចេត ប៊ុន នៅ​ពេល​ដែល​គាត់​កំពុង​ដាំ​ទឹក​ឆុង​កាហ្វេ​នៅផ្ទះ ដោយ​គ្មាន​បង្ហាញ​ដីកា​ចាប់ខ្លួន ឱ្យ​ក្រុម​គ្រួសារ​បាន​ដឹង​នោះ​ទេ។ ចំណែក​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង អះអាង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ការ​ចាប់ខ្លួន​លោក ចេត ប៊ុន ដោយសារតែ​គាត់​នៅតែ​បន្ត​សកម្មភាព កាប់​គាស់ រុករាន និង​ឈូស​ឆាយ​ដី​ព្រៃ​អភិរក្ស​ទំហំ ៣៥​អារ យក​ដី​ធ្វើជា​កម្មសិទ្ធិ​។ ប៉ុន្តែ​ខាង​ក្រុម​គ្រួសារ អះអាង​ថា ពួកគាត់​បាន​រស់​នៅ​លើ​ដីធ្លី ចាប់​តាំង​ពី​បែក​សម័យ​ខ្មែរក្រហម និង​បាន​បង្ក​បង្កើនផល​យូរ​ឆ្នាំ​មក​ហើយ។

ក្រុម​គ្រួសារ​លោក ចេត ប៊ុន ស្នើ​សុំ​តុលាការ​ខេត្ត​កោះកុង អនុញ្ញាត​ដោះលែង​គាត់​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ខណៈ​ដែល​ជំងឺ​ឫសដូងបាត​របស់​គាត់​ត្រូវការ​ផឹក​ថ្នាំ​ជាប្រចាំ​ថ្ងៃ ហើយ​វ័យ​ក៏​កាន់តែ​ចាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល