ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្នើ​ឱ្យ​គណបក្ស​ប្រឆាំង​ធ្វើ​រឿង​បី​យ៉ាង​ជា​ចាំបាច់ ក្នុង​ឆ្នាំ​២០២០​នេះ

ដោយ មួង ណារ៉េត
2020-01-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ នៅ​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១៦។
អតីត​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ នៅ​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១៦។
RFA

ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល ឆ្នាំ ២០២០​នេះ បព្វជិត​ខាង​ពុទ្ធសាសនា​មួយ​អង្គ មាន​សំណូមពរ​ដោយ​ទទូច ដោយ​ស្នើ​ឱ្យ​គណបក្សប្រឆាំង​ធ្វើ​រឿង​បី​យ៉ាង​ជា​ចាំបាច់ ចាប់ពី​ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី​នេះ​។ តើ​ចំណុច​ទាំង​បី​នេះ មាន​អ្វីខ្លះ​ដែរ?

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុតិញ ចង់​ឃើញ​មន្ត្រី​គណបក្ស​ប្រឆាំង បង្ហាញ​ឆន្ទៈ និង​ភាព​សកម្ម និង​មោះមុត ក្នុង​ការ​ប្រឈម និង​តតាំង​របប​ក្រុងភ្នំពេញ ដែល​កំពុង​ជិះសេះ​លែងដៃ ពេល​អវត្តមាន​គណបក្ស​ប្រឆាំង ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​ហ៊ាន​រិះគន់​របប​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​កំពុង​និរទេស​ព្រះ​កាយ​នៅ​ក្រៅ​ប្រទេស មាន​ថេរដីកា រឿង​បី​យ៉ាង​ដែល​គណបក្សប្រឆាំង​ត្រូវ​ធ្វើ​ឱ្យ​បានជា​ដាច់ខាត ចាប់​ពី​ពេល​នេះ​តទៅ គឺ​ទី​មួយ គណបក្ស​ប្រឆាំង ត្រូវ​ឈរ​ជាមួយ​ប្រជាពលរដ្ឋ ដែល​ហ៊ាន​ក្រោក​តស៊ូ ឈឺចាប់​នឹង​បញ្ហា​ជាតិ ដូចជា​បញ្ហា​ផ្ដល់​ដី​ឱ្យ​ជនជាតិ​វៀតណាម​រស់នៅ បញ្ហា​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០១៩ ដែល​នាំ​ឱ្យ​កម្ពុជា​បាត់​ដី​ទៅ​វៀតណាម ជាដើម៖ «ត្រូវ​ឈរ​នៅ​ជាមួយ​ពលរដ្ឋ​ដែល​រងគ្រោះ ឧទាហរណ៍ ពលរដ្ឋ​គេ​ហ៊ាន​និយាយ​ពី​កាត់​សន្ធិសញ្ញា ពលរដ្ឋ​គេ​ហ៊ាន​និយាយ​ពី​ការបាត់បង់​ដី ៤០ ហិកតារ ចុះ​អ្នក​នយោបាយ​គណបក្ស​ដែល​និយម​ប្រជាធិបតេយ្យ ពួន​នៅឯណា​អស់​? មាន​បន្ទប់​ពួន​ក្នុង​រូងភ្នំ ឬ​យ៉ាងម៉េច​? បើ​សិន​ដឹង​ថា ខ្លួនឯង​ជា​អ្នកនយោបាយ​រងគ្រោះ​ដែរ មក​ឈរ​ជាមួយ​ពលរដ្ឋ​មក! ម៉េច​ក៏​ខ្លាច​ខ្លាំង​ម្ល៉េះ គ្រាន់តែ​ថា ខ្ញុំ​សុំ​គាំទ្រ​ជំហរ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ហ៊ាន​និយាយ​ពី​បូរណភាព​ទឹកដី​? ចុះ​ចង្រៃ​អ្វីមួយ​ឆ្នាំ​ពេញ ប្រជាពលរដ្ឋ​គេ​និយាយ​ម៉ា​គគោក ឯង​មិន​និយាយ​នឹង​គេ​ខ្លះ​ទៅ​? ទៅ​ឯណា​អស់​ទៅ​? តើ​ឱ្យ​គេ​ជឿ​ខ្លួនឯង​យ៉ាងម៉េច​ខ្លះ​ទៅ​? ដូច្នេះ បើ​សិន​ធ្លាប់​ល្ងង់​ឆ្នាំ​ចាស់ ឆ្នាំ​ថ្មី​ងើប​មក​និយាយ​មក!»

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​បន្ថែម​ថា កិច្ចការ​សំខាន់ និង​ជា​គោល​នយោបាយ​របស់​បក្ស​ប្រឆាំង និង​អ្នក​ប្រជាធិបតេយ្យ គឺ​ការ​ឆ្លាត​វៃ​ក្នុង​ការ​ចាប់​ឱកាស​ឱ្យ​បាន ក្នុងពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​បង្ហាញ​ជំហរ​របស់​ខ្លួន​លើ​បញ្ហា​ចម្បង​អ្វីមួយ៖ «កុំ​ទុក​ឱ្យ​គេ​ដេក​ទៅវិញ​! ព្យាយាម​ដាក់​អុស​ឡើង​! បើ​សិន​ភ្លើង​ហ្នឹង​កំពុងតែ​ឆេះ គេ​សម្លឹង​មើល ភ្លើង​ធ្លាក់​វិញ ឬក៏​ភ្លើង​ហ្នឹង​វា​ទៅមុខ​? បើ​ភ្លើង​ហ្នឹង​នៅ​ឆេះ​ទៅមុខ យើង​ប្រើប្រាស់​ភ្លើង​ហ្នឹង​ឱ្យ​បាន​។ អាំងត្រី អាំង​សាច់ ដាំបាយ ដាំ​ទឹក​ជាដើម​។ ប៉ុន្តែ បើ​ភ្លើង​ប្រុង​ធ្លាក់​វិញ គេ​ដាក់​អុស​ថែម​។ មានន័យថា បើ​ជំហរ​ប្រជាពលរដ្ឋ​គេ​ហ៊ាន​ចោទប្រកាន់​រដ្ឋាភិបាល​ពេញមុខ​ទៅ​ហើយ ខ្លួនឯង​ជា​គណបក្សប្រឆាំង នៅ​សម្ងំ​ធ្វើ​អ្វី?»

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ ដែល​បាន​ផ្តល់​ដី​ចំនួន ៤០ ហិកតារ នៅ​ខេត្ត​កំពង់ឆ្នាំង ដល់​ពលរដ្ឋ​វៀតណាម​ប្រមាណ ២០០០ គ្រួសារ​រស់នៅ​។ គណបក្ស​នេះ ក៏បាន​បង្ហាញ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​ឡាយ​ព្រះ​ហស្ថ​លេខា របស់​ព្រះមហាក្សត្រ ក្នុង​ការ​ប្រកាស​ឱ្យ​ប្រើប្រាស់​ច្បាប់​ស្ដីពី​ការ​អនុម័ត យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០១៩ លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥ និង​សន្ធិសញ្ញា​បន្ថែម​ឆ្នាំ ២០០៥ រវាង​កម្ពុជា​និង​វៀតណាម ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា បាត់បង់​បូរណភាព​ទឹកដី​ទៅ​ប្រទេស​វៀតណាម។

សេចក្ដី​ថ្លែងការណ៍​នេះ ចេញពី​ក្រៅ​ប្រទេស​។ ចំណែក​ឯ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ប្រទេស ក៏​នៅតែ​បន្ត​រក្សា​ការ​ស្ងៀមស្ងាត់ ក្រោយ​របប​ក្រុងភ្នំពេញ​រម្លាយ​គណបក្ស​ប្រឆាំង និង​ហាមឃាត់​សិទ្ធិ​នយោបាយ​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ចំនួន ១១៨ នាក់ និង​បន្ត​ធ្វើទុក្ខបុកម្នេញ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត ឱ្យ​តែ​អ្នក​ទាំងនោះ ហ៊ាន​ធ្វើ​សកម្មភាព​នយោបាយ ប្រឆាំង​នឹង​របប​សព្វ​ថ្ងៃ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិ​ញ ថា​ការ​បន្ត​រក្សា​ការ​ស្ងៀមស្ងាត់ ក្នុង​ស្ថានភាព​ដែល​គណបក្ស​កាន់អំណាច ធ្វើ​អ្វី​បាន​ស្រេច​តែ​អំពើ​ចិត្ត​បែបនេះ គឺ​មិនមែន​ជា​យុទ្ធសាស្ត្រ​សមស្រប សម្រាប់​គណបក្សប្រឆាំង​ដ៏​ធំជាង​គេ តែមួយគត់​នៅ​កម្ពុជា​នោះ​ទេ​។ ចំណុច​ទី​ពីរ ដែល​ព្រះតេជព្រះគុណ ចង់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើជា​ចាំបាច់ គឺ​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​បែប​ដំ​ដែក​ទាន់​នៅ​ក្តៅ ពោល​គឺ​ទាន់​សហគមន៍​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប កំពុង​ដែល​ត្រៀម​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នៅ​ខែ កុម្ភៈ​ខាងមុខ គណបក្សប្រឆាំង​នេះ ត្រូវ​រៀប​ជើង​ព្រួល​ឱ្យ​រួចស្រេច​ឱ្យ​ហើយ ដើម្បី​កុំ​ឱ្យ​បាត់បង់​ឱកាស​មាស​នេះ៖ «អ្នកនយោបាយ​ប្រជាធិបតេយ្យ ត្រូវ​រៀបចំ​ផែនការ​ឱ្យ​ទាន់​ពេល​វេលា កុំ​ឱ្យ​ពេលវេលា​ហ្នឹង​យឺត​ក្រោយ​ផុត EBA»

ព្រះតេជព្រះគុណ រម្លឹក​ថា បើកាលណា​ផុត EBA នេះ គឺ​គណបក្ស​ប្រឆាំង អត់​មាន​អ្វី​អាច​តថ្លៃ​ជាមួយ​មេដឹកនាំ​សព្វថ្ងៃ ដែល​ជា​ជន​ផ្ដាច់ការ​នោះ​ទេ។

ឯ​ចំណុច​ទី​បី និង​ចុងក្រោយ​សម្រាប់​គណបក្សប្រឆាំង យក​ទៅ​ពិចារណា និង​អនុវត្ត​ឱ្យ​បាន​ឆាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នោះ គឺ​គណបក្ស​នេះ ត្រូវ​មាន​ផែនការ​យុទ្ធសាស្ត្រ​ជាក់លាក់ ដែល​អាច​វាស់វែង​បាន ទើប​អាច​យកឈ្នះ លើ​បញ្ហា​នយោបាយ​កម្ពុជា​សព្វ​ថ្ងៃ​បាន។

ស្រប​ពេល​ដែល​ព្រះសង្ឃ​ខ្មែរ​អង្គ​នេះ ផ្ដល់​ឱវាទ​បី​ចំណុច ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កែ និង​ធ្វើ​ជា​ចាំបាច់ ចាប់ពី​ដើម​ឆ្នាំ​២០២០ នេះ ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ​ទៀត និង​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​នៅ​ប្រទេស​កាណាដា ព្រះតេជព្រះគុណ​បណ្ឌិត ហុក សាវណ្ណ ក៏បាន​លើកទឹកចិត្ត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​រើ​បម្រះ​តទៅទៀត ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ព្រោះ​គណបក្ស​នេះ ជា​ជនរងគ្រោះ ដោយ​អំពើ​បាប​របស់​គណបក្ស​កាន់​អំណាច​។ ព្រះតេជព្រះគុណ ហុក សាវណ្ណ អំពាវនាវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​តស៊ូ​មតិ និង​តវ៉ា ដោយ​រួបរួម​គ្នា និង​ដោយ​មិន​ប្រើ​ហិង្សា ទើប​អាច​ទទួលជោគជ័យ ដោយមាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល