យុវជន​អាស៊ាន​និង​រុស្ស៊ី​​ជាង​១៥០​នាក់​ជួប​ប្រជុំ​នៅ​ខេត្ត​សៀមរាប

ដោយ ហង្ស សាវយុត
2016-10-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​យុវជន​អាស៊ាន-​រុស្ស៊ី ថត​រូប​អនុស្សាវរីយ៍​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​ទូត បន្ទាប់​ពី​ថ្លែង​បើក​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤ នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៦។
ក្រុម​យុវជន​អាស៊ាន-​រុស្ស៊ី ថត​រូប​អនុស្សាវរីយ៍​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​ទូត បន្ទាប់​ពី​ថ្លែង​បើក​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤ នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៦។
RFA/Hang Savyouth

ក្រុម​យុវជន​នៃ​បណ្ដា​ប្រទេស​អាស៊ាន និង​សហព័ន្ធ​រុស្ស៊ី ប្រមាណ​ជាង ១៥០​នាក់ កំពុង​ជួប​ប្រជុំ​កំពូល​លើក​ទី​៤ រយៈពេល ៣​ថ្ងៃ នៅ​ក្នុង​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​អង្គារ ទី​២៥ រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៧ ខែ​តុលា។ កិច្ច​ប្រជុំ​ដែល​មាន​ក្រសួង​ការបរទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​គឺ​មាន​គោលបំណង​ឱ្យ​ក្រុម​យុវជន​វ័យ​ក្មេង​របស់​បណ្ដា​ប្រទេស​អាស៊ាន អាច​សម្លឹង​មើល​ទៅ​កាន់​តំបន់​បូព៌ា ព្រម​ទាំង​អាច​ភ្ជាប់​ចំណង​មិត្តភាព​រវាង​តំបន់​អាស៊ាន​ជាមួយ​នឹង​រុស្ស៊ី ឱ្យ​កាន់​តែ​ប្រសើរ​សម្រាប់​អនាគត។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​បណ្ដា​ប្រទេស​អាស៊ាន ខ្លះ​ទៀត កំពុង​សម្លឹង​ឃើញ​ថា ការ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​រុស្ស៊ី គឺ​មាន​សារសំខាន់​យ៉ាង​ខ្លាំង ទាំង​សក្ដានុពល​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ច​ការ​ពង្រឹង​សន្តិសុខ ស្ថិរភាព​នៅ​ក្នុង​តំបន់។

ដោយសារ​តែ​ការ​សម្លឹង​ឃើញ​ថា មាន​សារសំខាន់​ដូច​នេះ បណ្ដា​ប្រទេស​អាស៊ាន បាន​រៀបចំ​ឱ្យ​ក្រុម​យុវជន​អាស៊ាន និង​រុស្ស៊ី ប្រមាណ​ជាង ១៥០​នាក់ បាន​ជួប​ប្រជុំ​កំពូល​ក្នុង​បំណង​ឱ្យ​យុវជន​ទាំង​នោះ​អាច​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ធ្វើ​ជា​ស្ពាន​មេត្រី​ភាព​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ថែម​ទៀត។

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺ​លោក ហ៊ុន ម៉ានី។ លោក​មាន​ប្រសាសន៍​ក្រោយ​ពី​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា ថា ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​អាស៊ាន ជាមួយ​រុស្ស៊ី ក្រៅ​តែ​ពី​ការ​ជំរុញ​ផ្នែក​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច ក៏​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ការ​យល់​ដឹង​រវាង​មនុស្ស និង​មនុស្ស​ដែរ។ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​រុស្ស៊ី ពេល​នេះ​នឹង​ពិភាក្សា​អំពី​ការ​បង្កើត​ក្របខ័ណ្ឌ​នៃ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​រវាង​អាស៊ាន និង​រុស្ស៊ី តែម្ដង។

លោក ហ៊ុន ម៉ានី គិត​ថា នេះ​ជា​ឱកាស​មួយ​ទៀត​ដែល​អាច​ជំរុញ​ទំនាក់ទំនង និង​រឹត​បន្តឹង​មិត្តភាព​រវាង​យុវជន​អាស៊ាន និង​រុស្ស៊ី។ ចំណែក​ក្រុម​យុវជន​កម្ពុជា-​រុស្ស៊ី ក៏​មាន​ការ​ផ្លាស់ប្ដូរ​គ្នា​ជា​ច្រើន​ទៅ​ហើយ​ក្នុង​វិស័យ​អប់រំ និង​ការ​ផ្លាស់ប្ដូរ​គណៈប្រតិភូ​ធ្វើ​ទស្សនកិច្ច​ពី​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ការ​រៀបចំ​មហោស្រព​អន្តរជាតិ​សម្ដែង​ពី​វប្បធម៌​ជាដើម៖ «វេទិកា​នេះ ដែល​មាន​លក្ខណៈ​លម្អិត​ផង យើង​នឹង​សង្ឃឹម​ថា យុវជន​ខ្លួន​ឯង​នឹង​អាច​ឆ្លៀត​ឆក់​តាម​រយៈ​វេទិកា​ដែល​ផ្ដល់​ដោយ​រាជរដ្ឋាភិបាល មាន​គំនិត​ផ្ដួចផ្ដើម​ថ្មី ដែល​ចេញ​មក​ពី​គាត់​ខ្លួន​ឯង»

​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ខ្មែរ អ្នកស្រី សឿង រ័ត្នឆាវី មាន​ប្រសាសន៍​ថា ការ​ជួប​ប្រជុំ​កំពូល​របស់​យុវជន​អាស៊ាន-​រុស្ស៊ី លើក​ទី​៤ ដែល​ក្រសួង​ការបរទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពេល​នេះ ក្នុង​គោល​បំណង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ២០​ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន និង​រុស្ស៊ី ព្រមទាំង​រំលឹក​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-​រុស្ស៊ី​ផង​ដែរ។

អ្នកស្រី សឿង រ័ត្នឆាវី បញ្ជាក់​ថា រុស្ស៊ី គឺ​ជា​មហា​អំណាច​ដ៏​ធំ​មួយ ហើយ​រុស្ស៊ី ក៏​ធ្លាប់​ជួយ​កម្ពុជា កាល​ពី​របប​ប៉ុល ពត ទើប​តែ​ដួល​រលំ ស្រប​ពេល​ប្រទេស​លោក​ខាង​លិច​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា ដែរ៖ «អា​ហ្នឹង​និយាយ​សម្រាប់​កម្ពុជា យើង ក៏ប៉ុន្តែ​បើ​និយាយ​សម្រាប់​តំបន់ គឺ​រុស្ស៊ី មាន​សក្ដានុពល មាន​តួនាទី​ធំ​ណាស់​ក្នុង​ការ​ជួយ​ពង្រឹង​សន្តិភាព សន្តិសុខ ហើយ​និង​ជួយ​ពង្រឹង​វិបុលភាព​ក្នុង​តំបន់»

ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្ស៊ី ប្រចាំ​តំបន់​អាស៊ាន លោក អាឡិកសាន់ឌឺ អ៊ីវ៉ាន់នូវ (Alexander Ivanov) បាន​ស្វាគមន៍​ចំពោះ​ការ​ភ្ជាប់​ទំនាក់ទំនង​អាស៊ាន​ជាមួយ​រុស្ស៊ី ព្រម​ទាំង​ផ្ចុងផ្ដើម​ឱ្យ​យុវជន​ជំនាន់​ក្រោយ​បាន​ស្គាល់​គ្នា​នេះ។ លោក អាឡិកសាន់ឌឺ អ៊ីវ៉ាន់នូវ ថ្លែង​ថា ពួក​លោក​បាន​ប្រឹងប្រែង​ជា​ច្រើន​ឆ្នាំ​នៅ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ទម្រាំ​បាន​មក​ដល់​ថ្ងៃ​នេះ។ ជា​ការ​ពិត​នេះ គឺ​ជា​អំណោយ​ដ៏​មាន​តម្លៃ​បំផុត​ដែល​នឹង​រួម​គ្នា​អភិវឌ្ឍន៍ ព្រម​ទាំង​ស្វែង​យល់​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​ទៀត​ត​ទៅ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល