ប្រទេស​នៅ​អាស៊ាន​មួយ​ចំនួន​ប្រើ​អំណាច​ផ្ដាច់ការ​នៅ​កំឡុង​ពេល​ជំងឺ​កូវីដ​១៩ កំពុង​រាតត្បាត

ដោយ ទីន ហ្សាការីយ៉ា
2020-04-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ពេល​ជួប​កម្មការិនី​រោងចក្រ​​នៅ​ខ័ណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ២០១៨។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
លោក ហ៊ុន សែន ពេល​ជួប​កម្មការិនី​រោងចក្រ​​នៅ​ខ័ណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ២០១៨។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ប្រើ​វិធានការ​ផ្លូវច្បាប់​ផ្សេងៗ​គ្នា​នៅ​គ្រា​ដែល​ជំងឺ​កូវីដ​១៩ កំពុង​រាតត្បាត​។ ការប្រើប្រាស់​វិធានការ​ទាំងនេះ មាន​ប្រទេស​ខ្លះ​ប្រើ​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប ប្រជាពលរដ្ឋ​ជ្រុល​ហួសហេតុ ដែល​ជា​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

ក្រុម​អ្នកវិភាគ​លើកឡើង​ថា មេដឹកនាំ​អាស៊ាន​មួយ​ចំនួន ចាត់វិធានការ​ទប់ស្កាត់ ការ​ឆ្លង​ជំងឺ កូវីដ-១៩​ថា ជា​ការ​ប្រើ​អំណាច​ផ្ដាច់ការ​ទៅលើ​ពលរដ្ឋ​របស់​ខ្លួន។

ប្រទេស​ដែល​លេចធ្លោ​ជាងគេ នៅ​ក្នុង​ការ​ដាក់​បម្រាម ឬ​ប្រកាស​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន នៅ​កំឡុង​ពេល​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​នេះ មាន​ប្រទេស​ហ្វីលីពីន ថៃ និង កម្ពុជា​ជាដើម។ រីឯ​ប្រទេស​មួយ ចំនួន ទៀត មិនទាន់​បង្ហាញ​ពី​ការ​បង្ក្រាប ការ​ចាប់ចង និង​ការ​ផ្ដន្ទាទោស​ពលរដ្ឋ​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ។

ប្រទេស​នៅ​ក្នុង​តំបន់ ដែល​ប្រកាស​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​មុនគេ គឺ​ប្រទេស​ថៃ បាន​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​រយៈពេល​មួយ​ខែ ចាប់ពី​ថ្ងៃ​ទី​២៦​មីនា​។ នៅ​កំឡុង​ពេល រឹត​ត្បិត​សិទ្ធិ​សេរីភាព​ដើរ​ហើរ​នេះ រដ្ឋាភិបាល​ថៃ​បាន​ដាក់​វិធានការ ដំបូង​គេ​គឺ​ផ្ដោត​លើ​ការគ្រប់គ្រង​លើ​បណ្ដាញ​សារព័ត៌មាន និង​គ្រប់គ្រង​ការ​ជួបជុំ​។ ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​នេះ គេ​សង្កេត​ឃើញ​ថា បាន​កើត​មាន​តាំង​រដ្ឋាភិបាល​ថៃ​បាន​រំលាយ​គណបក្សប្រឆាំង​ថៃ​កាលពី​ខែ​កុម្ភៈ​មក​ម្ល៉េះ។

ក្រុម​អ្នក​វិភាគ​លើកឡើង​ថា នៅ​ក្នុង​កំឡុង​ពេល​ជំងឺ​កូវីដ​១៩ កំពុង​រាតត្បាត​នេះ ទាំង​ពលរដ្ឋ​ថៃ និង​ពលរដ្ឋ​ខ្មែរ ហាក់​មិន​មាន​ជំនឿ​លើ​រដ្ឋាភិបាល​របស់​ខ្លួន​ទេ ដោយសារតែ​ប្រទេស​ទាំងពីរ នេះ មាន​នយោបាយ​ប្រហាក់ប្រហែល​គ្នា បង្ក្រាប​ទៅលើ​អ្នក​រិះគន់ ឬ​ក្រុម​ប្រឆាំង​។ ហើយ​ព័ត៌មាន​មួយ​ចំនួន​ដែល​ចេញពី​រដ្ឋាភិបាល​នោះ គឺ​ពលរដ្ឋ​មិន​ជឿ​នោះ​ទេ ដូច្នេះ​ពួកគាត់​ស្វះស្វែង​ព័ត៌មាន​ដោយ​ខ្លួនឯង និង​ចែករំលែក​ព័ត៌មាន​ទាំងនោះ នៅ​លើ​បណ្ដាញ​សង្គម ផ្ទុយទៅវិញ ត្រូវ​បាន​រដ្ឋាភិបាល​ឃាត់ខ្លួន​ដាក់​ពន្ធនាគារ ចោទ​ប្រកាន់ ពី​បទ​ញុះញង់ និង​ធ្វើ​ឱ្យ​ចលាចល​សង្គម​ជាដើម។

អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​លើ​រដ្ឋាភិបាល នៅ​ពេល​ជំងឺ​កូវីដ​១៩​កំពុង​រាតត្បាត​នេះ ទាំង​រដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បញ្ចេញ​ព័ត៌មាន​ពិត ដែល​អាច​ឱ្យ​ពលរដ្ឋ​ជឿ​ទុកចិត្ត​បានជា​រឿង​សំខាន់​៖ «បើសិនជា​ថា​ព័ត៌មាន​ក្លែងក្លាយ រដ្ឋាភិបាល​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ពន្យល់​វិញ​ទៅ តែ​រដ្ឋាភិបាល​បែរ​ជា​ចោទប្រកាន់ និង​ចាប់ខ្លួន​ពលរដ្ឋ​ភ្លាមៗ គឺ​អត់​ត្រឹមត្រូវ​ទេ»

រីឯ​ប្រទេស​ហ្វីលីពីន​វិញ បាន​ប្រកាស​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​ប្រកាស​អាសន្ន​នេះ រហូតដល់​ចុងខែ​មេសា ហើយ​មេដឹកនាំ​ប្រទេស​នេះ បាន​ផ្ដល់​ដាវ​អាជ្ញា​សឹក​ដល់​ប៉ូលិស ទាហាន​បាញ់សម្លាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន ចំពោះ​អ្នកប្រឆាំង​និង​បទបញ្ជា​មិន​ឱ្យ​ចេញ​ដើរ​ក្រៅ​ផ្ទះ​នេះ។

ប្រទេស​ផ្សេងទៀត ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ភូមា សិង្ហបុរី វៀតណាម ព្រុយណេ រដ្ឋាភិបាល​បាន​ប្រកាស​ពី​ការ​ត្បិត​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ដូចគ្នា តែ​មិនបាន​កំណត់​ពី​ការ​ដាក់​ទោស​ទណ្ឌ​ពលរដ្ឋ​ធ្ងន់ធ្ងរ​នោះ​ឡើយ​។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ប្រកាស​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​នេះ មិនមែន​ដាក់​ប្រកាស​ដាក់​នៅ​ទូទាំង​ប្រទេស​ទេ។ ឥណ្ឌូណេស៊ី​បាន​ប្រកាស​ដាក់​តែ​ទីក្រុង​ធំៗ​មួយ​ចំនួន​រួមមាន ទីក្រុង​ហ្សាកាតា (Jakarta) ជាដើម។

ចំពោះ​កម្ពុជា​វិញ ទោះបីជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ពី​កា​របន្ធូរ​ស្ថានការណ៍ ថា​ភាគរយ​នៃ​ការ​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​មានលទ្ធភាព​តិច​តូច​ក្ដី ប៉ុន្តែ​លោក​នៅតែ​ប្ដេជ្ញា​ថា កម្ពុជា​នៅតែ​បន្ត​ធ្វើ​ច្បាប់​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​នេះ ដើម្បី​ប្រើប្រាស់​នៅ​ពេល​ចាំបាច់៖ «អ៊ីចឹង​លទ្ធភាព​វា​តិច​ណាស់ តែ​ទោះជា​តិច​យ៉ាងណាក៏ដោយ ត្រូវ​មាន​ឧបករណ៍​ច្បាប់​នៅ​ក្នុង​ដៃ ក្រែងលោ អា​០.១ វា​កើតឡើង​ហើយ​យើង​ប្រកាស ប្រទេស​ដាក់​នៅ​ក្នុង​ភាព​អាសន្ន​តែម្ដង»

ទោះបីជា លោក ហ៊ុន សែន ប្រកាស​ថា ភាគរយ​នៃ​ការប្រកាស​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​នេះ អាច​ទៅរួច​តែ​ត្រឹម​០.% ដោយសារតែ​ជំងឺ​កូវីដ​១៩​នេះ​ក្ដី ប៉ុន្តែ ក្រុម​អ្នក​តាមដាន​នយោបាយ​កម្ពុជា​អះអាង​ថា រដ្ឋាភិបាល​បាន​ដាក់​ប្រទេស​នេះ​នៅ​ក្នុង​ភាព​អាសន្ន តាំង​ពី​ឆ្នាំ​២០១៣ ដែល​រដ្ឋាភិបាល​ប្រើ​កម្លាំង​ប្រដាប់អាវុធ​ហួសហេតុ បាញ់សម្លាប់​ពលរដ្ឋ​នៅ​ក្នុង​ពេល​បង្ក្រាប​បាតុករ​ធ្វើបាតុកម្ម​មក​ម្ល៉េះ។

អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ពលរដ្ឋ​កម្ពុជា បាន​បាត់​សិទ្ធិ​សេរីភាព រួម​ទាំង​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ផង តាំងពី​ការ​ជាប់​គាំង​នយោបាយ ឆ្នាំ​២០១៣​មក។

ពិសេស​ទៅទៀត រដ្ឋាភិបាល​តែងតែ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ បង្ក្រាប​ពល និង​ចលនា​ផុលផុស ចាប់ខ្លួន ក្រោយ​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​នោះ ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​បាន​ដាក់​ប្រទេស​នេះ ទៅ​ក្នុង​ភាព​អាសន្ន​បាត់​ទៅ​ហើយ៖ «តាមពិត​តាំងពី​ខែ មករា​ឆ្នាំ​២០១៣​មក រដ្ឋាភិបាល​បាន​ដាក់​ប្រទេស​នៅ​ក្នុង ភាព​អាសន្ន​បាត់​ទៅ​ហើយ ព្រោះ​រឹត​ត្បិត​សេរីភាព​យ៉ាង​សន្ធឹក ហើយ​រដ្ឋាភិបាល​ប្រើ​កងកម្លាំង​ទៅ​បាញ់​ពលរដ្ឋ ហើយ​មិនបាន​ប្រកាស​នៅ​ក្នុង​ភាព​អាសន្ន​ទេ»

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត សេង សារី​មានប្រសាសន៍ថា ការ​ដាក់​វិធានការ​តឹងតែង​ឬ​ការ​កម្រិត​ពី​ទោស​ទណ្ឌ​លើ​ពលរដ្ឋ​របស់​ខ្លួន របស់​ប្រទេស​នីមួយៗ នៅ​អាស៊ាន នេះ អាស្រ័យ​លើ​ចរិត​មេដឹកនាំ និង​អតីតភាព​ការងារ​របស់​ខ្លួន​ជា​មេទ័ព ឬ​ជា​ជន​ស៊ីវិល​៖ «បើ​មើល​ពី​អត្ត​ចរិត​មេដឹកនាំ​ដូច​នៅ​ហ្វីលីពីន ជា​អត្ត​ចរិត​បុគ្គល​របស់​មេដឹកនាំ ដែល​ប្រើ​ធម៌​ក្ដៅ​ឬ​ផ្ដាច់ការ ហើយ​នៅ​ថៃ​មេដឹកនាំ​ក៏​មកពី​អតីត​មេទ័ព នៅ​កម្ពុជា​មេដឹកនាំ​ក៏​ជា​អតីត​ចេញពី​មក​ជួរ​កងទ័ព»

អ្នកវិភាគ​លើក​ឡើង​ថា កត្តា​ចម្បង​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ ដែល​ត្រូវ​ធ្វើ​នៅ​ចំពោះ​មុខ ក្រៅ​ពី​ការពារ​ពលរដ្ឋ​របស់​ខ្លួន មិន​ឱ្យ​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ គឺ​រដ្ឋាភិបាល​ត្រូវ​គិត​គួរ​ពី​មូលនិធិ​សង្គម​សម្រាប់​ជួយសង្គ្រោះ​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ជា​សកល​ដោយសារតែ​ជំងឺ​កូវីដ ១៩​នេះ ជាជាង​ការ​ប្រើ​វិធានការ​គាបសង្កត់ និង​ប្រើ​អំណាច​ផ្ដាច់ការ​ធ្វើបាប​ពលរដ្ឋ​របស់​ខ្លួន​។ បញ្ហា​ជា​អាទិភាព​ដែល​ពលរដ្ឋ​ប្រឈម​ខ្លាំង​នោះ គឺ​សន្តិសុខ​ស្បៀង។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា ជំងឺ​កូវីដ​១៩ រាតត្បាត​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​នីមួយៗ​ជា​ប្រព័ន្ធ ហើយ​រដ្ឋាភិបាល នីមួយៗ​ត្រូវ​ផ្ដល់​កញ្ចប់​ថវិកា​សម្រាប់​ទ្រទ្រង់​សង្គម ឬក៏​បង្កើត​កញ្ចប់​ថវិកា​ពិសេស បន្ថែម​លើ ច្បាប់​ថវិកាជាតិ​ជាដើម​៖ «យើង​ជួយ​ប្រជាពលរដ្ឋ​ម្ដេច​បាន បើ​យើង​មិន​មាន​កញ្ចប់​ថវិកា ដូច្នេះ​សភា​ត្រូវ​អនុម័ត​កញ្ចប់​ថវិកា​ពិសេស​សម្រាប់​ជួយ​ពលរដ្ឋ នៅ​ក្នុង​ពេល ប្រទេសជាតិ​កំពុងតែ​ជួប​វិបត្តិ​នេះ»

រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​បាន​បញ្ចប់​កញ្ចប់​ថវិកា​រៀង​ៗ​ខ្លួន លើ​ការ​ទ្រទ្រង់​ពលរដ្ឋ​របស់​ខ្លួន ពិសេស​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ ដែល​រដ្ឋ​ត្រូវ​បាន​ផ្ដល់​ថវិកា​ជូន ក្នុង​នោះ​រួមមាន សិង្ហបុរី​រដ្ឋាភិបាល បាន​បញ្ចេញ​កញ្ចប់​ថវិកា​ទប់ទល់​និង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ចំនួន​បី​ដំណាក់កាល​។​នៅ​ដំណាក់កាល​ទី​៣​នេះ រដ្ឋាភិបាល​បាន​ប្រកាស​កញ្ចប់​ថវិកា​ជាង ៣​ពាន់​លាន​ដុល្លារ (.៦​ពាន់​លាន​) បន្ថែម​ទៀត​។ ឥណ្ឌូណេស៊ី រដ្ឋាភិបាល​បាន​ផ្ដល់​ថវិកា​ជាង ១ពាន់​លាន (.៥​ពាន់​លាន​)​សម្រាប់​ផ្ដល់​ជូន​កម្មករ​ដែល​អត់​ការងារ​ធ្វើ។

ដោយឡែក​ស​សម្រាប់​កម្ពុ​ជា​វិញ រដ្ឋាភិបាល​មិន​ទាន់​បាន​ប្រកាស ពី​មូលនិធិ​ទ្រទ្រង់​សង្គម ឬ​ជួយ​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩​នេះ​នៅឡើយ​ទេ ក្រៅពី​ប្រកាស​ពី​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​២០% នៃ​ប្រាក់ខែ​គោល​ជូន​កម្មករ​រោងចក្រ​នោះ។

ប្រធាន​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា APHR កាលពី​ចុងខែ​មីនា អំពាវនាវ​ដល់​មេដឹកនាំ​អាស៊ីអាគ្នេយ៍​ទាំងអស់ ឱ្យ​គិត​គួរ​ពី​ទុក្ខ​លំបាក​ផ្នែក​ជីវភាព​របស់​ប្រជា​ពលរដ្ឋ និង​ត្រូវ​គោរព​គោលការណ៍​សិទ្ធិមនុស្ស​ជា​កត្តា​ចម្បង ក្នុងអំឡុងពេល​ទប់ស្កាត់​ជំងឺ​កូវីដ​-១៩ នេះ ជាជាង​រឹតត្បិត​សិទ្ធិ​សេរីភាព​ចាប់ចង​ពលរដ្ឋ​ដាក់​ពន្ធនាគារ និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ​ទៀត។

អ្នកវិភាគ​លើកឡើង​ថា មេដឹកនាំ​មួយ​ចំនួន​នៅ​អាស៊ាន ប្រើ​វិធានការ​គាបសង្កត់​ចាប់ចង​ពលរដ្ឋ​ដាក់​ពន្ធនាគារ ពាក់ព័ន្ធ​រឿង​ផ្សព្វផ្សាយ​ព័ត៌មាន រឿង​កូវីដ​១៩​នេះ ដូចជា​កម្ពុជា និង​ថៃ​ជាដើម គ្រាន់តែ​ជាហេតុ​ផល​ការពារ​អំណាច​របស់​ខ្លួន​ទៅវិញ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល