គណបក្ស​ប្រឆាំង​ថា កម្ពុជា​ត្រូវ​ការ​សង្គ្រោះ​ចេញ​ពី​អំណាច​ផ្ដាច់ការ​របស់​ក្រុម​លោក ហ៊ុន សែន

ដោយ សេក បណ្ឌិត
2019-08-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករដ្ឋមន្ត្រី ហ៊ុន សែន
នាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប​ពី​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

គណបក្ស​ប្រឆាំង​អះអាង​ថា កម្ពុជា​ត្រូវការ​ការសង្គ្រោះ​ជា​ចាំបាច់​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ពីព្រោះ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​កំពុង​នាំ​ជាតិ​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​មរណៈ។ ចំណែក ប្រមុខ​ការពារ​ជាតិ​របប​លោក ហ៊ុន សែន វិញ​អះអាង​ថា ការ​សង្គ្រោះ​ជាតិ​មិនមែន​ត្រូវ​ធ្វើ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ ព្រោះ​កម្ពុជា​កំពុង​មាន​សន្តិភាព។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​គ្រោះកាច​ជាច្រើន ដែល​ចាំបាច់​ត្រូវ​មាន​ការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់។

អ្នក​សម្របសម្រួល​កិច្ច​ការងារ​ទូទៅ​របស់​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​ថៃ លោក ម៉ោញ សារ៉ាត់ មើល​ឃើញ​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ ៣​យ៉ាង​ជា​សំខាន់ ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ។ លោក​ថា វិបត្តិ​ទាំងនោះ រួម​មាន ការ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក របស់​ពលរដ្ឋ ការ​កាន់​កាប់​អចលនទ្រព្យ និង​សម្បត្តិ​ធម្មជាតិ​ដោយ​ក្រុម​ជនបរទេស និង​ការ​រង​ទណ្ឌកម្ម​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ៖ «ពលរដ្ឋ​ខ្មែរ​កំពុងតែ​ក្រ​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ចុះ​បើ​មាន​សម្ពាធ​បរិយាកាស​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត តើ​យើង​នឹង​កាន់តែ​ពិបាក​ប៉ុនណា​ទៀត​? អាហ្នឹង គឺជា​បញ្ហា​ធំ​ដែល​យើង​ទាំងអស់​គ្នា ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ត្រូវ​រួមគ្នា​គិត រួមគ្នា​ជួយ​កម្ពុជា​ឱ្យ​បាន​រួចផុត​អំពី​វិនាសកម្ម​ដែល​យើង​អាច​រួចផុត​បាន​ពី​កន្លែង​នេះ»

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចេញ​ប្រតិកម្ម​បែបនេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ប្រសាសន៍​របស់​ប្រមុខ​ការពារ​ជាតិ​របប​ក្រុងភ្នំពេញ ដែល​ថា កម្ពុជា​មិន​ត្រូវការ​ការសង្គ្រោះ​ទៀត​ទេ ដ្បិត​កំពុង​មាន​សន្តិភាព។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ សរសេរ​ក្នុង​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី​១៤ សីហា ដោយ​ចំអក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថា “​ជា​រឿង​គួរ​ឱ្យ​អស់សំណើច​ដែល​មាន​គេ​ចង់​សង្គ្រោះ​ជាតិ ក្នុង​គ្រា​ដែល​កម្ពុជា​កំពុង​មាន​សន្តិភាព ការ​រីកចម្រើន​គ្រប់​វិស័យ និង​ទទួល​បាន​ការ​កោតសរសើរ​ពី​សហគមន៍​អន្តរជាតិ។ លោក​បន្ត​ថា ការ​ចង់​សង្គ្រោះ​ជាតិ​គួរតែ​ធ្វើ​ក្នុង​អំឡុង​សង្គ្រាម​ឆ្នាំ​១៩៧៥ មិនមែន​ពេលនេះ​ឡើយ​។ លោក​បន្ថែម​ថា ថ្នាក់ដឹកនាំ​បច្ចុប្បន្ន​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ឱ្យ​រីកចម្រើន និង​បង្កើន​កិត្យានុភាព​លើ​ឆាក​អន្តរជាតិ។

ទោះជា​យ៉ាងណា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ោញ សារ៉ាត់ ថ្លែង​ថា ក្រុម​អ្នកដឹកនាំ​សព្វថ្ងៃ គ្មាន​បំណង​ដោះស្រាយ​វិបត្តិ​ទាំងឡាយ​ដែល​ជាតិ​កំពុង​ប្រឈម​នោះ​ឡើយ ដោយ​ពួកគេ​គិតតែ​ពី​អំណាច និង​ប្រយោជន៍​របស់​ក្រុម​ខ្លួន ប៉ុណ្ណោះ​។ លោក​សង្កត់ធ្ងន់​ថា កម្ពុជា​ត្រូវការ​ការ​ជួយ​សង្គ្រោះ​ចេញ​ពី​អំណាច​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ជា​ចាំបាច់ ដើម្បី​ភាព​រីកចម្រើន​របស់​ជាតិ​ទៅ​ថ្ងៃមុខ៖ «គាត់​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​យួន របស់​ចិន។ គោលបំណង​ធំ​មួយទៀត គឺ​ដើម្បី​ការពារ​អំណាច​របស់​គាត់ ដើម្បី​ពូជពង្សវង្សត្រកូល​​របស់​គាត់។ គាត់​អត់​បាន​គិត​អំពី​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​យើង​ទេ​។ យើង​ចង់​ធ្វើ​កម្មវិធី​នយោបាយ​ដែល​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ពិតប្រាកដ អាហ្នឹង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលដៅ​ច្បាស់លាស់»

របប​លោក ហ៊ុន សែន កំពុង​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ​នៅ​លើ​ឆាក​អន្តរជាតិ បន្ទាប់ពី​របប​នេះ​បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ មានតែ​ប្រទេស​កុម្មុយនិស្ត​ទេ ដែល​កោត​សរសើរ​របប​ក្រុងភ្នំពេញ ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា ស្រប​ពេល​ដែល​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​កំពុង​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​ទាំងឡាយ​ប្រឆាំង​នឹង​របប​នេះ។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា ប្រសាសន៍​របស់​លោក ទៀ បាញ់ ជា​ការ​បំភ័ន្ត​មតិ​សាធារណៈ។ លោក​យល់ថា កម្ពុជា​ពិតជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​មែន ដែល​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​សមស្រប​ឱ្យ​បាន​ទាន់​ពេល​វេលា បើ​ពុំ​ដូច្នេះ​ទេ ស្ថានភាព​នឹង​កាន់តែ​អាក្រក់​ជាង​នេះ​ទៀត​។ លោក​បន្ថែម​ថា វិបត្តិ​ធ្ងន់ធ្ងរ​ជាងគេ​នៅ​ពេល​នេះ គឺ​ហានិភ័យ​នៃ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​នឹង​បំផ្លាញ​ឆ្នាំងបាយ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ទូទាំង​ប្រទេស៖ «ប្រសិនបើ​យើង​បន្ត​ប្រកាន់​ត្រូវ​រៀងៗ​ខ្លួន មិន​ឈរ​លើ​ផ្លូវ​កណ្ដាល ខ្ញុំ​គិត​ថា នេះ​ជា​ការ​បែកបាក់​ជាតិ​មួយ​យ៉ាង​ធ្ងន់ធ្ងរ។ ប្រទេស​កម្ពុជា​នឹង​មិន​មាន​ការ​អភិវឌ្ឍ​ទេ ហើយ​ចុងក្រោយ​ហ្នឹង​គឺ​អាច​ឋិត​នៅ​ក្រោម​ការត្រួតត្រា​របស់​បរទេស​ជាថ្មី​ម្ដងទៀត​។ អ៊ីចឹង​ហើយ ខ្ញុំ​សំណូមពរ​ឱ្យ​អ្នក​នយោបាយ​ទាំងពីរ​ចរន្ត ដែល​ជា​ចរន្ត​នយោបាយ​ដ៏​ធំជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង ធ្វើការ​ចរចា​គ្នា​ដើម្បី​រក្សា​ផលប្រយោជន៍​ជាតិ»

សមាគម​ថៅកែ​រោងចក្រ អះអាង​ថា ការ​ដកហូត​ការ​អនុគ្រោះ​ពន្ធ EBA នឹង​ធ្វើ​ឱ្យ​កម្មករ ៧៥​ម៉ឺន​នាក់ រួម​ទាំង​គ្រួសារ​របស់​ពូក​គេ ៣លាន​នាក់​ទៀត ត្រូវ​រងគ្រោះ​។ សមាគម​ដដែល​នេះ បញ្ជាក់​ទៀត​ថា ទណ្ឌកម្ម​នេះ​នឹង​ធ្វើ​ឱ្យ​បាត់បង់​ការងារ​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា ហើយ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​នោះ នឹង​មិន​អាច​សម្រេច​បាន​ឡើយ។

ទោះជា​យ៉ាងណា សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា បើ​របប​ក្រុងភ្នំពេញ​ចង់​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ​បន្ត​ទៅ​ទៀត របប​នេះ​ត្រូវតែ​ដោះលែង​លោក កឹម សុខា បើក​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ដំណើរការ​ឡើងវិញ និង​រៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ពិតប្រាកដ​។ សហភាព​អឺរ៉ុប​ក៏​តម្រូវ​ឱ្យ​របប​នេះ គោរព​សិទ្ធិ​ការងារ និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បើក​លំហ​សេរីភាព​ការងារ​សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​សារព័ត៌មាន​ឯករាជ្យ​ផង​ដែរ។

ក្រុម​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា លក្ខខណ្ឌ​ទាំងនេះ​អាច​អនុវត្ត​បាន បើ​របប​លោក ហ៊ុន សែន គិត​ពី​ប្រយោជន៍​ជាធំ​មែន​នោះ ហើយ​ការ​បំពេញ​លក្ខខណ្ឌ​ទាំងនេះ​មិន​ប៉ះពាល់​ដល់​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល