ប៉ូលិស​ចរាចរណ៍ លើកលែង​ផាក​ពិន័យ​យានយន្ត​ កំពុង​ធ្វើ​ស្លាក​លេខ

ដោយ ឡេង ម៉ាលី
2020-05-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ម៉ូតូ​កង់​បី​ដឹក​ភ្ញៀវ ក្រុមហ៊ុន ផាសអែប (Pass app) និង​យានយន្ត​ដទៃ​ទៀត កំពុង​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក នគរបាល​រាជធានី​ភ្នំពេញ ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ២០២០។
ម៉ូតូ​កង់​បី​ដឹក​ភ្ញៀវ ក្រុមហ៊ុន ផាសអែប (Pass app) និង​យានយន្ត​ដទៃ​ទៀត កំពុង​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក នគរបាល​រាជធានី​ភ្នំពេញ ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ

ប៉ូលិស​ក្រុង​ភ្នំពេញ បាន​​ប្រកាស​លើក​លែង​ការ​ផាក​ពិន័យ​យានយន្ត ដែល​មាន​បង្កាន់​ដៃ ​បញ្ជាក់​ថា ​កំពុង​ធ្វើ​ស្លាក​លេខ នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន។ ពលរដ្ឋ និង​អ្នក​ឃ្លាំមើល​សង្គម ស្វាគមន៍​ការ​លើកលែង​ការ​ផាក​ពិន័យ​នេះ តែ​ពួក​គេ​​បន្ត​ទាមទារ​ឲ្យ​កែប្រែ​ច្បាប់​ផាក​ពិន័យ​ឡើង​វិញ។

អ្នក​រត់​រ៉ឺម៉ក​កង់​បី ប្រភេទ​ផាសអែប (Pass app) នៅ​ម្ដុំ​មុខ​វាល​យន្តហោះ​ពោធិចិនតុង លោក សុខ ហេង ថា ការ​ផាក​ពិន័យ ឡាន ម៉ូតូ និង​ផាសអែប កំពុង​ធ្វើ​ស្លាក​លេខ ជា​ការ​ផាក​ជ្រុល​ហួស​ហេតុ ព្រោះ​កន្លង​មក ពលរដ្ឋ​គ្រាន់​តែ​អូស​ម៉ូតូ ពី​ឃ្លាំង​លក់ ទៅ​ធ្វើ​ស្លាក​លេខ មិន​ទាន់​ដល់​មន្ទីរ​សាធារណការ​ផង ក៏​រង​ការ​ចាប់​ផាក​ពិន័យ​ដែរ។

ទន្ទឹម​នឹង​នេះ លោក​ថា នៅ​ពេល​យក​ទៅ​ធ្វើ​ស្លាក​លេខ ត្រូវ​រង់​ចាំ​ជាង​មួយ​សប្ដាហ៍​ ទើប​បាន​ស្លាក​លេខ តែ​ច្បាប់​ថ្មី បើក​ផ្លូវ​ឲ្យ​ចាប់​ផាក​ពិន័យ។ ដូច្នេះ លោក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កែប្រែ​ច្បាប់​ផាក​ពិន័យ​នេះ​ឡើង​វិញ។

អ្នក​រត់​ផាសអែប​រូប​នេះ​ស្នើសុំ​ថា រដ្ឋាភិបាល ត្រូវ​កែប្រែ​ច្បាប់​ថ្មី​ ដោយ​មិន​ចាំ​បាច់​តម្រូវ​ឲ្យ​មាន​ប័ណ្ណ​បើក​បរ​ ចំពោះ​​អ្នក​រត់​រ៉ឺម៉ក​សណ្ដោង អ្នក​លក់​ដូរ​តាម​ម៉ូតូ​សណ្ដោង​ និង ផាសអែប ព្រោះ​អ្នក​រកស៊ី​សេវា​ទាំង​នេះ មិន​ហ៊ាន​បើកបរ​លឿន​ទេ​​ ដូច​រថយន្ត​ប្រភេទ​ធំ​ទេ។ លោក​ថា ចំណុច​សំខាន់ គឺ​រដ្ឋាភិបាល​ត្រូវ​បន្ធូរ​បន្ថយ​តម្លៃ​ផាក​ពិន័យ​ទូទៅ​ឲ្យ​ទាប​ជាង​រាល់​ថ្ងៃ​ ព្រោះ ច្បាប់​ថ្មី បាន​ចាប់​បង្ខំ​ឲ្យ​ពលរដ្ឋ​អនុវត្ត​យ៉ាង​តក់​ក្រហល់ ក្នុង​ខណៈ​ពលរដ្ឋ​ កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បណ្ដាល​ពី​ជំងឺ​កូវីដ១៩ (Covid-19)«ខ្ញុំ​អត់​មាន​ពាក់មី (​ប័ណ្ណ​បើកបរ) ឲ្យ​ខ្ញុំ​ទៅ​ប្រឡង​ដូច​ម្ដេច បើ​ខ្ញុំ​អត់​ចេះ​អក្សរ​ផង។ ដល់​ពេល​អ៊ីចឹង​ទៅ​ប្រឡង​យ៉ាង​ម៉េច អត់​ចេះ​អក្សរ​ទៅ​មើល​ទ្រឹស្ដី​គេ​ម្ដេច​ចេញ។ ប្រឡង​យ៉ាង​ម្ដេច ក៏​អត់​ជាប់​ដែរ​បង»

គេហទំព័រ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី៨ ឧសភា​ថា ស្នងការ​​រាជធានី​ភ្នំពេញ បាន​ប្រកាស​លើកលែង​ការ​ផាក​ពិន័យ​ចំពោះ​រថយន្ត ផាសអែប និង​ម៉ូតូ ដែល​មាន​បង្កាន់​ដៃ កំពុង​ធ្វើ​ស្លាក​លេខ។ ប៉ុន្តែ​មិន​បញ្ជាក់​មូលហេតុ​ទេ។

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ទទួល​បន្ទុក​ចរាចរណ៍ លោក ហ៊ឹម យ៉ាន អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន លោក ឆាយ គឹមខឿន និង​ស្នងការ​រង​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​ចរាចរណ៍​ លោក ចេវ ហាក់ បាន​ទេ នៅ​ថ្ងៃ​ទី៨ ឧសភា។

អនុក្រឹត្យ​ថ្មី (លេខ​៣៩) កំណត់​ឲ្យ​ផាក​ពិន័យ​ អ្នក​បើក​បរ​​យាន​យន្ត​ធុន​ស្រាល គ្មាន​ប័ណ្ណ​​សំគាល់​យាន ​ឬ​គ្មាន​ស្លាក​លេខ ចំនួន ១លាន ២សែន (.២០០.០០០រៀល) ឬ​ស្មើ​ប្រមាណ ៣០០​ដុល្លារ​អាមេរិក។ ឯ​យាន​យន្ត​ធុន​ធ្ងន់ ឲ្យ​​ផាក​ពិន័យ​ចំនួន ២លាន ៤សែន (.៤០០.០០០) រៀល ស្មើ​ប្រមាណ ៦០០​ដុល្លារ។

ប្រធាន​សមាគម​​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ​ ស្វាគមន៍​ចំពោះ​ការ​លើកលែង​ផាក​ពិន័យ​យានយន្ត​កំពុង​ធ្វើ​ស្លាក​លេខ។ លោក យល់​ថា ការ​លើក​លែង​នេះ ទំនង​​អាជ្ញាធរ​ មើល​ឃើញ​ពី​ផល​វិបាក ​នៃ​ការ​ធ្វើ​ស្លាក​លេខ ដោយសារ​ ខាង​មន្ទីរ​​សាធារណការ​ធ្វើ​អត់​ទាន់។

លោក​ថា ប៉ូលិស​​ចរាចរណ៍​ គួរ​ពន្យារ​ពេល​​​​ផាក​ និង​ត្រូវ​ពិភាក្សា​ជាមួយ​​ខាង​សាធារណការ​ ​ធ្វើ​យ៉ាង​ណា​សម្រួល​ ការ​ធ្វើ​ស្លាក​លេខ ​ឲ្យបាន​​លឿន និង​ពង្រីក​ទីតាំង​ធ្វើ​​ប័ណ្ណ​បើក​បរ ឲ្យ​ដល់​ថ្នាក់​ស្រុក​ខណ្ឌ ឬ​ថ្នាក់​​ឃុំ​សង្កាត់ ហើយ​បន្ទាប់​តម្លៃ​ ធ្វើ​ប័ណ្ណ​បើកបរ ធ្វើ​យ៉ាង​ណា បង្ក​លក្ខណៈ​ឲ្យ​ពលរដ្ឋ​ងាយ​ស្រួល​​​​ចូលរួម​ ទើប​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធិ​ភាព។

លោក​ថា បញ្ហា​គ្មាន​ប័ណ្ណ​បើកបរ គឺ​អ្នក​រត់​រ៉ឺម៉ក​​កង់​បី អ្នក​រត់​ផាសអេប អ្នក​​លក់​ដូរ​​តាម​​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ ពិបាក​ធ្វើ​ប័ណ្ណ​បើក​បរ ព្រោះ​ពួកគេ​មិន​សូវ​​​ចេះ​អក្សរ ទីតាំង​ធ្វើ​ប័ណ្ណ​បើកបរ​នៅ​ឆ្ងាយ មាន​តម្លៃ​ថ្លៃ ហើយ​អាជ្ញាធរ​មិន​ទាន់​ជួយ​សម្រួល​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​​​បញ្ហា​ទាំង​នេះ។

លោក វ៉ន់ ពៅ​ផ្ដល់​យោបល់​ ឲ្យ​លើកលែង​បណ្ណ័បើកបរ សម្រាប់​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ផាសអែប កង់​បី ដូច​ករណី​ម៉ូតូ​ក្រោម ១២៥​សេសេ (125Cc)ដែរ។ លោក​ថា អ្នក​​ប្រកប​របរ​ទាំង​នោះ ​មិន​មែន​ជា​អ្នក​​បើក​បរ​លឿន​ទេ​ និង​ជា​អ្នក​ក្រីក្រ​ខ្វះ​លទ្ធភាព​បង់​ថ្លៃ​ផាក​ពិន័យ៖ «សម្រាប់​រ៉ឺម៉ក ដែល​លក់​ទឹក​ក្រូច​ទឹក​អ្វី​ហ្នឹង សម្រាប់​ការ​គិត​របស់​ខ្ញុំ​គួរ​តែ​លើកលែង ពី​ព្រោះ​ពួក​ហ្នឹង មិន​មែន​ជា​អ្នក​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ទៅ​ដល់​ អា​រឿង​ការ​ស្លាប់​បាត់បង់​ជីវិត​អ្វី​នោះ​ទេ។ គឺ​គាត់​មិន​មែន​ជា​អ្នក​បើកបរ​លឿន​ឯណា គាត់​បើក​តាម​ភូមិ​អ្វី​តិច​តួច​​ហ្នឹង​ឯង សម្រាប់​ចិញ្ចឹម​ជីវិត។ អ៊ីចឹង​ ខ្ញុំ​គិត​ថា គួរ​តែ​លើក​លែង​សម្រាប់​ អ្នក​ដែល​មាន​រ៉ឺម៉ក សម្រាប់​លក់​ទឹក​ក្រូច​ លក់​ទឹក​អំពៅ លក់​អ្វី​ តិច​តួច​អ៊ីចឹង»

របាយការណ៍​ផាក​ពិន័យ​ប្រចាំ​ថ្ងៃ​ទី៨ ឧសភា បង្ហាញ​ថា ​​នគរបាល​ចរាចរណ៍​​ បាន​ផាក​យាន​យន្ត​ល្មើស ១.៣១៣​គ្រឿង ក្នុង​នោះ ​ម៉ូតូ ៨៥១​គ្រឿង រថយន្ត ៤៦២​គ្រឿង។ បទ​ល្មើស​ម៉ូតូ ភាគ​ច្រើន​មិន​ពាក់​មួក​សុវត្ថិភាព និង​ល្មើស​ផ្សេងៗ។ ​បទ​ល្មើស​រថយន្ត ភាគ​ច្រើន​អត់​ពាក់​ខ្សែ​ក្រវាត់ បើក​លើស​ល្បឿន​កំណត់ ផ្ទុក​លើស​ចំណុះ និង​អត់​​ស្លាក​​លេខ។

សរុប​យានយន្ត​ផាក​ពិន័យ​រយៈ​ពេល ៨ថ្ងៃ ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៨ ឧសភា មាន ១៦.៥៩១​គ្រឿង ក្នុង​នោះ ម៉ូតូ ១២.៥៥៦​គ្រឿង រថយន្ត ៤.០៣៥​គ្រឿង៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល