បក្ស​កាន់​អំណាច​ធ្វើ​សន្និបាត ខណៈ​​កំពុង​រង​ការ​រិះគន់​ថា រំលោភ​សិទ្ធិ​មនុស្ស និង​ធ្វើ​ឱ្យ​បាត់​ទឹកដី

ដោយ ជី វិតា
2019-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សន្និបាត​គណៈចលនាមហាជន នៃ​គណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា នៅ​ថ្ងៃទី២២ ខែ​ធ្នូ ឆ្នាំ​២០១៩។
សន្និបាត​គណៈចលនាមហាជន នៃ​គណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា នៅ​ថ្ងៃទី២២ ខែ​ធ្នូ ឆ្នាំ​២០១៩។
រូប​ហ្វេសប៊ុក ហ៊ុន សែន

គណបក្ស​កាន់​អំណាច​បិទ​បញ្ចប់​មហាសន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៩ និង​ដាក់​ទិសដៅ​ការងារ​បន្ត​របស់​ខ្លួន​ហើយ នៅ​ថ្ងៃ​ទី​២២ ធ្នូ​នេះ ។ អ្នកវិភាគ​ថា អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធ្វើ​ក្នុង​សន្និបាត​នោះ​គឺជា​ការរៀបចំ​យុទ្ធសាស្ត្រ​ថ្មី​បង្កើត​ព្រឹត្តិការណ៍​នានា ដើម្បី​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​មហាជន​ដើម្បី​កុំ​ឱ្យ​ខ្វល់ខ្វាយ​ពី​កំហុស​របស់​បក្ស​នេះ​ក្នុង​ការ​ដឹកនាំ​ប្រទេស។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន សរសេរ​លើ​ហ្វេសប៊ុក​នៅ​ទី​២២ ខែ​ធ្នូថា សន្និបាត​បក្ស​នេះ​ជា​ការ​ចែករំលែក​ព័ត៌មាន បទពិសោធន៍​ការងារ និង​សមិទ្ធផល​ការងារ​របស់​សមាជិក ដែល​បាន​បំពេញ​នា​ពេល​កន្លង​ទៅ និង​ផ្សព្វផ្សាយ​ពី​ស្ថានភាព​នយោបាយ​ជូន​ដល់​ថ្នាក់ដឹកនាំ​គណៈ​ចលនា​មហាជន តាម​បណ្ដា ក្រសួង​-​ស្ថាប័ន ខេត្ត និង​រាជធានី។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​ដឹង​ថា សន្និបាត​រយៈពេល ​២​ថ្ងៃ នេះ មាន​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ប្រមាណ​ ២.០០០​នាក់​ចូលរួម​។ លោក​បន្ត​ថា សន្និបាត​​​នេះ​ផ្ដោត​សំខាន់​លើ​សតិអារម្មណ៍​នយោបាយ បន្ត​ពង្រឹងកម្លាំង​សាមគ្គី​ឱ្យ​គណបក្ស​អនុវត្ត​ទិសដៅ​ការ ងារ​បាន​ជោគជ័យ៖ «ការ​ធ្វើ​សន្និបាត​នេះ ដើម្បី​យល់​ឲ្យ​ជ្រួតជ្រាប​នៃ​ការ​ឯកភាព​ផ្ទៃក្នុង​កាន់​តែ​រឹងមាំ ដើម្បី​ប្រមូល​ផ្តុំ​ថាមពល​ដ៏​ខ្លាំងក្លា​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ»។

លោក សុខ ឥសាន ថា សន្និបាត​នេះ​មិនបាន​លើកឡើង​ពី​បញ្ហា​កម្ពុជា​ប្រឈម​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ឡើយ ហើយក៏​មិន​បាន​បញ្ចូល​សមាសភាព​ថ្មី​ទៅ​ក្នុង​ក្បាលម៉ាស៊ីន​ដឹក​នាំ​​បក្ស​នោះ​ដែរ​។ ទោះជា​យ៉ាងណា មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់អំណាច​រូប​នេះ មិន​បញ្ជាក់​សេចក្តី​លម្អិត​អំពី​សន្និបាត​នេះ​ឡើយ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ សង្កេត​ឃើញ​ថា ការ​ដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ រង​ការរិះគន់​ខ្លាំង​ពី​ពលរដ្ឋ​អំពី​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​សង្គម​ជាច្រើន ព្រម​ទាំង​​បញ្ហា​​ប្រឈម​នឹង​ការ​បាត់បង​ EBA។ អ្នកវិភាគ​រូប​នេះ​យល់​ថា អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​នៅ​ពេល​នេះ គឺ​ប្រមូល​កម្លាំង​គាំទ្រ​នយោបាយ​របស់​ខ្លួន និង​បង្កើត​ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បី​គេចវេះ​បញ្ហា​សំខាន់ៗ​របស់​ជាតិ៖ «គឺ​ការ​អាច​ប្រមូល​កម្លាំង​មនុស្ស​ឈុល​ចុះ​ឈុល​ឡើង ដើម្បី​គាំទ្រ​នូវ​នយោបាយ​របស់​គេ (គណបក្ស​ប្រជាជន​កម្ពុជា) ដើម្បី​បង្ក្រាប​ទឹក​ចិត្ត​មហាជន»។

រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ក៏​កំពុង​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​រំលាយ​ប្រជាធិបតេយ្យ បន្ទាប់ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល