គ្រូបង្រៀន​ម្នាក់​​នៅ​ខេត្ត​ប៉ៃលិន​ភៀស​ខ្លួន​រក​កន្លែង​សុវត្ថិភាព​​បន្ទាប់​ពី​ប៉ូលិស​កោះហៅ​ចូល​បំភ្លឺ​រឿង​​បង្ហោះ​​សារ​រិះគន់​រដ្ឋាភិបាល

ដោយ វ៉ែន សុមេធ
2020-09-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក យួង សូដា និង​ទិដ្ឋភាព​នៃ​ការ​សាងសង់​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម នៅ​ខេត្ត​ប៉ៃលិន។
លោក យួង សូដា និង​ទិដ្ឋភាព​នៃ​ការ​សាងសង់​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម នៅ​ខេត្ត​ប៉ៃលិន។
រូប៖ ហ្វេសប៊ុក Yuong So Da

គ្រូបង្រៀន​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន​​រត់​ភៀស​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​គេច​ចេញ​ពី​ការ​យាយី​របស់​​ប៉ូលិស។​​ ការ​រត់​ភៀស​ខ្លួន​នេះ​ បន្ទាប់​ពី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បាន​កោះ​ហៅ​​គ្រូបង្រៀន​រូប​នេះ​ឱ្យ​ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ​កញ្ញា​ ដើម្បី​សាកសួរ​​អំពី​ដំណើរ​រឿង​​​ការ​បង្ហោះ​សារ​​​នៅ​លើ​ហ្វេសប៊ុក​រិះគន់​អាជ្ញាធរ​​សង់​ស្តូប​មិត្តភាព​កម្ពុជា​និង​វៀតណាម​​ កាល​​ពី​សប្ដាហ៍​កន្លង​ទៅ។

គ្រូបង្រៀន​​សាលា​បឋម​សិក្សា​​មួយ​កន្លែង​នៅ​ក្រុង​ប៉ៃលិន​លោក យួង សូដា ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​កញ្ញា​ថា ​ការ​រត់​ភៀស​ខ្លួន​នេះ​​ពុំ​មែន​លោក​ភ័យ​ខ្លាច​នោះ​ទេ​ក៏​ប៉ុន្តែ​​ដោយសារ​លោក​គ្មាន​ជំនឿ​​​​​លើ​ស្ថាប័ន​​ប៉ូលិស​ ពីព្រោះ​កាល​​​ពី​ថ្មីៗ​នេះ​ប៉ូលិស​បាន​ចាប់​​ក្រុម​យុវជន​ជា​ច្រើន​នាក់​ដាក់​ពន្ធនាគារ​​​ដោយ​អយុត្តិធម៌។​​គ្រូបង្រៀន​វ័យ​២៣​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ​ប៉ូលិស​តាម​ចាប់​លោក​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ​ប៉ុន្តែ​​មិនបាន​​ជួប​លោក​ទើប​​​​ចេញ​លិខិត​កោះហៅ​​ឱ្យ​ចូល​បំភ្លឺ​បែប​នេះ៖ «ព្រោះ​ខ្ញុំ​ធ្លាប់​ទទួល​បាន​ព័ត៌មាន​មួយ​ចំនួន​ដែរ​ថា កាលណា គេ​ហៅ​បំភ្លឺ​មិន​មែន​បំភ្លឺ​ធម្មតា​ទេ​គឺ​មាន​លក្ខខ័ណ្ឌ​ពី​ខាង​ក្រោយ​នោះ​ហើយ​បើ​យើង​មិន​ធ្វើ​តាម​គេ​​ជា​ទូទៅ​គេ​នឹង​រក​បទ​ចោទ​យើង​ភ្លាម​ហើយ​បទ​ចោទ​ដែល​ពេញ​និយម​គឺ​ការ​ញុះញង់​។​អីចឹង​ ការ​ណា​គេ​ចោទ​ប្រកាន់​ហើយ​យើង​ត្រូវ​ទៅ​គុក​ព្រៃស​ជា​មិន​ខាន​ទេ​ហើយ​​រឿង​សំខាន់​មិន​មែន​យើង​ខ្លាច​ញញើត​ទេ​ប៉ុន្តែ​​អ្វី​ដែល​សំខាន់​គេ​ចង់​បង្អាក់​មិន​ឱ្យ​យើង​​បញ្ចេញ​មតិ​អី​ទៀត​បាន​ឬ​ក៏​​ធ្វើ​សកម្មភាព​ការងារ​សង្គម​ផ្នែក​ណា​អី​មួយ​បាន​ទេ»

បច្ចុប្បន្ន​ លោក​ យួង សូដា ​បាន​ភៀស​ខ្លួន​​ទៅ​ដល់​ទីកន្លែង​មាន​សុវត្ថិភាព​ហើយ។​គ្រូបង្រៀន​រូប​នេះ​ឱ្យ​ដឹង​ថា លោក​​​នៅ​ប្រកាន់​ជំហរ​​ចូល​រួម​សម្ដែង​មតិ​​រិះគន់​​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ដដែល​។

​​​ស្នងការ​រង​នគរបាល​ខេត្ត​ប៉ៃលិន ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​លោក ជា សុផារិទ្ធ ​បាន​កោះ​ហៅ​ យុវជន យួង សូដា ឱ្យ​ចូល​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ​នៅ​រសៀល​ថ្ងៃ​ទី១៤ កញ្ញា ដើម្បី​សាកសួរ​​អំពី​ដំណើរ​រឿង​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក (Face Book)

ការ​កោះ​ហៅ​នេះ​ បន្ទាប់​ពី​លោក យួង សូដា បាន​បង្ហោះ​​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​​​ដោយ​ភ្ជាប់​ជា​មួយ​រូប​ថត​​​​ស្តូប​មិត្តភាព​កម្ពុជា​​វៀតណាម​នៅ​ខេត្ត​ប៉ៃលិន។ ហ្វេសប៊ុក​របស់​លោក​​​​បាន​បង្ហោះ​សារ​កាល​ពី​ថ្ងៃ​ទី​៧​កញ្ញា​​ថា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​ពេល​ទំនេរ សូម​​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ស្ពាន​ស្ទឹង​តារាប​​ហើយ​​​មើល​ទៅ​ខាង​លិច​ផង​។ ​ឥឡូវ​​នេះ​កម្ពុជា​មាន​ស្តូប​សឹង​តែ​គ្រប់​ខេត្ត​ហើយ​ លោក​ជឿជាក់​ថា​នៅ​ពេល​ខាង​មុខ​​ខ្មែរ​​នឹង​មាន​ទង់​ជាតិ​២​​បង្ហូត​ក្នុង​ពេល​តែ​មួយ​ដូច​​នៅ​ប្រទេស​លាវ​ជា​មិន​ខាន​ឡើយ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​លោក សេង សុគុន្ធ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី១៤ កញ្ញា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យ៉ិន ម៉េងលី មាន​ប្រសាសន៍​ថា ប៉ូលិស​មិន​គួរ​កោះ​ហៅ​គ្រូបង្រៀន​​​សាក​សួរ​ដោយសារ​តែ​​​​ការ​បង្ហោះ​សារ​រិះគន់​​អាជ្ញាធរ​​នោះ​ទេ​​ព្រោះ​ជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​​របស់​ប្រជាពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ គឺ​​​ពុំ​មែន​ជា​អំពើ​ខុស​ច្បាប់​​នោះ​ឡើយ។ លោក​​ចាត់​ទុក​​រឿង​នេះ​ ថា ​ជា​ការ​​​គំរាមកំហែង​ធ្វើ​ឱ្យ​​​ប្រជាពលរដ្ឋ​​ភ័យ​ខ្លាច៖ «ឃើញ​ទេ​គ្រាន់​តែ​ឃើញ​លិខិត​ពី​ស្ថាប័ន​ប្រជាពលរដ្ឋ​ខ្លាច​គាត់​ចាប់​ផ្ដើម​រត់ អីចឹង​យើង​ត្រូវ​ម៉េច​កុំ​ឱ្យ​គាត់​រត់​គេច​យើង​ត្រូវ​ធ្វើ​កុំ​ឱ្យ​គាត់​ខ្លាច​ ឱ្យ​គាត់​គោរព​ទៅ​វិញ​ជា​រឿង​ល្អ​។ឥឡូវ​យើង​កុំ​មើល​តែ​កំហុស​គេ​ កុំ​ថា​មក​ពី​ប្រជាពលរដ្ឋ​យើង​មើល​ស្ថាប័ន​យើង​ហេតុ​អី​បាន​ជា​អីចឹង​ហេតុ​អី​បាន​ជា​ប្រជាពលរដ្ឋ​ខ្លាច​ស្ថាប័ន​ហ្នឹង​ម៉្លេះ​ វា ជា​បញ្ហា​របស់​យើង​យើង​ត្រូវ​ធ្វើ​ការ​កែសម្រួល​ឡើង​វិញ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គាត់​គោរព​នូវ​ស្ថាប័ន​ហ្នឹង​​វិញ​ទើប​ល្អ»

​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម មាន​នៅ​​តាម​បណ្ដា​ខេត្ត ក្រុង​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពូជា ហើយនៅ​រាជធានី​ភ្នំពេញ​មាន​​ស្តូប​​​​រំឭក​អនុស្សាវរីយ៍​នេះ​​ធំ​ជាង​គេ ដែល​ថ្នាក់​ដឹកនាំ​វៀតណាម និង​កម្ពុជា​តែង​មក​គោរព និង​ដាក់​កម្រង​ផ្កា​ស្ទើរ​រៀងរាល់​ឆ្នាំ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល