បទវិភាគ៖ គំរូ​អាក្រក់​នៃ​ការ​ស្នង​តំណែង​តាម​បែប​ទាយាទ

ដោយ មួង ណារ៉េត
2020-06-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន ម៉ាណែត (ឆ្វេង) ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និងកូនលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
លោក ហ៊ុន ម៉ាណែត (ឆ្វេង) ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និងកូនលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ជា​អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម និង​បន្ត​កាន់​អំណាច​នៅ​កម្ពុជា​ជាង ៣៥ ឆ្នាំ​មក​ហើយ​នេះ បាន​លើក​បន្តុប​កូនៗ របស់​លោក ឲ្យ​កាន់​មុខ​តំណែង​ធំៗ ទាំង​ក្នុង​ជួរ​បក្ស និង​រដ្ឋាភិបាល ដើម្បី​ងាយ​ស្រួល​ឲ្យ​ពួក​គេ​ស្នង​តំណែង​ពី​លោក។

តើ​ការ​ត្រួសត្រាយផ្លូវ ដើម្បី​ឲ្យ​កូនៗ របស់​លោក ស្នង​តំណែង​តាម​បែប​ទាយាទ​បែប​នេះ ផ្ដល់​ជា​គំរូ​អាក្រក់​អ្វី​ខ្លះ ដល់​កម្ពុជា?

នៅលើកលោកនេះ នៅ​មាន​ប្រទេស​មិន​ច្រើន​ទេ ដែល​នៅ​បន្ត​អនុវត្ត​វិធី​ស្នង​តំណែង​តាម​បែប​ទាយាទ​នេះ។ ប្រទេស​កូរ៉េ​ខាង​ជើង​ជា​ឧទាហរណ៍។ ប្រទេស​នេះ​ល្បី​ខ្លាំង ខាង​គ្រប់​គ្រង​ប្រទេស​ តាម​បែប​កុម្មុយនិស្ត​ផ្ដាច់ការ​និយម និង​យក​ការ​​គ្រប់គ្រង​ប្រទេស តាម​បែប​គ្រួសារ។ ការ​ស្នង​តំណែង​មេដឹកនាំ គឺ​ធ្វើ​តាម​លក្ខណៈ​លើក​បន្តុប​កូនៗ ខ្លួន​ឯង ឲ្យ​បន្ត​វេន​ត​ជំនាន់។ មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គឹម ជុងអ៊ុន (Kim Jong-un) សព្វថ្ងៃ ស្នង​តំណែង​ពី​ឪពុក​របស់​លោក គឺ​លោក គឹម ជុងអ៊ីល (Kim Jong-il) ដែល​ស្នង​តំណែង​ត​ពី​ឪពុក​លោក គឺ​លោក គឹម អ៊ីលស៊ុង (Kim Il-sung)។ ការ​ស្នង​តំណែង​នេះ គឺ​ប្រព្រឹត្ត​​ឡើង​តៗ គ្នា​បី​ជំនាន់​មក​ហើយ។

ការបោះឆ្នោត​ជ្រើសរើស​មេ​ដឹក​នាំ​កំពូល នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ ប្រព្រឹត្ត​ទៅ​ជា​ប្រក្រតី រៀងរាល់ ៤-៥ ឆ្នាំ​ម្ដង។ ប៉ុន្តែ បេក្ខជន​មេ​ដឹក​នាំ​ប្រទេស គឺ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ ​នៅ​លើ​សន្លឹក​ឆ្នោត។

ក្រោម​ការ​ដឹក​នាំ​បែប​គ្រួសារ និង​បក្ស​ពួក​និយម​នេះ ប្រជាជន​កូរ៉េ​ខាង​ជើង​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ វេទនា​រាប់​ជំនាន់​មក​ហើយ​ដែរ។

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​សកល​វិទ្យាល័យ​វីយែន ផ្នែក​​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ កាលពី​ខែ មីនា ឆ្នាំ២០២០ រក​ឃើញ​ថា ប្រជា​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ជាង ៦០% រស់​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ ដែល​ជា​តួ​លេខ​ខ្ពស់​ខ្លាំង​មួយ ជាង​អ្វី​ដែល​ធ្លាប់​គិត។

ឥឡូវ​ការ​ដឹក​នាំ​ប្រទេស​តាម​បែប​គ្រួសារ និង​ទាយាទ​និយម​នេះ កំពុង​លេច​រូប​រាង​កាន់​តែ​ច្បាស់ នៅ​ប្រទេស​កម្ពុជា​ដែរ។ ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​អាយុ ៣៥ឆ្នាំ គិត​ត្រឹម​ឆ្នាំ២០២០ នេះ ពោល​គឺ​អ្នក​ដែល​កើត​ក្នុង​ឆ្នាំ១៩៨៥ គឺ​មួយ​ជីវិត​របស់​គាត់​ មិន​ដែល​ឃើញ​មុខ​នាយក​រដ្ឋមន្ត្រី​ថ្មី​ទេ គឺ​ឃើញ​តែ​លោក ហ៊ុន សែន​ម្នាក់​តែប៉ុណ្ណោះ។

ប្រជា​ពលរដ្ឋ​ខ្មែរ​កាល​ពី​ឆ្នាំ២០១៣ នាំ​គ្នា​ចេញ​ទៅ​បោះ​ឆ្នោត​យ៉ាង​ច្រើន​កុះករ​ ដើម្បី​ផ្លាស់ប្ដូរ​នាយក​រដ្ឋមន្ត្រី​ដដែល​នេះ។

ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ ២០១៧ ក៏​ជា​សក្ខីកម្ម​បង្ហាញ​ថា ពលរដ្ឋ​ពាក់​កណ្ដាល​ប្រទេស ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត បាន​ប្រឹង​នាំ​គ្នា​បោះ​ទម្លាក់​មេ​ដឹក​នាំ​បច្ចុប្បន្ន ដើម្បី​ប្តូរ​ឈាម​ថ្មី ក្នុង​ការ​ដឹកនាំ​ប្រទេស។ ប៉ុន្តែ ក្រោយ​ការ​បោះ​ឆ្នោត​នោះ បាន​តែ​ប្រាំ​ខែ លោក ហ៊ុន សែន បាន​រម្លាយ​គណបក្ស​ប្រឆាំង​ចោល​ទាំង​ស្រុង​តែ​ម្តង ដោយសារ​ប្រជាប្រិយ​គណបក្ស​ប្រឆាំង កើន​ខ្លាំង​រហូត​អាច​ឈ្នះ​ឆ្នោត​ដឹក​នាំ​ប្រទេស ស្រប​ពេល​ដែល​ប្រជាប្រិយ​គណបក្ស​កាន់​អំណាច​ធ្លាក់​ចុះ​ជា​លំដាប់។

ក្រោយ​រម្លាយ​គណបក្ស​ប្រឆាំង​ភ្លាម លោក ហ៊ុន សែន ចាប់​ផ្ដើម​លើក​បន្តុប​កូន​ប្រុស​ទាំង​បី​របស់​លោក ឲ្យ​ឡើង​កាន់​តំណែង​ធំៗ ទាំង​ក្នុង​ជួរ​បក្ស និង​ក្នុង​ជួរ​រដ្ឋាភិបាល​ភ្លាម។

មុខ​តំណែង​ដ៏​លេច​ធ្លោ​ជាង​គេ គឺ​បាន​ទៅ​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក។ ក្នុង​រយៈពេល តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក ហ៊ុន ម៉ាណែត បាន​ទទួល​តំណែង​ពី​ឪពុក​លោក ដែល​លើក​បន្តុប​ឲ្យ​មាន​ច្រើន​សន្ធឹក។

តំណែង​កំពូល​​ចុងក្រោយ ដែល​ជា​ឈ្នាន់​ឈាន​ទៅ​ស្នង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី គឺ​តំណែង​ជា​មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​ ជា​អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង ​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន ហើយ​ក៏​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ។ លោក ហ៊ុន សែន ក៏បាន​បញ្ចូល​ឈ្មោះ​លោក ហ៊ុន ម៉ាណែត ទៅ​ក្នុង​គណៈ​មជ្ឈិម​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្មីៗ នេះ​ទៀត​សោត លើក​បន្តុប​លោក ពី​​អនុ​ប្រធាន​យុវជន​ទៅ​ជា​ប្រធាន​យុវជន​ថ្នាក់​មជ្ឈិម​​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត។

ការ​លើក​បន្តុប​តំណែង​ធំៗ ស្អេកស្កះ និង​យ៉ាង​​ប្រញាប់ប្រញាល់​នេះ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ប្រឡង​ប្រជែង​វាស់​កម្រិត​សមត្ថភាព ឬ​បទ​ពិសោធន៍​ក្នុង​សមរភូមិ​ប្រយុទ្ធ​នោះ​ទេ តែ​ធ្វើ​ដោយ​ការ​ពេញ​ចិត្ត​របស់​ឪពុក ក្នុង​ការ​លើក​បន្តុប​កូន​ឲ្យ​ឡើង​ធំ ងាយ​ស្រួល​ស្នង​តំណែង​ខ្លួន​តែ​ប៉ុណ្ណោះ។

ការលើកបន្តុបកូនឲ្យកាន់​ការងារ​រដ្ឋ ដែល​បើក​ប្រាក់​ខែ បាន​ពី​កម្លាំង​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​បែបនេះ បើ​នៅ​ប្រទេស​ប្រជាធិបតេយ្យ​វិញ​ ច្បាស់​ជា​រង​ការ​រិះគន់​ជុំ​ទិស និង​មិន​ជោគជ័យ​នោះ​ទេ។

ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) កាល​ពី​ដើម​ឆ្នាំ២០១៧ គ្រាន់​តែ​តែងតាំង​កូន​ស្រី​បង្កើត​របស់​លោក គឺ​លោកស្រី អ៊ីវ៉ងកា ត្រាំ (Ivanka Trump) ឲ្យ​ធ្វើ​ត្រឹម​ជា​ទីប្រឹក្សា​របស់​លោក​ផង ក៏​រង​ការ​រិះគន់​ជុំ​ទិស។ លោកស្រី អ៊ីវ៉ងកា ត្រាំ (Ivanka Trump) ដែល​រៀន​ចប់​ផ្នែក​ពាណិជ្ជកម្ម ពី​សាកល​វិទ្យាល័យ​ Pennsylvania ធ្វើ​ការ​នេះ​ដោយ​ស្ម័គ្រចិត្ត គឺ​មិន​យក​ប្រាក់ខែ​ផង។

ប៉ុន្តែ​ ងាក​មក​មុខ​តំណែង​របស់​លោក ហ៊ុន ម៉ាណែត ដែល​សព្វថ្ងៃ​ពាក់​ផ្កាយ​បី​ឯ​ណោះ​វិញ គឺ​លោក​បាន​មក​ដោយ​ឪពុក​លើក​បន្តុប និង​ទទួល​ប្រាក់​ខែ​ពេញ​ពី​ញើស​ឈាម​រាស្ត្រ។

មិន​មាន​សេចក្ដីរាយការណ៍​ណា​មួយ ដែល​ថា លោក ហ៊ុន ម៉ាណែត ដែល​បាន​រៀន​សូត្រ​នៅ​ប្រទេស​សេរី និង​ប្រជាធិបតេយ្យ និង​កូន​ប្រុស​ឯ​ទៀត​របស់​លោក ហ៊ុន សែន ចេះ​ប្រកែក​ទៅ​នឹង​ការ​លើក​បន្តុប​តំណែង ដែល​មិន​ឆ្លង​កាត់​ការ​ការ​ប្រឡងប្រជែង​នេះ​ទេ។ តំណែង​ដែល​ឡើង​តាម​ជើង​ខោ​បែប​នេះ គឺ​មិន​ទទួល​បាន​ការ​សាទរ​ទេ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

ប្រជា​ពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន ធ្លាប់​បាន​លើក​ឡើង​អំ​ពី​ការ​ខក​ចិត្ត និង​គំរូ​អាក្រក់ ដែល​មេ​ដឹក​នាំ​ខ្មែរ លើក​បន្តុប​សាច់​សារ​លោហិត​ខ្លួន​ឯង ឲ្យ​កាន់​តំណែង​ខ្ពស់ៗ ក្នុង​ជួរ​រដ្ឋាភិបាល ដែល​ជា​ការ​មិន​លើក​ទឹក​ចិត្ត​ ឲ្យ​យុវជន​ឯ​ទៀត មាន​សង្ឃឹម​ក្នុង​ការ​ដឹក​នាំ​ប្រទេស ជំនួស​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។

ទោះ​បី​លោក ហ៊ុន សែន ប្រកាស​ថា តំណែង​នាយក​រដ្ឋមន្ត្រី គឺ​ត្រូវ​តែ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​ទៀង​ទាត់​ក៏​ដោយ ក៏​កន្លង​មក​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា រង​ការ​រិះគន់​ថា ធ្វើ​ដោយ​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។

ដូច្នេះ ការបោះឆ្នោត​ណា​មួយ​នៅ​កម្ពុជា គឺ​គ្រាន់​តែ​ធ្វើ​បង្គ្រប់​កិច្ច ដើម្បី​ផ្តល់​ភាព​ស្រប​ច្បាប់ ឲ្យ​ទាយាទ​របស់​លោក ហ៊ុន សែន បាន​បន្ត​ក្រាញ​អំណាច​យូរ​ឆ្នាំ​ត​ទៅ​មុខ​ទៀត​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល