អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​ករណី​ឧកញ៉ា គិត ធាង និង​ឧកញ៉ា ថោង សារ៉ាត់

ដោយ ថន ថារ៉ូ
2019-09-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
RFA

អង្គការ​សង្គម​ស៊ីវិល​ស្នើសុំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ចំពោះ​ការ​អនុញ្ញាត​ឱ្យ​ជនជាប់ចោទ​ពីរ​នាក់​មាន​ងារ​ជា​ឧកញ៉ា សម្រាក​ព្យាបាល​ជំងឺ​ក្រៅ​ពន្ធនាគារ​ច្រើន​ខែ​មក​ហើយ។ ពួកគេ​សង្ស័យ​ថា ករណី​នេះ​មាន​ភាព​មិន​ប្រក្រតី​ច្រើន ព្រោះ​អ្នកទោស​ធម្មតា ឬ​អ្នកទោស​មនសិការ កម្រ​ទទួល​​បាន​សិទ្ធិ​ពិសេស ដើម្បី​ដេក​ព្យាបាល​ជំងឺ​ក្រៅ​គុក​ច្រើន​ខែ​បែបនេះ​ឡើយ។

អង្គការ​សង្គម​ស៊ីវិល មាន​មន្ទិលសង្ស័យ​ចំពោះ​មូលហេតុ​ដែល​ម្ចាស់​ក្លឹប​កម្សាន្ត រ៉ក់ (ROCK) ឧកញ៉ា គិត ធាង ដែល​ជាប់ចោទ​ពី​បទ​សម្រួល​ឱ្យ​មាន​ការ​ប្រើ​គ្រឿងញៀន ក្នុង​ក្លឹប​កម្សាន្ត​របស់​ខ្លួន និង​ឧកញ៉ា ថោង សារ៉ាត់ ដែល​ជាប់ចោទ​ពី​បទ​សម្លាប់​មនុស្ស​នោះ ទទួល​បាន​សិទ្ធិ​ពិសេស​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ធំៗ របស់​រដ្ឋ​ជាច្រើន​ខែ​មក​ហើយ។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ក្រសួង​ពាក់ព័ន្ធ​មិន​គួរ​ធ្វើ​ព្រងើយ​កន្តើយ​បែបនេះ​ឡើយ ហើយ​គួរតែ​មាន​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់​អំពី​មូលហេតុ​នៃ​ការ បន្ត​ឱ្យ​ឧកញ៉ា​ទាំងពីរ​រូប​នេះ​សម្រាក​ព្យាបាល​ជំងឺ​ក្រៅ​ពន្ធនាគារ ដោយ​គ្មាន​ពេល​កំណត់។ លោក​បន្ត​ថា ប្រសិនបើ​ក្រសួង​ពាក់ព័ន្ធ​មិន​មាន​ចំណាត់​ការ​អ្វី​ទេ នឹង​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​កាន់តែ​ខ្លាំង​ថា នៅ​កម្ពុជា គឺ​អ្នក​ដែល​មាន​លុយ និង​អំណាច តែងតែ​អាច​រួច​ផុត​ពី​ការ​ទទួល​ទោស​ទណ្ឌ ហើយ​ធ្វើ​ឱ្យ​អ្នក​ទាំងនេះ មិន​រាងចាល​ក្នុង​ការ​ប្រព្រឹត្ត​នូវ​អំពើ​ល្មើសច្បាប់​ឡើយ៖ «យើង​មិន​ដឹង​ថា តើ​អំពើ​ទាំងអស់​នេះ មាន​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ឬ​អត់​ទេ ប៉ុន្តែ​ប្រសិនបើ​មាន​តម្រុយ​ណាមួយ​ចេញ​មក​ថា អំពើ​នៃ​ការ​គេចវេះ​មិន​ទទួល​ទោស​ទណ្ឌ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ក្នុង​ពន្ធនាគារ​ដោយ​សហការ​គ្នា​ជា​ប្រពន្ធ​ក្នុង​ការ​ឱ្យ​ជន​ទទួល​ទាំងអស់​នោះ រួច​ផុត​ពី​ការ​ដាក់​ទោស​ទណ្ឌ​ទាំងអស់​នេះ​គឺ​ស្ថាប័ន​ជាពិសេស​ខាង​ស្ថាប័ន ប្រឆាំង​អំពើពុករលួយ គួរតែ​ពិនិត្យ​មើល​ករណី​នេះ​ឡើងវិញ»

កាលពី​ចុង​សប្ដាហ៍​មុន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ប្រាប់​អាស៊ីសេរី​ដដែល​ថា ពន្ធនាគារ​គ្មាន​លទ្ធភាព​នាំ​ខ្លួន​ឧកញ៉ា គិត ធាង និង​ឧកញ៉ា ថោង សារ៉ាត់ ចូល​ពន្ធនាគារ​វិញ​នោះ​ទេ ប្រសិនបើ​ខាង​មន្ទីរពេទ្យ មិន​ចេញ​លិខិត​អនុញ្ញាត។ លោក​មើល​ឃើញ​ថា ស្ថានភាព​របស់​ឧកញ៉ា​ទាំងពីរ​នេះ មិន​ឈឺ​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ ប៉ុន្តែ​លោក​ក៏​មិន​ដឹង​ថា តើ​មូលហេតុ​អ្វី​ទើប​ខាង​មន្ទីរពេទ្យ​បន្ត​ឱ្យ​អ្នក​ទាំងពីរ​សម្រាក​ព្យាបាល​ទៀត​នោះ​ដែរ។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែ​កញ្ញា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​តែ​ពុំ​មាន​អ្នក​ទទួល។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​នេះ គួរតែ​មាន​គណៈកម្មការ​ឯករាជ្យ​មួយ​ធ្វើការ​ស៊ើបអង្កេត ដើម្បី​ចាត់ វិធានការ​ច្បាប់ កុំ​ឱ្យ​មានការ​រិះគន់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា។ លោក​បន្ត​ថា កន្លង​មក​អ្នក​ជាប់​ពន្ធនាគារ មិន​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ស្មើគ្នា​នោះ​ទេ ដោយ​អ្នកទោស​ក្រីក្រ និង​អ្នក​ទោស​នយោបាយ ខាង​ពន្ធនាគារ​កម្រ​បញ្ជូន​ចេញទៅ​ព្យាបាល​នៅ​ខាងក្រៅ​ណាស់ គឺ​ទាល់តែ​ជំងឺ​នោះ​ធ្ងន់ធ្ងរ​មិន​អាច​ជៀស​បាន ទើប​បញ្ជូន​ទៅ​ពិនិត្យ​រួច​ឱ្យ​ថ្នាំ ហើយ​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ។ ដោយឡែក អ្នកមាន​លុយ​មានអំណាច​វិញ អាច​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​ក្រៅ​ពន្ធនាគារ​បាន​យូរ ដោយ​មិន​កំណត់ពេល​ជាក់លាក់​ឡើយ៖ «មនុស្ស​ខ្ញុំ​មិន​ជឿ​ថា​ព្យាបាល​មិន​ជា ហើយ​ចេះតែ​នៅ​ក្នុង​មន្ទីរពេទ្យ​រហូត ចុះ​អ្នក​ផ្សេងទៀត​គាត់​អត់​មាន​លុយ​មាន​កាក់​ហើយ​គាត់​ឈឺ​ដែរ ជួនកាល​គាត់​ឈឺ ធ្ងន់ធ្ងរ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ ជួន​កាល​បាន​សម្រាក​មួយ​យប់​ជួនកាល​បាន​ពីរ​យប់ ហើយ​បាន​ល្អ​ប្រសើរ​បាន​បញ្ជូន​ទៅវិញ ដូច្នេះ​ករណី​ឧកញ៉ា​នេះ​គេ​មើល​មក​វា​ស្ដែង​ពេក​ណាស់។ គួរតែ​គិត​គួរ​យ៉ាងណា​ដើម្បី​កុំ​ឱ្យ​មានការ​រិះគន់​ហើយ​ធ្វើ​ឱ្យ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ កុំ​ឱ្យ​យើង​អនុវត្ត​នូវ​តែ​មាន​ស្តង់ដារ​ពីរ។ ខ្ញុំ​គិត​ថា ឥឡូវនេះ ក្រសួង​មហាផ្ទៃ ក្រសួង​សុខាភិបាល និង​ក្រសួងយុត្តិធម៌ ដែល​ត្រូវតែ​មាន​ការស៊ើបអង្កេត​ទៅលើ​ករណី​នេះ»

រីឯ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង អាស៊ីសេរី ហៅ​ទៅ​ទូរស័ព្ទ​លោក​ចូល ប៉ុន្តែ​មិន​មាន​អ្នក​ទទួល។

ឧកញ៉ា គិត ធាង ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ពន្ធនាគារ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី តាំង​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៩ ក្រោម​ហេតុផល​ថា មាន​ជំងឺ​សួត និង​ស្ទះ​ដង្ហើម បន្ទាប់ពី​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ស្នងការ​រាជធានី​ភ្នំពេញ ឬ​ហៅថា ពន្ធនាគារ ប៉េហ្ស៊ី (PJ) បាន​ប្រមាណ​កន្លះ​ខែ។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​លោក គិត ធាង ពី​បទ​សមគំនិត និង​ចាត់ចែង​សម្រួល​ឱ្យ​មាន​ការប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន នៅ​ក្នុង​ក្លឹប​កម្សាន្ត​រ៉ក់​របស់​លោក។

ចំណែក​លោក​ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវបាន​តុលាការ​ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ កាលពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​២០១៥​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា ដេក​ក្នុង​ពន្ធនាគារ​មិន​បាន​មួយ​សប្ដាហ៍​ទេ ស្រាប់តែ​ត្រូវ​បាន​បញ្ជូន​ទៅ​រស់នៅ​បន្ទប់​វីអាយភី (VIP) នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ស្ថិតនៅ​ក្បែរ​គម្រោង​ខុនដូ​របស់​លោក ក្រោម​ហេតុផល​ថា លោក​មាន​ជំងឺ​ច្រើន​មុខ ដូចជា ជំងឺ​លើសឈាម វិលមុខ និង​មាន​សតិ​មិន​ល្អ ដោយសារ​ភ័យខ្លាច​ជាប់​ក្នុង​គុក។ បន្ទាប់ពី​រស់នៅ​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​យូរ​ពេក លោក ថោង សារ៉ាត់ បាន​ផ្លាស់ប្ដូរ​ទៅ​រស់នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះកុសមៈ​វិញ​ម្ដង កាលពី​ខែ​មេសា ឆ្នាំ​២០១៧។ សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា នៅ​មន្ទីរ​ព្រះកុសមៈ​នេះ លោក ថោង សារ៉ាត់ បាន​ចំណាយ​លុយ​ផ្ទាល់ខ្លួន​រាប់ម៉ឺន​ដុល្លារ​សម្រាប់​សាងសង់​បន្ទប់​ឯកជន​ដ៏​ទំនើប​មួយ​សម្រាប់​រស់នៅ​។​

លោក ថោង សារ៉ាត់ និង​អង្គរក្ស ៤​នាក់ ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ អស់​មួយជីវិត ដោយ​ចោទ​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន និង​បទ​សមគំនិត​ក្នុង​សំណុំរឿង​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ ដែល​ជា​ថៅកែ​ស៊ីម៉ងត៍​ត្បូងពេជ្រ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា ករណី​នេះ មិន​មាន​ភាព​ចាំ​បាច់​ត្រូវតែ ស៊ើបអង្កេត​ទេ ព្រោះ​ជនជាប់ចោទ​ទាំង​នោះ អាច​មាន​ជំងឺ​ទើប​អាជ្ញាធរ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​រដ្ឋ។ ទោះ​យ៉ាង​ណា​ក្តី លោក​ថា មានតែ​ខាង​មន្ទីរពេទ្យ និង​អ្នកនាំពាក្យ​ខាង​តុលាការ​ទេ ទើប​អាច​បញ្ជាក់​ពី​ស្ថានភាព​របស់​ឧកញ៉ា​ទាំងពីរ​នោះ៖ «ក្នុង​នាម​ជា​សមត្ថកិច្ច យើង​ពិចារណា​ចំពោះ​ការ​លើកឡើង ឬ​ការសង្ស័យ​ប៉ុន​តែ​ការ​លើកឡើង ឬ​មន្ទិលសង្ស័យ​នេះ វា​មិនមែន​ត្រូវ​ទាំងអស់​ទេ។ មន្ទិលសង្ស័យ ដោយ​ផ្អែកលើ​និន្នាការ​នយោបាយ​ដោយ​មិន​មាន​មូលដ្ឋាន​វេជ្ជសាស្ត្រ​នោះ​គឺ​មិន​ត្រឹមត្រូវ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។ បញ្ហា​សំខាន់​ថា តើ​វា​មាន​មូលហេតុ​ផ្នែក​វេជ្ជសាស្ត្រ​ដែល​វាយតម្លៃ​ដោយ​អ្នក​ជំនាញ​នោះ វា​ពិតប្រាកដ​ច្បាស់លាស់​ថា តើ​អ្នកនោះ​ចាំបាច់​ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​អត់? មូលហេតុ​នេះ​គឺជា​ការវាយតម្លៃ​មាន​ភាព​ត្រឹមត្រូវ​បាន។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​នាយក​មន្ទីរពេទ្យ​ព្រះកុសមៈ លោក តាន់ សុគន្ធ និង​នាយក​មន្ទីរ​ពេទ្យរុស្ស៊ី លោក ងី ម៉េង ជាច្រើនលើក​តែ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ។ ចំណែក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា ដែល​ជា​អ្នក​អនុញ្ញាត​ឱ្យ​លោក គិត ធាង ចេញ​ទៅ ព្យាបាល​ជំងឺ​ក្រៅ​ពន្ធនាគារ ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។

កន្លងមក​សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ដោយ​ស្រង់​សម្ដី​បុគ្គលិក​ពេទ្យ​ថា ឧកញ៉ា​ទាំងពីរ​មាន​សាច់ឈាម​ស្រស់ថ្លា មិន​ឈឺ​អ្វី​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​បុគ្គលិក​ពេទ្យ​រូប​នោះ​ឆ្ងល់​ថា តើ​ហេតុអ្វី​បានជា​ខាង​ពន្ធនាគារ​មិន​យក​ឧកញ៉ា​ទាំងពីរ​ទៅ​ពន្ធនាគារ​វិញ។

ករណី​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច​ជួល​បន្ទប់​ទំនើបៗ របស់​មន្ទីរពេទ្យ​ធំៗ របស់​រដ្ឋ​សម្រាប់ ស្នាក់នៅ​នេះ មាន​ច្រើន​ករណី គឺ​មិនមែន​តែ​លោក គិត ធាង និង​លោក ថោង សារ៉ាត់ នោះ​ទេ។ ជា​ឧទាហរណ៍ អតីត​អភិបាលក្រុង​បាវិត​លោក ឈូក បណ្ឌិត ដែល​បាញ់រះ​លើ​ក្រុម​កម្មករ ឧកញ៉ា សុខ ប៊ុន ដែល​ប្រើ​ហិង្សា​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ និង​ឧកញ៉ា តាន់ សេងហាក់ ដែល​ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន ជាពិសេស គឺ​ក្រុម​ក្មួយៗ របស់​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​រឿង​បាញ់​បោះ​សេរី​នា​ពេល​កន្លងមក សុទ្ធតែ​បាន​រស់នៅ​ក្រៅ​ពន្ធនាគារ ក្រោម​ហេតុផល​ថា សម្រាក​ព្យាបាល​ជំងឺ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ហេតុផល​ឡើង​ថា ប្រសិនបើ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ស៊ើបអង្កេត​ករណី​ឧកញ៉ា គិត ធាង និង​ឧកញ៉ា ថោង សារ៉ាត់ នេះ​ទេ គឺ​នឹង​រង​ការ​ចោទ​ថា ករណី​នេះ មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ ឬ​ទទួល​បាន​ផលប្រយោជន៍​ពី​ឧកញ៉ា ទាំងពីរ ក្នុង​ការ​អនុញ្ញាត​ឱ្យ​បន្ត​រស់នៅ​ក្រៅ​ពន្ធនាគារ​ក្រោម​ហេតុផល​ព្យាបាល​ជំងឺ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល