កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ នៅ​វៀតណាម ត្រូវ​លើក​ពេល​ដោយសារ​ជំងឺ​កូវីដ-១៩

ដោយ មាន ឫទ្ធិ
2020-03-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង) នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) ថត​រូប​នា​ខេត្ត​សៀមរាប ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
(ពី​ឆ្វេង) នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) ថត​រូប​នា​ខេត្ត​សៀមរាប ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ដែល​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២០​នេះ ត្រូវ​លើក​ពេល​ទៅ ធ្វើ​នៅ​ចុងខែ​មិថុនា​វិញ ដោយសារតែ​ក្តី​បារម្ភ​ជុំវិញ​ការ​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩​។ អ្នក​ជំនាញ​មើល​ឃើញ​ថា ក្រុម​មេដឹកនាំ​អាស៊ាន មិន​ទាន់​បាន​ត្រៀម​ខ្លួន ធ្វើការ​រួមគ្នា ដើម្បី​ដោះស្រាយ​ទប់​ទល់នឹង​វិបត្តិ​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​នេះ​នៅឡើយ​ទេ ដោយសារ​ពួកគេ​គិតតែ​ពី​ប្រយោជន៍​ក្នុង​ប្រទេស​រៀងៗ​ខ្លួន។

កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​នៃ​ក្រុម​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស ដែល​ដំបូង​ឡើយ គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩ មេសា នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ត្រូវ​លើក​ពេល​ទៅ​ធ្វើ​នៅ​ចុងខែ មិថុនា វិញ​។ នេះ​បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស​រ៉យទ័រ (Reuters) ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ មីនា ថា មេដឹកនាំ​ប្រទេស​កុម្មុយនិស្ត​វៀតណាម លោកនាយក​រដ្ឋមន្ត្រី ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) បាន​ជូនដំណឹង​អំពី​ការ​លើក​ពេលនេះ ទៅដល់​ក្រុម​មេដឹកនាំ​អាស៊ាន​ទាំងអស់ រួចរាល់​ហើយ។

កាលពី​ថ្ងៃ​ទី​១៧ មីនា អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម ថា វៀតណាម​កំពុង​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន និង​ដៃគូ​ពាក់ព័ន្ធ​អំពី​លទ្ធភាព​នៃ​ការ​លើក​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ដោយសារតែ​ការ​វិវឌ្ឍ​​គួរ​ឱ្យ​ព្រួយបារម្ភ​នៃ​ជំងឺ​កូវីត​១៩ នៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ កួង តាម​ប្រព័ន្ធ​តេឡេក្រាម ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​ជុំវិញ​រឿង​នេះ ក៏​លោក​មិន​ឆ្លើយតប គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញ​ថា ចាប់​តាំង​ពី​កើត​មាន ការ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ តំបន់​អាស៊ាន​ទាំងមូល ហាក់​ដូចជា​ពុំ​បាន​សហការ​គ្នា បាន​ល្អ​នោះ​ទេ ដោយសារតែ​ក្រុម​មេដឹកនាំ​អាស៊ាន គិតតែ​ពី​សុវត្ថិភាព និង​ប្រយោជន៍​រៀងៗ​ខ្លួន​។ លោក​ថា ពួកគេ​មិនបាន​សហការ​គ្នា​ផ្តល់​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញ ទៅមក​នោះ​ទេ ដូចជា​ជាក់ស្ដែង​ករណី​អ្នកដំណើរ​ខ្មែរ​មកពី​ថៃ​ដែល​មាន​កើត​ជំងឺ​កូវីដ-១៩ ករណី​វៀតណាម​បិទ​ព្រំដែន​ជាមួយ​កម្ពុជា​ជា​ឯកតោភាគី ដោយ​ពុំបាន​ពិគ្រោះ​យោបល់ ជាមុន​ជាមួយ​កម្ពុជា​ជាដើម​។ លោក​ថា បញ្ហា​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ កំពុង ធ្វើ​ឱ្យ​ក្រុម​មេដឹកនាំ​អាស៊ាន ខ្វះ​ការ​ទុកចិត្ត​គ្នា​។ លោក​ផ្ដល់​អនុសាសន៍​ថា សម្រាប់​ដំណាក់កាល​បន្ទាន់​នេះ ក្រុម​មេដឹកនាំ​អាស៊ាន និង​មន្ត្រី​ជំនាញ​ថ្នាក់ក្រោម គួរ​ស្វែងរក​វិធី​ជួប​ប្រជុំ​តាមរបៀប​ដទៃ​ទៀត ដើម្បី​ធ្វើការ​ដោះស្រាយ​រួមគ្នា​ចំពោះ​បញ្ហា​ប្រឈម ក្នុង​តំបន់​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ-​១៩​នេះ។

ដូចគ្នា​នេះ​ដែរ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី ថា ការ​លើក​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ពេល​នេះ ជា​រឿង​ត្រឹមត្រូវ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីត​១៩។ លោក​ក៏​យល់ស្រប​ដែរ​ថា ក្រុម​មេដឹកនាំ​អាស៊ាន ហាក់​មិន​ទាន់​មាន​វិធាន​ការ​រួម​ចំពោះ​ការ​ទប់​ទល់នឹង​បញ្ហា​រាតត្បាត​នៃ​ជំងឺ​នេះ​។ លោក​ថា ក្រុម​មេដឹកនាំ​អាស៊ាន​នៃ​ប្រទេស​នីមួយៗ កំពុង​ចាត់វិធានការ​លើ​បញ្ហា​នេះ​រៀងៗ​ខ្លួន​។ លោក​បង្ហាញ​ក្តី​បារម្ភ​ថា បញ្ហា​ជំងឺ​កូវីត​១៩​នេះ ក៏បាន​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន ចោទប្រកាន់​គ្នា ឬ​មានការ​បែកបាក់​សាមគ្គី​គ្នា​។ ជាក់ស្ដែង ករណី​សង្គ្រាម​ពាក្យ​សម្តី​រវាង​កម្ពុជា និង​ម៉ាឡេស៊ី ក្នុង​រឿង​ធ្វើតេស្ត​ជនជាតិ​អាមេរិកាំង កើត​ជំងឺ​កូវីដ-​១៩ ករណី​បិទ​ច្រក​ព្រំដែន​រវាង​វៀតណាម និង​កម្ពុជា​ជាដើម។

ចាប់​តាំង​ពី​មានការ​ផ្ទុះ​រីក​រាល​នៃ​ជំងឺ​កូវីដ-​១៩ កិច្ចប្រជុំ​កំពូល​ធំៗ​ត្រូវ​បាន​ប្រកាស​លើក​ពេល ឬ​លុបចោល​ជា​បន្តបន្ទាប់​ដោយ​គ្មាន​កាលកំណត់​។ ជាក់ស្ដែង កិច្ចប្រជុំ​កំពូល​រវាង​ក្រុម​មេដឹកនាំ អាស៊ាន និង​អាមេរិក ដែល​គ្រោង​ធ្វើ​នៅ​ពាក់​កណ្តាល​ខែ​មីនា​នេះ នៅ​ក្រុង​ឡាសវេហ្គាស (Las Vegas) សហរដ្ឋអាមេរិក ត្រូវ​ប្រកាស​លើក​ពេល​ដោយ​គ្មាន​កាលកំណត់​។ ថ្មីៗ​នេះ កម្ពុជា​ក៏បាន​លុបចោល​កិច្ចប្រជុំ​ចង្អៀត​ឧត្តម​មន្ត្រី​អាស៊ី អឺរ៉ុប ដែល​គ្រោង​ធ្វើ​នៅ ខេត្ត​សៀមរាប​នៅ​ដើមខែ​មីនា​នេះ ក្រោម​ហេតុផល​ថា សហភាព​អឺរ៉ុប បាន​ហាមប្រាម​ការ​ធ្វើ ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដោយសារតែ​ការ​ផ្ទុះ​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីត១៩។ ក្រៅ​ពី​នេះ កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើកដំបូង ហើយ​រំពឹង​ថា មាន​ក្រុម​មេដឹកនាំ​ពី​អឺរ៉ុប និង​អាស៊ី សរុប​ជាង​៥៣​ប្រទេស​ចូលរួម នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ខាងមុខ​នោះ ក៏​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅឡើយ ខណៈ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ កំពុង​អូស​បន្លាយ ហើយ​ពិភពលោក​មិនទាន់​រក​ឃើញ​វ៉ាក់សាំង​ព្យាបាល​ជំងឺ​នេះ​នៅឡើយ​។ យ៉ាងណាក៏ដោយ ខុស​ប្រទេស​នានា​នៅ​លើ​ពិភពលោក កម្ពុជា​នៅតែ​បង្ហាញ​ភាព​ស្មោះស្ម័គ្រ ជាមួយ​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច គឺ​ប្រទេស​កុម្មុយនិស្ត​ចិន ដោយ​ជម្នះ​រៀបចំ​ធ្វើ​សម​យុទ្ធ យោធា​នាគ​មាស​ជាមួយគ្នា​ដដែល ដោយមាន​ទា​ហ៊ាន​ចិន និង​ទា​ហ៊ាន​ខ្មែរ​ចូលរួម​សរុប​ជាង​៣​ពាន់​នាក់​។ ការ​ធ្វើ​ដូច្នេះ ត្រូវ​អ្នក​ជំនាញ​ព្រមាន​ថា វិស័យ​សន្តិសុខ​ជាតិ​កម្ពុជា អាច​នឹង​ប្រឈម​ហានិភ័យ និង​គ្រោះ​មហន្តរាយ ប្រសិនបើ​ទា​ហ៊ាន​ខ្មែរ​ឆ្លង​ជំងឺ​កូវីដ-១៩​នេះ ពី​ទា​ហ៊ាន​ចិន​ដោយ​ប្រការ​ណាមួយ​ជា​អកុសល​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល