ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ភ័យខ្លាច​អំពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា

ដោយ អូន ភាព
2019-10-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​វិមានសន្តិភាព ​ប្រទេស​កម្ពុជា កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​វិមានសន្តិភាព ​ប្រទេស​កម្ពុជា កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA

អ្នកវិភាគ​នយោបាយ​និង​សង្គម​លើកឡើង​ថា កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​ចិន ហើយ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ភ័យខ្លាច​ពី​ការ​បង្កើត​មូលដ្ឋានទ័ព​ចិន និង​កំណើន​ជនជាតិ​ចិន​ខុសច្បាប់​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ច្រានចោល​ការ​លើក​ឡើង​នេះ។

អ្នកវិភាគ​នយោបាយ​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា វត្តមាន​របស់​ជនជាតិ​ចិន​កាន់តែ​ច្រើន​ទៅ​ៗ នឹង​ធ្វើ​ឱ្យ​មាន​ភាព​ចលាចល​នៅ​កម្ពុជា​។ លោក​ថា ការ​បើកដៃ ឱ្យ​ក្រុមហ៊ុន​ចិន​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​គ្រោះថ្នាក់​ធំ​បំផុត​សម្រាប់​អនាគត​ប្រជាពលរដ្ឋ​ខ្មែរ ពីព្រោះ​ចិន​អាច​នឹង​ត្រួតត្រា​កម្លាំង​សេដ្ឋកិច្ច​កម្ពុជា។

បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ក្រុមហ៊ុន​ចិន​ទាំង​តូច​ទាំង​ធំ​កាន់តែ​រីក​ធំ​ទៅៗ ហើយ​ពួកគេ​នឹង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​របស់​ខ្មែរ ព្រមទាំង​តំបន់​សមុទ្រ​ដែល​មាន​ភោគទ្រព្យ​ល្អ ត្រូវ​បាន​អ្នក​វិនិយោគ​ចិន​យក​ទៅ​ត្រួតត្រា​ជា​បណ្ដើរៗ​ហើយ៖ «បើសិនជា​យើង​បណ្ដែតបណ្ដោយ​ឱ្យ​ជនជាតិ​ចិន ហើយ​អនុញ្ញាត​គេ​មក​កម្ពុជា​បន្តិច​ម្តងៗ ហើយ​គេ​មាន​វត្តមាន​ជនជាតិ​គេ​មក​ដូច​សព្វថ្ងៃ គឺ​គេ​មកកាន់​កាប់​ក្រុមហ៊ុន​រួម​ទាំង​ក្រុមហ៊ុន​អចលនទ្រព្យ​នោះ​ហើយ គេ​ចូលសញ្ជាតិ​អី​ដូចជា​ងាយៗ​ជាង​មុន ដូច្នេះ​គេ​អាច​កាន់​លិខិតឆ្លងដែន​ជា​ជនជាតិ​ខ្មែរ ខ្មែរ​តែ​ខ្លួន ប៉ុន្តែ​ចិត្តថ្លើម​គឺ​គេ​ចិន»

របាយការណ៍​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា សព្វថ្ងៃ​មាន​ជន​ជាតិ​ចិន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​រយ​:​ពេល​វែង​ចំនួន ២៥ ម៉ឺន​នាក់ ក្នុង​នោះ​មាន​ប្រមាណ ១០ ម៉ឺន​នាក់​នៅ​ទីក្រុង​ភ្នំពេញ និង​ជាង​១១​ម៉ឺន​នាក់​នៅ​ខេត្ត​ព្រះសីហនុ​។ ក្រៅ​ពី​នេះ​នៅ​ខេត្ត​ស្វាយរៀង មាន​ជនជាតិ​ចិន​ចំនួន​ជាង ២ ម៉ឺន​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ​មាន​ជិត ២ ម៉ឺន​នាក់ និង​នៅ​ខេត្ត​កណ្តាល​មាន​ជាង ១ ម៉ឺន​នាក់។

របាយការណ៍​នេះ​ក៍​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ចិន​ជិត​១ពាន់ ៤រយ​(.៤០០) ក្រុមហ៊ុន បាន​ដាក់​ពាក្យ​ធ្វើការ​វិនិយោគ​ជាមួយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុង​នោះ​មាន​ប្រមាណ​១.៣០០​ក្រុមហ៊ុន បាន​វិនិយោគ​ទៅលើ​វិស័យ​រោងចក្រ សហគ្រាស និង​មាន​៧០​ក្រុមហ៊ុន វិនិយោគ​ទៅលើ​វិស័យ​កសិកម្ម។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ចិន​ធ្លាប់​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ទៀ បាញ់ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ជារឿយៗ ប៉ុន្តែ​លោក​មិន​បាន​ឃើញ​មាន​ការ​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល​ពី​ក្រសួង​ស៊ីវិល​កម្ពុជា ដើម្បី​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ទេ៖ «អ៊ីចឹង​គេ​អាច​សន្និដ្ឋាន​ថា ចិន​មាន​ទំនាក់ទំនង​ជាមួយ​កង​ទ័ព​ច្រើនជាង​ក្រសួង​ឯទៀតៗ។

ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ទៅ​ជួប​មន្ត្រី​យោធា​ជាន់ខ្ពស់ ថ្ងៃ​ទី ២០ ដល់​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង។ ក្នុង​ដំណើរ​ទស្សនកិច្ច នេះ លោក ទៀ បាញ់ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​កិច្ច​សហប្រតិបត្តិការរវាង​កងទ័ព​កម្ពុជា ចិន ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន គឺ​លោក វី ហ្វេងហ៊ី (WEI FENG HE)​។ ប៉ុន្តែ​មិន​បាន​បង្ហាញ​ជា​សាធារណៈ​នូវ​សេចក្តី​លំអិត​ជាក់លាក់​នៃ​កិច្ចព្រមព្រៀង​ទាំង​នោះ​ទេ។

ក្នុង​ខណ​: វិលត្រឡប់​ពី​ការ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែ​តុលា​នេះ លោក ទៀ បាញ់ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា រដ្ឋាភិបាល​ចិន នឹង​បន្ត​ផ្ដល់​ជំនួយ​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​ចំនួន​៦០០​លាន​យ័ន ស្មើនឹង​ប្រមាណ​៨៤​លាន​ដុល្លារ​អាមេរិក ដល់​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​វិស័យ​យោធា។

លោក ទៀ បាញ់​បាន​អះអាង​ថា ប្រាក់​ជំនួយ​ឥត​សំណង​របស់​មហាមិត្ត​ចិន​នេះ គឺជា​ការ​បញ្ជាក់​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​កម្ពុជា​-​ចិន​។ លោក​បន្ត​ថា ចិន​បាន​សន្យា​បន្ត​ផ្ដល់​ជំនួយ​ឥតសំណង​ដល់​កម្ពុជា ដើម្បី​ពង្រឹង​វិស័យ​យោធា ហើយ​ទឹកប្រាក់​ដែល​មាន​ចំនួន ៦០០​លាន​យ័ន នេះ​នឹង​ប្រើប្រាស់​សម្រាប់​យក​មក​ពិភាក្សា និង​ចាត់ចែង​ដើម្បី​បង្កើន​នូវ​សមត្ថភាព​វិស័យ​យោធា​កម្ពុជា ដែល​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ធ្លាប់​មាន​ជាស្រេច​រួចមក​ហើយ។

អ្នកវិភាគ​នយោបាយ​និង​សង្គម លោក គឹម សុខ និយាយ​ថា ឥទ្ធិពល​ធំ​ពីរ​របស់​ចិន​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ភ័យខ្លាច​បំផុត​នោះ គឺ​មូលដ្ឋាន​យោធា​របស់​ចិន ដែល​ហាក់​នៅតែ​ជា​អាថ៌កំបាំង ហើយ​មូលដ្ឋានទ័ព​នេះ ក៍​បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង ទៅដល់​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ និង​ប្រទេស​សេរី​មួយ​ចំនួន​ទៀត ក្នុង​នោះ​ក៏​មាន​សហរដ្ឋអាមេរិក​ផង​ដែរ។

លោក គឹម សុខ ដែល​ហ៊ាន​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឥត​សំចៃ​មាត់ បន្ត​ថា ចិន​ប្រើប្រាស់​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ឋាមពល​គ្រប់គ្រង វាទី​និយម​របស់​ខ្លួន​ក្នុង​តំបន់ ហើយ​រឿង​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​ប្រទេស​កម្ពុជា៖ «ខ្ញុំ​គិត​ថា មាន​ឥទ្ធិពល​ធំ​ពីរ​ដែល​ប្រឈម​ចំពោះ​មុខ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​លូកដៃ​របស់​ចិន មក​ក្នុង​ផ្ទៃក្នុង​ប្រទេស​កម្ពុជា ហើយ​កងទ័ព​មួយ​ចំនួន​មាន​រូបភាព​ជា​ការ​លាក់​បាំង​នៅ​ក្នុង​យុទ្ធសាស្ត្រ យោធា​ហើយ​រឿង​នេះ​វា​មាន​លក្ខណ​:​សម្ងាត់ និង​ស៊ីជម្រៅ​ខ្លាំង​ណាស់»

របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​កាសែត The Wall Street Journal កាលពី​ថ្ងៃ​ទី ២១ ខែ​កក្កដា​កន្លង​ទៅ​នេះ បាន​ដកស្រង់​សម្ដី​មន្ត្រី​អាមេរិក​ដែល​បាន​និយាយ​ថា ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​ប៉េកាំង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដែល​បាន​អនុញ្ញាត​ឱ្យ​ចិន​ចូល​ទៅ​បង្កើត​មូលដ្ឋានទ័ព​នៅ​កំពង់ផែ​រាម នៅ​ជាយក្រុង​ព្រះសីហនុ នៅ​ជិត​អាកាសយានដ្ឋាន​ដ៏​ធំ​មួយ​ដែល​ក្រុមហ៊ុន​ចិន​កំពុង​សាងសង់ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ​ចំពោះ​ព័ត៌មាន​នេះ។

លោក គឹម សុខ ឱ្យ​ដឹង​ទៀ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ការ​អាវុធ ត្រូវ​ការ​យោធា​ព្រមទាំង​ថវិកា​របស់​ចិន​ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​។ លោក​ថា ចិន​បាន​បង្ហូរ​លុយ​ចូល​មក​កម្ពុជា​តាមរយ​:​ការ​ផ្តល់​ប្រាក់កម្ចី និង​បញ្ជូន​អ្នកវិនិយោគទុន​ជាច្រើន​មក​រក​ស៊ី​នៅ​កម្ពុជា ដើម្បី​ជួយ​រំលោះ​សម្ពាធ ក្នុង​ពេល​ប្រទេស​តូច​មួយ​នេះ​កំពុង​ទទួល​ការ​គំរាមកំហែង​ពី​សហគមន៍​អន្តរជាតិ ដូចជា​ករណី​បាត់បង់ EBA និង GSP ជាដើម៖ «លុយ​ងងឹត​មួយ​ចំនួន​ដែល​ហូរ​ចូល​ប្រទេស​កម្ពុជា លុយ​ងងឹត​ដែល​ហូរ​ចូល​នេះ​ហើយ ដែល​បង្ក​នូវ​អសន្តិសុខ​ធំ​ណាស់​ដល់​ប្រទេស​កម្ពុជា បង្ក​ចលាចល​សង្គម ហើយ​មាន​ទាំងគ្រប់​វិស័យ​ទាំងអស់ ដូចជា​វិស័យ​ព័ត៌មាន​វិទ្យា ទាក់ទង​ទៅ​នឹង​រឿង​រវាង​ប្រទេស​កម្ពុជា និង​ចិន វា​អត់​មាន​តម្លាភាព ហើយ​រឿង​ទាំងអស់​ហ្នឹង​វា​បង្ក​ភាព​ចលាចល​សង្គម ការ​មិន​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ»

ចំណែក​បណ្ឌិត អៀ សុផល អ្នកវិភាគ​នយោបាយ និង​ជា​សាស្ត្រាចារ្យ​កិច្ចការ​ពិភពលោក នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា ចិន​មិនមែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទេ។ ចិន​មាន​ឥទ្ធិពល​លើ​ប្រទេស​នានា​ដែល​អាច​បង្ក​គ្រោះថ្នាក់​បាន ហើយ​ថា ប្រទេស​នេះ​បាន​នាំ​ការ​ត្រួតពិនិត្យ​របស់​ខ្លួន​ចូល​មក​ក្នុង​ដួងចិត្ត និង​ផ្ទះ​របស់​ប្រជាជន​កម្ពុជា។

លោក​ថា សម្រាប់​ឥស្សរជន​ខ្មែរ​ដែល​កាន់អំណាច​តែងតែ​ស្រឡាញ់​លុយ និង​អំណាច​ច្រើនជាង​សេរីភាព និង​ប្រជាធិបតេយ្យ​។ លោក​ថា ចិន​ធ្វើ​បែប​នេះ​ព្រោះ​វា​ជួយ​ដល់​ការ​ព្យាករណ៍​ថាមពល​សេដ្ឋកិច្ច របស់​ចិន​។ លោក​ថា ប្រទេស​កម្ពុជា​ឥឡូវ​ជាទី​តាំងរបស់​ចិន ហើយ​បាន​ផ្តល់​សន្តិសុខ​ដល់​ប្រទេស​ចិន​ទៀត​ផង។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខ្មែរ​ចេញ​លិខិតឆ្លងដែន​កម្ពុជា​ដល់​បុគ្គលិក​យោធា​ចិន ដើម្បី​ប្រគល់​សិទ្ធិ​ឱ្យ​ពួកគេ​ចូល​ក្នុង​ប្រទេស​កម្ពុជា និង​ទទួល​បាន​ការ​ហាមឃាត់​ពី​រដ្ឋធម្មនុញ្ញ​របស់​​កម្ពុជា​លើ​មូលដ្ឋាន​បរទេស​នៅ​ខាងក្នុង​ប្រទេស​កម្ពុជា។

ការពិត​គឺថា​ចិន​គឺជា​វិនិយោគិន​បរទេស​ធំ​ជាងគេ​នៅ​កម្ពុជា​។ ចិន​បាន​កាន់កាប់​សេដ្ឋកិច្ច​នៅ​ក្រុងព្រះសីហនុ​ស្ទើរតែ​ទាំងស្រុង​ព្រោះ​ពួកគេ​មាន​សណ្ឋាគារ​ចំនួន ១៥០ ក្នុងចំណោម​១៥៦ ភោជនីយដ្ឋាន ៤១៤ ក្នុងចំណោម ៤៣៥ កន្លែង កាស៊ីណូ ៤៨ ក្នុង​ចំណោម ៦២ កន្លែង ក្លឹប​ខារ៉ាអូខេ ៤១ និង​ហាង​ម៉ាស្សា ៤៦។

លោក​ថា ក្រុងព្រះសីហនុ​សព្វថ្ងៃ​បាន​ក្លាយ​ជា​របស់​ចិន ដោយសារ​មាន​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បដិសេធ​ក៏​ដោយ​។ ចិន​ក៏​មាន​អាកាសយានដ្ឋាន ដែល​សាងសង់​ដោយ ក្រុមហ៊ុន UDG និង​មាន​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ខេត្ត​កោះកុង។ ទាំងនេះ​ជា​ទ្រព្យសម្បត្តិ​យុទ្ធសាស្ត្រ​ដែល​ចិន​ធ្វើជា​តំបន់​ទេសចរណ៍។

ទោះជា​យ៉ាង​ណា​ក្តី អ្នកនាំពាក្យ​គណ​:​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត មាន​ប្រសាសន៍​ថា ការ​លើកឡើង​របស់​អ្នកវិភាគ​ទាំងនេះ​មាន​ភាព​លម្អៀង​ខាង​នយោបាយ និង​មនោគម​វិទ្យា ហើយ​មិនបាន​ផ្សា​ភ្ជាប់​ទៅ​នឹង​សភាពការណ៍​ពិត​របស់​កម្ពុជា​ទេ។

លោក សុខ ឥសាន្ត ក៏​បាន​រិះ​គុណ​កាសែត​បរទេស​និង​ជនបរទេស​មួយ​ចំនួន​ដែល​បាន​ចោទប្រកាន់​មក​លើ​រដ្ឋាភិបាល​របស់​លោក​ថា មាន​ដាក់​មូលដ្ឋានទ័ព​ចិន​នៅ​ឆ្នេរសមុទ្រ​កម្ពុជា លោក​បញ្ជាក់​ជាថ្មី​ម្តង​ទៀត​ថា ពត៌មាន​នេះ​មិន​ពិត​ទេ ព្រោះ​ថ្មីៗ​នេះ​មាន​អ្នកកាសែត​ជាតិ​និង​អន្តរជាតិ​ជិត​១០០​នាក់​បាន​ទៅ​ពិនិត្យ​ជាក់ស្ដែង​នៅ​តំបន់​នោះ ប៉ុន្តែ​មិនបាន​ឃើញ​មូលដ្ឋានទ័ព​ចិន​ដូច​ការ​ចោទ​ប្រកាន់​ទេ។

ទាក់ទង​នឹង​ការ​នាំ​អ្នកកាសែត​ទៅ​ពិនិត្យ​មើល​តំបន់​យោធា​រាម​កន្លង​ទៅ​នេះ អ្នក​កាសែត​មួយ​ចំនួន​ដែល​បាន​ចូល​ទៅ​មើល​ទីនោះ ឱ្យ​ដឹង​ថា ខ្លួន​មិន​បាន​អនុញ្ញាត​ឱ្យ​ចូល​មើល​ដោយ​សេរី និង​គ្រប់​ទីកន្លែង​នោះ​ទេ។

ទោះជា​យ៉ាងណា លោក សុខ ឥសាន្ត អះអាង កម្ពុជា​ពិត​ជា​គ្មាន និង​គ្មាន​ផែនការ​ឱ្យ​ចិន​មាន​មូលដ្ឋាន​ទ័ព​នៅ​កម្ពុជា​ទេ៖ «ខ្ញុំ​ច្រានចោល​មួយរយ​ភាគរយ​ហើយ ព្រោះ​វា​អត់​ការពិត​ទេ​បាទ បើ​គេ​ភ័យខ្លាច​មូលដ្ឋានទ័ព​របស់​សហរដ្ឋអាមេរិក​នៅ​ពាសពេញ​ពិភពលោក គ្រាន់តែ​នៅ​អាស៊ីអាគ្នេយ៍​មាន​ប៉ុន្មាន​កន្លែង​ហើយ យើង​គិត​មើល ហើយ​មូលដ្ឋានទ័ព​ចិន​នៅ​អាស៊ីអាគ្នេយ៍​មាន​ប៉ុន្មាន​កន្លែង វា​អត់​មាន ហី​ខ្ញុំ​មិន​និយាយ​វ៉ៃ​ប្រហារ​អាមេរិក​ទេ ក៏​ប៉ុន្តែ​សួរ​មើល​នៅ Philippine នៅ​កូរ៉េខាងត្បូង នៅ​ជប៉ុន​អី សួរ​ថា​អាមេរិក​មាន​មូលដ្ឋានទ័ព​ដែរ​ឬទេ មក​ព័ទ្ធជុំវិញ​ចិន សួរ​ថា​ចិន​ដែល​ភ័យខ្លាច​ទេ»

លោក​បាន​បន្ត​ថា អ្នក​ដែល​ភ័យខ្លាច​ចិន ដោយសារ​ឃើញ​ចិន​ក្លាយទៅជា​មហាអំណាច ព្រោះ​ប្រជាជន​ចិន​ក៏​មាន​ច្រើន​លើសលប់​គេ​លើ​ពិភពលោក ហើយ​កម្លាំង​សេដ្ឋកិច្ច​ចិន​ក៏​មិនមែន​ធម្មតា​ដែរ​។ លោក​ថា ប្រទេស​ដែល​ភ័យខ្លាច​ចិន តែងតែ​រករឿង​ចិន​ទាក់ទង​នឹង​យោធា​និង​ពាណិជ្ជកម្ម​។ ទោះបីជា​យ៉ាងណាក៏ដោយ​លោក ឡៅ ម៉ុងហៃ ថា សំដី​របស់​លោក សុខ ឥសាន្ត ហាក់បីដូចជា​លោក​ទទួល​ស្គាល់​ថា ខ្មែរ​មាន​មូលដ្ឋាន​យោធា​ចិន។ លោក​បន្ត​ថា ការ​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា វា​មិនមែន​បង្ក​ឱ្យ​មាន​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​វា​មានការ​ប៉ះពាល់​ដល់​សន្តិ​សុខ​នៅ​ក្នុង​តំបន់។

ទាក់ទង​ទៅ​នឹង​មូលដ្ឋាន​យោធា​របស់​សហរដ្ឋអាមេរិក​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​នៅ​អាស៊ីអាគ្នេយ៍ លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​មានប្រសាសន៍ថា សហរដ្ឋ​អាមេរិក​មាន​មូល​ទ័ព​ទាំង​អស់ហ្នឹង​យូរ​មក​ហើយ តាំងពី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២​មក​ម្ល៉េះ មូល​ទ័ព​របស់​អាមេរិក​មាន​ជា​ហូរហែមក ហើយ​វា​អត់​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ទេ៖ «រឿង​ពិភពលោក ខ្ញុំ​អត់​ហ៊ាន​និយាយ​ទេ ប៉ុន្តែ​រឿង​ខ្មែរ វា​អត់​មាន​ប៉ះពាល់​ទេ ហើយ​នៅ​ពេល​កងទ័ព​វៀតណាម​ចូល​មក​កាន់កាប់​ស្រុក​ខ្មែរ អាមេរិក​អត់​បាន​ប្រើប្រាស់​ទ័ព​ដូច​កាលពី​សង្គ្រាម​នៅ​វៀតណាម​ទេ»

ស្ថានទូត​អាមេរិក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​នឹង​ការ​លើកឡើង​របស់​លោក សុខ ឥសាន្ត ទេ ប៉ុន្តែ​បញ្ជាក់​ថា អាមេរិក​នឹង​បន្ត​តាមដាន​របាយការណ៍​នៃ​ការ​បង្កើត​កន្លែង​យោធា​ចិន​នៅ​ប្រទេស​កម្ពុជា។ ស្ថានទូត​បាន​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា អាមេរិក​ស្វាគមន៍​សេចក្តី​ថ្លែងការណ៍​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ហាមឃាត់​ដាច់ខាត​ចំពោះ​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា។

ស្ថានទូត​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា ផ្ដល់​នូវ​តម្លាភាព​បន្ថែម​ទៀត​អំពី​ការ​វិនិយោគ និង​ការ​អភិវឌ្ឍ​ដែល​កើតឡើង​នៅ​តាម​ឆ្នេរសមុទ្រ​របស់​ប្រទេស​កម្ពុជា ហើយ​ថា អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ការពារ​មនុស្ស​ជំនាន់​ក្រោយ។

អ្នកវិភាគ​តែងតែ​លើកឡើង​ជារឿយៗ​ថា ចិន​បាន​ផ្តល់​ប្រាក់កម្ចី​សន្ធឹកសន្ធាប់​ដល់​កម្ពុជា ដែល​មក​ដល់ពេលនេះ​មាន​ចំនួន​ជាង ៤​ពាន់ ៧​រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ប្រាក់កម្ចី​នេះ​អាច​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ជំពាក់​ចិន​វ័ណ្ឌក ស្ទើរ​តែ​លក់​ប្រទេស​សង​លុយ​គេ។ ការ​វិនិយោគ​របស់​ចិន​ក៏​ជា​ការ​គំរាមកំហែង​ដល់​កម្ពុជា​ផង​ដែរ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប្រទេស​ចិន​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​កម្ពុជា។ទោះជា​យ៉ាងណា​លោក សុខ ឥសាន្ត មាន​ប្រសាសន៍​ផ្ទុយ​ទៅ​នឹង​ការ​លើកឡើង​ថា គ្មាន​ការ​គំរាមកំហែង​ទេ ពីព្រោះ​រដ្ឋាភិបាល​របស់​លោក​មានការ​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ជោគវាសនា​របស់​ប្រទេស​ជាតិ និង​អនាគត​របស់​ប្រជាជន​ខ្មែរ៖ «ខ្ញុំ​ដឹង​ថា សន្ទុះ​ដែល​អាច​ខ្ចី​បាន​គឺ​មាន​រហូតដល់ ៤១ ភាគរយ​នៃ GDP របស់​ប្រទេសជាតិ ប៉ុន្តែ​បំណុល​បច្ចុប្បន្ន​ជា​បំណុល​អន្តរជាតិ ពីព្រោះ​កម្ពុជា​ជំពាក់​បរទេស​បច្ចុប្បន្ន​នេះ​គឺ​មាន​តែ ២០ ភាគរយ ហើយ​ទន្ទឹម​នឹង​នេះ បណ្តា​ប្រទេស​ដែល​មាន​ការ​រីកចម្រើន​ជឿនលឿន​នៅ Europe ខាងកើត ខ្ចី​គេ​រហូតដល់​១០០​ភាគរយ​នៃ GDP ម៉េច​ក៏​អស់លោក​មិន​មើល​អា​ហ្នឹង​ផង»

ប៉ុន្តែ​របាយការណ៍​ដែល​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ របស់​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០១៩​នេះ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ខ្ចីបុល​ពី​ម្ចាស់​ឥណទាន​បរទេស​សរុប មានតម្លៃ​ដល់​ទៅ​ជិត ១​ម៉ឺន ២​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ប្រមាណ​ជិត ១២​ប៊ី​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ប្រមាណ​ជិត ៤០​ភាគរយ នៃ​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​សរុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល