តុលាការ​ខេត្ត​រតនគិរី​លើក​ពេល​សាកសួរ​មន្ត្រី​សមាគម អាដហុក ពាក់ព័ន្ធ​រឿង​ញុះញង់

ដោយ ម៉ៅ សុធានី
2019-09-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។
មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

សាលាដំបូង​ខេត្ត​រតនគិរី​ពន្យារ​ពេល​សាកសួរ​មន្ត្រី​ជាន់ខ្ពស់​សមាគម អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍​ ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយសារ​តែ​ចៅក្រម​ស៊ើបសួរ​មាន​ធុរៈ​ផ្ទាល់​ខ្លួន។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម អាដហុក លោក ប៉ែន បុណ្ណារ៍ ឱ្យ​អាស៊ី​សេរី​ដឹង​ថា លោក​បាន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី៣ កញ្ញា ក៏​ប៉ុន្តែ​ពេល​លោក​ទៅ​ដល់​បន្ទប់​សវនាការ ក្រឡាបញ្ជី​តុលាការ​បាន​ប្រាប់​ថា ចៅក្រម​អវត្តមាន មិន​​អាច​ដំណើរការ​នីតិវិធី​សាកសួរ​បាន​ឡើយ។ លោក​បញ្ជាក់​ថា ក្រឡាបញ្ជី​រូប​នោះ បាន​ប្រាប់​លោក​ឱ្យ​រង់​ចាំ​ដីកា​កោះហៅ​ជា​ថ្មី​ទៀត​នៅ​ពេល​ក្រោយ។

តុលាការ​ខេត្ត​រតនគិរី​បាន​​ចោទ​ប្រកាន់​លោក ប៉ែន ប៊ុណ្ណារ៍ និង​ពលរដ្ឋ​៧ នាក់​ផ្សេង​ទៀត ពី​បទ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍” ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា ស្រុក​លំផាត់​ ខេត្ត​រតនគិរី កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៧ កន្លង​ទៅ។ ការ​ប្ដឹង​ផ្ដល់​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ កើត​មាន​ឡើង​ក្រោយ​ពេល​រូបលោក​​បាន​ចូល​រួម​ជាមួយ​ប្រជា​សហគមន៍​ភូមិ​សមុទ្រ​ក្រោម ដាក់​បណ្ដឹង​បរិហារ​ករណី​កាប់​រាន​ដីព្រៃជាង៨០០ ហិកតារ នៅ​ស្រុក​លំផាត់​​ ទៅ​តុលាការ​ខេត្ត​រតនគិរី។

បណ្ដឹង​បរិហារ​នោះ គឺ​ពលរដ្ឋ​បាន​ប្តឹង​អាជ្ញាធរ​តាំងពី​ថ្នាក់​ភូមិ​រហូត​ដល់​មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​ខេត្ត​ដែល​បាន​​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​បទ​ល្មើស​កើត​ឡើង​ ហើយ​មិន​ចាត់​ការ​លើ​ក្រុម​ឧក្រិដ្ឋជន។ ទោះ​ជា​យ៉ាង​ណា បណ្ដឹង​បរិហារ​នោះ​ត្រូវ​បាន​ស្ថាប័ន​អយ្យការ​តម្កល់​ទុក​​ឥត​ចាត់​ការ ក៏ប៉ុន្តែ​បែរ​ជា​មាន​បណ្ដឹង​ប្រឆាំង​មន្ត្រី​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​បទ​​ញុះញង់​ទៅវិញ។

លោក​ ប៉ែន ប៊ុណ្ណារ៍ ឱ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​បាន​កោះ​ហៅ​ពលរដ្ឋ ៥នាក់​រួច​មក​ហើយ​ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​រឿង​នេះ រួច​ក៏​បាន​ដាក់​ពួក​គាត់​ឱ្យ​​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា លោក​មិន​មាន​ការ​បារម្ភ​អំពី​រឿង​នេះ​ឡើយ ព្រោះ​លោក​ជឿ​ជាក់​លើ​សុចរិត​ភាព និង​ភាព​ស្អាត​ស្អំ​របស់​ខ្លួន។ លោក​បន្ថែម​ថា មាន​តែ​ការ​មិន​ប្ដឹង​បរិហារ​ករណី​កាប់​រាន​ដី​ព្រៃ​ទេ ទើប​ជា​រឿង​ខុសច្បាប់ និង​សោកស្ដាយ​សម្រាប់​រូបលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល