សង្គម​ស៊ីវិល និង​ក្រសួង​មហាផ្ទៃ ពិភាក្សា​គ្នា​កែ​ប្រែ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល

ដោយ សេក បណ្ឌិត
2019-11-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ក្រសួង​មហាផ្ទៃ ពិភាក្សា​គ្នា ដើម្បី​កែ​ប្រែ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ក្រសួង​មហាផ្ទៃ ពិភាក្សា​គ្នា ដើម្បី​កែ​ប្រែ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
រូប៖ ក្រសួង​មហាផ្ទៃ

ក្រុម​អង្គការ​ សង្គម​ស៊ីវិល និង​​តំណាង​ក្រសួង​មហាផ្ទៃ​​ បាន​ជួប​​ពិភាក្សា​គ្នា ​ដើម្បី​កែ​ប្រែ​ច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី៤ វិច្ឆិកា។ ក្រុម​អង្គការ សមាគម​ថា ​កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​នេះមិន​ទាន់​ចប់ និង​មិន​ទាន់​ដល់​ចំណុច​ចង់​បាន​នៅ​ឡើយ​ទេ។

ក្រុម​អង្គការ សមាគម ប្រាប់​ថា ការ​ពិភាក្សា​គ្នា ​ពេញ​មួយ​ព្រឹក នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​រៀបចំ​កែប្រែ​​មាត្រា​ខ្លះ នៃ​ច្បាប់​ស្ដីពី​ សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល មាន​​ភាព​ល្អ​ប្រសើរ​ និង​បាន​បើក​​​​ឱកាសឱ្យ​មាន​ការ​​ពិភាក្សា និង​បកស្រាយ​មាត្រា​ខ្លះ​នៃ​ច្បាប់​នេះ ពី​ខាង​ភាគី​ក្រុម​សង្គម​ស៊ីវិល។ អ្នក​សម្រប​សម្រួល​ និង​អង្កេត នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស ប្រាប់​ថា ការ​ពិភាក្សា​គ្នា​នៅ​ព្រឹក​ដំបូង​នេះ បាន​ចំនួន​៤​មាត្រា​ ​ហើយ​ក្រសួង​មហាផ្ទៃ នឹង​កោះ​ប្រជុំ​បន្ត​ទៀត នៅ​ក្រោយ​ពិធី​បុណ្យ​អុំទូក ដោយ​មិន​ទាន់​កំណត់​ពេល​វេលា​ជាក់​លាក់​នៅ​ឡើយ​ទេ៖ «សម្រាប់​រយៈ​ពេល​១​ព្រឹក​នេះ យើង​ឃើញ​ថា អត់​បាន​ទៅ​ដល់​ចំណុច​សំខាន់ ដែល​យើង​ត្រូវ​ចង់​បាន​នៅ​ឡើយ​ទេ។ មួយ​ព្រឹក​នេះ យើង​បាន​ត្រឹម​មាត្រា​ទី​៧​ទេ។ នៅ​ក្នុង​ចំណោម​​ខាង​សង្គម​ស៊ីវិល ដែល​ពួក​ខ្ញុំ​លើក​ទាំង​៩​មាត្រា​ហ្នឹង គឺ​ថា យើង​ឃើញ​ថា មាន​ចូល​តែ​មួយ​មាត្រា​ទេ ហើយ​មួយ​មាត្រា​នេះ​ គឺ​យើង​ចូល​បាន​តែ​មួយ​ហ្នឹង​ទេ។ អ៊ីចឹង ចំណុច​នេះ គឺ​ថា មិន​ទាន់​ដល់​ចំណុច​ខ្លឹម​សារ សំខាន់​ដែល​យើង​ចង់​កែប្រែ​នៅ​ឡើយ​ទេ»

ក្រុម​សមាគម និង​អង្គការ​​ក្រៅ​រដ្ឋាភិបាល​យល់​ថា ​មាន​មាត្រា​ចំនួន៩ ដែល​ប៉ះពាល់ ​ដល់​ការ​ធ្វើ​សកម្មភាព​ដោយ​ឯករាជ្យ​របស់​អង្គការ សមាគម​ ហើយ​ដែល​ក្រុម​សង្គម​ស៊ីវិល​​​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កែប្រែ។ មាត្រា​ទាំង​នេះ ពាក់ព័ន្ធ​នឹង​​លក្ខខណ្ឌ​បង្កើត​​អង្គការ សមាគម​ ដំណើរ​ការ និង​ការ​ប្រព្រឹត្តិ​ទៅ​របស់​អង្គការ សមាគម ​ព្រម​ទាំង​​​ពាក់ព័ន្ធ​​នឹង​ទំនាក់ទំនង​ជាមួយ​ក្រសួង​មហាផ្ទៃ។

រដ្ឋ​លេខាធិការក្រសួង​មហាផ្ទៃ និង​ជា​អ្នក​សម្រប​សម្រួល​កិច្ច​ប្រជុំ​កែប្រែ​ច្បាប់​នេះ គឺ​លោក ប៊ុន ហុន ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ថា ក្រសួង​មហាផ្ទៃ ចង់​ឲ្យ​តំណាង​អង្គការ សមាគម​ទាំង​អស់ លើក​យក​អំណះអំណាង​ផ្សេងៗ ដែល​ពួក​គាត់​ ចង់​ឲ្យ​​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ហើយ​និង​ត្រូវ​កែប្រែ​យ៉ាង​ដូច​ម្ដេច។ លោក​ថា ក្រុម​អង្គការ ​សង្គម​ស៊ីវិល នៅ​មិន​ទាន់​ច្បាស់​ខ្លឹមសារ ដែល​​ចង់​កែប្រែ​នោះ​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​ថា រដ្ឋាភិបាល ​ស្វាគមន៍​ ចំពោះ​ការ​ស្នើសុំ​របស់​អង្គការ សមាគម ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ នៅ​ក្រសួង​មហាផ្ទៃ​ទាក់ទង​នឹង​ការ​កែប្រែ​ច្បាប់​ ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។

លោក កន សាវាង្ស អះអាង​ថា ក្រុម​អង្គការ​ចំនួន១៩ មាន​ជំហរ​ច្បាស់​លាស់ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កែប្រែ​មាត្រា​ចំនួន​៩​នៃ​ច្បាប់​នេះ។ ក្រៅពី មាត្រា​ទាំង៩ នេះ លោក​ថា សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ ជា​អ្នក​លើក​ឡើង។

ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា ​ដាក់​ឱ្យ​ប្រើ កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ២០១៥ បន្ទាប់​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុម័ត​ច្បាប់​នេះ​ ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង។ ច្បាប់​នេះ មាន ៩ជំពូក និង ៣៩​មាត្រា​ និង​ធ្វើ​ឡើង​ដំណាល​គ្នា​ជាមួយ​ច្បាប់​ស្ដីពី​សហជីព ​ក្រោយ​ពេល លោក ហ៊ុន សែន ​ខឹង​សម្បារ​ និង​ចោទ​ថា ក្រុម​អង្គការ និង​សហជីព ឯករាជ្យ​ខ្លះ មាន​ចេតនា​ជួយ​គាំទ្រ​គណបក្ស​ប្រឆាំង ធ្វើ​បាតុកម្ម​ប្រឆាំង​​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ២០១៣។

ក្រុម​អង្គការ​ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​អះអាង​ថា ច្បាប់​នេះ​មាន​ចរិត​គាប​សង្កត់​លំហ​សេរីភាព​របស់​សង្គម​ស៊ីវិល។ ក្រុម​សង្គម​ស៊ីវិល​បញ្ជាក់​ទៀត​ថា ច្បាប់​នេះ បាន​រំលោភ​លើ​មាត្រា​ជា​ច្រើន​ នៃ​រដ្ឋធម្មនុញ្ញ ហើយ​ច្បាប់​នេះ បាន​បើក​ដៃ​​ឲ្យ​រដ្ឋាភិបាល​ប្រើ​អំណាច​ដោយ​បំពាន ដើម្បី​គំរាម​កំហែង និង​ដាក់​ទណ្ឌកម្ម​អ្នក​ធ្វើ​ការ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិ​មនុស្ស​ ក្នុង​ប្រទេស​កម្ពុជា។

កិច្ច​ប្រជុំ​ពិភាក្សា​កែប្រែ​ច្បាប់​អង្គការ​សមាគម​​នេះ ធ្វើឡើង​ក្រោយ​ពេល​មាន​ការ​រិះគន់​​ និង​ការ​ទាមទារ​​​​ឲ្យ​មាន​ការ​កែប្រែ ពី​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា។

លោក កន សាវាង្ស សង្ឃឹម​ថា ក្រសួង​មហាផ្ទៃ នឹង​យល់​ព្រម​ធ្វើ​វិសោធនកម្ម​ តាម​សំណើ​របស់​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ មាន​ភាព​ប្រសើរ មិន​ដាក់​បន្ទុក និង​បង្កើត​​ភាព​ជា​ដៃគូ​នឹង​គ្នា​រវាង​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល។ លោក​បន្ថែម​​ថា ក្រសួង​មហាផ្ទៃ គួរ​តែ​ពិភាក្សា​ត្រឹម​អង្គការ​ណា ដែល​បាន​ដាក់​ការ​វិភាគ និង​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ជា​មុន​សិន ហើយ​រៀបចំ​សិក្ខា​សាលា​​បង្ហាញ​ដល់​ដៃគូ​ផ្សេង​ទៀត​ ដែល​មិន​បាន​ដាក់​ការ​វិភាគ ដើម្បី​ឱ្យ​ដំណើរ​ការ​ពិភាក្សា​គ្នា​នេះ​ ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ ក្រៅ​ពី​នេះ លោក​ស្នើសុំ​ក្រសួង​មហាផ្ទៃ ត្រូវ​កំណត់​ឱ្យ​ជាក់​លាក់​ពី​រយៈ​ពេល នៃ​ដំណើរការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល