ភរិយា​សកម្មជន​បក្ស​ប្រឆាំង ដែល​បាត់​ខ្លួន​នៅ​ខេត្ត​ព្រៃវែង​ក្រោយ​សមត្ថកិច្ច​ហៅ​សាក​សួរ ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​ព័ត៌មាន​អំពី​ស្វាមី

ដោយ ទីន ហ្សាការីយ៉ា
2020-03-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ភរិយា​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​ព្រះ​ស្ដេច ខេត្ត​ព្រៃវែង ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​អំពី​ព័ត៌មាន​ពី​ស្វាមី​លោកស្រី ដែល​បាត់ខ្លួន​ក្រោយ​ពេល​សមត្ថកិច្ច​ឃាត់​ខ្លួន​បន្ទាប់​ពី​បាន​បង្ហោះ​សារ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​រិះគន់ករណីជំងឺកូវីត១៩នៅកម្ពុជា។ សំណើ​នេះ​ក្រោយ​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក ឃុត ច្រឹក បាន​បាត់​ខ្លួន​អស់​រយៈ ៦ថ្ងៃ​ដោយ​គ្មាន​ដំណឹង។

លោកស្រី ប៊ុត សាម៉ាក់ ភរិយា​លោក ឃុត ច្រឹក សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ព្រះ​ស្តេច ខេត្ត​ព្រៃវែង​ឲ្យ​អាស៊ី​សេរី​ដឹង​កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា​ថា លោកស្រី​នៅ​តែ​មិន​ទាន់​ដឹង​ដំណឹង​ពី​ស្វាមី​លោកស្រី​នៅ​ឡើយ​ទេ ក្រោយ​ពី​បាត់​ខ្លួន កាលពីថ្ងៃទី១០ មីនា ដែល​កាល​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​កោះ​ហៅ​ស្វាមី​លោក​ស្រី​ឲ្យ​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល។ លោក​ស្រី​បន្ត​ថា ពេល​នេះ​លោកស្រី​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ស្វាមី​ខណៈ​បាត់​ដំណឹង​យូរ​បែប​នេះ៖ «»

ទាក់ទង​ករណី​នេះ មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​បឹង​ដោល លោក យ៉ង់ សាកល បាន​និយាយ​យ៉ាង​ខ្លី​ថា លោក​មិន​បាន​ឃាត់​ខ្លួន​ឬ​ធ្វើ​កំណត់​ហេតុ​អ្វី​លើ លោក ឃុត ច្រឹក នោះ​ទេ៖ «»

ប៉ុន្តែ​លោកស្រី ប៊ុត សាម៉ាក់ និយាយ​ថា កាល​ពី​ថ្ងៃ​ទី១០ ខែ​មីនា មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​បឹងដោល លោក យ៉ង់ សាកល បាន​មក​ហៅ​ស្វាមី​លោកស្រី​ដល់​ផ្ទះ​ឲ្យ​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​ប៉ូលិស ហើយ​ស្វាមី​លោកស្រី​បាន​យល់​ព្រម​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដោយ​ជិះ​ម៉ូតូ​ខ្លួន​ឯង​ទៅ។ លោក​បន្ត​ថា នៅ​យប់​ថ្ងៃ​ដដែល​នគរបាល​មូលដ្ឋាន​ម្នាក់​បាន​ទូរស័ព្ទ​មក​ប្អូន​ថ្លៃ​លោកស្រី​ឲ្យ​ទៅ​យក​ម៉ូតូ​ប្ដី​លោកស្រី​ពី​ប៉ុស្តិ៍ និង​ប្រាប់​ថា ស្វាមី​លោកស្រី​ត្រូវ​បញ្ជូន​ទៅ​សាកសួរ​បន្ត​នៅ​អធិការ​ស្រុក​ព្រះ​ស្ដេច៖ «»

លោកស្រី​បន្ត​ថា លោកស្រី​ធ្លាប់​បាន​ទៅ​សាក​សួរ​ព័ត៌មាន​ប្តី​លោកស្រី​នៅ​អធិការ​នគរបាល​ស្រុក​ព្រះ​ស្ដេច​ហើយ​សមត្ថកិច្ច​នៅ​ទី​នោះ​ប្រាប់​ថា ស្វាមី​លោកស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​បន្ត​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​ពេល​លោកស្រី និង​ក្រុម​គ្រួសារ​បាន​ស្វះស្វែង​ទៅ​សាក​សួរ​នៅ​អគ្គស្នងការ​ប៉ូលិស​នៅ​ក្រសួង​មហាផ្ទៃ និង​ខាង​ពន្ធនាគារ​ព្រៃ​ស ក៏​នៅ​តែ​មិន​បាន​ទទួល​ដំណឹង​ពី​ស្វាមី​ដដែល។

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អធិការ​ស្រុក​ព្រះស្ដេច ស្នងការ​នគរបាល​ខេត្ត​ព្រៃ​វែង​លោក ព្រំ សន្ធរ និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមឃឿន ប៉ុន្តែ​អ្នក​ទាំង​អស់​មិន​លើក​ទូរស័ព្ទ​នោះ​ទេ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា។

លោក ឃុត ច្រឹក សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ព្រះ​ស្ដេច ខេត្ត​ព្រៃវែង ត្រូវ​បាន​សមត្ថកិច្ច​កោះ​ហៅ​មក​សាកសួរ​រឿង​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី១០ មីនា​កន្លង​ទៅ​នេះ ហើយ​មក​ដល់​ថ្ងៃ​ទី១៤ មីនា លោក​បាន​បាត់​ខ្លួន​អស់​រយៈ​ពេល ៦ថ្ងៃ​មក​ហើយ។

មេធាវី​ការពារ​ក្តី​លោក សំ សុគង់ មាន​ប្រសាសន៍​ថា តាម​ផ្លូវ​ច្បាប់​បើ​ទោះ​បី​មាន​ការ​ចាប់​ខ្លួន ជន​សង្ស័យ​បាន​ប្រព្រឹត្តិ​បទ​ល្មើស​អ្វី ក៏​ដោយ​សមត្ថកិច្ច​ត្រូវ​តែ​ជូន​ដំណឹង​ទៅ​ក្រុម​គ្រួសារ​ឲ្យ​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល