អាជ្ញាធរ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង ២នាក់ និង​បន្ត​សាកសួរ ២នាក់​ទៀត​នៅ​ស្នងការ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ចូលរួម​តវ៉ា​ដោះលែង​លោក រ៉ុង ឈុន

ដោយ វ៉ែន សុមេធ
2020-08-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជុំ ពុទ្ធី ដែល​នគរបាល​បន្ត​ឃាត់​ខ្លួន​សាកសួរ​នៅ​ស្នងការ​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​រឿង​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន។
លោក ជុំ ពុទ្ធី ដែល​នគរបាល​បន្ត​ឃាត់​ខ្លួន​សាកសួរ​នៅ​ស្នងការ​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​រឿង​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន។
រូប៖ ហ្វេសប៊ុក

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដោះលែង សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ២នាក់​វិញ​ហើយ ក្រោយពី​បាន​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៤នាក់ បញ្ជូន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី៤ សីហា។ ប៉ុន្តែ​សកម្មជន ២នាក់​ទៀត​កំពុង​ស្ថិត ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​នៅឡើយ។ ការ​ចាប់ខ្លួន​នេះ ក្នុង​ពេល​ដែល​ពួក​គេ ចុះ​ឃ្លាំមើល​អាជ្ញាធរ​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ ៨អង្គ​​នៅ​វត្ត​ថាន់ ខណ្ឌ​ចំការមន។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ចាប់ខ្លួន​នេះ ថា ជា​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ២នាក់​ដែល​អាជ្ញាធរ​ដោះលែង​នោះ​រួមមាន លោកស្រី ឈិន សុវណ្ណា និង​លោក អ៊ុក សំអូន ជា​ចៅសង្កាត់​ដង្កោ ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​កាល​ពី​យប់​ថ្ងៃ​ទី៦ សីហា ម្សិលមិញ។ កូន​ប្រុស​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ឈិន សុវណ្ណា គឺ​លោក ជុំ ពុទ្ធោ ឲ្យ​អាស៊ី​សេរី​ដឹង​ថា ម្ដាយ​របស់​លោក បាន​មក​ដល់​ផ្ទះ​វិញ​ហើយ។ លោក​ចាត់​ទុក​ការ​បន្ត​ឃុំខ្លួន​ឪពុក​លោក​នេះ​ថា​ថា រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន ពី​ព្រោះ​ឪពុក​របស់​លោក​មិនបាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ឡើយ៖ «ខ្ញុំ​និយាយ​ជាមួយ​ប៉ាវ​ខ្ញុំ​បានតែ​មួយភ្លែត​ទេ​ដោយសារ​ប៉ូលិសគេ​ឈប់​ឱ្យ​និយាយ។ ខ្ញុំ​សំណូមពរ​ឱ្យ​ដោះលែង​ប៉ាវ​ខ្ញុំ​វិញ​ទៅ​ប៉ាវ​ខ្ញុំ​គាត់​អត់មាន​ខុស​អី​ទេ»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ឲ្យដឹង​ថា សកម្មជន ២នាក់​ផ្សេងទៀត កំពុង​ឋិតនៅ​ក្នុង​ស្នងការ​ក្រុងភ្នំពេញ​នៅឡើយ។

កាលពី​យប់​ថ្ងៃ​ទី៤ សីហា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៤នាក់ បាន​ចុះ​ឃ្លាំង​មើល​ករណី​អាជ្ញាធរ​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ​ខ្មែរ​ថាវរៈ ចំនួន ៨អង្គ ក្នុង​វត្តនួនមនីយ​រាម ហៅ​វត្ត​ថាន់ ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ហើយ​ប៉ូលិស​បាន​ឃាត់ខ្លួន​ពួក​គេ​សាកសួរ និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ សកម្មជន​គណបក្ស​ប្រឆាំង​ទាំង ៤នាក់​នេះ តែងតែ​ចូលរួម​តវ៉ា​ជាមួយ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​តុលាការ​ដោះលែង ប្រធាន​សហព័ន្ធសហជីពកម្ពុជា លោក រ៉ុង ឈុន។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹម​ខឿន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ការ​ឃុំខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ទាំង ២នាក់​បានទេ​នៅ​ថ្ងៃ​ទី៦ សីហា ដោយ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ចំណែក​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ករណី​ចាប់ខ្លួន​នេះ គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ការ​ជួប​ប្រជុំ​និង​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ។ លោក​ចាត់​ទុក​វិធានការ​នេះ​ថា ជា​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ ដើម្បី​រាំង​ខ្ទប់​កុំ​ឱ្យ​ពួក​គាត់​ចូលរួម​តវ៉ា​ប្រឆាំង​នឹង​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល៖ «នេះ​ជា​ការរារាំង​មួយ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​អាច​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​បាន។ យើង​គិត​ហើយ​ថា ស្ថានភាព​បច្ចុប្បន្ន​នេះ​ទាំង​សហគមន៍​អឺរ៉ុប​អី​គេ​កំពុង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​សិទ្ធិមនុស្ស​បញ្ហា​ប្រជាធិបតេយ្យ​អី​ហ្នឹង យើង​ឃើញ​ថា មិន​មានការ​រីកចម្រើន​ទេវា​បែរ​ជា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ។ តាម​ការ​មើល​របស់ខ្ញុំ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​គឺ លំបាក​កាន់តែ​ខ្លាំង​ឡើង​អំពី​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ហ្នឹង»

ចាប់ពី​ខែមករា ឆ្នាំ២០២០ មក​អាជ្ញាធរ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២១នាក់​ហើយ ក្នុង​នោះ​ចំនួន ១៧នាក់ ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។ ពួក​គេ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រួមគំនិតក្បត់ ញុះញង់​កុំ​ឲ្យ​យោធា​ស្ដាប់​បង្គាប់ និង ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ខ្លះ​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​ជេរប្រមាថ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល