សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង​ថា សមត្ថកិច្ច​តាមដាន​ពួកគាត់​កាន់តែ​ខ្លាំង​ក្នុង​រដូវ​កាន់​បិណ្ឌ

ដោយ មាន ឫទ្ធិ
2019-09-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​សកម្មជន​គណបក្សសង្គ្រោះជាតិ ​ប្រមាណ ២០​នាក់ នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ជួបជុំគ្នា​សំដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​សហគមន៍​អឺរ៉ុប ផ្ដាច់ការ​អនុគ្រោះ​ពន្ធEBA នៅ​រសៀល​ថ្ងៃ​ទី៧ សីហា ២០១៩។
សកម្មភាព​សកម្មជន​គណបក្សសង្គ្រោះជាតិ ​ប្រមាណ ២០​នាក់ នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ជួបជុំគ្នា​សំដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​សហគមន៍​អឺរ៉ុប ផ្ដាច់ការ​អនុគ្រោះ​ពន្ធEBA នៅ​រសៀល​ថ្ងៃ​ទី៧ សីហា ២០១៩។
Photo Provided

សកម្មជន​គណបក្សប្រឆាំង​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​អះអាង​ថា នៅ​រដូវ​បុណ្យ​កាន់​បិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំនេះ អាជ្ញាធរ​ខេត្ត​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​មក​លើ​ពួកគាត់​កាន់តែ​ខ្លាំង។ ការ​លើកឡើង​បែបនេះ គឺ​បន្ទាប់ពី​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កងកម្លាំងប្រដាប់អាវុធ​កាន់តែ​ច្រើន​នៅ​តាម​ទី​វត្ត​អារាម ជាពិសេស ទីតាំង​ដែល​មាន​សកម្មជន​បក្ស​ប្រឆាំង​ចូលរួម​ធ្វើបុណ្យ ហើយ​ធ្វើ​ឱ្យ​ពួកគាត់​ភ័យខ្លាច​មិន​ហ៊ាន​ទៅ​ធ្វើ​បុណ្យ​ទាន​ឡើយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​កាន់តែ​ច្រើន​ថា ជា​ការ​គំរាមកំហែង​បិទ​សិទ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់។

សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង លើកឡើង​ថា សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​លុបចោល​គម្រោង​ទៅ​ចូលរួម​ធ្វើបុណ្យ​កាន់បិណ្ឌ និង​មួយ​ចំនួន​ទៀត ទៅដល់​វត្ត​ភ្លាម​ប្រញាប់​ទៅ​ផ្ទះ​យ៉ាង​តក់ក្រហល់ ដោយសារ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​បាត់ដំបង លោក ឡី សុខុន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ កញ្ញា ថា ចាប់​តាំង​ពី​បុណ្យ​កាន់បិណ្ឌ​វេន​ទី​មួយ​មក គឺ​អាជ្ញាធរ​ខេត្ត​បាន​ដាក់​ពង្រាយ​មន្ត្រី​ប៉ូលិស​នៅ​តាម​ទី​វត្ត​អារាម​គ្រប់​វត្ត ជាពិសេស វត្ត​ណា​ដែល​មាន​សកម្មជន​បក្ស​ប្រឆាំង​ធ្វើបុណ្យ គឺ​មាន​ការ​ដាក់​កង​កម្លាំង​ចន្លោះ​ទៅ​២០ ទៅ ៣០​នាក់ ក៏​មាន​ដែរ​។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ថា ដោយសារតែ​បញ្ហា​នេះ ទើប​ធ្វើ​ឱ្យ​លោក​លុបចោល​គម្រោង​ចូលរួម​បុណ្យកាន់បិណ្ឌ​ជាមួយ​សកម្មជន​បក្ស​របស់​លោក​ចំនួន​៤​កន្លែង ដោយសារ​មន្ត្រី​ប៉ូលិស​ខេត្ត​បាត់ដំបង​ប្រមាណ ២០​នាក់ បាន​តាមដាន​លោក​នៅ​ស្រុក​សំឡូត បន្ទាប់ពី​ជួប​ប្រជុំ​គ្នា​ធ្វើបុណ្យ​កាន់បិណ្ឌ​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា​កន្លងទៅ៖ «មែនទែន​ទៅជា​ផែនការ​របស់​សមត្ថកិច្ច​គេ​ចង់​ធ្វើ​អីចឹង​បាទ។ យើង​មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់​ទេ​គឺ​គ្រាន់តែ​ចង់​ទៅ​ចូល​រួមការ​កាន់បិណ្ឌ​ក្នុងនាម​យើង​ជា​ពុទ្ធសាសនិក ហើយ​ចង់​ធ្វើបុណ្យ​ជូន​ដល់​ជីដូន​ជីតា​ដែល​បាន​ចែក​ឋាន​ប៉ុន្តែ​ធ្វើ​ឱ្យ​យើង​ប៉ះពាល់​នឹង​អារម្មណ៍​ក្នុង​ការ​ធ្វើបុណ្យ​មែនទែន»

ចំណែក​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​ឯណោះ​វិញ លោក ឌឹម សារឿន ថ្លែង​ថា សកម្មជន​បក្ស​ប្រឆាំង​នៅ​គ្រប់​ស្រុក​មិន​អាច​ទៅ​ធ្វើ​បុណ្យកាន់បិណ្ឌ​នៅ​ទី​វត្ត​អារាម​បាន​ដូច​ឆ្នាំ​មុនៗ​ឡើយ ពីព្រោះ​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​តាមដាន​ពួកគាត់​គ្រប់​ទីកន្លែង ដែល​ខុស​ពី​ឆ្នាំ​មុនៗ ពុំ​មាន​សមត្ថកិច្ច​ជាច្រើន​នាក់​ដាក់​ពង្រាយ​តាម​វត្ត​បែប​នេះ​ឡើយ​។​លោក​បន្ត​ថា ការ​ធ្វើ​បែបនេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ធ្វើ​ឱ្យ​ភ័យខ្លាច​មិន​ហ៊ាន​ទៅ​ធ្វើ​បុណ្យ​ប្រពៃណី​ជាតិ៖ «បាទ​!​សមត្ថកិច្ច​តាមដាន​ខ្លាំង​គ្រប់​ទីកន្លែង​ដូចជា​ជួប​គ្នា​ក្នុង​ហាង​លក់​គុយទាវ និង​ហាង​កាហ្វេ​ក៏​គេ​តាម​ថតរូប​ដែរ ហើយ​ករណី​ខ្លះ​មាន​សកម្មភាព​ចំឡែកៗ​ច្រើន ដូចជា​ជិះ​ឡាន​ឬ​ម៉ូតូ​កាត់​មុខ​ផ្ទះ​ចុះឡើង បើ​និយាយ​ទៅ​គឺ​អត់​មាន​សេរីភាព​ទេ។ សកម្មជន​បែបនេះ​ធ្វើ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​មិន​ហ៊ាន​ទៅ​ធ្វើ​បុណ្យ​កាន់​បិណ្ឌ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ជេត វណ្ណី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​១៩ កញ្ញា ដោយ​លោក​ទទួល​ទូរស័ព្ទ​ហើយ​បាន​ផ្ដាច់​ទៅវិញ។

ប៉ុន្តែ​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន បាន​ផ្ដល់​បទសម្ភាសន៍​ឱ្យ​អ្នក​សារព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សភាពការណ៍​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៅ​ក្រសួង​មហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ថា ការ​ដាក់​កម្លាំង​ប៉ូលិស​តាម​វត្ត ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ និង​ទប់ស្កាត់​ខ្លាច​ក្រុម​បក្ស​ប្រឆាំង​ប្រមូលផ្ដុំ​គ្នា​ដោយ​ខុសច្បាប់ ដើម្បី​ផ្ដួល​រំលំ​របប​ក្រុង​ភ្នំពេញ៖ «ដែល​បច្ចុប្បន្ន​នេះ​ប្រទេស​យើង​កំពុងតែ​ក្រាល​គ្រប​ដោយ​សន្តិភាព និង​ស្ថិរភាព​សន្តិសុខ​សណ្ដាប់ធ្នាប់ ក៏ប៉ុន្តែ​សភាពការណ៍​ថ្មី នា​ពេល​ថ្មីៗ​នេះ​មាន​ចលនា​ឧទ្ទាម​មាន​ចេតនា​ប៉ុនប៉ង​ធ្វើ​ផែន​ការណ៍​ប៉ុនប៉ង​បង្ក​អសន្តិសុខ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ពី​ប្រជា​ពលរដ្ឋ»

លោក សម រង្ស៊ី បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​នឹង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ដែល​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស គ្រោង​នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាងមុខ ។ ទោះជា​យ៉ាងណាក្ដី របប​ក្រុងភ្នំពេញ​បាន​បញ្ជាក់​ជា​បន្តបន្ទាប់​ដែរ អំពី​វិធានការ​លើ​លោក សម រង្ស៊ី និង​អ្នក​ហែហម ប្រសិនបើ​ហ៊ាន​វិល​ចូល​កម្ពុជា​តាម​កាលកំណត់​មែន​នោះ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា លើកឡើង​ថា ករណី​មន្ត្រី​ប៉ូលិស​ដ៏​ច្រើន​បែបនេះ គឺជា​ការ​គំរាមកំហែង​សិទ្ធិ​សេរី​ក្នុង​ការ​ជួប​ប្រជុំ​គ្នា​ធ្វើបុណ្យ​ទាន​របស់​ពលរដ្ឋ​ដោយ​ខុសច្បាប់ ដែល​បាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​បន្ត​ថា កន្លងមក​រដូវ​បុណ្យ​កាន់បិណ្ឌ​ម្ដងៗ ពុំ​មាន​ការ​ដាក់​ប៉ូលិស​តាម​វត្ត​អារាម​ដ៏​ច្រើនបែប​នេះ​ឡើយ គឺ​លើកលែងតែ​វត្ត​ណា ដែល​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ទៅ​ធ្វើ​បុណ្យ​នៅ​ទីនោះ​ប៉ុណ្ណោះ៖ «អីចឹង​បើសិនជា​សមត្ថកិច្ច​ណា​ធ្វើអំពើ​ផ្ទុយ​ពី​ច្បាប់​បែបនេះ គួរតែ​មាន​អាជ្ញាធរ​ថ្នាក់​ជាតិ​ត្រួត​ពិនិត្យមើល​សកម្មភាព​ក្រុម​មន្ត្រី​ទាំងនោះ​គួរតែ​មាន​វិធានការ​ដើម្បី​ដាក់​វិន័យ​រដ្ឋបាល​ទៅលើ​ជន​ទាំងអស់​នោះ​មិន​គួរ​បណ្ដោយ​ឱ្យ​បញ្ហា​បែបនេះ​កើតឡើង​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យខ្លាច​នោះ​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា ការ​ដាក់​ពង្រាយ​សមត្ថកិច្ច​តាម​វត្ត​ដ៏​ច្រើន​នេះ ដោយសារ​អាជ្ញាធរ​ភ័យ​ព្រួយ​ខ្លាច​សកម្មជន​បក្ស​ប្រឆាំង ជួបជុំគ្នា​ធ្វើ​សកម្មភាព​នយោបាយ​ពង្រឹង​សាមគ្គីភាព​ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ។ ទោះជា​យ៉ាងណា​លោក សឹង សែនករុណា បញ្ជាក់​ថា ការ​រឹតត្បិត​បែបនេះ មិនមែន​ជា​ដំណោះស្រាយ​នយោបាយ​ទេ ផ្ទុយទៅវិញ គឺ​កាន់តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អ្នកគាំទ្រ​គណបក្សប្រឆាំង ជិត​កន្លះ​នគរ​កាន់តែ​ក្ដៅក្រហាយ ហើយ​អាច​នឹង​នាំគ្នា​ងើប​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ខាងមុខ​ជាមិនខាន​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ដល់​មេដឹកនាំ​គណបក្ស​កាន់​អំណាច និង​គណបក្សប្រឆាំង​ឱ្យ​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជាធំ ហើយ​ងាក​មក​រក​តុ​ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់ ប្រសើរ​ជាង​ការ​ឈ្លោះ​គ្នា​នាំ​ឱ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ជាតិ។

ទោះជា​យ៉ាងណា សកម្មជន​បក្ស​ប្រឆាំង​ទាំងនេះ​អះអាង​ថា បើ​ទោះ​បី​ជា​សមត្ថកិច្ច​តាម​ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន​យ៉ាង​នេះ​ក្ដី ក៏​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ​រាប់​ម៉ឺន​នាក់​នៅ​ខេត្ត​បាត់ដំបង បាន​ត្រៀមខ្លួន​រួចជាស្រេច​នឹង​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ​ដដែល ព្រោះ​ពួកគាត់​សង្ឃឹមថា លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍ នឹង​អាច​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Hellish HS VS sinner=tmil

Cambodia horrible news-in every memorial day seasons coming tmil Hun Sen always released his blood-thirties hellish to every pagodas across Cambodia.But,this time all his blood thirties hellish hungry only to eat opposition's members alive rather than foods.They want to eat fresh flesh,to hurt or kill them alive rather than dead body layout there.Because,tmil Hun Sen was a sinless man and no respect any lives on this planet.

Sep 26, 2019 01:15 PM

គេហទំព័រ​ទាំងមូល