តុលាការ​ក្រុង​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​យុវជន គង់ រ៉ៃយ៉ា នៅ​ខែ​ក្រោយ

ដោយ សេក បណ្ឌិត
2020-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន គង់ រៃយ៉ា។
យុវជន គង់ រៃយ៉ា។
Photo: RFA

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​យុវជន គង់ រ៉ៃយ៉ា នៅ​ជាង​ពាក់​កណ្ដាល​ខែ​ក្រោយ បន្ទាប់​ពី​បញ្ចប់​ការ​កាត់​ក្ដី​នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែឧសភា។ អ្នកការពារ​សិទ្ធិមនុស្ស​ ស្នើ​ដល់​តុលាការ​ក្រុងភ្នំពេញ ទម្លាក់​​ចោល​ការចោទប្រកាន់​លើ​យុវជន​កែម ឡី និយម​រូប​នេះ ព្រោះ​រូបគេ​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។

ចៅក្រោម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា សម្រេច​លើក​ពេល​ប្រកាស សាលក្រម​សំណុំ​រឿង​របស់​លោក គង់ រ៉ៃយ៉ា ទៅ​ថ្ងៃ​ទី១៩ ខែ​មិថុនា វេលា​ម៉ោង ២រសៀល បន្ទាប់​ពី បញ្ចប់​សវនាការ​ដែល​ប្រើ​ពេល​ប្រមាណ ១ម៉ោង។

មេធាវីការពារ​ក្តី​ឲ្យ​យុវជន កែម ឡី និយម គឺ​លោក សំ សុគង់ ថ្លែង​ថា ក្នុង​បន្ទប់​សវនា​មិន​មាន​វត្ត មាន​សាក្ស៊ី និង​កូន​ក្តី​របស់​លោក​នោះ​ទេ គឺ​មាន​តែ​វត្តមាន​មន្ត្រី​នគរបាល​យុត្តិធម៌​ម្នាក់​ប៉ុណ្ណោះ។ លោក​មេធាវី បន្ត​ថា ការ​សួរ​ដេញដោល​នោះ គឺ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ដែល​កូន​ក្ដី​របស់​លោក​បោះ ពុម្ភ​អាវ​យឺត​ដែល​មាន​រូប និង​ពាក្យ​បណ្ដាំ​បណ្ឌិត កែម ឡី ព្រម​ទាំង​ឯកសារ​មួយ​ចំនួន​ក្នុង​កំព្យួទ័រ​បី គ្រឿង ដែល​ត្រូវ​សមត្ថកិច្ច​ដក​ហូត​ធ្វើ​ជា​ភស្តុតាង​ក្នុង​ពេល​ចុះ​ទៅ​ចាប់​ខ្លួន​នោះ។

មេធាវីរូបនេះ យល់ថា សកម្មភាព​របស់​លោក គង់ រ៉ៃយ៉ា គឺ​សុទ្ធ​តែ​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ ដែល​ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បោះ​ពុម្ភ​ផ្សាយ និង​សម្ដែង​មតិ ដូច្នេះ​ពុំ​មាន ចំណុច​ណា​មួយ ដែល​មាន​ធាតុ​ផ្សំ​នៃ​បទ​ល្មើស​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត កូន​ក្តី​របស់​លោក ធ្លាប់​បាន បញ្ជាក់​រួច​ហើយ​ថា ការ​បោះ​ពុម្ភ​អាវ​យឺត ដែល​មាន​រូប និង​ទស្សនៈ​បណ្ឌិត កែម ឡី នោះ គឺ​ដោយសារ តែ​ការ​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ផង និង​ធ្វើ​អាជីវកម្ម​លក់​អាវ​យឺត​ទាំង​នោះ សម្រាប់​ចិញ្ចឹម​ជីវិត​ផង ដូច្នេះ​គ្មាន​ចេតនា​ញុះញង់​បង្កើត​ចលាចល​ក្នុង​សង្គម​នោះ​ទេ៖ «តុលាការ គួរ​តែ​ពិចារណា និង​ផ្ដល់​យុត្តិ​ដល់​កូន​ក្តី​របស់​ខ្ញុំ​ដោយសារ​តែ​យើង​ឃើញ​មាន​វិមតិ​សង្ស័យ​ច្រើន​ក្នុង​សំណុំរឿង​នេះ ហើយ​យើង​ឃើញ​ថា មាន​ភស្តុតាង មួយ​ចំនួន មិន​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់»

នៅក្នុង​បន្ទប់​សវនាការ​នោះ តំណាង​នគរបាល​យុត្តិធម៌​ម្នាក់ លោក ប៊ុន ថេង បាន​ឡើង​រៀបរាប់​អំពី​ការ​ចុះ​ទៅ​ចាប់​ខ្លួន និង​ការ​ដក​ហូត​វត្ថុ​តាង ដូច​ជា​ទូរស័ព្ទ​ដៃ កុំព្យូទ័រ និង​អាវយឺត នៅ​ផ្ទះ​ជួល​លោក គង់ រ៉ៃយ៉ា ប៉ុន្តែ​លោក មិន​បាន​រៀបរាប់​លម្អិត​នោះ​ទេ ដោយ​អះអាង​ថា ពេល​ប្រតិបត្តិការ​កាល​នោះ គឺ​ជា​ក្រុម​នគរបាល​ខណ្ឌ​សែនសុខ ​ហើយ​ជា​អ្នក​កសាង​សំណុំ បញ្ជូន​មក​តុលាការ។

រីឯតំណាងអយ្យការគឺព្រះរាជអាជ្ញារង លោក សំម ឬទ្ធីវាសនា នៅ​តែ​បន្ត​ស្នើសុំ​ឲ្យ​មាន​ការ​ចោទ​ប្រ កាន់​លោក គង់ រ៉ៃយ៉ា ពី​បទ​ញុះញង់​ឲ្យ​ប្រពឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទ៍​តាម​មាត្រា ៤៩៤ និងមាត្រា៤៩៥ ដោយ​សំអាង​ថា លោក គង់ រ៉ៃយ៉ា បានបោះពុម្ភអាវយឺត ដែល​មាន​រូប និងទស្សនៈបណ្ឌិតកែម ឡី​ដែល​មានខ្លឹមសារថា ''ជូត​ទឹក​ភ្នែក​រួច​បន្ត​ដំណើរ​ទៅ​មុខ'' និង​ពាក្យ​ថា ''បើអ្នកមិនធ្វើអ្វីសោះក៏គង់តែ រងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ''។ តំណាងអយ្យការរូបនេះ លើកឧទាហរណ៍ថា ប្រសិនបើពលរដ្ឋ ១នាក់ឬ ២នាក់ឬ ១០នាក់ នាំគ្នាពាក្យអាវយឺតនេះ ហើយជិះម៉ូតូតាមផ្លូវ សាធារណៈ គឺអាចធ្វើឲ្យពលរដ្ឋដទៃទៀត មានការភ័យខ្លាច។

លោក មេធាវី សំ សុគង់ ឆ្លើយ​តប​ថា កូន​ក្តី​លោក មិន​មែន​បង្កើត​ទស្សនៈ​នេះ​ឡើយ ហើយ​ទស្សនៈ នេះ មានការបោះពុម្ភផ្សាយ​ព្រោងព្រាត​តាម​សៀវភៅ និង​ក្នុង​កម្មវិធី​បុណ្យ​បណ្ឌិត កែម ឡី ជា ដើម។ មេធាវីការពារ​ជនជាប់​ចោទ​រូប​នេះ បន្ត​ទៀត​ថា លោក គង់ រ៉ៃយ៉ា បានបោះពុម្ភអាវយឺតនេះ តាំង​ពីឆ្នាំ២០១៧ មកម្លេះ ហើយ​គ្មាន​ឃើញ​កើត​មាន​ការ​ចលាចល​ក្នុង​សង្គម​នោះ​ទេ។ លោក បន្ថែម ថា ប្រសិន​បើ​អាជ្ញាធរ និង​តុលាការ គិត​ថា អំពើ​របស់​កូន​ក្តី​លោក​ជា​ការ​ញុះញង់ ហេតុអ្វីមិនចាប់ ខ្លួន​តាំង​ពី​ឆ្នាំ២០១៧ បែរ​ជា​ចាប់​ខ្លួន​ក្នុង​ឆ្នាំ២០១៩ ទៅ​វិញ។

យុវជនគង់ រ៉ៃយ៉ា ដែលកំពុងភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស លើក​ឡើង​ថា សមត្ថកិច្ច និង តុលាការ គ្មានភស្តុតាងតាមផ្លូវច្បាប់ សូម្បី​តែ​បន្តិច ក្នុង​ការ​ចាប់ និង​ចោទ​ប្រកាន់​លោក ព្រោះ​លោក​គ្រាន់​តែ​លក់​អាវ​យឺតដែល​មាន​រូប និង​ទស្សនៈ​បណ្ឌិត កែម ឡី ដូច​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែរ។ លោក បញ្ជាក់​ថា ចំពោះ​កុំព្យូទ័រ​បី​គ្រឿង ដែល​សមត្ថកិច្ច​ដក​ហូត​ទៅ​នោះ គឺ​មាន​កុំព្យូទ័រ​មួយ​គ្រឿង ខូច និង​គ្មាន​ឯកសារ​អ្វី​ទាំង​អស់ ហើយ​កុំព្យូទ័រ​មួយ​គ្រឿង​ទៀត គឺ​ជា​របស់​ប្អូន​ស្រី​លោក ដែល​មាន​តែ​ឯកសារ​រៀន​សូត្រ​របស់​គាត់​ធម្មតា។ ចំណែក​កុំព្យូទ័រ​មួយ​គ្រឿង​ទៀត គឺ​ជា​របស់​លោក ប្រាកដ​មែន ហើយ​មាន​តែ​រូប​ថត​របស់​លោក​ដែល​ចុះ​ធ្វើ​ការងារ​សង្គម​កន្លង​ទៅ និង​បាន​បង្ហោះ​លើ​ហ្វេសប៊ុក (Facebook) ជា​សាធារណៈ​រួច​ហើយ។ ក្រៅ​ពី​នេះ មាន​បទ​ចម្រៀង និង​ទស្សនៈ បណ្ឌិត កែម ឡី ដែល​លោក​បាន​ទាញ​យក ឬ​ដោនឡូត (Download) ពី​យូធូប (Youtube) និង​បណ្ដាញ​សង្គម (Facebook) ជា​ដើម។ លោក​ចាត់​ទុក​ចំណាត់​ការ​លើ​លោក​នេះ​ថា មាន​បំណង​គំរាម កំហែង និង​រារាំង​មិន​ឲ្យ​លោក និង​យុវជន​ដទៃ​ទៀត​ធ្វើ​ការងារ​សង្គម ឬ​ចូលរួម​សកម្មភាព​នយោបាយ​ជា​ដើម៖ «ខ្ញុំ​ជឿ​ថា បើ​សិន​ជា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មាន​ស្ថានភាព​ធូរ​ស្រាល គឺ​ខ្ញុំ​អាច​នឹង​រួច​ពី​ផុត​ពី​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​បើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ ខ្ញុំ​ក៏​នឹង​ត្រូវ​គេ​ដាក់​ទោស​ធ្ងន់ធ្ងរ​ខ្លាំង​មែនទែន»

រដ្ឋធមនុញ្ញ មាត្រា៤១ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារ​ព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ប្រជុំ។ ជន​ណា​ក៏​ដោយ មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ រំលោភ​នាំ​ឲ្យ​ប៉ះ​ពាល់​កិត្តិយស​អ្នក​ដទៃ ដល់​ទំនៀម​ទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​បាន​ឡើយ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ដែល​ចូល​ឃ្លាំមើល​ដំណើរ​ការ​សវនាការ​នេះ មានប្រសាសន៍​ថា ប្រសិន​បើ​តុលាការ​កាត់​ក្តី​ដោយ​ឯករាជ្យ និង​មាន​វិជ្ជាជីវៈ​ត្រឹម​ត្រូវ​តាម​ច្បាប់ គឺ​មិន​ត្រឹម​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នោះ​ទេ ថែមទាំង​សង​ជំងឺ​ចិត្ត​ជូន​លោក គង់ រ៉ៃយ៉ា ថែម​ទៀត​ផង ព្រោះ​លោក​ត្រូវ​បាន​ចាប់​ឃុំ​ក្នុង​ពន្ធនាគារ ជិត ៥ខែ​ទាំង​អយុត្តិធម៌៖ «ប៉ុន្តែ​យើង​កម្រ​ឃើញ​ណាស់​ក្នុង​ការសម្រេច​សេចក្ដី​បែប​នេះ។ ជា​ទូទៅ​ខាង​តុលាការ មិន​មាន​សេចក្ដី​ក្លាហាន​សម្រេច​ក្ដី​ផ្ដល់​យុត្តិធម៌ ហើយ​ឲ្យ​អ្នក​ដែល​ចាត់​វិធានការ​ខុស​ក្នុង​រឿង​នេះ​សង​ជំងឺ​ចិត្ត​ជូន​អ្នក​រង​ទុក្ខទោស​នេះ​ទេ។ ដូច្នេះ​យើង​មិន​សូវ​សង្ឃឹម​ទេ ប៉ុន្តែ​យ៉ាង​ណា​ក្ដី យើង​ទទូច​សុំ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់ ដើម្បី​ឲ្យ​លោក គង់ រ៉ៃយ៉ា មាន​សេរីភាព រក​ស៊ី​ចិញ្ចឹម​ជីវិត និង​ចូលរួម​ការងារ​សង្គម​ជាតិ​ត​ទៅ​ទៀត»

សមត្ថកិច្ច​​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​លោក​គង់ រ៉ៃ​យ៉ា​ ជា​លើក​ទី២ កាលពី​ថ្ងៃ​ទី៩ ខែកក្កដា បន្ទាប់ពី​លោក​បាន​ផ្សព្វផ្សាយ​លក់​អាវយឺត​មាន​រូប​ និង​ទស្សនៈ​បណ្ឌិត កែម​ ឡី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក (Facebook) សម្រាប់​ខួប​បី​ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​នៅ​ពន្ធនាគារ​ព្រៃស​អស់​រយៈពេល​ជិត ៥ខែ មុន​ត្រូវ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ។

ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​រួម​ទាំង​ស្ថានទូត​អាមេរិក បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោលទោស ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់​ចំពោះ​ការ​ប្រើប្រាស់​វិធានការ​មិន​សម​ទំនង​លើ​លោក គង់ រ៉ៃយ៉ា។ ពួកគេ បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​ទង្វើ​យាយី​បែប​នេះ​ជា​បន្ទាន់ ហើយ​ត្រូវ​លើក កម្ពស់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ជូន​ពលរដ្ឋ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល