អគ្គស្នងការ​នគរបាល​ជាតិ​ថា គ្មាន​ការ​លើកលែង​ការ​ផាក​ពិន័យ​ករណី​ប័ណ្ណ​បើកបរ​ទេ

ដោយ សុជីវី
2020-05-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នគរបាលរឹបអូសម៉ូតូមួយចំនួន ពេលដាក់គោលដៅពង្រឹង​ការ​អនុវត្ត​ច្បាប់ចរាចរណ៍ នៅថ្ងៃ​ទី៦ ខែឧសភា ឆ្នាំ២០២០។
នគរបាលរឹបអូសម៉ូតូមួយចំនួន ពេលដាក់គោលដៅពង្រឹង​ការ​អនុវត្ត​ច្បាប់ចរាចរណ៍ នៅថ្ងៃ​ទី៦ ខែឧសភា ឆ្នាំ២០២០។
រូប៖ ស្នងការដ្ឋាន​​នគរបាលរាជធានី​ភ្នំពេញ

អគ្គ​ស្នងការ​នគរបាល​ជាតិ​ ប្រកាស​ថា គ្មាន​ការ​លើក​លែង​ ចំពោះ​ការ​ផាក​ពិន័យ​ករណី​គ្មាន​ប័ណ្ណ​បើកបរ​ទេ ទាំង​ឡាន និង​ម៉ូតូ (លើ ១២៥cc)។ ការ​ប្រកាស​បែប​នេះ បន្ទាប់​ពី​មាន​បណ្ដាញ​ទំនាក់​ទំនង​សង្គម (youtube) បាន​យក​ខ្លឹមសារ​​ចាស់ កាល​ពី​ឆ្នាំ២០១៥ របស់​អគ្គ​ស្នងការ​​នគរបាល​ជាតិ លោក នេត សាវឿន មក​បង្ហោះ​ឡើង​វិញ ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ ចំពោះ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក និង​បង្ក​ការ​រាំងស្ទះ​​ដល់​ការ​អនុវត្ត​ច្បាប់ និង​បង្ក​ភាព​អវិជ្ជមាន​ដល់​បរិយាកាស​សង្គម។

អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ដែល​ចេញ​ផ្សាយ នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី១ ឧសភា​មក អគ្គ​ស្នងការ​នគរបាល​ជាតិ​ ពុំ​​បាន​ប្រកាស ឬ​ពុំ​បាន​ដាក់​ចេញ​គោល​នយោបាយ​ពន្យារ​ពេល​​ ​ឬ​លើក​ពេល​ការ​ត្រួត​ពិនិត្យ និង​​​ពិន័យ​ចំពោះ​ករណី​គ្មាន​ប័ណ្ណ​បើក​បរ​ទេ។ ការ​ផាក​ពិន័យ​ប័ណ្ណ​បើកបរ​ កំពុង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់។

អនុក្រឹត្យ​ថ្មី (លេខ​៣៩) កំណត់​ឲ្យ​ផាក​ពិន័យ​ អ្នក​បើក​បរ​​យាន​យន្ត​ធុន​ស្រាល គ្មាន​ប័ណ្ណ​​សំគាល់​យានយន្ត ឬ​គ្មាន​ស្លាក​លេខ ចំនួន ១លាន ២សែន (.២០០.០០០) រៀល ឬ​ស្មើ​ប្រមាណ ៣០០​ដុល្លារ​អាមេរិក។ ឯ​យាន​យន្ត​ធុន​ធ្ងន់ ​ផាក​ពិន័យ​​ទឹក​ប្រាក់ ២លាន ៤សែន (.៤០០.០០០) រៀល ស្មើ​ប្រមាណ ៦០០​ដុល្លារ។

នគរបាល​ចរាចរណ៍ អនុវត្ត​ការ​ផាក​ពិន័យ ចំនួន ១៦ចំណុច សម្រាប់​បទ​ល្មើស​ចរាចរណ៍​នៃ​អនុក្រឹត្យ​នេះ គឺ​សម្រាប់​ទោចក្រយាន​ និង​ត្រីចក្រយាន (ម៉ូតូ ឬ​រ៉ឺម៉ក​កង់​បី) ផាក​ពិន័យ ៧ចំណុច។ ឯ​ រថយន្ត ផាក​ពិន័យ ៩ចំណុច។

បទ​ល្មើស​ម៉ូតូ ៧ករណី ដែល​ត្រូវ​ផាក​ពិន័យ​ គឺ​​មិន​ពាក់​មួក​សុវត្ថិភាព​ បើក​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​មិន​គោរព​ភ្លើង និង​ស្លាក​សញ្ញា​ចរាចរណ៍​ ល្មើស​ការ​បត់ និង​វ៉ា​ជែង ដឹក​លើស​ចំណុះ​ គ្មាន​ស្លាក​លេខ និង​ប្រើ​ប្រាស់​ទូរស័ព្ទ ដោយ​គ្មាន​ដោយ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង ឬ​កាស។ ករណី​រថយន្ត​ ត្រូវ​ពិន័យ ៩បទ​ល្មើស គឺ​ល្បឿន ស្រវឹង គ្មាន​បណ្ណី​បើកបរ​ មិន​គោរព​ភ្លើង​សញ្ញា ល្មើស​ក្នុង​ការ​បត់ និង​វ៉ា​ជែង មិន​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​ដឹក​លើស​ចំណុះ គ្មាន​ស្លាក​លេខ ​និង​និយាយ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង។

បើ​ទោះជា​យ៉ាង​ណា ពលរដ្ឋ និង​សង្គម​ស៊ីវិល ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ពន្យា​ពេល ​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ថ្មី​នេះ ឬ​កែប្រែ​ច្បាប់ សុំ​ឲ្យ​លើក​លែង​​​ប័ណ្ណ​បើកបរ ចំពោះ​​រ៉ឺម៉ក​​កង់​បី ​​រ៉ឺម៉ក​ផាសអេប (Pass App) ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ជា​ដើម។ អ្នក​ប្រកប​របរ​ទាំង​នេះ ប្រាប់​ថា​ ពួកគេ​​ពិបាក​ធ្វើ​ប័ណ្ណ​បើក​បរ ព្រោះ​ពួកគេ​មិន​ចេះ​អក្សរ មិន​អាច​ប្រឡង​ជាប់​ទ្រឹស្ដី​ ទីតាំង​ធ្វើ​ប័ណ្ណ​បើកបរ​នៅ​ឆ្ងាយ​ និង​ខ្វះ​លទ្ធភាព​បង់​ថ្លៃ​​ធ្វើ​ប័ណ្ណ​បើក​បរ ហើយ​អាជ្ញាធរ​ មិន​ទាន់​ផ្សព្វផ្សាយ​ទូលាយ និង​​ជួយ​សម្រួល​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដល់​​​បញ្ហា​ទាំង​នេះ។

ប្រធាន​សមាគម​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ផ្ដល់​យោបល់​ឲ្យ​អាជ្ញាធរ​​​​បន្ថែម​ទីតាំង​ធ្វើ​​ប័ណ្ណ​បើក​បរ ឲ្យ​ដល់​ថ្នាក់​ស្រុក​ខណ្ឌ ឬ​ ថ្នាក់​​ឃុំ​សង្កាត់ និង​បន្ទាប់​តម្លៃ ធ្វើ​ប័ណ្ណ​បើកបរ​ឲ្យ​ទាប ដើម្បី​​បង្ក​លក្ខណៈ​ឲ្យ​ពលរដ្ឋ​​ងាយ​ស្រួល​ទើប​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធិ​ភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល