តំណាងរាស្ត្រ​អូស្ត្រាលី ថា របប​ភ្នំពេញ​​មាន​កាតព្វកិច្ច​ធានា​សុវត្ថិភាព​របស់​លោក សម រង្ស៊ី

ដោយ មួង ណារ៉េត
2019-09-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។
លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។
Photo: RFA

សមាជិកសភា​អូស្ត្រាលី រម្លឹក​របប​លោក ហ៊ុន សែន ថា រដ្ឋាភិបាល​នៃ​របប​នេះ មាន​កាតព្វកិច្ច​ចាំបាច់ ក្នុង​ការ​ធ្វើ​យ៉ាងណា ធានា​ថា ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ប្រព្រឹត្ត​ទៅ​ដោយ​សុវត្ថិភាព។ រដ្ឋមន្ត្រី​ស្រមោល​នៃ​ក្រសួង​សុខាភិបាល​អូស្ត្រាលី លោក គ្រីស្ត បូវ៉ិន (Chris Bowen) តាមរយៈ​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក គឺ​លោក ថំម៉ាស់ ម៉ាកគ្រូដិន (Thomas McCrudden) បញ្ជាក់​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃ​ទី២ ខែ​កញ្ញា ថា​សមាជិកសភា​អូស្ត្រាលី​រូប​នេះ សូម​កោតសរសើរ​ភាព​ក្លាហាន​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ក្នុង​ការ​ប្ដេជ្ញា​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​នោះ។

លោក គ្រីស្ត បូវ៉ិន គឺជា​សមាជិកសភា​អូស្ត្រាលី​មួយ​រូប ក្នុងចំណោម​សមាជិកសភា​អូស្ត្រាលី និង សមាជិក​ព្រឹទ្ធសភា​ផង ដែល​លោក សម រង្ស៊ី បាន​ជួប ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​របស់​លោក សម រង្ស៊ី ទៅ​ប្រទេស​អូស្ត្រាលី កាល​ពាក់​កណ្តាល​ខែ​សីហា រហូត​ដល់​ចុង​ខែ​សីហា។

ក្នុង​បេសកកម្ម​កៀរគរ រក​ការ​គាំទ្រ​បន្ថែម​ពី​តំណាងរាស្ត្រ​បរទេស ក្នុង​ការ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​នេះ លោក សម រង្ស៊ី បាន​ជួប​សមាជិកសភា​មួយ​ចំនួន របស់​ប្រទេស​នូវែលហ្សេឡង់​ផង​ដែរ ដែល​អ្នក​ទាំង​សុទ្ធតែ​គាំទ្រ​ជំហរ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នេះ។

ជាង​នេះ​ទៅទៀត សមាជិកសភា​នៃ​សហភាព​អឺរ៉ុប​ជា​ច្រើនរូប ក៏បាន​ប្រកាស​គាំទ្រ និង​ប្រកាស​ថា​នឹង​រួម​ដំណើរ​ជាមួយ​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ដទៃ​ទៀត ទៅ​កម្ពុជា​វិញ​ផង​ដែរ។អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន ជុំវិញ​ការ​លើកឡើង​អំពី​កាតព្វកិច្ច​របស់​របប​នេះ ក្នុង​ការធានា​សុវត្ថិភាព​របស់​លោក សម រង្ស៊ី​។ ប៉ុន្តែ លោក ហ៊ុន សែន បាន​ប្រកាស​ជាប្រចាំ ថា លោក​ស្វាគមន៍​លោក សម រង្ស៊ី គ្រប់​ពេល តែ​មិនមែន​ស្វាគមន៍​ដោយ​ត្រេកអរ​ទេ គឺ​ស្វាគមន៍​ចាប់​ដាក់គុក ឱ្យ​តែ​លោក សម រង្ស៊ី ជាន់​ដី​ខ្មែរ​ភ្លាម។

គិត​ត្រឹម​ថ្ងៃទី៣ ខែ​កញ្ញា នេះ គឺ​សល់​តែ ៦៧ ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ដល់​ថ្ងៃ​ដែល​លោក សម រង្ស៊ី ប្រកាស​ថា នឹង​វិល​ទៅ​ស្រុក​ខ្មែរ​វិញ។ លោក សម រង្ស៊ី ថា បើ​របប​លោក ហ៊ុន សែន មិន​ធ្វើទុក្ខបុកម្នេញ និង​គំរាមកំហែង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ទេ លោក​ថា ពលរដ្ឋ​ខ្មែរ មិន​តិច​ជាង​មួយ​លាន​នាក់​ឡើយ នឹង​មក​ទទួល​លោក។ លោក​ថែមទាំង​បបួល​លោក ហ៊ុន សែន ភ្នាល់​គ្នា បើ​មាន​អ្នកចូលរួម​គាំទ្រ​លោក​តិច​ជាង​នេះ​។ ប៉ុន្តែ លោក ហ៊ុន សែន មិន​បាន​ទទួលយក​ការ​ភ្នាល់​នេះ​ទេ​។ ផ្ទុយទៅវិញ​លោក ហ៊ុន សែន ដែល​ជា​បុរស​ខ្លាំង​ខាង​អំពើ​ហិង្សា បែរជា​ភ្នាល់​ថា លោក​នឹង​ចាប់​លោក សម រង្ស៊ី ឱ្យ​បាន​ក្នុង​រយៈពេល ២៤ ម៉ោង បើ​លោក សម រង្ស៊ី ត្រឡប់​ទៅ​ស្រុក​ខ្មែរ​នៅ​ថ្ងៃ​ទី ៩ ខែ វិច្ឆិកា​នោះ​មែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល