ទណ្ឌិត​ ៧៧​នាក់​ នឹង​​ត្រូវ​​ស្នើ​​លើកលែង ​និង​​បន្ធូរ​បន្ថយ​​ទោស​​ក្នុង​​ពិធី​​បុណ្យ​​វិសាខ​បូជា

ដោយ មួង ណារ៉េត
2019-05-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទណ្ឌិត​ជា​ស្ត្រី​ចូល​រួម​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​លើក​ទី៩៩ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃ​ស ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ២០១០។
ទណ្ឌិត​ជា​ស្ត្រី​ចូល​រួម​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​លើក​ទី៩៩ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃ​ស ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ២០១០។
រូប៖ RFA

គណៈកម្មការ​ជាតិ​សម្រេច​បញ្ជូន​ឈ្មោះ​ទណ្ឌិត ៧៧​នាក់ (ស្រី​ ៩​នាក់) បញ្ជូន​ទៅ​មេដឹកនាំ​របប​ក្រុងភ្នំពេញ ដើម្បី​ពិនិត្យ​និង​សម្រេច​ស្នើសុំ​ព្រះមហាក្សត្រ​ផ្ដល់​ការ​អនុគ្រោះ​ទោស ក្នុង​ពិធីបុណ្យ​ពិសាខបូជា ក្រោយ​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​សរុប ២៥២​នាក់ (​ស្រី​ ១៦​នាក់​) រួចមក​។ អាស៊ី​សេរី​​នៅ​​មិន​ទាន់​មាន​ព័ត៌មាន​ថា តើ​ក្រុម​ទណ្ឌិត​ទាំងនោះ រួមមាន​បញ្ជូន​មន្ត្រី​គណបក្ស​ប្រឆាំង ​ឬ​ទេ។

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ផ្នែក​​សិទ្ធិ​មនុស្ស​​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​សប្តាហ៍​​មុន​​បាន​​ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ​ដោះលែង លោក កឹម សុខា ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ និង​ទម្លាក់​ចោល​ការចោទប្រកាន់​ប្រឆាំង​លោក​ទាំង​ស្រុង​​ជា​​បន្ទាន់។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព អំពី​រឿង​នេះ​បានទេ​នៅ​ថ្ងៃ​ទី​១១ ឧសភា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ស្ដាប់​គ្នា​មិនបាន។

មន្ត្រី​ក្រសួងយុត្តិធម៌​ឱ្យ​ដឹង​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា ក្នុងចំណោម​ទណ្ឌិត ៧៧​នាក់ (​ស្រី​ ៩​នាក់​) ដែល​​ស្នើសុំ​នោះ មាន ទណ្ឌិត​ស្នើ​បន្ថយ​ទោស​ ៦​ខែ ចំនួន ​៣៧​នាក់ (​ស្រី​ ៣​នាក់​) ស្នើសុំ​បន្ថយ​ទោស ​៩​ខែ ចំនួន​ ១៤​នាក់ (​ស្រី​ ១​នាក់​) ស្នើ​បន្ថយ​ទោស ១២ខែ ចំនួន​ ២២​នាក់ (​ស្រី​ ៤​នាក់​) និង​ស្នើសុំ​លើកលែងទោស ចំនួន ៤​នាក់ (​ស្រី ​១​នាក់)

របប​ក្រុងភ្នំពេញ​ធ្វើ​សំណើ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​សុំ​លើកលែងទោស និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ទូទាំង​ប្រទេស មាន​ ៣​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យ​ពិសាខបូជា និង​ព្រះ​រាជពិធី​បុណ្យអុំទូក។

ក្នុង​ឆ្នាំ​២០១៩ ​នេះ មាន​ទណ្ឌិត ​៤២​នាក់​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស និង​ ៨​នាក់​ទទួល​បាន​ការ​លើក​លែង​ទោស ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល