តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន កែម ឡី និយម

ដោយ វ៉ែន សុមេធ
2019-11-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន គង់ រ៉ៃយ៉ា (រូបខាងឆ្វេង)និង យុវជន សួង នាគព័ន្ធ (រូបខាងស្តាំ)។
យុវជន គង់ រ៉ៃយ៉ា (រូបខាងឆ្វេង)និង យុវជន សួង នាគព័ន្ធ (រូបខាងស្តាំ)។
រូបភាពពី បណ្តាញសង្គមហ្វេសប៊ុក

តុលាការកំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន គង់ រ៉ៃយ៉ា នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា។ ភរិយា​របស់​លោក គង់ រ៉ៃយ៉ា និង​មន្ត្រី​សិទ្ធិមនុស្ស ចាត់​ទុក​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ថា អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន។

អ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ ប្រាប់​អាស៊ី​សេរី​ថា សេចក្ដី​សម្រេច​របស់​តុលាការ កំពូល​លើ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន គង់ រ៉ៃយ៉ា ​ពុំ​មាន​អ្វី​ប្រែប្រួល ខុស​ពី​ការ​សម្រេច​របស់​សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍​ឡើយ ពោល​គឺយុវជន​កែម​ឡីនិយម​រូប​នេះ​ត្រូវ​ជាប់​ឃុំ​បន្ត​ទៅ​ទៀត។ ទោះ​យ៉ាង​ណា លោក​សុំ​មិន​បក​ស្រាយ អំពី​មូលហេតុ ដែល​តុលាការ​កំពូល មិន​អនុញ្ញាត​ឲ្យ​យុវជន គង់ រ៉ៃយ៉ា នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​តាម​ការ​ស្នើសុំ​នោះ​ទេ៖ «មកដល់​តុលាការ​កំពូល​គឺ​តុលាការ​កំពូល​តម្កល់​សា​ដីកា​របស់​ សាលាឧទ្ធរណ៍​។ ខ្ញុំ​សុំ​មិន​បញ្ជាក់​អំពី​សំអាង​ហេតុ​របស់​តុលាការ​ទេ​ណា​ ព្រោះ​វា​វែង​ ខ្ញុំ​ចង់​បញ្ជាក់​ ជូន​តែ​លទ្ធផល​ទេ»

ភរិយារបស់លោក គង់ រ៉ៃយ៉ា គឺ​លោក​ស្រី សុខ ស្រីនិច ដែល​បាន​ចូល​ស្តាប់​ការ​ប្រកាស​សាលដីកា រៀបរាប់​ថា មូលហេតុ​ដែល​តុលាការ​កំពូល​មិន​អនុញ្ញាត​ឲ្យ​ប្តី​របស់​លោក​ស្រី​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ​ គឺ​ដោយ​សារ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​គ្រោង​បិទ​បញ្ចប់​ការ​ស៊ើបសួរ និង​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ជំនុំ​ជម្រះ ហើយ​ម្យ៉ាង​ទៀត​លក្ខខណ្ឌ​ស្នើសុំ​នៅ​ក្រៅ​ឃុំ គឺ​មិន​សមរម្យ។ លោក​ស្រី សុខ ស្រីនិច ខក​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្រេច​នេះ ព្រោះ​លោក​ស្រី សង្ឃឹម ១០០ភាគ​រយ​ថា តុលាការ​នឹង​ដោះ​លែង​ប្ដី​លោក​ស្រី ដែល​គ្មាន​កំហុស​ទាល់​តែ​សោះ។ លោកស្រី ថ្កោល​ទោស​តុលាការ​កំពូល​ថា មិន​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​វិជ្ជាជីវៈ​ត្រឹម​ត្រូវ​ឡើយ៖ «ខ្ញុំ​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ដោះលែង​ស្វាមី​ខ្ញុំ​វិញ​ ជាបន្ទាន់​ព្រោះ​ទោះបីជា​រុញ​ទៅ​ជំនុំជម្រះ​ក៏ដោយ​ ក៏​គាត់​គ្មាន​រឿង​ទៅ​ជំនុំជម្រះ​ដែរ​ ព្រោះ​គាត់​អត់​ មាន​បទល្មើស​ជាក់ស្តែង​សម្រាប់​ចាប់ចង​គាត់​នោះ​ទេ​។ ការដែល​តុលាការ​បន្ត​ឃុំ​ខ្លួ​នេះ​ គឺ​បង្ហាញ​ឲ្យ​ ឃើញថា​ តុលាការ​អយុត្តិធម៌​មែនទែន»

សមត្ថកិច្ច​របបក្រុងភ្នំពេញ បានចាប់ខ្លួន​លោក គង់ រ៉ៃយ៉ា អាយុ​ ២៨​ឆ្នាំ កាលពី​ថ្ងៃ​ទី​៩ ខែ
កក្កដា ក្នុង​ផ្ទះ​ជួល​របស់​គាត់ ជាមួយ​កូន​តូច​អាយុ ៦ខែ និង​ភរិយា ព្រម​ទាំង​បង​ប្អូន​បង្កើត ២នាក់​ទៀត បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ​លក់​អាវយឺត​មាន​រូប និង​ទស្សនៈ​បណ្ឌិត កែម ឡី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) សម្រាប់​ខួប​បី​ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ សមាជិក​គ្រួសារ​របស់​លោក គង់ រ៉ៃយ៉ា ត្រូវ​បាន​ដោះ​លែង​វិញ​នៅ​ថ្ងៃ​បន្ទាប់ ក្រោយត្រូវបង្ខំឲ្យស៊ីញ៉េលើ​ក្រដាស់ សន្យា​ឈប់​រំលោភ​ច្បាប់។ តុលាការ ​ចោទ​ប្រកាន់​លោក គង់ រ៉ៃយ៉ា ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។ មួយ​ថ្ងៃ​បន្ទាប់​មក សមត្ថកិច្ច បាន​ចាប់​ខ្លួន​លោក សួង នាគព័ន្ធ ដោយ​ចោទ​ប្រកាន់​ដូច​លោក គង់ រ៉ៃយ៉ា ដែរ បន្ទាប់​ពី​លោក​ចូលរួម ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅបរិវេណ ស្ថានីយ៍ប្រេងឥន្ធនៈកាលតិចស្តុបបូកគោ ដែល​ជា​ទីតាំង​ឃាតកម្ម​បណ្ឌិត កែម ឡី និង​បាន​ចែក​ខិត​ប័ណ្ណ​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់។ តុលាការ​កំពូល គ្រោង​ជំនុំ​ជម្រះ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក សួង នាគព័ន្ធ​នៅ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​ខាង​មុខ។

នាយ​ករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា លោក គង់ រ៉ៃយ៉ា មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​រស់​នៅ​ក្រៅ​ឃុំ បណ្តោះអាស្ន ព្រោះ​យុវជន​រូប​នេះ មាន​ទី​កន្លែង​ស្នាក់នៅ និង​មុខ​របរ​ពិត​ប្រាកដ សន្យា​មិន​គេច​ខ្លួន និង​សហការ​គ្រប់​ដំណាក់​កាល​នីតិវិធី​តុលាការ ហើយ​លោក​គ្រាន់​តែ​ជា​ជន​សង្ស័យ​ក្នុង​បទ​ល្មើស មជ្ឈិម​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ ក៏​អាច​ឲ្យ​លោក គង់ រ៉ៃយ៉ា មាន​ឱកាស​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ និង​ជួយ​កាត់​បន្ថយ​បន្ទុក​ផ្សេងៗ របស់​ពន្ធនាគារ​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ យល់​ថា ប្រសិន​បើ​សាលា​ដំបូង​បិទ​បញ្ចប់​ការ​ស៊ើបសួរ ហើយ​នោះ ដូច្នេះ​គ្មាន​ភាព​ចាំបាច់ ដើម្បី​ឃុំ​ខ្លួន​លោក គង់ រ៉ៃយ៉ា ទៀត​នោះ​ទេ៖ «ក្រោយ​ពី​ការ​ឃាត់​ខ្លួន គង់ រ៉ៃយ៉ា និង សួង​ នាគព័ន្ធ មក​ គឺ​មាន​អង្គការ​ជាតិ​និង​អត្ត​រជាតិ​ចំនួន៨៧​ ទាមទារ​ឲ្យ​ដោះ​លែង​ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អ្នក​ទាំងពីរ​ ព្រោះ​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​ គឺជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​ដែល​ជា​ការ​មួយ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ធ្ងន់ធ្ងរ​ពី​សហគមន៍​ជាតិ​ និង​ជាតិ។ ការ​បន្ត​ឃុំ​ខ្លួន​ទៀត​នេះ​ វា​នាំ​ឲ្យ​មាន​ការ​រិះគន់​បន្ត​ទៅ​ទៀត»

កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​ចាត់​ទុក​ថា លោក គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ជា​អ្នក​ទោស​មនសិកា និង​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​ដោះ​លែង និង​ទម្លាក់​ការ​ចោទ​ប្រកាន់ លើ​អ្នក​ទាំង​ពីរ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ អង្គការ​អន្តរជាតិ​មួយ​នេះ ពិនិត្យ​ឃើញ​ថា ការ​ចាប់ ឃុំ​ខ្លួន​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ នេះ ដោយសារ​តែ​ពួក​គេ​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ និង​សិទ្ធិ ជួប​ជុំ​ដោយ​សន្តិវីធី​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​ជា​ដើម។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ រក​ឃើញ​ថា ការ​ឃុំ​ខ្លួន​យុវជន​ទាំង​ពីរ​នាក់​ក្នុង​ពន្ធនាគារ​ព្រៃ​ស ជាង ៣ខែ​មក​នេះ គឺ​ធ្វើ​ឡើង​ក្នុង​លក្ខខណ្ឌ​រំលោភ​សិទ្ធិ​របស់​ពួក​គេ ដោយ​សារ​អ្នក​ទាំង​ពីរ ត្រូវ​បាន ដាក់​ឃុំឃាំង​ក្នុង​បន្ទប់​ទំហំ ៤ គុណ ៥ម៉ែត្រ ដែល​ផ្ទុក​អ្នក​ទោស​ចាប់​ពី ២៥ ទៅ ២៧នាក់ ដូច្នេះ​មាន ន័យ​ថា ពួក​គេ​ត្រូវ​ចែក​កន្លែង​គ្នា​រស់​នៅ​ក្នុង​ម្នាក់​តិច​ជាង ០.៧៥ម៉ែត្រ​ការ៉េ។ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បញ្ជាក់​ថា ករណី​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្លូវ​ចិត្ត និង​សុខភាព​របស់​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល