តុលាការ​របប​ក្រុង​ភ្នំពេញ​ចោទ​សកម្មជន​បក្ស​ប្រឆាំង​ ៧នាក់​ទៀត​ពី​បទ​រួម​គំនិត​ក្បត់

ដោយ វ៉ែន សុមេធ
2019-10-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦
សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦
RFA/Brach Chev

សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ​ និង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ​៧​នាក់​បន្ថែម​ទៀត​ ពី​បទ រួម​គំនិត​ក្បត់​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ហៅ​វិធាន​ការ​របស់​តុលាការ​នេះ​ថា​ ​ជា​ការ​គំរាម​កំហែង​​បំភិតបំភ័យ​​ផ្នែក​នយោបាយ​លើ​​​ប្រជាពលរដ្ឋ​ ដើម្បី​រារាំង​កុំ​ឱ្យ​ពួកគាត់​ទៅ​គាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។

សកម្មជន​គណបក្ស​ប្រឆាំង​​ខេត្ត​ឧត្ដរមានជ័យ​ចាត់​ទុក​ការសម្រេច​របស់​តុលាការ​នេះ​ថា ​ជា​រឿង​អយុត្តិធម៌​មក​លើ​ពួកគាត់​មិន​អាច​ទទួល​យក​បាន​ឡើយ។​

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ឧត្ដរមានជ័យ​លោក អូន ស្រ៊ាន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៧​តុលា លោក​និង​សកម្មជន​បក្ស​ប្រឆាំង​ដទៃ​ទៀត​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ឡើយ។ លោក​​បន្ត​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​នេះ​ គឺ​ជា​ការ​បំពេញ​តាមបំណង​របស់​លោក​ហ៊ុន សែន ដើម្បី​រក្សា​អំណាច​របស់​មន្ត្រី​តុលាការ​ប៉ុណ្ណោះ។លោក​បញ្ជាក់​ថា ថ្វីត្បិត​តែ​របប​ លោក​ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ពួកគេ​យ៉ាង​នេះ​ក្ដី​ ក៏​ពួក​លោក​នៅ​តែ​ប្រកាន់​ជំហរ​អម​ដំណើរ​​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ដដែល៖ «ហើយ​ជា​ពិសេស​លោក​ ហ៊ុន សែន​ ភ័យ​ខ្លាច​បាត់​បង់​អំណាច​របស់​គាត់ គឺ​គាត់​ខំប្រឹង​រក​វិធីសាស្ត្រ​គ្រប់​បែប​យ៉ាង​ទាំង​តុលាការ​ផង​ ហើយ​គំរាម​ប្រជាពលរដ្ឋ​ឱ្យ​ចុះ​ចូល​ នេះ​ជា​សារ​មួយ​ ដែល​គំរាម​ដល់​ប្រជាពលរដ្ឋ​ ដែល​ត្រៀម​ខ្លួន​លោក សម រង្ស៊ី ឱ្យ​ចុះ​ចូល​ជា​មួយ​លោក​ហ៊ុន សែន។ អីចឹង​សម្រាប់​ខ្ញុំ​ គឺ​ដាច់​ខាត​មិន​ចុះ​ចូល​ជា​មួយ​ពួក​ក្បត់​ជាតិ​ពិត​ប្រាកដ​នេះ​ទេ​ អីចឹង​ហើយ​បាន​ខ្ញុំ​សម្រេច​ចិត្ត​រួម​ដំណើរ​ជា​មួយ​លោក​ប្រធាន»

អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ​បាន​សម្រេច​ចោទប្រកាន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ២នាក់ គឺ​លោក​ អូន ស៊្រាន និង​ លោក ម៉ក់ វណ្ណវិទ្ធី ពី​បទ​រួម​គំនិត​ក្បត់។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏​​បាន​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៥នាក់​ រួម​មាន​លោក​ គ្រុយ សុខេមរិទ្ធ អ្នក​ស្រី​ សេង ខន អ្នកស្រី​ ទិត្យ សុផាតិ លោក​ រឿង សំណាង និង​លោក ឃិន សុខហៀង ដោយ​ចោទ​ប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ ដូចគ្នា​នេះ​ដែរ។ ស្ថាប័ន​​អយ្យការ​ទាំង​ពីរ​នេះ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ដែល​មាន​គំរូ​ដូច​គ្នា នៅ​ថ្ងៃ​ទី៧ តុលា​ថា សកម្មជន​បក្ស​ប្រឆាំង​​ទាំង ៧នាក់ និង​មនុស្ស​មួយ​​​​​​​​​​​​​​​ចំនួន​ទៀត បាន​កៀរគរ​បំផុស​ប្រជាពលរដ្ឋ និង​មាន​ផែនការ​ដឹកនាំ​ក្រុម​របស់​ខ្លួន​ធ្វើដំណើរ​ទៅ​ក្រុងភ្នំពេញ​ ដើម្បី​ចាំ​ទទួល​លោក សម រង្ស៊ី ដែល​គ្រោង​វិល​ចូល​មក​កាន់​មាតុប្រទេស​វិញ​ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាងមុខ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ចង​សកម្មជន​បក្ស​ប្រឆាំង​នេះ​ គឺ​ជា​គំរាមកំហែង​បំភិតបំភ័យ​ផ្នែក​នយោបាយ​ដល់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា ​ការ​បង្ហោះ​សារ​ឈឺ​ឆ្អាល​រឿង​នយោបាយ គឺ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់ ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​ហៅ​វិធាន​ការ​របស់​សមត្ថកិច្ច​នេះ​ ថា​ជា​ចេតនា​របស់​អាជ្ញាធរ​ ដើម្បី​រារាំង​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ៖ «ហើយ​មួយ​ទៀត​ការ​ធ្វើ​នេះ គឺ​បង្ហាញ​ថា យើង​កំពុង​តែ​រឹត​ត្បិត​​សេរីភាព​ អ៊ីចឹង វា​ហាក់​ដូច​ជា​មាន​ការ​រឹត​បន្តឹង ជា​ពិសេស​ទៅ​លើ​អតីត​សកម្មជន​បក្ស​ប្រឆាំង។ អីចឹង​យើង​ថា ទង្វើ​ទាំង​អស់​នេះ​វា​អាច​ធ្វើ​ឱ្យ​អន្តរជាតិ ជាពិសេស​សហគមន៍​អឺរ៉ុប ដែល​លក្ខខណ្ឌ EBA ដែល​ជិត​ដល់​ពេល​ដំបូង​នៃ​ការ​ធ្វើ​របាយការណ៍​ហ្នឹង គេ​អាច​មើល​ឃើញ​ទិដ្ឋភាព​ទាំង​អស់​នេះ​ ដែល​យើង​មិន​ទាន់​បាន​មាន​ឆន្ទៈ​ប្រាកដប្រជា​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ទេ»

គិត​ត្រឹម​ថ្ងៃ​ទី៦ តុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣១នាក់​ហើយ ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​និង​ឃុំឃាំង​ក្នុង​ពន្ធនាគារ ហើយ​មាន​សកម្មជន​ចំនួន ១៧៥នាក់​ផ្សេង​ទៀត ត្រូវ​បាន​កោះហៅ​ទៅ​បំភ្លឺ និង​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។ ក្រៅ​ពី​នេះ​ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ទៀត​ បាន​រត់​ភៀសខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​​របប​ក្រុងភ្នំពេញ ដោយ​សារ​ពួកគេ​ឈឺឆ្អាល​រឿង​នយោបាយ។

ព័ត៌មាន​ចុង​ក្រោយ​ដែល​អាស៊ី​សេរី​ទទួល​បាន​ បាន​ឱ្យ​ដឹង​ថា ប៉ូលិស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានចាប់​ខ្លួន អ្នកស្រី​ ទិត្យ សុផាតិ ​នៅ​ម៉ោង ២រសៀល​ថ្ងៃ​ទី៧ តុលា។ អ្នកស្រី​ ទិត្យ សុផាតិ ​គឺ​ជា​ចៅសង្កាត់​រង់​ទី១ សង្កាត់​ផ្សារ​ដេប៉ូ២ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិរាជធានី​ភ្នំពេញ​ លោក​ ឃិន រឿន​ បានបញ្ជាក់ប្រាប់អាស៊ីសេរីថា ប៉ូលិស​​​ចំនួន ៣នាក់ បាន​ចូល​ទៅ​ចាប់​អ្នក​ស្រី​នៅ​ពេល​កំពុង​មើល​ចៅ​នៅ​ក្នុង​ផ្ទះ។ លោក​បន្ត​ថា ​ប៉ូលិស​បាន​បញ្ជូន​សកម្មជន​បក្ស​រូប​នេះ​ទៅ​ឃុំ​ខ្លួន​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ដដែល៕


(អ្នកស្រី​ ទិត្យ សុផាតិ ​គឺ​ជា​ចៅសង្កាត់​រង់​ទី១ សង្កាត់​ផ្សារ​ដេប៉ូ២ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល