មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​មាន​តម្លាភាព​ក្នុង​យុទ្ធនាការ​ដោះលែង​អ្នក​ទោស​ចេញ​ពី​ពន្ធនាគារ

ដោយ ម៉ៅ សុធានី
2020-05-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
RFA

មន្ត្រី​សង្គម​ស៊ីវិល​ស្វាគមន៍​ចំពោះ​យុទ្ធនាការ​ដោះលែង​អ្នក​ជាប់ឃុំ​ដ៏​ច្រើន ដើម្បី​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​សកល​នៃ​ជំងឺ​កូវីដ-១៩ (Covid-19)

ការ​សាទរ​នេះ ធ្វើឡើង​ក្រោយ​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ប្រកាស​កាលពី​ថ្ងៃ​ទី២៧ ខែ​ឧសភា ថា ក្នុង​យុទ្ធនាការ​នេះ នឹង​អាច​ដោះលែង​អ្នក​ជាប់ឃុំ​ប្រមាណ​ជាង ១​ម៉ឺន​នាក់ ដែល​ភាគច្រើន​ពួកគេ​ជាប់​បទល្មើស​កម្រិត​ស្រាល និង​អ្នក​បាន​អនុវត្ត​ទោស​ជិត​ចប់​ហើយ។

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ស្នើ​សុំ​ឱ្យ​ការ​ដោះលែង​អ្នក​ជាប់ឃុំ​ដ៏​ច្រើន​ជា​លើកដំបូង​នេះ ធ្វើ​ឡើង ចំពោះ​ពលរដ្ឋ​ទូទៅ ដោយ​តម្លាភាព និង​ដោយ​គ្មាន​ការ​ប្រកាន់​ពី​និន្នាការ​នយោបាយ។

នាយករង​ទទួលបន្ទុក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី២៨ ខែ​ឧសភា ថា លោក​សាទរ​ចំពោះ​យុទ្ធនាការ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​របស់​អ្នក​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ ពីព្រោះ​អង្គការ តែងតែ​ស្នើសុំ​ឱ្យ​ពិចារណា ដោះលែង​អ្នក​ជាប់ឃុំ​បទល្មើស​កម្រិត​ស្រាល និង​ដែល​អនុវត្ត​ទោស​បាន ២ ភាគ ៣ រួចហើយ ក្រោយពី​ពួកគេ​បាន​ធ្វើ​ការ​កែប្រែ​ខ្លួន នៅ​ក្នុង​ពន្ធនាគារ៖ «យើង​នៅតែ​មាន​សង្ឃឹម​ថា ប្រសិន​ការ​ដោះលែង​ធ្វើឡើង​តាម​បែប​បទ​នេះ​មែន គួរតែ​កុំ​រើសអើង​នយោបាយ ធ្វើ​ម៉េច​ការ​ដោះលែង​នេះ​គឺ​ធ្វើ​តម្លាភាព​ដូចគ្នា ព្រោះ​គាត់​ជា​ពលរដ្ឋ​ខ្មែរ​ដូចគ្នា។ ប្រសិនបើ​បទល្មើស​ត្រូវ​ការ​អាច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បាន ឬ​កាត់​តម្រឹម ឬ​អ្នក​ត្រូវ​ជិត​ផុត​ទោស​ហើយ គាត់​អាច​កែប្រែ​ខ្លួន​បាន ទៅ​តាម​បទដ្ឋាន​នៃ​ច្បាប់​ហើយ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លាភាព​ផង​ដែរ»

កាល​ពី​ថ្ងៃ​ទី២៧ ខែ​ឧសភា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឆ្នាំ ២០១៩ និង​ទិសដៅ​សម្រាប់​ឆ្នាំ២០២០ ថា រដ្ឋាភិបាល កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ដែល​ជា​បន្ទុក​ធ្ងន់ធ្ងរ​របស់​រដ្ឋ ក្នុង​ការ​ចំណាយ​ថវិកា​ដ៏​ច្រើន ដើម្បី​ផ្គត់ផ្គង់​ដល់​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទាំងនោះ​។ លោក ស ខេង ក៏បាន​លើកឡើង​ពី​ក្តី​បារម្ភ ក្នុង​ការ​ទប់ស្កាត់ ប្រសិនបើ មានការ​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ពន្ធនាគារ​ផង​ដែរ។

លោក ស ខេង មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ដោះលែង​អ្នក​ជាប់ឃុំ​នេះ អាច​នឹង​​មាន​ចំនួន​ប្រមាណ ១​ម៉ឺន​នាក់ ដែល​ជា​បទល្មើស​ស្រាល ហើយ​ពួកគេ​អនុវត្ត​ទោស​បាន​ជិត​ចប់​ហើយ។ ប៉ុន្តែ​លោក​ថា ប្រសិនបើ​អ្នក​ដោះលែង​ទាំងនោះ នៅតែ​បន្ត​ប្រព្រឹត្ត​បទល្មើស​ទៀត នោះ​សមត្ថកិច្ច​នឹង​ចាប់​ពួកគេ យក​មក​ទុក​ក្នុង​ពន្ធនាគារ​វិញ៖ «ប្រហែលជា​តុលាការ​អាច​ដោះលែង បទល្មើស​ស្រាល មិនមែន​ឧក្រិដ្ឋ​ទេ។ ឧទាហរណ៍​យើង​សម្រាល និង​បន្ធូរបន្ថយ បាន​មួយ​ម៉ឺន​នាក់ វា​មិនមែន​ទៅ​តែមួយ​ខេត្ត ឬ​២​ខេត្ត​ទេ គឺ​វា​រាយ​នៅ​គ្រប់កន្លែង​តាម​ខេត្ត​ច្រើន​។ ដូច្នេះ​យើង​នឹង​ធ្វើ​បញ្ជី​ជាក់លាក់ ដើម្បី​ប្រគល់ ឱ្យ​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ ។ យើង​កំពុង​រក​មធ្យោបាយ​ថែមទៀត ដើម្បី​ជួយ​ដល់​ការគ្រប់គ្រង នៅ​ថ្នាក់​មូលដ្ឋាន គ្រប់គ្រង​បន្ត»

ក្រៅ​តែ​ពី​ការគ្រប់គ្រង​របស់​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ លោក ស ខេង ក៏បាន​ឱ្យ​ដឹង​ផង​ដែរ​ថា រដ្ឋាភិបាល​កំពុង​គិតគូរ​បង្កើត​មជ្ឈមណ្ឌល​នីតិសម្បទា និង​ស្ដារ​សមត្ថភាព​របស់​អ្នកទោស​ទាំងនោះ ដើម្បី​អាច​ឱ្យ​ពួកគេ​រៀន​យក​វិជ្ជា​ជំនាញ​ណាមួយ ដើម្បី​ក្លាយ​ជា​ធនធាន​ដ៏​ល្អ​ក្នុង​សង្គម។

ទោះជា​ក្នុង​ហេតុផល​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ក៏បាន​ប្រាប់​អាស៊ីសេរី កាលពី​យប់មិញ​ដែរ​ថា ចំពោះ​ការ​ដោះលែង​នេះ គឺ​ផ្អែក​ទាំងស្រុង​លើ​មូលដ្ឋាន​ច្បាប់ ទៅលើ​សំណុំរឿង​ព្រហ្មទណ្ឌ​ទូទៅ មិន​សំដៅ​លើ​បុគ្គល​ណា​ឡើយ៖ «មិនមែន​ជា​យុទ្ធនាការ​ដោះលែង​អ្នកទោស​ទេ គឺ​នីតិវិធី​ច្បាប់ គឺ​ពន្លឿន​សំណុំរឿង​ឱ្យ​លឿន​។ កាលណា​សំណុំរឿង​វា​លឿន​ចប់​ឆាប់ គឺជា​គោលការណ៍​ច្បាប់ គឺ​អាច​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​បាន​មួយ​ចំនួន​ដែរ ហើយ​ការ​អនុវត្ត​គឺ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាប់ ជា​ចម្បង មិន​សំខាន់​សកម្មជន ឬ​មិន​សកម្មជន​នោះ​ទេ»

ក្រោយ​ពី​បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ប្រកាស​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​ក្នុង​តុលាការ ជា​ការងារ​អាទិភាព​មួយ ដែល​នឹង​ជួយ​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ ដោយ​ត្រូវ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ឈរ​លើ​មូលដ្ឋាន​ច្បាប់ សុចរិត​ភាព ស្មោះត្រង់ និង​មិន​ពុករលួយ​។ លោក រដ្ឋមន្ត្រី​យុត្តិធម៌​រូប​នេះ សង្កត់ធ្ងន់​ថា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ណាមួយ ដែល​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ឬ​ឆ្លៀតឱកាស​នៃ​យុទ្ធនាការ​នេះ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន នឹង ទទួលខុសត្រូវ​ទាំង​ផ្នែក​វិជ្ជាជីវៈ ទាំង​ផ្នែក​ផ្លូវច្បាប់។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឱ្យ​ដឹង​ថា បច្ចុប្បន្ន សំណុំរឿង​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាលាដំបូង​រាជធានី​ខេត្ត មាន​ចំនួន​ជិត ៤​ម៉ឺន​សំណុំរឿង ក្នុង​នោះ​ជនល្មើស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ល្មើស​គ្រឿងញៀន មាន​ប្រមាណ ២​ម៉ឺន​នាក់​។ ក្នុងចំណោម អ្នក​ជាប់ឃុំ​ប្រមាណ​ជិត ៤​ម៉ឺន​នាក់ (៣៨.០០០) ក្នុង​នោះ​ស្ត្រី​មាន​ជាង ២​ពាន់ ៥​រយ​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល