អាជ្ញាធររបបក្រុងភ្នំពេញ ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ២នាក់​ទៀត និង​ចោទ​ប្រកាន់​បន្ថែម ៤នាក់

ដោយ មួង ណារ៉េត
2019-10-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​គណបក្សសង្គ្រោះជាតិមួយចំនួន ក្នុង​ចំណោម​អ្នកដែលកំពុង​ជាប់​ឃុំ។
សកម្មជន​គណបក្សសង្គ្រោះជាតិមួយចំនួន ក្នុង​ចំណោម​អ្នកដែលកំពុង​ជាប់​ឃុំ។
RFA

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​២នាក់​ទៀត​ និង ចោទប្រកាន់បន្ថែម ៤ នាក់​​​ ដោយ​ចោទ​ប្រកាន់​ពី​បទ​រួមគំនិតក្បត់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ហៅ​វិធាន​ការ​របស់​តុលាការ​នេះ​ថា​ ​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ ​ផ្នែក​នយោបាយ​លើ​​​ប្រជាពលរដ្ឋ​ ដើម្បី​រារាំង​កុំ​ឱ្យ​ពួកគាត់​ទៅ​គាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ​។

​មន្ត្រី​ប៉ូលិស​រាជធានី​ភ្នំពេញ ​ចាប់​ខ្លួន​ចៅសង្កាត់​ព្រែកប្រា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​លោក ឃិន​ សុខហៀង ​នៅ​យប់​ថ្ងៃ​ទី ០​៧ ខែ ​តុលា និង សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​បាធាយ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង គឺ លោក ហម វុទ្ធី ចាប់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ០៨ ​តុលា។

ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម លោក​ស្រី ថាន់ សារ៉ន ប្រាប់​អាស៊ី​សេរី កាលពី​​រសៀល​ថ្ងៃ​ទី​៨ ខែ​តុលា​​ថា ប៉ូលិស​ចាប់​ស្វាមី​របស់​លោក​ស្រី​នៅ​ហាង​លក់​កាហ្វេ​មួយ​កន្លែង​ នៅ​វាល​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ ​ដោយ​​មិន​​ដឹង​​មូលហេតុ។ លោកស្រី​ហៅ​​ការ​​ចាប់​​ខ្លួន​​នេះ​​ថា ជា​​ទង្វើ​​អយុត្តិធម៌​​ធ្វើ​​ទុក្ខ​បុក​ម្នេញ​​មក​​លើ​​ស្វាមី​ ពីព្រោះ​​លោក ហម វុទ្ធី មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ឡើយ«គាត់​មិន​ដែល​មាន​សត្រូវ​ជា​មួយ​អ្នក​ជិត​ខាង​ទេ មាន​តែ​រឿង​នយោបាយ​តែ​ម្ដង ព្រោះ​គាត់​អត់​មាន​ដើរ​ទៅ​រក​រឿង​អ្នក​ណា​ផង​ មាន​តែ​ពលរដ្ឋ​ស្រលាញ់​គាត់​ពេញតែស្រុក​​​។ គិត​ទៅ​អាជ្ញាធរ​តាម​ចាប់​គាត់​តាំង​ពី​ថ្ងៃ​កាន់​បិណ្ឌ​ថ្ងៃ​ដំបូង​មក​ ហើយ​ដល់​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី​៧​ បាន​គាត់​​រត់​ភៀស​ខ្លួន​ទៅ​ភ្នំពេញ​»។

រីឯ​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញលោក ឃិន រឿន ថ្លែង​ថា មន្ត្រី​ប៉ូលិស ​៤នាក់ ​បាន​ចូល​ទៅ​ចាប់​លោក ឃិន សុខ​ហៀង នៅ​ក្នុង​ផ្ទះ​ស្ថិត​ក្នុង​សង្កាត់​ព្រែកឯង ខណ្ឌច្បារអំពៅ​ទាំង​​កម្រោល ​ដោយ​​ពុំ​​មាន​ដីកា​​ចាប់​​ខ្លួន​​ពី​​តុលាការ​​ឡើយ​។ លោក​ហៅ​ទង្វើ​របស់​ប៉ូលិស​នេះ​ថា ជា​​ការ​​ធ្វើ​​ទុក្ខ​បុក​ម្នេញ​​មក​​លើ​​សកម្មជន​​ប្រឆាំង ​តាម​​បញ្ជា​​របស់​​មេ​​ដឹក​​នាំ​​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ដើម្បី​បាន​ដឹក​នាំ​ប្រទេស​ទៅ​មុខ​ទៀត តែ​ប៉ុណ្ណោះ៖ «សូម​​ឱ្យ​​សកម្មជន​​នៅ​​តាម​​រាជធានី​​ខេត្ត​​ទាំង​អស់​កុំ​បាក់​ទឹក​ចិត្ត​ឱ្យ​សោះ​ ព្រោះ​​យើង​​នៅ​​តែ​​ជាង ​៣០​ថ្ងៃ​​ទៀត​​ទេ​ យើង​នឹង​ជួប​មេ​ដឹក​នាំ​របស់​យើង​វិញ​ហើយ​ ពេល​នោះ​យើង​នឹង​ក្រោក​ឡើង​ទាំង​អស់​គ្នា​ទាមទារ​យក​សិទ្ធិ​សេរី​ភាព​ យក​ប្រជាធិបតេយ្យ​មក​វិញ​ ដើម្បី​ឱ្យ​ប្រទេស​យើង​រីក​ចំរើន​ដូច​ប្រទេស​ជិត​ខាង​។ ខ្ញុំ​ក៏​សំណូម​ពរ​ដល់​រដ្ឋាភិបាល​ដែរ​ បើ​រដ្ឋាភិបាល​នៅ​តែ​ចាប់​សកម្មជន​បក្ស​ប្រឆាំង​បែប​ ធ្វើ​ឱ្យ​ការ​ឈឺចាប់​របស់​សកម្មជន​កាន់​តែ​ខ្លាំង​ឡើង អ៊‍ីចឹង​ធ្វើ​ឱ្យ​ប្រទេស​មាន​ហានិភ័យ​នៅ​ពេល​ខាងមុខ​​»។

លោក​បន្ត​ថា​ រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ ​មិន​ដឹង​ប៉ូលិស​បញ្ជូន​សកម្មជន​ទាំង​២​រូប​ ទៅ​ឃុំ​ខ្លួន​នៅ​កន្លែង​ណា​នោះ​ទេ។

​​​​​​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ ស្នងការ​រាជធានី​ភ្នំពេញ​លោក ស ថេត​ ដើម្បី​សុំ​អត្ថាធិប្បាយ​ ជុំ​វិញ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ ​បាន​ទេ​ កាលពី​​ថ្ងៃ​ទី ០​៨ ខែ ​តុលា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ ពុំ​មាន​អ្នក​ទទួល​។

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែ​តុលា ​បាន​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៥នាក់​ រួម​មាន​លោក​ គ្រុយ សុខេមរិទ្ធ អ្នក​ស្រី​ សេង ខន អ្នកស្រី​ ទិត្យ សុផាត​ លោក​ រឿង សំណាង និង​លោក ឃិន សុខហៀង ​ពី​បទ​​​រួម​គំនិត​​ក្បត់។ តុលាការ​​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ​កាលពី​​ថ្ងៃ​ទី៧ តុលា​​នោះ​ថា ​សកម្មជន​​បក្ស​​ប្រឆាំង​​​ទាំង​ ៥​នាក់ និង​​មនុស្ស​មួយ​​​​​​​​​​​​​​​ចំនួន​ទៀត បាន​កៀរគរ​បំផុស​ប្រជាពលរដ្ឋ និង​មាន​ផែនការ​ដឹក​នាំ​​ក្រុម​​របស់​​ខ្លួន​ ធ្វើដំណើរ​ទៅ​ក្រុងភ្នំពេញ​ ដើម្បី​ចាំ​​ទទួល​​លោក សម រង្ស៊ី ដែល​គ្រោង​វិល​​ចូល​​មក​​កាន់​​មាតុ​ប្រទេស​​វិញ​ នៅ​​ថ្ងៃ​​ទី​៩ ខែ​វិច្ឆិកា​ខាងមុខ​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ចង​សកម្មជន​បក្ស​ប្រឆាំង​នេះ​ គឺ​ជាការ​គំរាមកំហែង​ បំភិតបំភ័យ​ផ្នែក​នយោបាយ​ដល់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បញ្ជាក់​ថា ​ការ​បង្ហោះ​សារ​ពាក់ព័ន្ធ​រឿង​នយោបាយ គឺ​មិន​ខុសច្បាប់​នោះ​ទេ​ ព្រោះ​​គឺ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់ ​ដែល​​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។ លោក​ហៅ​វិធាន​ការ​របស់​សមត្ថកិច្ច​នេះ​ ថា​ជា​ការ​រារាំង ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​​មុខ​នេះ​តែ​ប៉ុណ្ណោះ «ហើយ​អ្វី​ដែល​សំខាន់​ គឺ​អាជ្ញាធរ​​មិន​ចង់​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ ការ​បញ្ចេញ​មតិ​ណា​មួយ​ ដើម្បី​ឱ្យ​មាន​ការ​គាំទ្រ​ ទៅ​លើ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ វិល​ចូល​ស្រុក​វិញ​ទេ​។អីចឹង​ហើយ​ឱ្យ​តែ​សកម្មជន​បក្ស​ប្រឆាំង​ ដែល​សកម្ម​កន្លង​មក​ ដោយ​មាន​ការ​បង្ហោះ​​សារ​គាំទ្រ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ គឺ​ត្រូវ​ការ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​និង​ចាប់​ខ្លួន​ហើយ​»។

កាលពីថ្ងៃទី៨ ខែ​តលា តុលាការខេត្ត​ចំនួនពីរបន្ថែមទៀត គឺតុលាការ​ខេត្តបន្ទាយ​មាន​ជ័យ និង តុលាការ​ខេត្ត​សៀម​រាប បានចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិបន្ថែម ៤នាក់​ទៀត ដោយ​ ៣នាក់ នៅខេត្តបន្ទាយ​មាន​ជ័យ និង​ ម្នាក់​នៅខេត្ត​សៀម​រាប។ សកម្មជននៅខេត្ត​បន្ទាយមានជ័យ​ទាំងបីនាក់នោះ មានលោក ឆាំ សុភាន់ សមាជិក​​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​​គណបក្ស​​សង្គ្រោះ​ជាតិ​សង្កាត់​ប៉ោយប៉ែត លោក ផុង សុជាតិ និង​ជំនួយ​​ការ​​មេ​​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី​លោកស្រី ឃុន សាវរ៉ាន។ ឯសកម្មជនម្នាក់នៅខេត្ត​សៀម​រាបនោះ គឺ​​មន្រ្តី​​ក្រុម​​ប្រឹក្សា​​​ជាប់​​ឆ្នោត​​​បក្ស​ប្រឆាំង​ឃុំ​​ក្ដី​រុន ​លោក ឈុន វាន។

មន្រ្តីជាន់ខ្ពស់​ និង​ជា​ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិលោក អ៊ូ ចន្ទ័ឫទ្ធិ ចាត់​ទុក​ការ​ចាប់​ខ្លួន និង​​ចេញ​ដីកា​ចោទ​ប្រកាន់​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​នេះ គឺ​គ្មានអ្វី​ក្រៅ​ពីគ្រាន់តែ​គម្រាម​កំហែង ដល់​​ប្រជា​ពលរដ្ឋ​ និង​សកម្មជន​​បក្ស​ប្រឆាំង​ ដែល​គ្រោង​ទៅទទួល​លោក សម រង្ស៊ី នៅ​ថ្ងៃទី៩ ខែ​​វិច្ឆិកា​​នោះ​​តែ​​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោកបញ្ជាក់ថា គម្រោង​វិលត្រឡប់​ទៅ​កម្ពុជាវិញនេះ គ្មាន​ប្រែប្រួល​នោះឡើយ ហើយ​លោក​អះអាង​ថា លោកបានទាក់ទងទៅសកម្មជននៅមូលដ្ឋាន ដែលនៅតែ​បង្ហាញ​​ការ​តាំង​ចិត្ត​​ខ្ពស់ ក្នុង​ការ​​ត្រៀម​​ខ្លួន​​ទទួល​​លោក​ សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ​។ លោកអះអាងបន្ថែម​​ថា អ្នក​គាំទ្រ​បក្ស​ប្រឆាំង មិន​​បាក់​ទឹក​ចិត្ត​ទេ ប៉ុន្តែ កំពុង​​រក្សា​ការ​ស្ងៀមស្ងាត់​បន្តិច​សិន៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ កុំ​ឲ្យ​មានការ​តក់ស្លុត ហើយ​យើង​ត្រូ​វ​តែ​រួបរួម​គ្នា ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរជាប្រវត្តិសាស្រ្ត​​​​ នៅប្រទេស​កម្ពុជា។ ទោះ​​បីជាមាន​ការ​គំរាម​​កំហែង​រហូត​ដល់មានការ​អំពាវនាវ ឬ​ការ​ត្រៀម​​កងកម្លាំងប្រដាប់​អាវុធ មក​បង្ក្រាប មក​កម្ទេច ភាសាកម្ទេច​នេះ ​​គឹប្រើជំនាន់ប៉ុលពតទេ។ កាលណា​កម្ទេច គេប្រើកម្ទេច​តែ​ទៅ​លើ​របស់របរ ប៉ុន្តែ​ពេល​ណា​​គេ​ប្រើ​ភាសា​​កម្ទេច​​មកលើ​មនុស្ស គឺជាការ​ប្រឆាំង​នឹង​មនុស្ស​ជាតិ។​ ខ្ញុំ​យល់ថា អន្តរជាតិ​​គេ​​មិន​​អាច​​ឈរ​​មើល​​ឲ្យ​​អាជ្ញាធរ​​របប​ក្រុង​ភ្នំពេញ មក​កម្ទេច​មនុស្ស គ្រាន់តែ​មានមតិ​ផ្ទុយ​ពី​ខ្លួន​នោះទេ។ ដូច្នេះសូមបងប្អូន​កុំមានការ​តក់ស្លុត។ យើង​នឹង​ជួប​ជុំ​គ្នា​​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកាខាង​មុខ​នេះ ដើម្បី​ឲ្យ​មាន​ការ​​ផ្លាស់​​ប្តូរ​​ជា​វិជ្ជមាន​​នៅ​កម្ពុជា​​»។

គិត​មកត្រឹមថ្ងៃទី៩ ខែ តុលានេះ គឺនៅសល់​តែ ៣១ថ្ងៃទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃដែលលោក សម រង្ស៊ី សន្យា​​ថា នឹង​​វិល​ត្រឡប់​​ទៅ​កម្ពុជា​វិញ។ របបក្រុងភ្នំពេញធ្វើទុក្ខបុកម្នេញ​​កាន់​តែ​​ខ្លាំង​ឡើង ពេល​​ថ្ងៃ​នោះ​កាន់​តែ​កៀក​​មក​ដល់។ ត្រឹម​តែ​ពីរ​សប្តាហ៍​ចុងក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី២៦ ខែ​កញ្ញា ដល់​​ថ្ងៃ​ទី៨ ខែ​តុលា តុលាការ​​ខេត្ត​​ ក្រុង​​ចំនួន ៨ បាន​ចេញ​ដីកាជាបន្តបន្ទាប់​ ចោទប្រកាន់មន្រ្តី និង​សកម្មជនបក្សប្រឆាំងចំនួន ២៩នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី៩ ខែតុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣៤​នាក់​ហើយ ត្រូវ​​របប​​លោក ហ៊ុន សែន ចាប់​​ខ្លួន ​និង​​ឃុំឃាំង​​ក្នុង​​ពន្ធនាគារ។ ក្នុងនោះ មានសកម្មជន ១៧៩នាក់​ហើយ ដែល​​​ទទួល​បាន​ដីកា​កោះ​ហៅ​ទៅ​បំភ្លឺ ឬ​ត្រូវ​បាន​​ប៉ូលិស​កោះ​ហៅ​ទៅ​សាកសួរ​។ ក្រៅ​ពី​នេះ​ក៏​មាន​សកម្មជន​បក្ស​​ប្រឆាំង​​ជា​ច្រើន​​នាក់​​ទៀត​ បាន​​រត់​​ភៀស​ខ្លួន​ ដើម្បី​​គេច​​ចេញ​​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​របប​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Aging dictator Hun Sen going outrages,fears,panic without world leaders and all of Cambodian pple want him arrest to ICC to face all ton of crimes he committed

Stay on the right course and stronger than before,because dictator Hun Sen is going panic right now,and knew this situation would be end sooner rather than later.He cannot do any violence,hurt or kill anyone at all,if something bad happen there maybe him and his all children will varnish from this earth.The only he can do right now is find somewhere to live rather than face with all pple of power and all military men/officers.Just like everybody said u must gooooo now with all anything u have.No mess up with power of pple around the country,because pple and world leaders,or world superpowers called u as an unofficial pm,unofficial election,unofficial govm't,outlaw govm't and international community unrecognized u as an unofficial pm since 2013-2018 to today.There are only a few countries who were like u and your rogue govm't"only bloc communism"that u can go or meet them,and the rest of the world didn't count u with them"shaaaame on u".

Oct 08, 2019 06:30 PM

គេហទំព័រ​ទាំងមូល