មនុស្ស​គន្លឹះ​រៀបចំ​ច្បាប់​រំលាយ​បក្ស​ប្រឆាំង​ក្លាយ​ជា​រដ្ឋមន្ត្រី​យុត្តិធម៌

ដោយ ជី វិតា
2020-04-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ថ្លែង​ក្នុងពិធី​ចូល​កាន់​ដំណែង កាល​ពី​ថ្ងៃទី១ មេសា ឆ្នាំ​២០២០។
លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ថ្លែង​ក្នុងពិធី​ចូល​កាន់​ដំណែង កាល​ពី​ថ្ងៃទី១ មេសា ឆ្នាំ​២០២០។
រូប​ហ្វេសប៊ុក លោក ស ខេង

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រុះរើ​គណៈរដ្ឋមន្ត្រី​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ក្រសួង​ចំនួន​៤ ត្រូវ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ថ្មី រួមមាន ក្រសួង​ប្រៃសណីយ៍ ក្រសួង​ធម្មការ និង​សាសនា ក្រសួង​មុខងារ​សាធារណៈ និង​ក្រសួងយុត្តិធម៌​។ ការ​ផ្លាស់ប្ដូរ​ដែល​ទាញ​ការ​ចាប់​អារម្មណ៍​ច្រើន​បំផុត គឺ​ក្រសួងយុត្តិធម៌ ព្រោះ​លោក អង្គ វង្សវឌ្ឍានា ដែល​ជា​រដ្ឋមន្ត្រី​រយៈពេល ១៦​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​ផ្លាស់ប្ដូរ​ឱ្យ​ទៅ​ជា​ទេសរដ្ឋមន្ត្រី ហើយ​ដាក់​ជំនួស​មកវិញ​ដោយ​មន្ត្រី​វ័យ​កណ្ដាល​ម្នាក់​ដែល​ពូកែ​ខាង​ច្បាប់​ព្រហ្មទណ្ឌ គឺ​លោក កើត រិទ្ធ។ តើ​លោក កើត រិទ្ធ ជា​អ្នកណា ហើយ​លោក​មាន​ស្នាដៃ​អ្វីខ្លះ ទើប​ឡើង​តំណែង​លឿន​បែបនេះ?

ក្នុង​វ័យ ៤១ ឆ្នាំ លោក កើត រិទ្ធ បាន​ឡើង​រាសី​សឹង​មិន​គួរ​ឱ្យ​ជឿ​។ លោក​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​នៅ​ចន្លោះ​ឆ្នាំ​២០០៧ ដល់​២០១៣ ជា​រដ្ឋលេខាធិការ​ពី​ឆ្នាំ​២០១៣ ដល់​ដើម​ឆ្នាំ​២០២០ ហើយ​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣០ មីនា ថ្មីៗ​នេះ។

មជ្ឈដ្ឋាន​ខ្លះ​រំពឹង​ថា លោក​អាច​នឹង​ជួយ​ស្រោចស្រង់​ប្រព័ន្ធ​យុត្តិធម៌ ដែល​កំពុង​ទន់ខ្សោយ ព្រោះ​លោក​ជា​បញ្ញវន្ត​វ័យក្មេង​ដែល​មាន​ចំណេះដឹង​ជ្រាលជ្រៅ​ផ្នែក​ច្បាប់​។ ក៏ប៉ុន្តែ សម្រាប់​អ្នក​ដែល​បាន​ដឹង​រឿង​ពីក្រោយ​ឆាក ពួកគេ​គ្មាន​ជំនឿ​អ្វី​បន្តិច​ឡើយ​ចំពោះ​រដ្ឋមន្ត្រី​ថ្មី​រូប​នេះ​។ គ្មាន​ជំនឿ​ដោយសារតែ​លោក កើត រិទ្ធ ជា​មនុស្ស​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន ហើយ​លោក​ធ្លាប់​បាន​រៀបចំ​ច្បាប់​គន្លឹះ​ជាច្រើន​ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​ច្បាប់​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ទទួល​ស្គាល់​ថា លោក កើត រិទ្ធ គឺជា​មនុស្ស​មាន​ចំណេះដឹង​ជ្រាលជ្រៅ​ខាង​ច្បាប់ ប៉ុន្តែ​លោក​ថា បញ្ញវន្ត​រូប​នេះ​បាន​យក​ចំណេះដឹង​របស់​ខ្លួន​ទៅ​បង្កើត​ស្នាដៃ​អាក្រក់​ដ៏​មហិមា គឺ​រៀបចំ​និង​កែប្រែ​ច្បាប់​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «កើត រិទ្ធ គាត់​បាន​ជួយ​លោក ហ៊ុន សែន ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​សម្លាប់​ប្រជាធិបតេយ្យ ហើយ​អ្នកណា​ក៏​ដឹង​ដែរ​ថា លោក កើត រិទ្ធ ហ្នឹង គឺ​បាន​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ប្រព័ន្ធ​តុលាការ​ស្ដាប់​តាម​បង្គាប់បញ្ជា​របស់​អ្នក​នយោបាយ ជួយ​សរសេរ​ច្បាប់​ដើម្បី​បិទបាំង​នូវ​ទង្វើ​នៃ​ការ​ជ្រៀតជ្រែក​ក្នុង​ប្រព័ន្ធ​តុលាការ​ហ្នឹង​។ ខ្ញុំ​ដឹង កាលណា​គាត់​បកស្រាយ​យ៉ាងម៉េច លោក ហ៊ុន សែន ក្តី លោក ស ខេង ក្តី គឺ​តាម​លោក កើត រិទ្ធ ហ្នឹងឯង​។ អ៊ីចឹង ចង់​ចាប់​អ្នក​ណា ចង់​ដោះលែង​អ្នកណា​ហ្នឹង បើកាលណា​លោក កើត រិទ្ធ បង្ហាញ​ទឡ្ហីករណ៍​នានា​ទៅ​លោក ហ៊ុន សែន ទៅ លោក ហ៊ុន សែន ធ្វើតាម​ហើយ»

ច្បាប់​គាបសង្កត់​សិទ្ធិ​សេរីភាព និង​ប្រាសចាក​រដ្ឋធម្មនុញ្ញ

ច្បាប់​សំខាន់ៗ​ដែល​លោក កើត រិទ្ធ បាន​ចូលរួម​តាក់តែង និង​កែប្រែ​នោះ រួមមាន ក្រមព្រហ្មទណ្ឌ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ច្បាប់​៣ ទាក់ទង​នឹង​ការគ្រប់គ្រង​តុលាការ វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ហើយ​សូម្បីតែ​ច្បាប់​ធម្មនុញ្ញ​បន្ថែម និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​ច្រើនដង​កន្លងមក​នោះ ក៏​មាន​ស្នាដៃ​របស់​លោក កើត រិទ្ធ ផង​ដែរ។

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​វាយតម្លៃ​ថា ច្បាប់​ទាំងនេះ​សុទ្ធ​តែ​មាន​ចរិត​គាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ​។ ជា​ឧទាហរណ៍​៖ ច្បាប់​៣ ទាក់ទង​នឹង​ការគ្រប់គ្រង​តុលាការ ដែល​រួមមាន ច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​តុលាការ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា ព្រមទាំង​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បាន​ផ្តល់​អំណាច​យ៉ាង​ច្រើន​លើសលប់​ដល់​ក្រសួង​យុត្តិធម៌ ក្នុង​ការ​ចាត់ចែង និង​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ។

ចំពោះ​ច្បាប់​ធម្មនុញ្ញ​បន្ថែម និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាច្រើនលើក​ច្រើន​សា​នោះ​វិញ បាន​ធ្វើ​ឱ្យ​ច្បាប់​កំពូល​មួយ​នេះ​ចុះ​ទន់ខ្សោយ​ជា​លំដាប់ ហើយ​អំណាច​សភា និង​តុលាការ​កាន់តែ​បាក់​ស្រុត​ចុះ រីឯ​អំណាច​រដ្ឋាភិបាល​កាន់តែ​កើន​ឡើង​។ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច បច្ចុប្បន្ន​ជា​ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា ធ្លាប់​ហៅ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ឆ្នាំ​២០០៤ ដែល​តម្រូវ​ឱ្យ​រដ្ឋសភា​បោះឆ្នោត​ជា​កញ្ចប់​ជ្រើសតាំង​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​នាយករដ្ឋមន្ត្រី​ក្នុង​ពេល​តែមួយ​នោះ​ថា​ជា រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​។​

ដោយឡែក ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​វិញ ត្រូវ​បាន​ក្រុម​អ្នកច្បាប់ និង​អ្នក​ជំនាញ​វាយតម្លៃ​ថា ជា​ច្បាប់​ដ៏​អាក្រក់ បំពាន​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ពី​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដោយសារ​ច្បាប់​នេះ​ធ្វើឡើង​តម្រូវ​តាម​ចិត្ត​មេ​បក្ស​កាន់អំណាច​លោក ហ៊ុន សែន ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បំបិទ​សិទ្ធិ​នយោបាយ​របស់​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស​សង្គ្រោះជាតិ ក្នុង​កិច្ច​ប្រជុំ​នៅ​សហរដ្ឋអាមេរិក ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​នេះ កាល​ពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស​សង្គ្រោះជាតិ ក្នុង​កិច្ច​ប្រជុំ​នៅ​សហរដ្ឋអាមេរិក ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​នេះ កាល​ពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩។ RFA/Sorn Chanratha

លោក អេង ឆៃអ៊ាង អះអាង​ថា សូម្បីតែ​ច្បាប់​អង្គការ​-​សមាគម ច្បាប់​សហជីព និង​សំណុំរឿង​ព្រហ្មទណ្ឌ​ចោទប្រកាន់​មេបក្ស​ប្រឆាំង​លោក កឹម សុខា ក៏​មាន​ការចូលរួម​ពី​លោក កើត រិទ្ធ ផង​ដែរ។ លោក​យល់ថា ដោយសារតែ​ស្នាដៃ​ជួយ​ពង្រឹង​អំណាច​ឱ្យ​លោក ហ៊ុន សែន នេះ​ហើយ ទើប​លោក កើត រិទ្ធ ទទួល​បាន​រង្វាន់​ជាទី​គាប់ចិត្ត​ពី​លោក ហ៊ុន សែន គឺ​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដែល​មាន​សិទ្ធិ​អំណាច​បញ្ជា​ព្រះរាជអាជ្ញា​នៅ​ទូទាំង​ប្រទេស។

លោក អេង ឆៃអ៊ាង ដែល​ធ្លាប់​បាន​ជួប​ប្រជុំ​ញឹកញាប់​ជាមួយ​ក្រុមបច្ចេកទេស​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក កើត រិទ្ធ ជា​សមាជិក ក្នុង​អំឡុង​ជម្លោះ​នយោបាយ​ក្រោយ​ឆ្នាំ​២០១៣​នោះ មាន​ប្រសាសន៍ថា លោក​គ្មាន​ជំនឿ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​ស្រុក​ខ្មែរ​នឹង​ត្រូវ​បាន​លើកស្ទួយ​នោះ​ទេ ផ្ទុយទៅវិញ​វា​អាច​នឹង​កាន់តែ​អាក្រក់​ជាង​មុន នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក កើត រិទ្ធ៖ «អ្វី​ដែល ហ៊ុន សែន ឱ្យ​គាត់​ឡើង​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ហ្នឹង គឺជា​រង្វាន់​សម្រាប់​លោក កើត រិទ្ធ ដែល​បាន​ជួយ​ឱ្យ​របប​គាត់​ហ្នឹង​សម្លាប់​ប្រជាធិបតេយ្យ រំលាយ​គណបក្សប្រឆាំង​ហ្នឹងឯង​។ នេះ​ជា​ការ​ពិត ហើយ​វា​មិនមែន​លោក កើត រិ​ទ្ធ ឡើង​ទៅ​នឹង​ធ្វើ​ឱ្យ​ក្រសួងយុត្តិធម៌ ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ហ្នឹង គឺថា​ឯករាជ្យ គឺ​អត់​មាន​ទេ​។ នេះ​គឺ​ដូច​ជួយ​ឱ្យ ហ៊ុន សែន ដើម្បី​ប្រើប្រាស់​កណ្ដាប់​ដៃ​ដែក​បន្ថែម​ទៀត ដើម្បី​សម្លាប់ កម្ទេច​ប្រជាធិបតេយ្យ​តែម្ដង ហើយ​និង​បន្ត​ការរំលោភ​សិទ្ធិមនុស្ស»

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បកស្រាយ​រឿង​នេះ​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ​។ ទោះជា​យ៉ាងណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាង​ថា ច្បាប់​ទាំងឡាយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នោះ គឺ​អនុលោម​ទៅតាម​បែបបទ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។ លោក​ថា ការ​សន្និដ្ឋាន​ទុកជាមុន​ទៅលើ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី ជា​រឿង​មិន​ត្រឹមត្រូវ៖ «ការវាយតម្លៃ​បែបនេះ គឺជា​ការវាយតម្លៃ​បែប​អគតិ មិន​សម​ហេតុផល ហើយ​គ្មាន​លក្ខណៈ​ជា​វិទ្យាសាស្ត្រ​ទាល់តែសោះ​។ មែនទែន ការរៀបចំ​ច្បាប់​កន្លងមក​ហ្នឹង គឺ​ដើម្បី​ថែរក្សា​សណ្ដាប់ធ្នាប់​សង្គម អ៊ីចឹង​ជន​ណាក៏​ដោយ រួម​ទាំង​សកម្មជន​របស់​បក្ស​សង្គ្រោះជាតិ ឱ្យ​តែ​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់ ប៉ះពាល់​ទៅដល់​ផលប្រយោជន៍​សង្គម សណ្ដាប់ធ្នាប់​សាធារណៈ ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ដូច​ៗ​គ្នា»

ប្រវត្តិ​លោក កើត រិទ្ធ

លោក កើត រិទ្ធ កើត​នៅ​ឆ្នាំ​១៩៧៩ នៅ​ស្រុក​ព្រៃឈ ខេត្ត​កំពង់ចាម​។ លោក​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​គេ​និយម​ហៅថា សាលា​រូល (RULE) នៅ​ក្នុង​ឆ្នាំ​១៩៩៩​។ ក្រោយ​មក លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​បន្ត​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​លីយ៉ុង (Lyon) ប្រទេស​បារាំង រហូតដល់​ឆ្នាំ​២០០២។ នៅ​ប្រទេស​បារាំង លោក​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នីតិឯកជន និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់ព្រហ្មទណ្ឌ និង​វិទ្យាសាស្ត្រ​នៃ​បទឧក្រិដ្ឋ។

លោក កើត រិទ្ធ បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​អំឡុង​ឆ្នាំ​២០០២ និង​បាន​ចាប់ផ្តើម​អាជីព​ជា​សាស្ត្រាចារ្យ​នៅ​សាលា​រូល (RULE) រហូតដល់​ឆ្នាំ​២០១៦​។ លោក​ធ្លាប់​បាន​បម្រើការ​នៅ​ក្រសួង​ចំនួន​៣ រួមមាន ក្រសួង​អប់រំ នៅ​ចន្លោះ​ពី​ឆ្នាំ​២០០៣ ដល់​២០០៥ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ពី​ឆ្នាំ​២០០៥ ដល់​២០១២ និង​លេច​មុខ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្រសួងយុត្តិធម៌​ចាប់ពី​ឆ្នាំ​២០០៧ រហូត​មក​ដល់​បច្ចុប្បន្ន។

លោក កើត រិទ្ធ ជាមួយ​មន្ត្រី​ច្បាប់​ផ្សេងទៀត​បាន​ចូលរួម​រៀបចំ​បង្កើត​ក្រមព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​បច្ចុប្បន្ន ដែល​អ្នកសង្កេតការណ៍​ថា ជា​ច្បាប់​មាន​ចរិត​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ បំភិតបំភ័យ​អ្នកសារព័ត៌មាន និង​គាបសង្កត់​សិទ្ធិ​របស់​ជន​ជាប់ឃុំ​។ ឧទាហរណ៍​៖ នីតិវិធី​ព្រហ្មទណ្ឌ​អន្តរ​កាលសម័យ​អ៊ុនតាក់ កំណត់​ថា ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​យ៉ាងយូរ​បំផុត​ត្រឹម​បួន​ខែ​ទៅ​ប្រាំ​មួយ​ខែ (-) ប៉ុន្តែ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ថ្មី ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​សម្រាប់​បទឧក្រិដ្ឋ​អាច​ឃុំ​បាន​រហូតដល់​១៨​ខែ​ឯណោះ។​មេធាវី​ជើងចាស់​ផ្នែក​សិទ្ធិមនុស្ស លោក សុក សំអឿន ឱ្យ​ដឹង​ថា ច្បាប់​ថ្មី​នេះ​អនុញ្ញាត​ឱ្យ​ចៅក្រម​ស៊ើបសួរ​អូស​បន្លាយ​ការ​ឃុំ​ខ្លួន​យូរ ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​ទទួល​បានការ​កាត់​សេចក្តី​ឆាប់រហ័ស និង​ខាត​បង់លុយ​រដ្ឋ​ក្នុង​ការ​ចិញ្ចឹម​អ្នក​ជាប់ឃុំ៖ «ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នេះ រឹត​បន្តឹង​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ច្រើន ឱ្យ​អំណាច​ទៅ​រដ្ឋ​ច្រើន​។ ទីមួយ ពាក់ព័ន្ធ​នឹង​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ហ្នឹងឯង ដោយសារ​បទឧក្រិដ្ឋ​ពន្លាត​ដល់​១៨ ខែ​។ បើ​យូរ​អ៊ីចឹង​ទៅ វា​ប៉ះពាល់​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ។ ទី​ពីរ បើ​មានការ​ឃុំខ្លួន​យូរ ក្រ​កាត់​ក្តី​អ៊ីចឹង វា​ខាតបង់​ថវិកា​រដ្ឋ​។ បើ​មានការ​កាត់​ក្តី​រហ័ស​ទៅ អាច​នឹង​សម្រេច​បាន​ថា អ្នក​អត់​ទោស​រួចខ្លួន​ទៅ រីឯ​អ្នក​មានទោស​ត្រូវ​ទទួល​ទោស​អ៊ីចឹង​ទៅ អាហ្នឹង​ក៏​វា​អត់​សូវ​ខាត​ថវិកា​រដ្ឋ​ដែរ»

ទំនុក​ចិត្ត​ពី​គណបក្ស​ប្រជាជន​កម្ពុជា

សមាជិក​គណៈអចិន្ត្រៃយ៍ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោក កើត រិទ្ធ ជាម​ន្ត្រី​មាន​សមត្ថភាព​លេចធ្លោ​ផ្នែក​ច្បាប់ និង​ទទួល​បាន​ទំនុក​ចិត្ត​ពី​សំណាក់​ថ្នាក់ដឹកនាំ​ទាំង​នៅ​ក្នុង​ជួរ​បក្ស ទាំង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​។ លោក​បញ្ជាក់​ថា ប្រសិនបើ​លោក កើត រិទ្ធ បំពេញការងារ​បាន​ល្អ​ដូច​ការ​រំពឹង​ទុក នោះ​គាត់​អាច​នឹង​ឡើង​ដល់​តួនាទី​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​ដែល​ជា​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​បក្ស​កាន់អំណាច៖ «ឯកឧត្ដម កើត រិទ្ធ ខ្ញុំ​ធ្លាប់​ធ្វើការ​ជាមួយ​គាត់​ញឹកញាប់​ហើយ ដូច​នៅ​ក្នុង​ការប្រជុំ​តូច ប្រជុំ​ធំ​អ្វី គឺ​គាត់​មាន​សមត្ថភាព​ក្នុង​ការងារ​ផ្លូវច្បាប់​ហ្នឹងឯង​។ អ៊ីចឹង​ទេ គឺថា​វា​ស្រប​ទៅ​តាម​ជំនាញ​របស់​គាត់ បទពិសោធន៍​របស់​គាត់ ហើយ​ជា​មន្ត្រី​ដែល​លេចធ្លោ​នៅ​ក្នុង​ផ្នែក​ច្បាប់​ហ្នឹងឯង បានជា​ទទួល​បានការ​តែងតាំង និង​ចាប់អារម្មណ៍​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ AFP

លោក សុខ ឥសាន បញ្ជាក់​ថា លោក កើត រិទ្ធ ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការរៀបចំ និង​កែសម្រួល​ច្បាប់​ជាច្រើន មាន​ជាអាទិ៍ ក្រមព្រហ្មទណ្ឌ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ច្បាប់​៣​ទាក់ទង​នឹង​ការគ្រប់គ្រង​តុលាការ ច្បាប់​ធម្មនុញ្ញ​បន្ថែម និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ជាដើម​។ លោក​អះអាង​ថា ស្នាដៃ​ទាំងនេះ គឺជា​ការចូលរួម​លើកស្ទួយ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ហើយ​លោក​ចាត់​ទុក​មតិ​រិះគន់​ថា គ្រាន់តែ​ជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ៖ «ជា​សិទ្ធិ​សេរីភាព​នៃ​ការ​យល់ឃើញ​ទេ ក៏ប៉ុន្តែ​ចំពោះ​ប្រជាជន​កម្ពុជា ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ការ​រំពឹង​ទុក។ ការ​ធ្វើ​កំណែ​ទម្រង់ មិនមែន​ធ្វើ​តម្រូវ​ចិត្ត​អ្នកណា ជាពិសេស​តម្រូវ​ចិត្ត​ពួក​ឧទ្ទាម​ក្រៅច្បាប់​ទេ។ គេ​ធ្វើ​តម្រូវ​ចិត្ត​តាម​សភាពការណ៍ តាម​ការ​ជាក់ស្ដែង ជា​សំណូមពរ​របស់​ប្រជាជន​ដែល​ចង់បាន»

តុលាការ​នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន

រដ្ឋសភា​ឯក​បក្ស​បាន​បោះឆ្នោត​ផ្ដល់​សេចក្តី​ទុកចិត្ត​ដល់​លោក កើត រិទ្ធ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០១ មេសា លោក កើត រិទ្ធ បាន​សន្យា​ជា​ឱឡារិក​ថា លោក​នឹង​ប្រឹងប្រែង​លើកកម្ពស់​គុណភាព​យុត្តិធម៌​នៅ​កម្ពុជា៖ «ខ្ញុំ​សូម​ធ្វើការ​ប្តេជ្ញាចិត្ត ពង្រឹង​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ ដើម្បី​ធ្វើជា​ស្នូល​ក្នុង​ការដឹកនាំ​វិស័យ​យុត្តិធម៌ ក៏ដូចជា​ធានា​សាមគ្គីភាព​ផ្ទៃក្នុង ក្នុង​ជួរ​ថ្នាក់ដឹកនាំ​នៃ​វិស័យ​នេះ ដើម្បី​ឱ្យ​មានការ​ចូលរួម​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​បុព្វហេតុ​នៃ​ការងារ​កំណែទម្រង់​។ ពង្រឹង​សុចរិត​ភាព និង​ភាព​ត្រឹមត្រូវ​នៃ​ការអនុវត្ត​ការងារ​របស់​មន្ត្រី​តុលាការ​តាមរយៈ​ការ​ពង្រឹង​វិន័យ និង​សីលធម៌​វិជ្ជាជីវៈ​ក្នុង​វិស័យ​នេះ​សំដៅ​លើកកម្ពស់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​នៃ​អង្គ​តុលាការ​បន្ថែម​ទៀត»

ទោះជា​យ៉ាងណា នាយករង​ទទួលបន្ទុក​តំបន់​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ថា តាម​ពិត​វា​មិន​សំខាន់​ថា តើន​រណា​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ប៉ុន្មាន​នោះ​ទេ ពីព្រោះ​ប្រព័ន្ធ​តុលាការ​នៅ​ស្រុក​ខ្មែរ​ស្ថិត​ក្រោម​ការគ្រប់គ្រង​ផ្ដាច់មុខ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​កាន់អំណាច​ទៅ​ហើយ​។​

លោក ហ្វីល រ៉ូបឺតសុន បន្ត​ថា ការ​លើក​លោក កើត រិ​ទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ប្រៀប​បាន​នឹង​ការ​ចាក់​ស្រា​ចាស់​ចូល​ទៅ​ក្នុង​ដប​ថ្មី យ៉ាង​ដូច្នេះ​ដែរ​។ លោក​ពន្យល់​ថា ដូចគ្នា​នឹង​លោក អង្គ វង្សវឌ្ឍានា ដែរ លោក កើត រិទ្ធ គឺជា​មនុស្ស​ប្ដូរផ្ដាច់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នឹង​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ច្បាប់​គ្រប់​បែប​យ៉ាង​តាមតែ​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​។ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​ថ្លែង​ទៀត​ថា រឿង​ពិត​នោះ​គឺថា លោក កើត រិទ្ធ បាន​ជួយ​តាក់តែង​ច្បាប់​គន្លឹះ​ជាច្រើន​ដែល​រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​របស់​បក្ស​ប្រឆាំង ហើយ​ច្បាប់​ទាំងនោះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើម្បី​បម្រើ​ផលប្រយោជន៍​មេ​បក្ស​កាន់​អំណាច។

ស្នាដៃ​ថ្មី​ចុងក្រោយ

ស្រប​ពេល​នៃ​ការ​ឡើង​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នេះ លោក កើត រិ​ទ្ធ បាន​ផ្តល់​កា​ដូ​ដ៏​ធំ​មួយទៀត​ជូន​លោក ហ៊ុន សែន​។ នោះ​គឺ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​។ រដ្ឋាភិបាល​អះអាង​ថា នេះ​ជា​ច្បាប់​ចាំបាច់​ដើម្បី​គ្រប់គ្រង​ប្រទេស​ក្នុង​ស្ថានភាព​ប្រឈម​គ្រោះថ្នាក់ ហើយ​រដ្ឋាភិបាល​អះអាង​ថា នឹង​យក​ច្បាប់​នេះ​មក​ប្រើ​នៅ​ក្នុង​វិបត្តិ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។

ទោះជា​យ៉ាងណា សេចក្តី​ព្រាងច្បាប់​នោះ បង្ហាញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ទទួល​បាន​នូវ​អំណាច​ដ៏​ច្រើន​លើសលប់ គ្មាន​ដែន​កំណត់ និង​គ្មាន​ការ​ត្រួត​ពិនិត្យ តាមរយៈ​ច្បាប់​នេះ​។ ច្បាប់​នេះ​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​អាច​ដកហូត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដូចជា ការ​ដើរ​ហើរ ការ​ជួបប្រជុំ និង​ការ​ប្រមូលផ្តុំ ជាដើម​។ រដ្ឋាភិបាល​មាន​សិទ្ធិ​ត្រួតពិនិត្យ និង​តាមដាន​គ្មាន​ដែន​កំណត់​ចំពោះ​មធ្យោបាយ​ទំនាក់ទំនង​ទូរគមនាគមន៍​ទាំងអស់ រហូតដល់​អាច​ប្រើ​កងកម្លាំងប្រដាប់អាវុធ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ដែល​ខ្លួន​ចាត់ទុកថា ជា​គ្រោះអាសន្ន។

ទោះជា​យ៉ាងណា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) វាយតម្លៃ​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ ធ្វើឡើង​ក្នុង​បំណង​ជួយ​លោក ហ៊ុន សែន ឱ្យ​គ្រប់គ្រង​ប្រទេស​តាម​បែប​ផ្ដាច់ការ​យូរអង្វែង​តទៅ​ទៀត។

សេណារីយ៉ូ​នយោបាយ

ក្រោយ​លោក ហ៊ុន សែន បើក​យុទ្ធនាការ​បង្ក្រាប​សំឡេង​ប្រឆាំង និង​រម្លាយ​គណបក្ស​សង្រ្គោះជាតិ នៅ​ក្នុង​ឆ្នាំ​២០១៧ សមាជិកសភា​សហរដ្ឋ​អាមេរិក​ជាច្រើន​នាក់​បាន​បង្ខំចិត្ត​រៀបចំ​ច្បាប់​ថ្មី​មួយ​ឈ្មោះ H.R ៥២៦ ដើម្បី​ដាក់ទណ្ឌកម្ម​ក្បាលម៉ាស៊ីន​ដឹកនាំ​របប​ក្រុងភ្នំពេញ​។ បុគ្គល​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​ខ្មៅ​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​នោះ មាន​ចំនួន​១៧ រូប ក្នុង​នោះ ក៏​មាន​លោក កើត រិទ្ធ ម្នាក់​ផង​ដែរ។

កាលនោះ លោក កើត រិ​ទ្ធ មាន​តួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​។ ក្នុង​នាម​ជា​រដ្ឋលេខាធិការ លោក​បាន​ជាប់​ឈ្មោះថា ជា​អ្នកចូលរួម​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ គឺ​លោក អង្គ វង្សវឌ្ឍានា មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​នេះ​ទេ។

អ្នកឃ្លាំមើល​សង្គម​ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ ថ្លែង​ថា ការ​ឡើង​តំណែង​យ៉ាង​ឆាប់រហ័ស​របស់​លោក កើត រិទ្ធ គឺ​ដោយសារ​គាត់​ជា​មនុស្ស​ហ៊ាន​បំប្លែង​ច្បាប់​ពី​ស​ទៅ​ខ្មៅ ពី​ច្បាប់​ដែល​មាន​ចរិត​បម្រើ​ប្រយោជន៍​សាធារណៈ​ទៅជា​ច្បាប់​ដែល​បម្រើ​ប្រយោជន៍​ផ្ដាច់មុខ​របស់​ថ្នាក់​ដឹកនាំ​របប​ក្រុងភ្នំពេញ។

លោក គឹម សុខ ជឿ​ថា ក្នុង​តួនាទី​ដ៏​មានអំណាច​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នេះ លោក កើត រិទ្ធ នឹង​កាន់តែ​ក្លាហាន​ក្នុង​ការ​កាឡៃ​ច្បាប់​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​លោក ហ៊ុន សែន ដែល​បាន​លើក​តម្កើង​គាត់៖ «តើ​យើង​រំពឹង​មនុស្ស​ម្នាក់​ទៅ​ឱ្យ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ជាទី​សង្ឃឹម​សម្រាប់​ប្រទេសជាតិ​យ៉ាង​ដូចម្តេច បើ​អ្នក​ហ្នឹង​ជា​អ្នក​រៀបចំ​ច្បាប់​នានា ដើម្បី​សម្លាប់​ប្រជាធិបតេយ្យ និង​ការ​បញ្ចេញមតិ​នៅ​ប្រទេស​កម្ពុជា​? សង្ឃឹមលើ​មនុស្ស​បែប​ហ្នឹង តើ​ជា​សេចក្ដី​សង្ឃឹម​របៀប​ណា​? ខ្ញុំ​គិត​ថា វា​ជា​សេចក្តី​សង្ឃឹម​បែប​យល់​សប្តិ​ទៅវិញ​ទេ​។ កម្ពុជា​ពី​ពេលនេះ​ទៅ ខ្ញុំ​យល់​ថា ច្បាប់​នឹង​កាន់តែ​តឹងតែង បិទ​សិទ្ធិ​សេរីភាព​អ្នក​ប្រកួតប្រជែង បិទ​សំឡេង​អ្នកប្រឆាំង និង​សង្គម​ស៊ីវិល​កាន់តែ​ធ្ងន់ធ្ងរ ជាពិសេស​ប្រជាពលរដ្ឋ»

ក្រៅពី​ការ​ប្រើ​ច្បាប់​ដើម្បី​បង្ក្រាប​សំឡេង​រិះគន់ និង​សំឡេង​ឯករាជ្យ​ហើយ លោក គឹម សុខ ព្យាករ​ថា លោក កើត រិទ្ធ ក៏​ជា​មនុស្ស​សំខាន់​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​ច្បាប់ ដើម្បី​បើកផ្លូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​បន្ត​ពី​លោក ហ៊ុន សែន នៅ​ក្នុងពេល​ខាងមុខនេះ​ផង​ដែរ​។​

ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ ពេលវេលា​នឹង​បង្ហាញ​ថា តើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ដែល​កំពុង​ទន់ខ្សោយ និង​រង​ឥទ្ធិពល​នយោបាយ អាច​នឹង​ល្អ​ប្រសើរ​ឡើង​តាម​ការ​ប្តេជ្ញា​របស់​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី លោក កើត រិទ្ធ ដែរ ឬក៏​យ៉ាងណា?«​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដែល​ត្រូវ​ចូលកាន់​តំណែង​នៅ​ពេល​នេះ ខ្ញុំ​សូម​ធ្វើការ​ប្តេជ្ញា​ចិត្ត​ដូចតទៅ ស្មោះត្រង់​ជានិច្ច​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ លើកកម្ពស់​គុណភាព​ការ​ផ្តល់​សេវា​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ ពង្រឹង​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ​ដើម្បី​ធ្វើជា​ស្នូល​ក្នុង​ការដឹកនាំ​វិស័យ​យុត្តិធម៌ ពង្រឹង​សុចរិត​ភាព និង​ភាព​ត្រឹមត្រូវ​នៃ​ការអនុវត្ត​ការងារ​របស់​មន្ត្រី​តុលាការ តាមរយៈ​ការ​ពង្រឹង​វិន័យ និង​សីលធម៌​វិជ្ជាជីវៈ​ក្នុង​វិស័យ​នេះ សំដៅ​លើកកម្ពស់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​នៃ​អង្គ​តុលាការ​បន្ថែម​ទៀត»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

hold this monster man accountable

It's a criminal conspiracy to abolished the top opposition party to avoid lose pm before national election coming,there would be face a serious criminal charges in day ahead"traitor".This master criminal minds will bring to justice by people of power,remember...now he can run,but he can't hid"inner cycle"awaiting to hold this monster man accountable.

Apr 08, 2020 12:10 PM

គេហទំព័រ​ទាំងមូល