តុលាការខេត្តរតនគិរីសម្រេចទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងអតីតអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរនាក់ ក្រោយបញ្ចប់សវនាការនៅរសៀលថ្ងៃទី២៤ វិច្ឆិកា។ មន្ត្រីសិទ្ធិមនុស្សសាទរ ចំពោះសេចក្ដីសម្រេចនេះ និងស្នើឱ្យតុលាការពិចារណាទម្លាក់ចោលបទលើអ្នកកាសែតមួយចំនួនទៀត ដែលកំពុងជាប់បណ្ដឹង ដោយសារការបំពេញវិជ្ជាជីវៈរបស់ខ្លួន។
មេធាវីការពារក្តីឱ្យអតីតអ្នកកាសែត ឌឹ ខេមបូឌា ដេលី លោក សេក សោភ័ណ ប្រាប់អាស៊ីសេរីថា តុលាការសម្រេចទម្លាក់ចោលបទចោទនេះ ដោយពិចារណាលើចម្លើយរបស់ភាគីដើមបណ្ដឹង និងចម្លើយរបស់កូនក្តីលោកក្នុងដំណាក់កាលអយ្យការ។ លោកចាត់ទុកសាលក្រមនេះថា ជាការផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោក៖ «ក្រុមប្រឹក្សាជំនុំជម្រះសម្រេចឱ្យលោក ភីធ័រ ជាមួយលោក អូន ភាព ហ្នឹង រួចផុតពីបទចោទទាំងស្រុង ហើយសវនាការនេះប្រកាសជាសាធារណៈរួចហើយ។ តុលាការបានពិចារណាគ្រប់ជ្រុងជ្រោយ ហើយផ្តល់ភាពយុត្តិធម៌ដល់កូនក្ដីខ្ញុំ»។
សាលាដំបូងខេត្តរតនគិរីបានចោទប្រកាន់អតីតអ្នកកាសែត ខេមបូឌា ដេលី លោក អូន ភាព ជនជាតិខ្មែរ និងលោក លោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor) ជនជាតិកាណាដា ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍”។ ការចោទប្រកាន់នេះ ធ្វើឡើងក្រោយពេលអ្នកកាសែតទាំងពីររូបបានចុះទៅសម្ភាសពលរដ្ឋឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីខែសីហា ឆ្នាំ២០១៧ ទាក់ទងនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអ្នកកាសែតទាំងពីររូបនេះ ធ្វើឡើងមួយសប្ដាហ៍មុនពេលស្ថាប័នរបស់ពួកគេ គឺកាសែតភាសាអង់គ្លេស ខេមបូឌា ដេលី បង្ខំចិត្តបិទទ្វារលែងដំណើរការនៅកម្ពុជា ដោយសារបញ្ហាពន្ធដារដ៏ចម្រូងចម្រាស។ ក្រោយរងការចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ លោក អូន ភាព និងលោក ភីតធ័រ ហ្សមប៊័រ បានបង្ខំចិត្តរស់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចពីការធ្វើទុកបុកម្នេញពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សាទរចំពោះការសម្រេចរបស់តុលាការនេះ ប៉ុន្តែលោកថា តុលាការខេត្តរតនគិរីមិនគួរចោទប្រកាន់អ្នកកាសែតទាំងពីររូបតាំងពីដំបូងមកម្ល៉េះ ព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ លោកជំរុញឱ្យតុលាការដទៃទៀត ទម្លាក់ចោលការចោទប្រកាន់លើអ្នកសារព័ត៌មាន ដែលកំពុងរងបណ្ដឹងដោយសារតែការបំពេញវិជ្ជាជីវៈរបស់ខ្លួន មានជាអាទិ៍ អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបដែលកំពុងជាប់ចោទពាក់ព័ន្ធនឹងអំពើចារកម្ម ជាដើម៖ «ជាអង្គការផ្នែកសិទ្ធិមនុស្ស យើងគ្រាន់តែទទូចឱ្យពិនិត្យ និងពិចារណាថា អ្វីជាសេរីភាពនៃសារព័ត៌មាន អ្វីជាវិជ្ជាជីវៈនៃសារព័ត៌មាន។ ធ្វើយ៉ាងណាយើងត្រូវតែគិតគូរឱ្យបានដិតដល់ កុំឱ្យប៉ះពាល់ ឬក៏រំលោភទៅលើសេរីភាពនៃអ្នកសារព័ត៌មាន ឬក៏វិជ្ជាជីវៈ។ វាអាចធ្វើឱ្យមានការរិះគន់ ហើយវាធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការនៃសារព័ត៌មាន»។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) ពិនិត្យឃើញថា ឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន និងការធ្វើទុកបុកម្នេញលើអ្នកសារព័ត៌មាន នៅតែកើតឡើងជាបន្តបន្ទាប់។ គិតពីខែមករា ដល់ខែតុលា ឆ្នាំ២០២០ នេះ ខេមបូចា រកឃើញថា មានអ្នកសារព័ត៌មានសរុប ៥៩នាក់ បានទទួលរងការធ្វើទុក្ខបុកម្នេញតាមរូបភាពផ្សេងៗ រួមមាន ការប្រើហិង្សា ការចាប់ខ្លួន ការបាត់បង់ជីវិត និងការរងបណ្ដឹងពីតុលាការ។ នេះមិនរាប់បញ្ចូលករណីឃាតកម្មលើអ្នកសារព័ត៌មានយ៉ាងហោចណាស់ ១៥នាក់ គិតពីឆ្នាំ១៩៩៤ នោះនៅឡើយទេ។
ខេមបូចា អំពាវនាវដល់អាជ្ញាធរឱ្យផ្ដន្ទាទោសជនល្មើសដែលបង្កឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន ព្រមទាំងស្នើឱ្យរដ្ឋាភិបាលធានាសុវត្ថិភាព និងសន្តិសុខជូនអ្នកសារព័ត៌មានគ្រប់រូប ដើម្បីឱ្យពួកគេអាចអនុវត្តសិទ្ធិសេរីភាព និងចូលរួមរាយការណ៍ព័ត៌មាន ដោយមិនមានភាពភ័យខ្លាច ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។