តុលាការ​កំពូល នឹង​ប្រកាស​សាលក្រម​ទាក់ទង​ នឹង​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន កែម ឡី​ និយម​ នៅ​ខែ​ក្រោយ

ដោយ ហេង រស្មី
2019-10-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន គង់ រ៉ៃយ៉ា (រូបខាងឆ្វេង)និង យុវជន សួង នាគព័ន្ធ (រូបខាងស្តាំ)។
យុវជន គង់ រ៉ៃយ៉ា (រូបខាងឆ្វេង)និង យុវជន សួង នាគព័ន្ធ (រូបខាងស្តាំ)។
រូបភាពពី បណ្តាញសង្គមហ្វេសប៊ុក

តុលាការ​កំពូល ជំនុំជម្រះ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន កែម ឡី និយម​មួយ​រូប គឺ​លោក គង់ រ៉ៃយ៉ា ហើយ​គ្រោង​នឹង​ប្រកាស​សាល​ក្រម​នៅ​សប្ដាហ៍​ក្រោយ។ ចំណែក​សំណុំ​រឿង​របស់​យុវជន សួង នាគព័ន្ធ តុលាការ​កំពូល គ្រោង​នឹង​ជំនុំ​ជម្រះ​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ខាង​មុខ។ នៅ​មុន​ការ ជំនុំជម្រះ​នេះ​មួយ​ថ្ងៃ អង្គការ​លើក​លែង​ទោស​អន្តរជាតិ(Amnesty International) បាន​អំពាវនាវ ដល់​របប​ក្រុង​ភ្នំពេញ ឲ្យ​ដោះ​លែង​អ្នកទោស​មនសិការ​ទាំង​ពីរ​នេះ ជា​បន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ។

ក្រោយ​បើក​សវនាការ​ជំនុំជម្រះ​រយៈ​ពេល​ជាង​កន្លះ​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែ​តុលា តុលាការ​កំពូល គ្រោង​ប្រកាស​សាល​ដីកា​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក គង់ រ៉ៃយ៉ា នៅ​ថ្ងៃ​ចន្ទ​ទី៤ ខែ​វិច្ឆិកា ខាង​មុខ។ ចំណែក​សំណុំរឿង​របស់​យុវជន សួង នាគព័ន្ធ វិញ តុលាការ​កំពូល សម្រេច​លើក​ពេល​ទៅ ជំនុំជម្រះ​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា។

ភរិយា​របស់​លោក គង់ រ៉ៃយ៉ា គឺ​លោកស្រី សុខ ស្រីនិច ប្រាប់​អាស៊ី​សេរី​ថា ក្នុង​បន្ទប់​ជំនុំជម្រះ តុលាការ បាន​ចោទ​សួរ​ស្វាមី​របស់​លោកស្រី អំពី​មូលហេតុ ដែល​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ស្វាមី​របស់​លោកស្រី បាន​ឆ្លើយ​តប​ថា ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​នេះ ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​ខុស ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​លោក​ចង់​ទៅ​មើល​ថែ​ម្ដាយ​ចាស់​ជរា​ដែល​ជា​ស្ត្រី​មេម៉ាយ ព្រម​ទាំង​ជួយ​រក​ស៊ី​ចិញ្ចឹម​ភរិយា និង​កូន​តូច។ លោក គង់ រ៉ៃយ៉ា បាន​សន្យា​ចំពោះ​មុខ​តុលាការ​ថា នឹង​មិន​រត់​គេច ហើយ​សហការ​គ្រប់​ដំណាក់​កាល​នីតិវិធី​របស់​តុលាការ។ លោកស្រី សុខ ស្រីនិច ដែល​បី​កូន​តូច​ទៅ ជួប​ប្ដី​ក្នុង​តុលាការ​កំពូល រៀបរាប់​ទៀត​ថា លោក​ស្រី​នៅ​តែ​រឹងមាំ ហើយ​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​សម្រេច​ឲ្យ​ប្តី​របស់​លោក​ស្រី​បាន​រស់​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើសុំ ព្រោះ​ប្ដី​លោកស្រី​ជា​មនុស្ស​ស្អាតស្អំ៖ «តុលាការ​គ្មាន​ភស្តុតាង​ចាប់​ខ្លួន​ស្វាមី​ខ្ញុំ​ទេ ដូច្នេះ​គាត់​គ្មាន​កំហុស​ទេ។ ខ្ញុំ​សង្ឃឹម​ថា តុលាការ​នឹង​ប្រើ​សមត្ថភាព តួនាទី ឆន្ទៈ​តាម​វិជ្ជាជីវៈ​របស់​គាត់ ដើម្បី​ដោះ​ស្រាយ​សំណុំ​រឿង​ស្វាមី​របស់​ខ្ញុំ ដោយ​មិន​ត្រឹម​តែ​ឲ្យ​មាន​សេរីភាព​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​ទេ តែ​សូម​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ស្វាមី​ខ្ញុំ​តែ​ម្តង»

ក្រុម​សហគមន៍​រង​គ្រោះ​ដីធ្លី​នៅ​ភ្នំពេញ​មួយ​ចំនួន ដូច​ជា លោកស្រី ច្រាយ នីម ក៏​បាន​ទៅ​តុលាការ កំពូល ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​យុវជន គង់ រ៉ៃយ៉ា និង​ក្រុម​គ្រួសារ​ដែរ។

អ្នក​នាំ​ពាក្យ​តុលាការ​កំពូល លោក អ៊ុក គឹមសិទ្ធិ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​អាស៊ី​សេរី​ទេ ក្រោម មូលហេតុ​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ជុំវិញ​ការ​ជុំនំ​ជម្រះ​សំណុំ​រឿង​សុំ​នៅ ក្រៅ​ឃុំ​របស់​យុវជន គង់ រ៉ៃយ៉ា។

នាយក​រង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) ​លោក​ អំ​ សំអាត លើក​ឡើង​ថា លោក គង់ រ៉ៃយ៉ា មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​រស់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ព្រោះ យុវជន​រូប​នេះ មាន​ទី​កន្លែង​ស្នាក់នៅ និង​មុខ​របរ​ពិត​ប្រាកដ ហើយ​លោក​គ្រាន់​តែ​ជា​ជន​សង្ស័យ​ក្នុង បទ​ល្មើស​មជ្ឈិម​ប៉ុណ្ណោះ។ លោក​បន្ត​ថា ប្រសិន​បើ​តុលាការ នៅ​តែ​បន្ត​ឃុំ​ខ្លួន​លោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ គឺ​នឹង​បណ្ដាល​ឲ្យ​មាន​ការ​រិះគន់​កាន់​តែ​ខ្លាំង​ថា ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី យុវជន​កុំ​ឲ្យ​ចូលរួម​ក្នុង​ការងារ​សង្គម ព្រម​ទាំង​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ជួប​ជុំ​ដោយ​សន្តិវិធី៖ «បទ​ល្មើស​នេះ​ជា​បទ​ល្មើស​មជ្ឈិម ដូច្នេះ​ខ្ញុំ​នៅ​តែ​សង្ឃឹមថា តុលាការ កំពូល​នឹង​ពិចារណា​នឹង​ពិចារណា​ឲ្យ​លោក គង់ រ៉ៃយ៉ា បាន​នៅ​ក្រៅ​ឃុំ ដើម្បី​ប្រកប​មុខ​របរ​ចិញ្ចឹម​គ្រួសារ​ត​ទៅ​ទៀត។ វា​នឹង​មាន​ផល​លំបាក​របស់​សង្គម​ដែរ ប្រសិន​បើ​អ្នក​ជំហរ​គ្រួសារ​ទាំង​មូល ត្រូវ​បាន​ជាប់​ពន្ធនាគារ»

សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​លោក គង់ រ៉ៃយ៉ា អាយុ​ ២៨​ឆ្នាំ កាលពី​ថ្ងៃ​ទី៩ ខែ​កក្កដា ក្នុង​ផ្ទះ​ជួល​របស់​គាត់ ជាមួយ​កូន​តូច​អាយុ ៦ខែ និង​ភរិយា ព្រម​ទាំង​បង​ប្អូន​បង្កើត ២នាក់ទៀត បន្ទាប់ពី​បាន​ផ្សព្វផ្សាយ​លក់​អាវយឺត​មាន​រូប និង​ទស្សនៈ​បណ្ឌិត កែម ឡី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) សម្រាប់​ខួប​បី​ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ សមាជិក​គ្រួសារ របស់​លោក គង់ រ៉ៃយ៉ា ត្រូវ​បាន​ដោះ​លែង​វិញ​នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ត្រូវ​បង្ខំ​ឲ្យ​ស៊ីញេ​លើ​ក្រដាស សន្យា​ឈប់​រំលោភ​ច្បាប់។ តុលាការ ​ចោទប្រកាន់​លោក គង់ រ៉ៃយ៉ា ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។ មួយ​ថ្ងៃ​បន្ទាប់​មក សមត្ថកិច្ច បាន​ចាប់ ខ្លួន​លោក សួង នាគព័ន្ធ ដោយ ចោទ​ប្រកាន់​ដូច​លោក គង់ រ៉ៃយ៉ា ដែរ បន្ទាប់​ពី​លោក​ចូលរួម ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​បរិវេណ ស្ថានីយ​ប្រេង​ឥន្ធនៈ កាល់តិច (Caltex) ស្តុប​បូក​គោ ដែល​ជា​ទីតាំង​ឃាតកម្ម​បណ្ឌិត កែម ឡី និង​បាន​ចែក​ខិត្តប័ណ្ណ​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់។

ជុំ​វិញ​ការ​លើក​យក​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំងពីរ​មក​ជំនុំ​ជម្រះ​នេះ អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា ឲ្យ​ដោះលែង និង​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អ្នក​ទោស​មនសិការ​ទាំង​ពីរ​នាក់​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ អង្គការ​អន្តរជាតិ​មួយ​នេះ ពិនិត្យ​ឃើញ​ថា ការ​ចាប់​ឃុំ​ខ្លួន​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ នេះ ដោយសារ​តែ​ពួក​គេ​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ និង សិទ្ធិ​ជួបជុំ​ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​ជា​ដើម។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​រក​ឃើញ​ថា ការ​ឃុំ​ខ្លួន​យុវជន​ទាំង​ពីរ​នាក់​ក្នុង​ពន្ធនាគារ​ព្រៃ​ស ជាង ៣ខែ​មក​នេះ គឺ​ធ្វើ​ឡើង​ក្នុង​លក្ខខណ្ឌ​រំលោភ​សិទ្ធិ​របស់​ពួក​គេ ដោយសារ​អ្នក​ទាំង​ពីរ ត្រូវ​បាន​ដាក់​ឃុំឃាំងក្នុងបន្ទប់ទំហំ៤គុណ៥ម៉ែត្រដែលផ្ទុកអ្នកទោសចាប់ពី២៥ទៅ២៧នាក់ ដូច្នេះ​មានន័យថា ពួក​គេ​ត្រូវ​ចែក​កន្លែង​គ្នា​រស់នៅ​ក្នុង​ម្នាក់​តិច​ជាង0.៧៥ម៉ែត្រ​ការ៉េ។ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បញ្ជាក់​ថា ករណី​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្លូវ​ចិត្ត និង​សុខភាព​របស់​ពួក​គេ ដូច្នេះ​ហើយ​ទើប​កន្លង​មក លោក គង់ រ៉ៃយ៉ា ធ្វើ​កូដកម្ម​បង្អត់​អាហារ ៤ថ្ងៃ ដើម្បី​ស្នើសុំ​ឲ្យ​សម្រួល បន្ទប់​ឃុំឃាំង​ឲ្យ​បាន​ទូលាយ​បន្តិច។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយ​តប​ថា តាម​ផ្លូវ​ច្បាប់​រដ្ឋាភិបាល​គ្មាន​សមត្ថកិច្ច​ទៅ​ដោះ​លែង​ជន​ជាប់​ឃុំ ដែល​កំពុង​ដំណើរ​ការ​នីតិវិធី​ក្នុង​តុលាការ​បាន​ទេ គឺ​មាន​តែ​តុលាការ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​សម្រេច​ក្នុង​ករណី​នេះ៖ «តាមផ្លូវច្បាប់ មធ្យោបាយ​មាន​តែ​មួយ​ទេ គឺ​ការ​ចូលរួម​តាម​នីតិវិធី​របស់​តុលាការ ដើម្បី​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់ ។យើង​មិន​ដឹង​ថា តុលាការ​កំពូល​សម្រេច​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​បើ​សិន​ជា​សម្រេច​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ គឺ​ជន​ជាប់​ឃុំ អាច​ប្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ពេល​ណា​ក៏​បាន។ ការ​សម្រេច​ថា អ្នក​ណា​មាន​ពិរុទ្ធភាព ឬ​ក៏​គ្មាន អ្នក​ណា​ខុស ឬ​ក៏​ត្រូវ គឺ​មាន​តែ​តុលាការ​ជា​អ្នក​សម្រេច ដោយ​ផ្អែក​លើ​អង្គហេតុ អង្គច្បាប់ និង​សក្ខីកម្ម ដែល​មាន​ជា​ធរមាន»

កន្លង​មក អង្គការ​សង្គម​ស៊ីវិល ធ្លាប់​លើក​ឡើង​ថា ករណី​ដែល​មាន​ចរិត​នយោបាយ​បែប​នេះ ទោះ​បី​ជា​ពួក​គេ​មាន​មេធាវី​ពូកែ​យ៉ាង​ណា និង​មាន​ភស្តុតាង​គ្រប់គ្រាន់​បែប​ណា​ក្តី ក៏​មិន​អាច​ត​តាំង​ក្តី​ឈ្នះ​បាន​ដែរ។

ករណី​ឃុំ​ខ្លួន​យុវជន គង់ រ៉ៃយ៉ា និង​យុវជន សួង នាគព័ន្ធ នេះ ខាង​អង្គការ​សហប្រជាជាតិ និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា ក៏​ធ្លាប់​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​ដែរ​ថា របប​ក្រុង​ភ្នំពេញ​កំពុង​មាន​គោលដៅ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ​គ្នា​ដោយ​សន្តិវិធី។ អង្គការ​សហប្រជាជាតិ និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​បាន​អំពាវនាវ​ឱ្យ​របប​ក្រុងភ្នំពេញ ដោះ​លែង​យុវជន​ទាំង​ពីរ​នាក់ និង​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ដូច្នេះ​ត​ទៅ​ទៀត។

ភរិយា​របស់​លោក គង់ រ៉ៃយ៉ា លោកស្រី សុខ ស្រីនិច លើក​ឡើង​ថា ប្រសិន​បើ​តុលាការ​កំពូល មិន​ដោះ​លែង​ស្វាមី​របស់​លោក​ស្រី​ទេ តុលាការ​នឹង​កាន់​តែ​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់​ខ្លាំង​បំផុត​ក្នុង​ការ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស។

ទន្ទឹម​គ្នា​នេះ​ ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (APHR) ក៏​ជំរុញ​របប​ក្រុង​ភ្នំពេញ​ឱ្យ​ដោះ​លែង និង​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​យុវជន ​កែម ​ឡី​និយម​ដែរ​។

អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ ហៅ​កាត់​ថា​ (APHR) សម្តែង​ការ​ខកចិត្ត​ដែល​តុលាការ​កំពូល​លើក​ពេល​ប្រកាស​សាលដីកា​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ គង់​ រ៉ៃ​យ៉ា​ និង​លោក​ សួង​ នាគព័ន្ធ។ អង្គការ​នេះ​ជំរុញ​ទៅ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ ឲ្យ​ដោះ​លែង​ពួកគេ​ទាំង​ពីរ​រូប​ជា​បន្ទាន់​ និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​នឹង​ពួក​គេ​ ព្រម​ទាំង​បុគ្គល​ដទៃ​ទៀត​ ដែល​របប​នេះ​ឃុំខ្លួន​ពួកគេ​ដោយ​សារ​តែ​ការ​អនុវត្ត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

អង្គការ APHR ហៅ​ការ​លើកពេល​ប្រកាស​សាល​ដីកា​ទៅ​ថ្ងៃ​ទី៤​ ខែ​វិច្ឆិកា​វិញ​នេះ​ថា​ជា ឧទាហរណ៍​ថ្មី​មួយទៀត​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ អាជ្ញាធរ​កម្ពុជា​នៅ​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​ឃុំខ្លួន​អ្នក​ហ៊ាន​រិះគន់​នឹង​របប​នេះ​។ តំណាង​រា​ស្ត្រឥណ្ឌូ​នេ​ស៊ី​ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​នាយក​នៃ​អង្គការ APHR អ្នកស្រី​ អេ​វ៉ា​ ស៊ុនដារី (Eva​ Sundari) មាន​ប្រសាសន៍​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ APHR ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២៨​ តុលា​ថា​ បទ​ចោទ​ប្រឆាំង​នឹង​យុវជន​ទាំង​ពីរ​រូប​នេះ​ គឺ​ជា​រឿង​មិន​សម​ហេតុផល​ទាល់​តែ​សោះ។ អ្នក​ស្រី​ថា​ សំណុំ​រឿង​របស់​ពួក​គេ​ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ អ្នក​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​បញ្ចេញមតិ​របស់​ពួកគេ​តាម​ទម្រង់​ណា​មួយ​ក៏​ដោយ​ ដើម្បី​គាំទ្រ​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​លោក​ ហ៊ុន​ សែន​ នឹង​ត្រូវ​ជាប់​ពន្ធនាគារ។

ប្រធាន​អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR និង​ជា​តំណាង​រាស្ត្រ​ម៉ាឡេស៊ី​ លោក​ ឆាល​ សាន់​ទី​យ៉ា​ហ្គោ​ (Charles​ Santiago​) ថ្លែង​ថា​ ចៀស​ជាង​ចាប់​ខ្លួន​សកម្មជន​ដែល​ជា​អ្នក​អំពាវនាវ​រក​យុត្តិធម៌​ រដ្ឋាភិបាល​កម្ពុជា​ គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​តម្លាភាព​ និង​យុត្តិធម៌​ ចំពោះ​ករណី​ឃាតកម្ម​លោក កែម ឡី។ លោក​ថា ការ​ស៊ើប​អង្កេត​មួយ​ប្រកប​ដោយ​ឯករាជ្យ​ តម្លាភាព​ និង​ដោយ​មិន​លម្អៀង​ ត្រូវ​តែ​ធ្វើឡើង​ ដើម្បី​ធ្វើឲ្យ​ជ្រះ​ស្រឡះ​នូវ​រាល់​ចម្ងល់​ជាច្រើន​ជុំវិញ​ករណី​ឃាតកម្ម​នេះ។

ដោយ​ឡែក តំណាងរាស្ត្រ​ហ្វីលីពីន​ និង​ជាស​មា​ជិ​ក្រុម​ប្រឹក្សា​នាយក​នៃ​អង្គការ APHR លោក​ វល​ឌែន​ បេ​ឡូ​ (Walden​ Bello) ថ្លែង​ថា​ ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ជា​យន្តការ​ត្រួតពិនិត្យ​ ការគ្រប់គ្រង​បែប​ផ្តាច់​ការ​របស់​លោក​ ហ៊ុន​ សែន​ កំពុង​តែ​គំរាម​កំហែង​ដល់​ការ​អភិវឌ្ឍន៍​កម្ពុជា​ ហើយ​កំពុងតែ​នាំ​មក​នូវ​គ្រោះថ្នាក់​ ដល់​ពលរដ្ឋ​របស់​ខ្លួន។ លោក​ថា​ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់រូប​នៅ​កម្ពុជា​ លោក​ ហ៊ុន​ សែន​ គួរ​តែ​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ អាច​វិល​ត្រលប់​មក​កម្ពុជា​វិញ​បាន​ដោយ​សន្តិវិធី​ ដើម្បី​ចូលរួម​ស្តារ​ប្រជាធិបតេយ្យ​ និង​កសាង​សង្គម​កម្ពុជា​មួយ​ល្អ​ប្រសើរ​ជាង​នេះ​ សម្រាប់​ពលរដ្ឋ​ទាំង​មូល

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

The whole country gonna make a new change and change must be made...

We the Cambodian pple and all military men,women,officers are be ready to make a change on November 9,2019 with all khmer's brotherhoods,sisterhoods,restore a real democracy system,equal right and justice foe all by without anyone else stay above the law,like unofficial pm today who stay above us"Law".We the pple have rights to vote to choose for someone who we like them to be our leader and we have the right to vote them out too,if we found wrong doing,so may god bless all Cambodian pple on November 9,2019 and peace.

Oct 28, 2019 03:51 PM

គេហទំព័រ​ទាំងមូល