មន្ត្រី​បក្ស​ប្រឆាំង​២​រូប​រង់ចាំ​​ក្រសួង​មហាផ្ទៃ​ផ្ដល់​សិទ្ធិ​ឲ្យ​ចូល​ធ្វើ​ការ​វិញ

មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​និង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់​ឆ្នាំង បាន​ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ ពន្លឿន​កិច្ច​អន្តរាគមន៍​ជុំវិញ​ការ​ដក​តំណែង​មន្ត្រី​ក្រុមប្រឹក្សា​ស្រុក​សាមគ្គីមានជ័យ មក​ពី​គណបក្ស សម រង្ស៊ី ចំនួន ២​រូប ឲ្យ​បាន​ចូល​កាន់​មុខ​តំណែង​វិញ ក្នុង​គោលបំណង​រួម​ចំណែក​បម្រើ​ការងារ​សង្គម​ជាតិ​និង​ប្រជាពលរដ្ឋ។
ដោយ ជិន ជេដ្ឋា
2013-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ថា មន្ត្រី​ក្រុមប្រឹក្សា​ស្រុក​សាមគ្គីមានជ័យ លោក សៅ ហន និង​លោក ឈន ឈឿន កំពុង​តែ​ទន្ទឹង​ចាំ​មើល​ចម្លើយ​ពី​ក្រសួង​មហាផ្ទៃ ចំពោះ​កិច្ច​អន្តរាគមន៍​ថា តើ​ខ្លួន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​បម្រើ​ការងារ​វិញ ឬ​យ៉ាង​ណា?

មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត និង​ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង លោក ដួង ចន្ដ្រា មាន​ប្រសាសន៍​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​យក​ករណី​នេះ​ទៅ​ពិភាក្សា​ជាមួយ​នឹង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា កន្លង​ទៅ ក៏​ប៉ុន្តែ​រហូត​មក​ទល់នឹង​ពេល​នេះ​ពុំ​ទាន់​មាន​ពន្លឺ​អ្វី​នោះ​ទេ។

លោក ដួង ចន្ដ្រា៖ «ឯកឧត្ដម ស ខេង ក៏​មាន​ពាក្យ​តប​វិញ​ថា គាត់​នឹង​ត្រួត​ពិនិត្យ​ឡើង​វិញ ហើយ​នឹង​ធ្វើ​លិខិត​មួយ​បញ្ជូន​មក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ឲ្យ​គាត់​បញ្ចូល​សមាសភាព​នេះ​ចូល​ធ្វើ​ការ​វិញ ប៉ុន្តែ​ការ​រង់ចាំ​យើង​ពី​ពេល​នោះ​មក​ដល់​ពេល​នេះ ពុំ​មាន​ការ​ឆ្លើយ​តប​អ្វី​ទាំង​អស់ ហើយ​ប្រធាន​ក្រុមប្រឹក្សា​គឺ​អះអាង​ថា បើ​គ្មាន​លិខិត​ណា​មួយ​បញ្ជាក់​ពី​ក្រសួង​មហាផ្ទៃ គឺ​គាត់​មិន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​វិញ​ទេ»

លោក សៅ ហ៊ន និង​លោក ឈន ឈឿន ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សាមគ្គីមានជ័យ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក កៅ ហុន ប្រកាស​ដក​តំណែង​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៣ ក្រោម​ហេតុ​ផល​ថា លោក​ទាំង​ពីរ​បាន​ចូល​រួម​ធ្វើ​សកម្មភាព និង​ផ្ដាច់​ខ្លួន​ចូល​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ប៉ុន្តែ​ការ​ដក​តំណែង​នេះ ត្រូវ​បាន​មន្ត្រី​គណបក្ស​ប្រឆាំង​បដិសេធ ហើយ​ចាត់​ទុក​ថា​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ និង​ធ្វើ​ឡើង​ផ្ទុយ​ពី​ច្បាប់។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​សាមគ្គីមានជ័យ លោក ឈន ឈឿន មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​គេ​ដក​តំណែង​មក លោក​បាន​ទៅ​នៅ​សាលា​ស្រុក​ចំនួន ២​លើក ក្នុង​គោលបំណង​ចូល​រួម​ប្រជុំ ក៏​ប៉ុន្តែ​ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឲ្យ​ចូល​ប្រជុំ ដោយ​ហេតុ​ថា​មិន​ទាន់​មាន​លិខិត​បញ្ជាក់​ពី​គណបក្ស ឬ​ក្រសួង​មហាផ្ទៃ ថា​លោក​ទាំង​ពីរ​នាក់​ពិត​ជា​មិន​បាន​​ផ្ដាច់​ខ្លួន​ចូល​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។

លោក ឈន ឈឿន៖ «សាលា​ស្រុក​ហ្នឹង​គាត់​ធ្វើ​អ្វី​មួយ​មិន​សមរម្យ​ទៅ​លើ​ប្រជាពលរដ្ឋ។ យើង​គ្រាន់​តែ​ជួយ​អន្តរាគមន៍​គាត់។ ទី​ពីរ​ទៀត យើង​កាត់​បន្ថយ​ការ​ពុករលួយ ដូច​ជា​ធ្វើ​ឯកសារ​អី​ផ្សេងៗ​ហ្នឹង ពេល​ប្រជុំ​ក្រុមប្រឹក្សា​អ៊ីចឹង​យើង​លើក​ឡើង​ពី​បញ្ហា​អ៊ីចឹង​ទៅ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​សាមគ្គីមានជ័យ លោក កៅ ហ៊ុន និង​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​កញ្ញា។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​នៅ​កម្ពុជា លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​មិន​អាច​ព្យួរ​ប្រាក់ខែ ឬ​ដក​មុខ​តំណែង​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ណា​ម្នាក់​បាន​ទេ លុះត្រាតែ​មាន​ការ​ឯកភាព​ពី​សមាជិក​ក្រុម​ប្រឹក្សា​ទាំង​មូល៖ «លុះ​ត្រា​តែ​អ្នក​នោះ​វា​មាន​ជា​សមាជិកភាព​អី​ត្រឹមត្រូវ ហើយ​សកម្មជន​អី​ច្បាស់ ឬ​ក៏​ឈ​ឈ្មោះ​ឲ្យ​គណបក្ស​ហ្នឹង អា​ហ្នឹង​បាន​វា​មាន​ន័យ​ថា វា​លាលែង​ពី​គណបក្ស​ដើម។ គាត់​អស់​ឈ្មោះ​ក៏ដោយ ក៏​គណបក្ស​ដើម​គេ​មាន​សិទ្ធិ​តាំង​មួយ​ទៀត​មក​ដែរ ហើយ​ធ្វើ​អ៊ីចឹង​បាន​ប្រយោជន៍​អី»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា មន្ត្រី​និង​សកម្មជន​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស គឺ​ជា​សេនាធិការ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ពី​មហាជន​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ​ហើយ​ទើប​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ព្យាយាម​រក​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​បំបែក​កម្លាំង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

What is this?

Sep 30, 2013 07:26 PM

អ្នក​អាន​អនាមិក

យុវជនខ្មែរ :_ . មន្ទ្រី ខ្មែរ អើយ ខ្មែរ ល្មមឈប់រក រឿងខ្មែរគ្នា អែងទៀតទៅ . សូមនាំគ្នាធ្វើការ បំរើ ប្រជាពលរដ្ឋ អោយបានល្អ ទាំងអស់គ្នាផង ! .

Sep 30, 2013 03:49 AM

គេហទំព័រ​ទាំងមូល