ក្រុម​យុវជន​ខកចិត្ត​ចំពោះ​រដ្ឋាភិបាល គ្មាន​វិធានការ​ច្បាស់លាស់​ជំរុញ​ឱ្យ​វៀតណាម រុះរើ​តង់​និង​សំណង់​រឹង​ចេញពី​ព្រំដែន

ដោយ វ៉ែន សុមេធ
2020-10-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២០ ដែល​ជា​តំបន់​ស​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។
នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២០ ដែល​ជា​តំបន់​ស​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។
រូប៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល

ក្រុម​យុវជន ពលរដ្ឋ និង​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន ខកចិត្ត​ចំពោះ​រដ្ឋាភិបាល​ថា គ្មាន​វិធានការ​ច្បាស់លាស់ ជំរុញ​ឱ្យ​វៀតណាម រុះរើ​តង់ និង​សំណង់​រឹង​ចេញពី​តំបន់​ព្រំដែន មិនទាន់​ឯកភាព​គ្នា​កំណត់​បង្គោល​ព្រំដែន​នៅឡើយ​ទេ​។ ពួកគេ​ចោទ​ថា រដ្ឋាភិបាល​បាន​មើល​រំលង​ក្តី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កង្វល់​របស់​ពលរដ្ឋ និង​ព្យាយាម​លាក់លៀម​ព័ត៌មាន​ស្ដីពី​បញ្ហា​នេះ។

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន កម្ពុជា​វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ លោក ជា វីរៈ ប្រាប់​ស៊ី​សេរី​នៅ​ថ្ងៃ​ទី ២៨ តុលា វៀតណាម​បោះតង់​ជិត ១០​កន្លែង ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក្នុង​នោះ​មាន​តង់​មួយ​ចំនួន បាន​ប្រែក្លាយ​ជា​សំណង់​រឹងមាំ មិន​ទាន់​ឃើញ​អាជ្ញាធរ​ចុះ​ទប់ស្កាត់​នៅឡើយ​ទេ​។ លោក​ថា អាជ្ញាធរ​ខេត្ត​នេះ មិន​ត្រឹមតែ​ព្យាយាម​លាក់បាំង​ព័ត៌មាន​នេះ​ទេ ថែមទាំង​រឹតត្បិត​មិន​ឱ្យ​ពលរដ្ឋ និង​ក្រុម​យុវជន ចុះ​ទៅ​ពិនិត្យ​តំបន់​ព្រំដែន​ទៀត​ផង៖ «មិន​ក្រោម ១០ តង់​ទេ ដែល​ខ្ញុំ​បាន​ឃើញ ហើយ​កន្លែង​មួយ​ចំនួន បាន​កែ​ទៅជា​សំណង់ បាត់​ទៅ​ហើយ​បាត់​ទៅ​ហើយ អាជ្ញាធរ​យើង​មិន​ជម្រាប ឬក៏​ថ្នាក់លើ​មិន​ដឹង ហើយ​គេ​ត្រូវ​គ្នា​គេ​របៀប​ម៉េច​? ខ្ញុំ​មិន​ដឹង​? គ្រាន់តែ​តែ​ថា យើង​ពលរដ្ឋ​យើង​បាន​ដឹង​ថា តំបន់​កន្លែង​នេះ ជា​របស់​យើង ដែល​យើង​ធ្លាប់​ប្រមូល​ផល ធ្លាប់​ធ្វើ​តាំងពី​យូរ​យារ​មក​ហើយ»

ចំណែក សមាជិក​ក្រុម​ការងារ ១០០​រាត្រី លោក ឃឹម សុខខុម សង្កេត​ឃើញ​ថា ក្រោយពី​រដ្ឋាភិបាល ចាប់ខ្លួន​អ្នក​រិះគន់​បញ្ហា​ព្រំដែន​មក ពលរដ្ឋ​ហាក់​ខ្លាច​ញញើត​មិន​ហ៊ាន​និយាយ​ពី​បញ្ហា​ព្រំដែន​នោះ​ទេ​។ ក្រៅ​ពី​នេះ​ទៀត ពលរដ្ឋ​មិន​ទាន់​ទទួល​ព័ត៌មាន ស្ដីពី​បញ្ហា​ព្រំដែន ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ ព្រោះ​រដ្ឋាភិបាល​នៅតែ​ព្យាយាម​លាក់លៀម និង​ដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ភាគី​វៀតណាម ដោយ​ស្ងាត់ៗ​។ លោក​សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​ហាក់​មិន​ផ្ដល់​តម្លៃ និង លើកទឹកចិត្ត ចំពោះ​ពលរដ្ឋ​ណា ដែល​ឈឺឆ្អាល​រឿង​បញ្ហា​ព្រំដែន និង​សង្គមជាតិ​នោះ​ឡើយ៖ «ខ្ញុំ​សម្ដែង​ការ​ព្រួយបារម្ភ និង​ខកចិត្ត​ចំពោះ​រដ្ឋាភិបាល​យើង ដែល​គាត់​អត់​មាន​វិធានការ ដោះស្រាយ​ជាមួយ​វៀតណាម ឱ្យ​សមស្រប ឬ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទូទាំង​ប្រទេស គាត់​បាន​ស្ងប់​អារម្មណ៍ ចំពោះ​បញ្ហា​ព្រំដែន​។ ជា​រឿង​មួយ ដែល​សំខាន់ បំផុត​សម្រាប់​ប្រទេស​។ ខ្ញុំ​ចង់​ឱ្យ​ថ្នាក់ដឹកនាំ គាត់​គិតគូរ​បញ្ហា​ហ្នឹង​ឱ្យ​បាន​ខ្លាំង ជាពិសេស​រក​ដំណោះស្រាយ​លក្ខណៈ​អន្តរជាតិ»

ការ​លើកឡើង​របស់​ពលរដ្ឋ និង​យុវជន​នេះ គឺ​ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​ស្ងៀមស្ងាត់​ចំពោះ​ករណី​វៀតណាម​បោះតង់ និង​សង់​សំណង់​រឹង​ក្បែរ​ព្រំដែន​មិនទាន់​ឯកភាព​គ្នា។

អគ្គ​ស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី កាល​ពី​ចុងខែ​កក្កដា​ថា វៀតណាម​បាន​បោះតង់​ចំនួន ២៨៧​កន្លែង​នៅ​តំបន់​ដែល​មិនទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​កណ្ដាល ខេត្ត​តាកែវ ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ខេត្ត​កំពត ត្បូងឃ្មុំ រតនគិរី និង​ខេត្ត​មណ្ឌលគិរី​។ ក្រោយ​មក វៀតណាម​បាន​ប្រែក្លាយ​តង់​យ៉ាងហោចណាស់​១២ កន្លែង​ទៅជា​សំណង់​រឹង ក្នុង​នោះ​១០ កន្លែង​ស្ថិតនៅ​ខេត្ត​កណ្ដាល មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​តាកែវ និង​មួយ​កន្លែង​ទៀត​នៅ​ខេត្ត​កំពត។

ទោះ​យ៉ាង​ណា អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បដិសេធ​មិន​អធិប្បាយ​លម្អិត​ថា វៀតណាម​បាន​ប្រែក្លាយ​តង់ ទៅ​ជា​សំណង់​រឹង មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ មក​ទល់​ពេល​នេះ​? លោក​អះអាង​ថា តង់​ដែល​វៀតណាម​បោះ​នោះ​ស្ថិត​ក្នុង​តំបន់​មិនទាន់​ឯកភាព​គ្នា កំណត់​បង្គោល​ព្រំដែន មិន​ឋិត​ក្នុង​ទឹកដី​កម្ពុជា​ទេ។ លោក​ថ្លែង​ទៀត​ថា សមត្ថកិច្ច​គ្រប់​តំបន់ កំពុង​បង្កើន ការ​យក​ចិត្ត​ទុកដាក់ ចុះ​ល្បាត និង​ការពារ​សន្តិសុខ​នៅ​តាម​ព្រំដែន​យ៉ាង​ប្រុងប្រយ័ត្ន៖ «កងកម្លាំង​របស់​យើង នៅតែ​មាន​ឆន្ទៈ នៅតែ​ពង្រឹង​ស្មារតី​ការពារ​បូរណភាព​ទឹកដី​ទាំងអស់ ២៤ ម៉ោង មិន​ធ្វេសប្រហែស​ទេ​។ មាន​ការ​អី​រាយការណ៍​ភ្លាម មាន​ការ​អី ត្រូវ​ដោះស្រាយ គឺ​ដោះស្រាយ​ភ្លាម»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង និង អ្នកស្រី កុយ ពិសី ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរ​សព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី២៨ តុលា។ ចំណែក អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ និង អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គ​ង ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ប្រចាំ​ប្រទេស ន័រវេស (Norway) លោក ម៉ែន ណាត សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ហាក់​ព្យាយាម​សម្រាល​បញ្ហា​នេះ​ឱ្យ​រួម​តួច និង​បណ្ដោយ​ឱ្យ​វៀតណាម​បោះតង់ និង​សង់​សំណង់​រឹង​តាម​អំពើ​ចិត្ត តាម​បណ្ដោយ​ព្រំដែន​មិនទាន់​ឯកភាព​គ្នា រំលោភ​អធិបតេយ្យ​ភាព​កម្ពុជា​។ លោក​ស្នើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរតែ​ពិចារណា​ដោះស្រាយ​រឿង​នេះ​ឡើងវិញ ដើម្បី​ស្ដារ​កិត្តិយស​ខ្លះៗ ក្នុង​ប្រវត្តិសាស្ត្រ៖ «សកម្មជន​ព្រំដែន ចុះទៅ​មើល​ព្រំដែន​គេ​ចាប់​ដាក់គុក វា​អត់​មាន​តម្លាភាព​អ្វី​ទាំងអស់ ទាំង​ច្បាប់​ក៏​ធ្វើ​ដោយ​ស្ងាត់ៗ ការ​បោះ​បង្គោល​ព្រំដែន ក៏​ធ្វើ​គ្មាន​តម្លាភាព បោះតង់​នៅ​តាម​បណ្ដោយ​ព្រំដែន ក៏​ធ្វើឡើង​ដោយ​លាក់លៀម មិន​ឱ្យ​សកម្មជន មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​មើល​។ ដូច្នេះ​ទាំងអស់​ហ្នឹងហើយ​សុទ្ធតែ​ជា ចេតនា​លាក់លៀម និង​ឃុបឃិត​ជាមួយ​ប្រទេស​វៀតណាម តាមរយៈ​ការ​ធ្វើ​សម្បទាន​ថ្មី​ឱ្យ​វៀតណាម»

គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៩ របប​លោក ហ៊ុន សែន សម្រេច​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ភាគី​វៀតណាម​បាន​៣១៥ បង្គោល ស្មើនឹង​៨៤% នៃ​បង្គោល​ព្រំដែន​សរុប ៣៧៥ បង្គោល។ របប​លោក ហ៊ុន សែន បាន​ផ្ដល់​សច្ចាប័ន​លើ​បង្គោល​ព្រំដែន​ដែល​បោះ​រួច​ទាំងនេះ​កាលពី​ចុង​ឆ្នាំ​២០១៩។ ក្រុម​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​មួយ​ចំនួន នៅតែ​រិះគន់​ថា កម្ពុជា​ចាញ់​ប្រៀប​វៀតណាម ឬ​ខាតបង់​ទឹកដី​ទៅ​ខាង​ភាគី​វៀតណាម ដោយសារ​ការ​បោះ​បង្គោល​ព្រំដែន​កន្លងមក ធ្វើឡើង​ដោយ​ខ្វះ​តម្លាភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល