កម្ពុជា​គ្រោង​បញ្ជូន​ជនជាតិ​ចិន ២៧​នាក់​ទៅ​ប្រទេស​កំណើត​វិញ

ដោយ សុ ជីវី
2019-08-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។
ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។
Photo: RFA

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ​កម្ពុជា គ្រោង​បញ្ជូន​ជនជាតិ​ចិន​ចំនួន ២៧​នាក់​ទៅ​ប្រទេស​កំណើត​វិញ បន្ទាប់ពី​បាន​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ ២១ សីហា នៅ​អគារ​កម្ពស់ ៨​ជាន់ ស្ថិត​ក្នុង​ភូមិ​បាវិត​កណ្តាល ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

អ្នកនាំពាក្យ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក អាត ប៊ុន្នី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​សុក្រ នេះ​ថា ជនជាតិ​ចិន ២៧ នាក់​នេះ​ជា​ជនល្មើស និង​ឧក្រិដ្ឋជន​ដែល​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​របស់​ខ្លួន​កន្លង​មក ហើយ​បាន​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​និយាយ​ថា ជនជាតិ​ចិន​ទាំង ២៧​នាក់​នេះ ត្រូវ​បាន​ឃុំខ្លួន​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្នុង​ទីក្រុង​ភ្នំពេញ។

លោក អាត ប៊ុន្នី និយាយថា សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​ចាប់​បាន​ជន​ជាតិ​ចិន​ទាំង​នេះ​នឹង​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​ចិន​វិញ ក្នុង​ពេល​ឆាប់ៗ​នេះ​។ លោក​និយាយ​ថា «យើង​រង់ចាំ​សំណូមពរ​ពី​ភាគី​ចិន គេ​នឹង​មក​យក​ជន​ជាតិ​ចិន​ទាំងនេះ​ត្រឡប់​ទៅ​វិញ»

លោក អាត ប៊ុន្នី អះអាង​ថា ការ​លំហូរ​ចូល​របស់​ជនជាតិ​ចិន ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា មិនបាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ មានការ​ភ័យខ្លាច​និង​ព្រួយបារម្ភ​នោះ​ទេ ផ្ទុយទៅវិញ​ប្រជាជន​ចិន បាន​នាំ​យក​ការ​វិនិយោគ​ទុន​មក​ស្រុក​ខ្មែរ ហើយ​បាន​ផ្តល់​ការងារ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​។ លោក​និយាយ​ថា ៖ «វា​មិន​មាន​អ្វី​គួរ​ឱ្យ​បារម្ភ ឬ​បង្ហាញ​ពី​សញ្ញា​គ្រោះថ្នាក់ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ ព្រោះ​វា​ជា​ការ​វិវត្ត​ទូទៅ​នៃ​ពិភពលោក»

យោង​ទៅ​លើ​ការ​បញ្ជាក់​របស់​នាយ​ឧត្ដមសេនីយ៍ លោក គៀត ច័ន្ទថារិទ្ធ ក្នុង​កំឡុង​ពេល​ធ្វើ​បទសម្ភាសន៍​ជាមួយ​កាសែត​ក្នុងស្រុក​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ជនជាតិ​ចិន​ដែល​កំពុង​ស្នាក់​នៅ​រយៈពេល​វែង ដើម្បី​វិនិយោគ​និង​បម្រើ​ការងារ​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រមាណ ២៥​ម៉ឺន​នាក់។

បើ​ប្រៀបធៀប​ជាមួយ​ជនបរទេស​ដទៃ​ទៀត ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ជនជាតិ​ចិន​ប្រមាណ ៦០​ភាគរយ​។ ក្នុង​ចំណោម​ជនជាតិ​ចិន​ចំនួន ២៥ ម៉ឺន​នាក់​នេះ មាន​នៅ​រាជធានី​ភ្នំពេញ ជិត ១០​ម៉ឺន​នាក់ នៅ​ខេត្ត​ព្រះសីហនុ ជាង ១១​ម៉ឺន​នាក់ ហើយ​ក្រៅ​ពី​នេះ​មាន​នៅ​ខេត្ត​កណ្ដាល​ស្វាយរៀង និង​ខេត្ត​បន្ទាយមានជ័យ​ជាដើម នេះ​បើ​តាម​ការ​អះអាង​របស់ លោក គៀត ច័ន្ទថារិទ្ធ។

លោក​បាន​និយាយ​ក្នុង​ពេល​បទសម្ភាសន៍​ថា​៖ «និយាយ​ពី​រឿង​បទល្មើស​ហ្នឹង​ការ​ពិត​ហើយ យើង​ទទួល​ស្គាល់​ថា វា​មាន ប៉ុន្តែ​ចំនួន​អត់​ច្រើន​ទេ បើ​ប្រៀបធៀប​នឹង​វត្តមាន​របស់​ចិន​ដែល​មាន ប្រៀបធៀប​វត្តមាន​ចិន​ដែល​មក​ទេសចរណ៍ ២​លាន​នាក់ ចំនួន​បទល្មើស​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​នឹង​មិន​ច្រើន​ទេ»

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ទស្សនៈ​ផ្ទុយ​ពី​មន្ត្រី​រដ្ឋាភិបាល​ដោយ​បាន​លើកឡើង​ថា វត្តមាន​ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​ភ័យខ្លាច ហើយ​បាត់បង់​ការងារ និង​មុខរបរ​ដែល​ពួកគាត់​ធ្លាប់​មាន ព្រោះ​ជនជាតិ​ចិន មាន​ផ្ដល់​សេវា ទៅដល់​ជនជាតិ​ចិន​គ្នា​គាត់ សូម្បីតែ​មុខរបរ​តូចតាច​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​បាន ដើម្បី​រក​ប្រាក់​ចំណូល ក៏​ពួកគាត់​ដណ្ដើម​យក​ទៅ​រកស៊ី​ប្រចាំ​ក្រុម​ជនជាតិ​គេ​ដែរ៖ «យើង​ឃើញ​ថា វត្តមាន​ជនជាតិ​ចិន មិន​បាន​ផ្តល់​នូវ​ផល​ចំណេញ​ជាទូទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទេ។ យើង​មិន​រើសអើង​ទេ នៅ​ក្នុង​គ្រប់​ជាតិ​សាសន៍​ទាំងអស់ យើង​ស្វាគមន៍ យើង​ពេញចិត្ត គ្រប់​ជនជាតិ​ណា​ទាំងអស់​មក​ប្រទេស​កម្ពុជា​យើង ក្នុង​ការ​គោរព​ទៅ​លើ​សីលធម៌ ប្រពៃណី ឬ​ក៏​សុជីវធម៌ ផ្សេងៗ ក៏​ប៉ុន្តែ​យើង​ក៏​ឃើញ​ឥរិយាបថ​របស់​ជនជាតិ​ចិន​នេះ បង្ក​លក្ខណៈ​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ច្រើន ពាក់ព័ន្ធ​ទៅ​នឹង​អសន្តិសុខ សង្គម ការ​រកស៊ី​មិន​ត្រឹមត្រូវ​ជាដើម ដូចជា​យើង​បាន​ឃើញ​ហើយ សមត្ថកិច្ច​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់ ពី​ការ​រកស៊ី​ខុសច្បាប់​របស់​ពួកគាត់ ការ​ប្រើ​ឥរិយាបថ​បើកបរ​ច្រងេងច្រងាង គ្មាន​សីលធម៌ កាប់​ចាក់ ប្រើ​ហិង្សា នៅ​ក្នុង​ទីតាំង​មណ្ឌល​សេវាកម្ម​កម្សាន្ត​ផ្សេងៗ​។ យើង​ឃើញ​ថា ឥរិយាបថ​ទាំងអស់​នេះ បាន​បង្ក​នូវ​ភាព​អនាធិបតេយ្យ​មែនទែន នៅ​ក្នុង​សង្គម​កម្ពុជា​យើង»

លោក ស៊ឹង សែនករុណា បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​លំហូរ​ចូល​របស់​ជនជាតិ​ចិន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា សព្វថ្ងៃ​ព្រោះ​ជនជាតិ​ចិន​មាន​ទៅ​ដល់​ជាង ១.០០០​លាន​នាក់​ហើយ​កម្ពុជា​មាន​ត្រឹមតែ​ជាង ១០​លាន​នាក់​ប៉ុណ្ណោះ​ដូច្នេះ​កម្ពុជា​អាច​នឹង​បាត់បង់​ធនធាន​ជាច្រើន​ដែល​មាន​កន្លង​មក៖ «បើសិនជា​យើង​នៅតែ​បើក​ចំហ​ដោយ​សេរី នូវ​ការ​លំហូរ​ចូល​ជនជាតិ​ចិន​បែបនេះ ខ្ញុំ​មានការ​ព្រួយបារម្ភ​ណាស់ ព្រោះ​ទី​១ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដណ្តើម​មុខរបរ​របស់​កម្ពុជា​យើង ហើយ​ទី​២ គឺ​ការ​ច្បាម​យក​នូវ​ធនធាន​របស់​ជាតិ​យើង ដូចជា ដីធ្លី ឆ្នេរ កោះ រ៉ែ ព្រៃឈើ ជាដើម ដែល​យើង​មើល​ឃើញ​កន្លងមក ហើយ​ក៏​ធ្លាប់​ដឹង​ថា មានការ​ទទួលយក​នូវ​ផល​ទាំងអស់​នេះ​ពី​ប្រទេស​កម្ពុជា​អស់​រយៈកាល​ជា​យូរ​ឆ្នាំ​មក​ហើយ​ដែរ»

ជា​ការ​ពិត​ណាស់​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជា​បន្តបន្ទាប់​ក្នុង​ប្រទេស​កម្ពុជា​។

កាលពី​ថ្ងៃ ១៩ សីហា កន្លង​មក​នេះ សមត្ថកិច្ច​បាន​ឃាត់​ជនជាតិ​ចិន​ចំនួន ៩​នាក់​ដែល​បាន​បើក​ផ្ទះសំណាក់​ម៉ាស្សា​រកស៊ី​ផ្លូវ​ភេទ​មួយ​កន្លែង​ក្នុង​ខេត្ត​កំពត ហើយ​ជនជាតិ​ចិន​ទាំងនេះ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត បន្ទាប់​ពី​តុលាការ​ចោទប្រកាន់​ពី​បទ​សញ្ចរកម្ម តាម​មាត្រា​៤៥ និង​៤៦​នៃ​ច្បាប់​ជួញដូរ​ផ្លូវ​ភេទ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​សុក្រ​ថា ជនជាតិ​ចិន​ទាំង ៩ នាក់​នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សញ្ចរកម្ម ដោយ​ព្រះរាជ្ញា​រង លោក ខា ដាណា កាលពី​ថ្ងៃ​ទី​២២ សីហា ហើយ​បាន​បញ្ជូន​ជន​ជាតិ​ចិន​ទាំងនេះ​ទៅ​កាន់​ចៅក្រម​ស៊ើបអង្កេត លោក ង៉ូវ ឆាយហួត ដែល​បាន​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ទាំង​៩​នាក់​នោះ នៅ​ពន្ធនាគារ​ខេត្ត​កំពត​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ចំណែក​បទល្មើស ១​ផ្សេងទៀត បាន​កើតឡើង​កាលពី​ថ្ងៃ​១៩ សីហា នៅ​ខេត្ត​ព្រះសីហនុ​ហើយ​សមត្ថកិច្ច​បាន​កំពុង​តាម​រក​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន ៣​នាក់ ដែល​បាន​រត់គេច​ខ្លួន បន្ទាប់ពី​បាន​បាញ់​ជនជាតិ​ចិន​ដូចគ្នា ឱ្យ​រង​របួស​ចំពោះ​ក្នុង​ពេល​មាន​ជម្លោះ​ជាមួយ​សន្តិសុខ​ខ្មែរ​ម្នាក់​នៅ​កាស៊ីណូ​មួយ​កន្លែង​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។

ស្នងការ​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​សុក្រ​នេះ​ថា សមត្ថកិច្ច​របស់​គាត់​កំពុងតែ​តាម​រក​ជនជាតិ​ចិន​ទាំង ៣​នាក់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល